ខ្ញុំឈ្មោះ ហ៊ុល ម៉ាលីស ភេទស្រី អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បច្ចុប្បន្ននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមករស់នៅភូមិព្រៃចាន់តាំងពីឆ្នាំ១៩៩៣។ ប្តីឈ្មោះ ថុង គឹមលាង អាយុ៥៥ឆ្នាំ(អតីតប្រធានភូមិព្រៃចាន់)។ ខ្ញុំមានកូនចំនួន៤នាក់ (ស្រី២)។ សព្វថ្ងៃខ្ញុំលក់ដូរ ដូចជាកាហ្វេ បាយ គុយទាវ ចំណែកប្តីជាកសិករ។
មុនពេលខ្ញុំមករស់នៅភូមិព្រៃចាន់ មានប្រជាជនមករស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មុនខ្ញុំជាច្រើនគ្រួសារ។ បច្ចុប្បន្នភូមិព្រៃចាន់មានប្រជាជនចំនួន១១០គ្រួសារ ប្រធានភូមិព្រៃចាន់ឈ្មោះ ពៅ បឿន។ ភូមិព្រៃចាន់ ជាអតីតជំរំណងចាន់ថ្មី ចម្ងាយពីជំរំថ្មីទៅជំរំរិទ្ធីសែនដែលមានប្រាសាទស្តុកកក់ធំប្រហែល៤គីឡូម៉ែត្រ ហើយប្រាសាទស្តុកកក់ធំ ជាប្រាសាទរបស់ខ្មែរ ប៉ុន្តែបច្ចុប្បន្នថៃគ្រប់គ្រង។ បង្គោលឡាក់លេខ៤៣ មានចម្ងាយប្រហែល៤គីឡូម៉ែត្រពីភូមិព្រៃចាន់។
ដំបូងខ្ញុំ និងគ្រួសារមករស់នៅ និងសង់ផ្ទះនៅទល់មុខសាលាបឋមសិក្សាព្រៃចាន់ ដោយសារផ្ទៃដីមានទំហំតូចចង្អៀត ខ្ញុំផ្លាស់ទៅទិញដីនៅកន្លែងនេះសព្វថ្ងៃ(បច្ចុប្បន្នដី ផ្ទះ ត្រូវថៃដាក់បន្លាលួស)។ ទំហំដីខ្ញុំមានក្បាល៦០ និងបណ្តោយ២៥០ មានដំណាំពេញផ្ទៃដី ដូចជាដើមស្វាយ ដើមទៀប ដូង ក្រូច ដើមប្រេងខ្យល់ជាដើម។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបើករថក្រោះមកឈរជើងនៅផ្លូវគ្រួសខ្មៅ ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រពីផ្ទះខ្ញុំ។ រថក្រោះថៃតម្រៀបគ្នានៅក្បែរភូមិព្រៃចាន់ ក្នុងយប់នោះខ្ញុំអត់បានស្នាក់នៅក្នុងភូមិទេ ត្រូវជម្លៀសខ្លួនចេញពីភូមិទៅកាន់វត្តចាន់ស៊ី ក្នុងស្រុកអូរជ្រៅ។ ប្រជាជនភូមិព្រៃចាន់ ជម្លៀសចេញពីភូមិទាំងយប់ទៅកាន់វត្តចាន់ស៊ី។
ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃវាយកម្ទេចបន្ទាយទាហានខ្មែរ។ ថ្ងៃទី២៧ ខែកក្កដា ខ្ញុំត្រឡប់មកភូមិព្រៃចាន់ចូលមករស់នៅក្នុងផ្ទះវិញ។ ចំណែកអ្នកភូមិខ្លះត្រឡប់មកផ្ទះ ខ្លះទៀតមិនទាន់ហ៊ានត្រឡប់មកផ្ទះ ខ្លាចថៃទម្លាក់គ្រាប់បែក។
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទាហានថៃចូលមកដាក់បន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយបានហ៊ុមព័ទ្ធយកផ្ទះចំនួន៦ខ្នងផ្ទះ(ផ្ទះថ្មចំនួន៣ និងផ្ទះឈើចំនួន៣) និងដីស្រែចម្ការមានចំនួន២០គ្រួសារ។
កាលមុនពេលមានជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅចន្លោះថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ដី និងផ្ទះប្រជាជននៅភូមិព្រៃចាន់ មិនដែលមានទំនាស់ជាមួយថៃឡើយ។ អ្នកភូមិអាស្រ័យផលដោយការដាំដំណាំលើផ្ទៃដីនេះកន្លងមកជាធម្មតា។ ប្រសិនបើដីនេះជាដីថៃច្បាស់ជាភាគីថៃមិនអនុញ្ញាតឱ្យអ្នកភូមិព្រៃចាន់អាស្រ័យផលទេ ប៉ុន្តែបន្ទាប់ពីមានជម្លោះប្រដាប់អាវុធកើតឡើង ភាគីថៃចូលមកដាក់បន្លាលួសព័ទ្ធផ្ទះ និងដីប្រជាជន។
ទាហានថៃដេញប្រជាជនខ្មែរនៅភូមិព្រៃចាន់ ដោយស្រែកប្រាប់ប្រជាជនខ្មែរថា សូមប្រជាជនខ្មែរចាកចេញពីភូមិព្រៃចាន់ ដើម្បីទាហានថៃធ្វើការ។ ទាហានថៃ ជាច្រើននាក់ចូលមករាវមីនតាមផ្លូវថ្នល់ បន្ទាប់មកប្រជាជនតវ៉ាខ្លាំងទើបទាហានថៃដាក់បន្លាលួសបាន៦ខ្នងផ្ទះ ប្រសិនបើខ្ញុំ និងប្រជាជនក្នុងភូមិមិនតវ៉ាច្បាស់ជាទាហានថៃដាក់បន្លាលួសរហូតពាក់កណ្តាលភូមិតែម្តង។
ខ្ញុំពិបាកចិត្ត និងមានអារម្មណ៍សោកស្តាយផ្ទះ និងដីខ្ញុំខ្លាំងណាស់។ ខ្ញុំសូមឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងអន្តរជាតិជួយឱ្យភាគីថៃដកបន្លាលួសចេញពីផ្ទះ និងដី របស់ខ្ញុំ និងអ្នកភូមិដទៃទៀត ដើម្បីឱ្យយើងខ្ញុំបានមករស់នៅក្នុងផ្ទះធម្មតាវិញ។ ខ្ញុំគ្មានសុំអ្វីច្រើនទេ គឺចង់បានតែដី និងផ្ទះ ជាកម្មសិទ្ធរបស់ខ្ញុំ ព្រោះដីមានប្លង់ត្រឹមត្រូវ។ ខ្ញុំគិតថា ទាហានថៃដាក់បន្លាលួស ដើម្បីលួចដីខ្មែរ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា