អោក ព្រឹម៖ អតីតកូនសិស្សរៀននៅជំរំណងចាន់

ខ្ញុំឈ្មោះ អោក ព្រឹម អាយុ៥៤ឆ្នាំ កើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ អោក វ៉ាត ហៅ ចៅ នួន  គឺជាអតីតទាហាន លន់ នល់ (ស្លាប់សម័យប៉ុល ពត) និងម្ដាយឈ្មោះ យ៉ាង សុផាន បច្ចុប្បន្នរស់នៅប៉ោយប៉ែត។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់។ ខ្ញុំគឺជាកូនប្រុសទីពីរនៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ខែ សំបូរ សព្វថ្ងៃអាយុ៤៥ឆ្នាំ។ ក្រោយរៀបការយើងមានកូនចំនួន៣នាក់ ក្នុងនោះមានកូនស្រីម្នាក់។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមករំដោះទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំនិងក្រុមគ្រួសារត្រូវបានកងទ័ពវៀតណាមកៀរចេញពីទីក្រុងភ្នំពេញឱ្យទៅរស់នៅខេត្តបាត់ដំបង ដែលស្ថិតនៅជាប់ស្ពានថ្មថ្មី។ ពេលចូលមករស់នៅក្នុងខេត្តបាត់ដំបង ម្ដាយខ្ញុំបានប្រកបរបរលក់ត្រី ដើម្បីបានលុយយកផ្គត់ផ្គងជីវភាពនៅក្នុងគ្រួសារ។

នៅឆ្នាំ១៩៨០ ម្ដាយខ្ញុំបានរៀបការប្ដីថ្មី មានឈ្មោះ រឿន សារ៉ន គឺជាទាហានប៉ារ៉ា នៅជំរំណងចាន់ចាស់។ ក្រោយពីរៀបចំរួច ប្ដីថ្មីរបស់ម្ដាយខ្ញុំបានធ្វើដំណើរត្រឡប់ទៅជំរំណងចាន់ចាស់វិញ ព្រោះគាត់គឺជាទាហានប៉ារ៉ា ដែលត្រូវមើលការខុសត្រូវប្រជាជននៅក្នុងជំរំណងចាន់។ បន្ទាប់មកទៀត ម្ដាយខ្ញុំបានសម្រេចចិត្តផ្លាស់ចេញពីស្ពានថ្មថ្មី ដើម្បីទៅរស់នៅជាមួយប្តីថ្មីនៅជំរំណងចាន់ ដែលស្ថិតនៅក្នុងទឹកដីខ្មែរជាប់ព្រំដែនប្រទេសថៃ។ នៅពេលនោះ ខ្ញុំមានអាយុ១០ឆ្នាំ ម្ដាយមីងខ្ញុំបានជិះកង់ឌុបខ្ញុំ និងបងស្រីផ្លាស់ចេញពីខេត្តបាត់ដំបងដើម្បីសំដៅទៅរស់ជាមួយប្ដីថ្មីម្តាយខ្ញុំនៅជំរំណងចាន់ ដោយជិះកង់ឆ្លងកាត់ភូមិសូរិយា ហើយបានសម្រាកនៅភ្នំសូរិយាចំនួនមួយយប់ ដើម្បីយកកម្លាំងធ្វើដំណើរថ្ងៃស្អែកបន្តទៀត។ លុះព្រឹកឡើង ខ្ញុំ បងស្រី និងម្ដាយមីង បានបន្តដំណើរដោយថ្មើរជើងជាមួយមេខ្យល់ និងអ្នករត់ពន្ធ ដើម្បីសំដៅទៅជំរំណងចាន់។ បន្ទាប់ពីធ្វើដំណើរដល់ស្វារអិល ក្រុមចោរបានចេញមកប្លន់អ្នករួមដំណើរជាមួយខ្ញុំ ហើយបានបាញ់អ្នករួមដំណើរជាមួយខ្ញុំម្នាក់ឱ្យរបួស។ បន្ទាប់ពីឮស្នូរកាំភ្លើង ខ្ញុំ ម្ដាយមីង និងបងស្រី បានរត់ត្រឡប់មកខាងក្រោយវិញ និងសម្ងំលាក់ខ្លួនក្នុងព្រៃអស់រយៈពេលមួយម៉ោង ទើបឃើញទាហានប៉ារ៉ាឡើងមកយកដើម្បីជូនចូលទៅជំរំណងចាន់។ ពេលធ្វើដំណើរចូលមកក្នុងជំរំណងចាន់ ទាហានប៉ារ៉ាបានឈរចាំទទួល។ ពេលដែលខ្ញុំដើរចូលដល់ក្នុងជំរំ បានក្រឡេកមើលទៅក្នុងជំរំភាគច្រើនសុទ្ធតែប្រពន្ធរបស់ទាហានប៉ារ៉ា និងគ្រួសារជនភៀសខ្លួន។ គ្រួសារជនភៀសខ្លួនដែលរត់មករស់នៅក្នុងជំរំណងចាន់ចាស់មានប្រហែល២,០០០ ទៅ ៣,០០០គ្រួសារ។ ក្នុងចំណោម៣,០០០គ្រួសារ មានគ្រួសារទាហានប៉ារ៉ា៥០០ទៅ៦០០គ្រួសារ។ បន្ទាយទាហានប៉ារ៉ាស្ថិតនៅព្រាវ អូរបីជាន់ ដែលមានទីតាំងនៅដាច់ដោយឡែកពីកន្លែងប្រជាជនរស់នៅ។ នៅក្នុងជំរំណងចាន់ចាស់ មានទាហាន ៣វរសេនាតូច ទី១) ទាហានរបស់ ឡាយ វីរៈ (បច្ចុប្បន្នរស់នៅស្រុកអូរជ្រៅ) ទី២) ទាហានរបស់ លោក ឃុត សុខន(ស្លាប់) ទី៣) ទាហានរបស់ លោក ភ្នំ(ស្លាប់)។ នៅក្នុងជំរំណងចាន់ចាស់មានបីបន្ទាយ ដែលអ្នកគ្រប់គ្រងធំឈ្មោះ ជា រិទ្ធីឈុត (ស្លាប់)។ ទាហានរបស់លោកភ្នំ មានតួនាទីការពារប្រជាជននៅក្នុងជំរំណងចាន់។ ចំណែកទាហានរបស់លោក ឡាយ វីរៈ និង លោក ឃុត សុខន មានតួនាទីចាំប្រយុទ្ធតតាំងជាមួយទាហានវៀតណាមនៅសមរភូមិមុខ។ ពេលចូលមករស់នៅជំរំណងចាន់ ខ្ញុំ បងស្រី និងម្ដាយ បាននាំគ្នាសង់ខ្ទមប្រក់ស្បូវតូចល្មមសម្រាប់ស្នាក់នៅ។ សម្រាប់ទឹកប្រើប្រាស់របស់ប្រជាជននៅក្នុងជំរំណងចាន់ភាគច្រើនគឺប្រើទឹកអណ្ដូង ដែលលោក ជា រិទ្ធីឈុត ជីកទុកឱ្យប្រើប្រាស់។ ជំរំណងចាន់ចាស់ក្នុងទឹកដីខ្មែរមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ បន្ទាប់មកទាហានថៃបានកាយប្រឡាយតាមព្រំដែន ដើម្បីលើកធ្វើជាទំនប់យ៉ាងវែង រួចហើយទាហានថៃបានដាក់បន្លាលួសពីលើខ្នងទំនប់និងធ្វើលេណដ្ឋាននៅតាមទំនប់ និងប្រចាំការណ៍ដោយទាហានឈុតខ្មៅថៃ។ ក្រោយមកទៀតអង្គការ យូអិនប្រូ បានស្នើសុំឱ្យប្រទេសថៃឈូសឆាយធ្វើផ្លូវ ដើម្បីបានដឹកអង្ករចូលមកចែកឱ្យស្រី្តៗនៅក្នុងជំរំណងចាន់ចាស់។

នៅឆ្នាំ១៩៨១ កងទ័ពវៀតណាមបានវាយចូលមកជំរំណងចាន់ចាស់។ នៅក្នុងអំឡុងពេលនោះខ្ញុំនិងប្រជាជនទាំងអស់ដែលរស់នៅក្នុងជំរំណងចាន់ចាស់ ត្រូវបានជម្លៀសឱ្យទៅរស់នៅជំរំណងចាន់ថ្មី ដែលមានទីតាំងនៅជាប់ទំនប់ព្រំដែនថៃ។ ពេលជម្លៀសមករស់នៅបានក្នុងជំរំណងចាន់ថ្មី ខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី៥ ។

នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានដឹកនាំកម្លាំងជាច្រើនវាយចូលមកជំរំណងចាន់ថ្មីម្ដងទៀត។ ពេលនោះ ខ្ញុំនិងប្រជាជនទាំងអស់ដែលរស់នៅក្នុងជំរំណងចាន់ថ្មី ត្រូវបានរថយន្តរបស់អង្គការ យូអិនប្រូ ដឹកយកទៅរស់នៅជំរំសាយធូរ ដែលស្ថិតនៅទឹកដីថៃ។ បន្ទាប់ពីដឹកប្រជាជនចេញអស់ ជំរំណងចាន់ថ្មី ត្រូវបានគ្រប់គ្រងដោយលោក ដួង សុឃុន ជាទាហានប៉ារ៉ា(តំបន់៥)។ ពេលចូលមករស់នៅក្នុងជំរំសាយធូរ ខ្ញុំបានចូលរៀនម្ដងទៀត ហើយនៅក្នុងជំរំសាយធូរ បានបង្កើតថ្នាក់វិទ្យាល័យ ដែលមានចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១២។ ខ្ញុំបានចូលរៀនម្ដងទៀត នៅថ្នាក់ទី៦ ហើយខ្ញុំបានចូលរៀននៅក្នុងថ្នាក់វិទ្យាល័យ។ លោកគ្រូដែលបង្រៀនខ្ញុំនៅវិទ្យាល័យមានឈ្មោះ លោកគ្រូនាយក ភក្ដី លោកគ្រូ យៀន និង លោកគ្រូប្រចាំថ្នាក់ភាសាបារាំងឈ្មោះលោកគ្រូ យី រ៉ុន។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ក៏ឈប់រៀន។ ជំរំដែលមានទីតាំងនៅជាប់ព្រំដែនថៃមានដូចជា ជំរំរិទ្ធីសែន(ជំរំថ្មី, ជំរំចាស់), ជំរំចំការគ, ព្រៃមាន់ និង ភ្នំឆ័ត្រ។ មូលហេតុដែលប្រជាជនហៅជំរំរិទ្ធីសែន ទៅជាជំរំថ្មី ព្រោះទីតាំងនៅជំរំថ្មីមានប្រាសាទមួយដែលហៅឈ្មោះ ប្រាសាទសារី (បច្ចុប្បន្នគ្រប់គ្រងដោយប្រទេសថៃ)។ ខ្ញុំជម្លៀសមករស់នៅជំរំសាយធូរបានរយៈពេល១ឆ្នាំ ទាហានថៃបានលុបប្រឡាយតាមព្រំដែន ហើយទាហានថៃបានចូលមកឈ្លានពានទឹកដីខ្មែរដោយឈូសឆាយធ្វើផ្លូវព័ន្ធយកជំរំណងចាន់ថ្មី ហើយទាហានថៃបានបន្តឈូសធ្វើផ្លូវរហូតដល់ភ្នំដងរែក។

នៅឆ្នាំ១៩៨៨ ខ្ញុំនិងម្ដាយបានលួចរត់ពីជំរំសាយធូរ ហើយធ្វើដំណើរឆ្លងកាត់តាមភ្នំឆ័ត្រ រួចបានឡើងឡាននៅស្វាយ ក្នុងគោលបំណងធ្វើដំណើរឡើងទៅទីក្រុងភ្នំពេញ ដើម្បីទិញអាវជជុះក្បាលគីបយកមកលក់នៅផ្សារថៃ។

នៅក្នុងឆ្នាំ១៩៩០ អង្គការ យូអិនប្រូ ដឹកខ្ញុំចេញពីជំរំសាយធូរឱ្យមករស់នៅទឹកដីប្រទេសកម្ពុជាវិញ។ ពេលចេញពីព្រំដែនថៃ ខ្ញុំនិងម្ដាយបានធ្វើដំណើរចូលមករស់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅឆ្នាំ១៩៩៧ ខ្ញុំបានរៀបការប្រពន្ធ។ បន្ទាប់ពីរៀបការរួចខ្ញុំចុះឈ្មោះចូលធ្វើជាទាហានរដ្ឋាភិបាលកម្ពុជានៅកូនដំរី ដែលស្ថិតនៅក្នុងកងពលលេខ១២ ដែលគ្រប់គ្រងដោយលោក ឡាយ វីរៈ។ បន្ទាប់មកកងពលលេខ១២ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយកងពលលេខ៧។ កងពលលេខ២១ និងកងពលលេខ១២ ទៅជាកងកងពល៥១ ប្រចាំការណ៍នៅស្រុកព្រះនេត្រព្រះ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានលោក ឡាយ វីរៈ កាត់ឈ្មោះបន្តឱ្យខាងយោធភូមិភាគ៥ ដែលគ្រប់គ្រងដោយលោក ប៊ុន សេង។

នៅឆ្នាំ២០០០ ខ្ញុំលាឈប់ពីទាហានមកជួយប្រពន្ធលក់ដូរវិញ។ ខ្ញុំ និងប្រពន្ធបានប្រកបរបរលក់ដូររហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖