សំ ចាន់ណាក់ ៖ ជនរងគ្រោះដោយទាហានថៃព័ទ្ធយកដី និងផ្ទះ នៅភូមិព្រៃចាន់

ខ្ញុំឈ្មោះ សំ ចាន់ណាក់ ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ រឿន ធារី អាយុ ៣៩ឆ្នាំ មានកូនចំនួន៣នាក់ (ស្រី២)។ ខ្ញុំមានស្រុកកំណើតនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ សព្វថ្ងៃរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ខ្ញុំតាមម្តាយឪពុក មករស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ តាំងពីអាយុ១២ឆ្នាំ។ ម្តាយឈ្មោះ សំ សារ៉េន ឪពុកឈ្មោះ អ៊ុំ ធី រស់នៅភូមិព្រៃចាន់ទាំងអស់គ្នា។ ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រីម្នាក់) ខ្ញុំជាកូនទី២។

ខ្ញុំមកដល់ភូមិព្រៃចាន់ដំបូងមានប្រជាជាជនប្រមាណ៥គ្រួសារ។ ប្រជាជន៥គ្រួសារភាគច្រើនមករកស៊ី មានគ្រួសារខ្ញុំ, គ្រួសារចក់, គ្រួសារតាបាក់, គ្រួសារយាយសក់ស, និងគ្រួសារយាយបបរ។ ភូមិព្រៃចាន់ដំបូងឡើយមានគ្រាប់មីនស្ទើរគ្រប់កន្លែង។ គ្រួសារខ្ញុំមិនអាចដើរទៅណាបាន សូម្បីកន្លែងខ្ញុំនៅនេះក៏មានគ្រាប់មីន កន្លែងមានសុវត្ថិភាពប្រមាណត្រឹម១០ម៉ែត្របួនជ្រុងអាចរស់នៅបាន។ បន្ទាប់មកខ្ញុំទិញអីវ៉ាន់ពីថៃ ដើម្បីលក់បន្តនៅប្រទេសខ្មែរ។ ខ្ញុំធ្វើដំណើរជិះកង់ពីភូមិព្រៃចាន់ ឆ្លងកាត់ផ្លូវតូចល្មមចូលទៅទឹកដីថៃ ដើម្បីទិញអីវ៉ាន់។ ខ្ញុំជិះកងពីផ្ទះទៅព្រំប្រទល់ចម្ងាយ៧០០ទៅ៨០០ម៉ែត្រ ចូលដល់ផ្លូវថៃ។ ខ្ញុំចេញចូលទៅថៃ ជំនាន់នោះផ្លូវគ្មានគ្រួសកៅស៊ូទេ ចំណែកប្រទេសថៃមិនទាន់ជឿនលឿនទេ។

ខ្ញុំធ្លាប់ទៅស៊ីឈ្នួលនៅប្រទេសថៃ ធ្វើដំណើរចេញពីផ្ទះពីព្រលឹម ដល់ល្ងាចត្រឡប់មកផ្ទះវិញ។ ដល់ឆ្នាំ២០០០ ខ្ញុំរៀបការប្រពន្ធ បន្តរស់នៅជាមួយម្តាយឪពុកពីរឆ្នាំ ទើបបែកផ្ទះមករស់នៅជាមួយប្រពន្ធនិងកូននៅភូមិព្រៃចាន់ដដែល។

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ខ្ញុំរត់ទៅនៅប្រាសាទស្តុកកក់ធំ មានចម្ងាយ៤គីឡូម៉ែត្រពីភូមិព្រៃចាន់។ ខ្ញុំធ្វើដំណើរថ្មើរជើងតាមផ្លូវតូចមួយ ចូលដល់ប្រាសាទស្តុកកក់ធំ ហើយក្នុងប្រាសាទមានព្រះពុទ្ធខ្មៅធំមួយព្រះអង្គ ធ្វើពីសំរិទ្ធិ។ ក្រោយមកខ្ញុំបានចូលទៅលេងប្រាសាទស្តុកកក់ធំម្តងទៀត ប៉ុន្តែរូបព្រះពុទ្ធខ្មៅត្រូវបានបាត់ចេញពីប្រាសាទ។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចូលមកវាយកម្ទេចបន្ទាយទាហានខ្មែរនៅភូមិព្រៃចាន់ រួចទើបត្រឡប់ទៅវិញ។ ភូមិព្រៃចាន់ពីមុនមកមិនដែលមានទំនាស់ជាមួយថៃទេ ទើបតែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបើកឡានធំចំនួនបីគ្រឿង(ឡានដឹកកងទ័ព) ចូលមកដាក់បន្លាលួសព័ទ្ធផ្ទះ និងដីអ្នកភូមិព្រៃចាន់តែម្តង។ ខ្ញុំមិនហ៊ានរើបន្លាលួសចេញពីដីទេ រងចាំអាជ្ញាធរដោះស្រាយតាមសន្តិវិធី។ ដីខ្ញុំចំនួន១ហិកតាត្រូវបានទាហានថៃព័ទ្ធបន្លាលួស។

បង្គោលឡាក់លេខ៤៣ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីភូមិព្រៃចាន់ប៉ែកនិរតី និងបង្គោលឡាក់លេខ៤២មានចម្ងាយប្រហែល៥ទៅ៦គីឡូម៉ែត្រពីភូមិព្រៃចាន់ប៉ែកពាយ័ព្យ។ បង្គោលឡាក់លេខ៤២ ស្ថិតនៅជាប់ប្រាសាទស្តុកកក់ធំ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖