យុវជនរូចរួមវគ្គបណ្តុះបណ្តាលស្តីអំពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្តសង្គម»

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ ភាពជាអ្នកដឹកនាំ ជំនាញទន់ និងមេរៀនផ្អែកលើសភាពការណ៍ជាក់ស្ដែងអំពីលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ សម្រាប់យុវជនស្ម័គ្រចិត្តចំនួន៤៩នាក់ ក្នុងនោះមានស្រីចំនួន៣៥   នាក់មកពីខេត្តព្រៃវែង និងខេត្តតាកែវ។ យុវជនទាំង៤៩នាក់ខាងលើ គឺបានជាប់ឈ្មោះជាអ្នកស្ម័គ្រចិត្តនៃគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្តសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺផ្ដល់ចំណេះដឹងដល់យុវជនស្ម័គ្រចិត្តទាក់ទងភាពជាអ្នកដឹកនាំ, តម្លៃប្រជាធិបតេយ្យ និងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីបង្កើតសមត្ថភាពរបស់ខ្លួន។ យុវជនអាចប្រើប្រាស់ចំណេះដឹង រួមជាមួយលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងសុជីវធម៌របស់ខ្លួនក្នុងការងារ, គ្រួសារ សហគមន៍ និងសង្គម ជាពិសេសយុវជនត្រូវរក្សាទំនាក់ទំនង ស្វែងយល់ និងជួយដល់ចាស់ទុំដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

វគ្គបណ្តុះបណ្តាលខាងលើ គឺមានការចូលរួមពីវាគ្មិនជំនាញៗចំនួនបីរូបគឺ៖

១) អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើបទបង្ហាញដល់យុវជនស្ម័គ្រចិត្តពី «ភាពជាអ្នកដឹកនាំល្អ និងសុជីវធម៌សម្រាប់ការអនុវត្តវិជ្ជាជីវៈ»។ ជាដំបូង អ្នកស្រីបានផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ឈ្វេងយល់ពីអត្ដចរិកខ្លួនឯង ឬការស្គាល់ខ្លួនឯង នឹងនិយមន័យក្នុងការផ្ដល់គុណតម្លៃរបស់ខ្លួនទៅអ្នកជុំវិញខ្លួនជាមុនសិន ទើបអាចឈានទៅដល់ភាពជាអ្នកដឹកនាំប្រកបដោយសុខជីវធម៌ល្អ។ អ្នកស្រីបានលើកឡើងថា អ្នកដឹកនាំគឺជាអ្នកនាំផ្លូវ អ្នកហ៊ានចេញមុខតតាំង ឬជំរុញឱ្យអ្នកជុំវិញខ្លួនចូលរួមសកម្មភាពណាមួយដោយអស់ពីចិត្ត ដើម្បីកិច្ចការមួយដែលត្រឹមត្រូវ និងយុត្តិធម៌ ហើយមិនអត់ឱនឱ្យភាពអយុត្តិធម៌ និងភាពទុច្ចរិភាព។  ភាពជាអ្នកដឹកនាំទាមទារឱ្យមានលក្ខណៈសម្បត្តិច្រើន ដែលអាចមានតាំងពីកំណើត និងត្រូវរៀនសូត្របន្ថែម។ អ្នកស្រី សូ ហ្វារីណា បានបន្ថែមថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តម្នាក់ គឺសុទ្ធតែអាចធ្វើជាអ្នកដឹកនាំបាន នៅពេលចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយអ្នកដឹកនាំមិនអាចឈរតែម្នាក់ឯងបានទេ គឺត្រូវការពិភាក្សាជាមួយអ្នកជុំវិញខ្លួន។ អ្នកដឹកនាំត្រូវទទួលការបណ្តុះបណ្តាលបន្ថែម ត្រូវមានភាពក្លាហាន ត្រូវមានគំនិតវិជ្ជមាន ត្រូវមានទំនាក់ទងល្អគ្រប់កម្រិតក្នុងថ្នាក់មូលដ្ឋាន ទើបអាចសម្រេចការងារបានដោយជោគជ័យ។

២) បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញស្ដីពី «អភិបាលកិច្ចល្អ និង មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ»។  ផ្ដើមដំបូង​ លោកបានពន្យល់ពាក្យ អភិបាលកិច្ចល្អ គឺភាគច្រើនតែងតែនិយាយលើកិច្ចការផ្នែករដ្ឋបាលថ្នាក់ជាតិ ឬ មូលដ្ឋាន គឺសំដៅលើដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្តរួមគ្នា។ អភិបាលកិច្ចល្អ លុះត្រាតែមានការចូលរួមពីភាគីច្រើន ដូចជារាជរដ្ឋាភិបាល ប្រជាពលរដ្ឋ សង្គម ស្ថាប័ន វិស័យឯកជន និងអ្នកជំនួញជាដើម។ ការចូលរួមពីគ្រប់ភាគីខាងលើ និងជួយឱ្យសង្គម និងប្រទេសជាតិប្រសើរជាងមុន។  បើយោងតាមអង្គការសហប្រជាជាតិ អភិបាលកិច្ចល្អមាន៨បុគ្គលិកលក្ខណៈដូចជា៖ និន្នាការដែលដែលទៅរកមតិទូទៅ, ការចូលរួមពីប្រជាជន, ត្រូវគោរពច្បាប់ នីតិរដ្ឋ, ប្រសិទ្ធភាព និងប្រសិទ្ធផល, ទំនួលខុសត្រូវ, តម្លាភាព, ការឆ្លើយតប និងសមធម៌ និងបរិយាបន្ន។  រីឯគោលការមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ បណ្ឌិត លី សុខឃាង បានលើកយកពីរចំណុច គឺសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ហេតុនេះអ្នកស្ម័គ្រចិត្តទាំងអស់ អាចចូលរួមចំណែកបានតាមរយៈក្នុងការស្ដាប់ និងសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ ទុក្ខលំបាកវេទនា។

៣) លោក តាំង រីនិត្យ និពន្ធនាយកកាសែតខ្មែរថាមស៍ បានបង្ហាញពីរបៀបសរសេរអត្ថបទបន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងវិធីសាស្រ្តប្រើប្រាស់ប្រព័ន្ធសរសេរបែបសិល្បៈនៅលើកម្មវិធីបញ្ញាសិប្បនិម្មិត ដែលហៅថា (AI)។

គួររំឭកថា អ្នកស្ម័គ្រចិត្តទាំងអស់ គឺត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំនួន៣លើកជាមុខសិន។ បន្ទាប់មកអ្នកស្ម័គ្រចិត្ត ត្រូវបំពេញការងារ និងភារកិច្ច រួមមាន៖ ចុះសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីបទពិសោធន៍ និងរឿងរ៉ាវដែលធ្លាប់បានជួបប្រទះ។ សង្ខេបសាច់រឿងចេញពីបទសម្ភាសន៍ សម្រាប់ប្រើប្រាស់ជាឯកសារប្រវត្តិសាស្រ្ត និងផ្សព្វផ្សាយសម្រាប់យុវជនជំនាន់ក្រោយៗទៀត។ អ្នកស្ម័គ្រចិត្តទាំងអស់ អាចចូលរួមជួបបង្កើតជាកិច្ចពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកភូមិរបស់ខ្លួន ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអនុវត្តអភិបាលកិច្ចល្អ។

ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោក ផេង ពង្សរ៉ាស៊ី នាយកនៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងខេត្តតាកែវ ព្រមជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាល  បានផ្ដល់ឱកាសឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ អាចលើកជាសំណួរ និងមតិយោបល់មុនបញ្ចប់វគ្គបណ្តុះបណ្តាលថ្ងៃទីមួយ។

អត្ថបទ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖