ថុង គឹមលាង ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ុល ម៉ាលីស អាយុ៥៣ឆ្នាំ មានកូនចំនួន៣នាក់(ស្រី២) មានស្រុកកំណើតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឪពុករបស់ គឹមលាង ឈ្មោះ ថុង ផន ធ្វើឈ្លបភូមិ ត្រូវខ្មែរក្រហមបាញ់សម្លាប់ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ចំណែកម្តាយស្លាប់ដោយសារជំងឺក្នុងសម័យរដ្ឋកម្ពុជា។ គឹមលាង មានបងប្អូនចំនួន៦នាក់ (ស្រី២នាក់) ហើយ គឹមលាង គឺជាកូនទី២។ ខាងក្រោមគឺជាការរៀបរាប់របស់ គឹមលាង ៖
ដើមឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំបានចេញពីភូមិកំណើតមកនៅជំរំជនភៀសខ្លួនអ្នកតស៊ូ (ជំរំណងចាន់ចាស់) ដោយមិនមានអង្ករផ្គត់ផ្គង់គ្រួសារ។ ចំណែកជនភៀសខ្លួន ដែលមកស្នាក់នៅជំរំណងចាន់ចាស់មួយចំនួនផ្សេងទៀតគិតថា ប្រទេសខ្មែរគ្មានសុវត្ថិភាព ដោយសារវៀតណាមចូលមកដល់ទឹកដីខ្មែរ ហើយប្រជាជនមកដល់ជំរំណងចាន់ចាស់ ក៏អាចវិលត្រឡប់ទៅស្រុកកំណើតវិញ ឬក៏អាចសម្រេចចិត្តចុះឈ្មោះទៅរស់នៅប្រទេសទីបី។
ជំរំណងចាស់ចាស់មានទីតាំងស្ថិតនៅក្នុងដីខ្មែរ ប៉ុន្តែបច្ចុប្បន្នទីតាំងជំរំណងចាន់ចាស់គឺភូមិថ្មីរបស់ប្រទេសថៃ។ ភូមិថ្មីរបស់ប្រទេសថៃមានចម្ងាយប្រហែល៤គីឡូម៉ែត្រប៉ែកខាងលិចភូមិជោគជ័យដែលទាហានថៃចូលមកដាក់បន្លាលួស ហ៊ុមព័ទ្ធផ្ទះ និងដីរបស់អ្នកភូមិកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ជំរំណងចាន់ចាស់មានអូរមួយនៅប៉ែកខាងលិច ខ្ញុំធ្លាប់លេងទឹកអូរនោះ។ ខ្ញុំ និងជនភៀសខ្លួនដទៃទៀតស្នាក់នៅប៉ែកខាងត្បូងអូរ។ ចំណែកទីតាំងនៅខាងជើងអូររួមមានកន្លែងដែលអង្គការសហប្រជាជាតិបើកអង្ករ និងស្បៀងដល់ជនភៀសខ្លួនភេទស្រី, មានមន្ទីរពេទ្យ, សាលារៀន ជាដើម។ នៅក្នុងបរិវេណជំរំណងចាន់ចាស់ រួមមានផ្ទះរបស់ជនភៀសខ្លួនធ្វើអំពីកូនឈើ ឫស្សី ប្រកស្បូវឬតង់ពណ៌ខៀវ។ សិស្សទៅរៀនពេលព្រឹកមានបបរហូប ចំពោះខ្ញុំអត់បានចូលរៀនទេ ប៉ុន្តែទៅសាលាដើម្បីបើករបប នំក្រូច នំកង ស្ករគ្រាប់ជាដើម។ ជនភៀសខ្លួននៅជំរំណងចាន់ចាស់មានចំនួនរាប់ម៉ឺននាក់ ប៉ុន្តែមិនមានបង្គន់អនាម័យ ជនភៀសខ្លួនបានបត់ជើងតូច ធំ នៅតាមគុម្ពោតព្រៃនៅក្បែរៗកន្លែងរស់នៅធ្វើឱ្យជះក្លិនមិនល្អដល់ជនភៀសខ្លួនដែលស្នាក់នៅក្បែរៗនោះ។ ពេលយប់ឡើងប្រជាជនដុតភ្នក់ភ្លើង ពេលមួយនោះខ្ញុំបានចេញទៅបត់ជើងធំ ស្រាប់តែមាននរណាម្នាក់ចោលដំបងត្រូវក្បាលខ្ញុំបណ្តាលឱ្យហូរឈាមសន្លប់មួយកន្លែង និងមានស្នាមដល់សព្វថ្ងៃនេះ។ ជំរំណងចាន់ចាស់មានទំហំប្រមាណជាង១គីឡូម៉ែត្របួនជ្រុង។
បើតាមខ្ញុំស្គាល់មេដឹកនាំនៅជំរំណងចាន់ចាស់ រួមមាន៖ ឈ្មោះលោកដន, លោកឈុត, យាយកាដុមសាក់។ ជំរំណងចាន់ចាស់ ជាកន្លែងប្រជាជនខ្មែរដែលភៀសខ្លួនស្នាក់នៅ ចំណែកកងទ័ពប្រចាំការនៅប៉ែកខាងត្បូងដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីជំរំណងចាន់ចាស់។
អំឡុងពេលខ្ញុំនៅជំរំណងចាន់ចាស់ ខ្ញុំបានពឹងផ្អែកលើកការរត់ពន្ធទំនិញ ដែលខាងថៃដឹកមកដោះដូរនៅជំរំណងចាន់ចាស់ និងមានអង្គការសហប្រជាជាតិយូអ៊ិនប្រូ (UNBRO) ដែលប្រធានឈ្មោះ រ៉ូប៊ែ។ អង្គការយូអ៊ិនប្រូ បានដឹកទំនិញច្រើនប្រភេទផ្តល់ឱ្យជនភៀសខ្លួនដូចជាច្រវាក់ មុង សំណាញ់ ស្បៀងអាហារ ស្រូវ អង្ករ ពោត ទឹកប្រើប្រាស់ ពីព្រោះទឹកអូរកខ្វក់ផឹកមិនកើត ដោយសារលាមក ទឹកនោម មនុស្ស សត្វ គឺរស់នៅចម្រុះគ្នា។ ជំរំណងចាន់ចាស់រួមមានគ្រួសារទាហាន និងប្រជាជនភៀសខ្លួនរស់នៅជាមួយគ្នា។
ប្រជាជនខ្មែរនៅជំរំណងចាន់ចាស់ និងជំរំណងចាន់ថ្មី អាចធ្វើដំណើរឡើងទៅដោះដូរទិញ ឬអីវ៉ាន់ថៃ នៅកន្លែងទំនប់ដើមពោធិ៍។ ខ្ញុំធ្លាប់ទៅលក់បាយជាមួយម្តាយនៅកន្លែងទំនប់ដោះដូរទំនិញ ហើយដីនៅកន្លែងទំនប់ដើមពោធិ៍ គឺជាដីរបស់ខ្មែរទាំងអស់។ ប្រជាជនថៃធ្វើស្រែនៅខាងលិចទំនប់ ចំណែកជនភៀសខ្លួននៅជំរំណងចាន់ចាស់ស្ថិតនៅខាងកើតទំនប់។
នៅចន្លោះឆ្នាំ១៩៨១-១៩៨២ វៀតណាមចូលមកវាយបែកជំរំណងចាន់ចាស់ ខ្ញុំ និងគ្រួសាររត់មកនៅទួលគោកស៊ូង។ ខែវស្សាធ្លាក់ភ្លៀង ប្រជាជនខ្មែររត់ឆ្លងទំនប់ដើមពោធិ៍ចូលដល់ដីថៃ ត្រូវបានទាហានថៃបាញ់ខ្មែរស្លាប់ជាច្រើននាក់ ខ្ញុំបានឃើញផ្ទាល់ភ្នែក។ ចម្ងាយពីជំរំណងចាន់ចាស់ទៅទំនប់ដើមពោធិ៍ មានប្រមាណ៤គីឡូម៉ែត្រ។ ពេលនោះមានយន្តហោះថៃមួយគ្រឿងបានធ្លាក់ ដោយសារកងទ័ពវៀតណាមបាញ់ទម្លាក់។ ជនភៀសខ្លួនបានចាកចេញពីជំរំណងចាន់ចាស់ទាំងអស់មានតែយាយម្នាក់គត់មិនព្រមចាកចេញ គាត់បានលើកស្រូវដាក់ជុំវិញខ្លួន ហើយដេកចំកណ្តាល។ វៀតណាមចូលមកដល់ជំរំមិនបានធ្វើអ្វីលោកយាយម្នាក់នោះទេ។ ប្រជាជននៅក្នុងជំរំនាំគ្នាដាក់ឈ្មោះ យាយនោះថា យាយវិត ដោយសាររាងកាយរបស់គាត់ស្គមស្កាំង។ គ្រាប់ផ្លោងមកពីចម្ងាយធ្លាក់នៅជំរំ ប៉ុន្តែយាយវិត អត់មានរបួសស្នាមពីអំបែងគ្រាប់ឡើយ។
ខ្ញុំ និងគ្រួសារស្នាក់នៅគោកស៊ូងបានរយៈពេលចំនួនពីរសប្តាហ៍ ម្តាយខ្ញុំនាំទៅរស់នៅកូនដំរី។ ម្តាយខ្ញុំធ្វើកូនខ្ទមតូចមួយសម្រាប់ដាំបាយឱ្យកូនៗហូប។ ចំណែកម្តាយខ្ញុំបានរត់ពន្ធចុះឡើងពីខ្មែរទៅថៃ និងពីថៃមកខ្មែរ។ ចំណែកជីតា និងម្តាយមីងខ្ញុំបានផ្លាស់មកជំរំណងចាន់ថ្មី(ជំរំណងចាន់ទី២ ឬជំរំព្រៃចាន់) និងបានបន្តទៅរស់ជំរំខាងអ៊ីដាង ដើម្បីឡើងទៅកាន់ប្រទេសទី៣។ ម្តាយខ្ញុំអត់បានទៅប្រទេសទី៣ទេ គឺនៅចាំបើកអង្ករឬសម្ភារផ្សេងៗនៅជំរំណងចាន់ចាស់។ កន្លែងជំរំណងចាន់ចាស់មានផ្សារមួយឈ្មោះផ្សារចំការគ ស្ថិតនៅក្បែរជំរំណងចាន់ចាស់។ ពេលនោះប្រធានជំរំណងចាន់ចាស់ និងថ្មីមានឈ្មោះ លោកឈុត និងលោកដន។ នៅឆ្នាំ១៩៨២ គ្រួសារខ្ញុំបានត្រឡប់ទៅរស់នៅស្រុកំណើតនៅភូមិខ្នាចរមាសវិញ។
បន្ទាប់មកប្រជាជនខ្មែរចាកចេញពីជំរំណងចាន់ពីជំរំណងចាន់ចាស់ ជំរំណងចាន់ថ្មី ជំរំរិទ្ធីសែន និងជំរំជនភៀសខ្លួនក្នុងដីខ្មែរដទៃទៀត ថៃបានចាប់ផ្តើមធ្វើផ្លូវគ្រួសខ្មៅ និងធ្វើទំនប់នៅខាងលិចប្រាសាទស្តុកកក់ធំស្ថិតក្នុងដីខ្មែរទៀត។ ខ្ញុំធ្លាប់បានឃើញបង្គោលឡាក់ធំមានសរសេរអក្សរខ្មែរម្ខាង និងអក្សរថៃម្ខាង ស្ថិតនៅខាងលិចប្រាសាទស្តុកកក់ធំ។
ពេលខ្ញុំមានអាយុ១៨ឆ្នាំ បានចូលធ្វើទាហាននៃរបបរដ្ឋកម្ពុជារហូតដល់បោះឆ្នោតសកលឆ្នាំ១៩៩៣ ទើបឈប់។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៣ បងថ្លៃខ្ញុំ ធ្វើជាប៉ូលិសនៅឃុំអូរបីជាន់ ប្រាប់ឱ្យខ្ញុំនិងគ្រួសារមករកស៊ីនៅអូរបីជាន់ ព្រោះជាកន្លែងដោះដូរទំនិញខ្មែរ-ថៃ។ ខ្ញុំបានសម្រេចចិត្តទិញដីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ និងមករកស៊ីពីរនាក់ប្តីប្រពន្ធ ដោយទុកកូនពីរនាក់ឱ្យម្តាយក្មេកមើលថែនៅភូមិខ្នាចរមាស។ ដំបូងខ្ញុំទិញដីធ្វើផ្ទះរស់នៅ ដីរបស់ខ្ញុំទល់មុខសាលាបឋមសិក្សាព្រៃចាន់។ បន្ទាប់មកបានទិញដី និងធ្វើផ្ទះរស់នៅ និងដាំដំណាំនៅកន្លែងដែលទាហានថៃដាក់បន្លាលួស ហ៊ុមព័ន្ធយកនេះ។
យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំនិងគ្រួសារបានជម្លៀសចេញពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្នាក់នៅវត្តចាន់សី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានវាយកម្ទេចបន្ទាយ និងប៉ុស្តិ៍យាមរបស់ទាហានខ្មែរនៅភូមិព្រៃចាន់។ នៅថ្ងៃទី២៧ទាហានថៃបន្តវាយកម្ទេចបន្ទាយ និងប៉ុស្តិ៍យាមរបស់ទាហានខ្មែរនៅភូមិជោគជ័យ ដែលចម្ងាយប្រមាណ៧គីឡូម៉ែត្រពីភូមិព្រៃចាន់។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំ និងគ្រួសារត្រឡប់មកផ្ទះនៅភូមិព្រៃចាន់វិញ។ បន្ទាប់សភាពការណ៍បានស្ងប់ស្ងាត់រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទើបខ្ញុំឃើញទាហានថៃចូលមកដាក់បន្លាលួសនៅភូមិជោគជ័យ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបន្តដាក់បន្លាលួសនៅភូមិព្រៃចាន់។ ទាហានថៃបានដាក់បន្លាលួស ហ៊ុមព័ន្ធផ្ទះខ្ញុំ អ្នកភូមិ៥ខ្នងផ្ទះ និងដីស្រែចម្ការរបស់អ្នកភូមិចំនួន២០នាក់ទៀត។ ឥឡូវនេះទាហានថៃ ចូលមកនៅផ្ទះប្រជាជនខ្មែរ ចម្ងាយពីកន្លែងខ្ញុំអង្គុយចំនួន១០០ម៉ែត្រ។ នៅថ្ងៃទី១៤ និង១៥ ខែសីហា ឆ្នាំ២០២៥ ទាហានថៃយកកាមេរ៉ាសុវត្ថិភាពមកដាក់នៅផ្ទះអ្នកភូមិឈ្មោះ ផល ដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ថ្ងៃបន្ទាប់ទាហានថៃបន្តដាក់កាមេរាសុវត្ថិភាព និងព័ទ្ធស្បៃពណ៌ខ្មៅនៅកន្លែងលួសបន្លាក្បែរផ្ទះខ្ញុំបន្ថែមទៀត។ កងកម្លាំងថៃ រួមមាន៖ ទាហានឈុតខ្មៅ ទាហានប៉ារ៉ា និងកងនគរបាល បានចុះល្បាតរាល់ថ្ងៃ មានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះប្រជាជនខ្មែរនៅភូមិព្រៃចាន់។ ទាហានថៃ បន្តយកគ្រឿងចក្រមកធ្វើផ្លូវ ចាក់គ្រួសខ្មៅ សាងសង់បង្គោលភ្លើងចូលមកក្នុងចម្ងាយប្រហែល៤០ម៉ែត្រទៀតនឹងដល់មុខផ្ទះខ្ញុំ ។
ខ្ញុំយល់ឃើញថា បញ្ហានេះកើតឡើងចេញពីប្រទសថៃដែលដណ្តើមអំណាចគ្នា បានមកបង្កជាសង្គ្រាមជាមួយប្រទេសកម្ពុជា ចង់បានទឹកដីខ្មែរ។ ថៃមិនគោរពច្បាប់អន្តរជាតិ ដោយវាស់វែងព្រំដែនជាឯកតោភាគី មិនបានផ្តល់ដំណឹង និងបានបង្កជាបញ្ហាដល់ប្រទេសកម្ពុជា។ ខ្ញុំធ្លាប់ធ្វើជាយោធា ខ្ញុំមានការឈឺចាប់ ទឹកភ្នែកហូរចង់ខ្សោះពីខ្លួន។ នៅពេលរាជរដ្ឋាភិបាលប្រាប់ឱ្យទ្រាំ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ចាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខ្ញុំ និងក្រុមគ្រួសារសុខចិត្តអត់ធ្មត់ មានថ្ងៃខ្លះភ្លៀង ខ្យល់ ទទឹកមិនអាចគេងបានឡើយ។
ជាចុងក្រោមខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំរួមមាន៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអង្គការសហប្រជាជាតិ ព្រមទាំងប្រទេសមានអំណាចក្នុងពិភពលោក ជួយដោះស្រាយរឿងប្រទេសថៃកំពុងឈ្លានពានប្រទេសកម្ពុជា ធ្វើបាបប្រជាពលរដ្ឋកម្ពុជា ប្រើអំពើហិង្សាគ្រប់រូបភាព ដូចជាបាញ់ជំពាមកៅស៊ូ គ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែក គ្រាប់កាំភ្លើងជ័រជាដើម។ ចំណែកភាគីកម្ពុជាខំប្រឹងអត់ធ្មត់ មិនហ៊ានតបត ដើម្បីគោរពបទឈប់បាញ់។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា