នៅវេលាព្រឹក ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ សោម ប៊ុនថន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានដឹកកញ្ចប់អនុស្សាវរីយ៍ចំនួន៣០០ ពីការិយាល័យនៅទីក្រុងភ្នំពេញយកទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តស្វាយរៀង បានជួបសម្ភាសន៍។ បច្ចុប្បន្នក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន៣២នាក់ នៅស្រុករមាសហែក, ស្រុកស្វាយទាប, ស្រុករំដួល, ស្រុកចន្រ្ទា, ស្រុកកំពង់រោទិ៍, ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង នៃខេត្តស្វាយរៀង កំពុងសម្ភាសន៍ និងសួរនាំយាយតាឪពុកម្តាយអ៊ំពូមីងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម និងបញ្ហាសុខភាព ដោយអនុវត្តតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តស្វាយរៀងនឹងបន្តសម្ភាសន៍ និងនាំយកកញ្ចប់អនុស្សាវរីយ៍ រួមមាន ១) ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, ២) ជែល, ៣) សាប៊ូលាងដៃ, ៤) ម៉ាស់, ៥) នំ, ៦) សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), ៧) សៀវភៅអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តពិភពលោក, ៨) ឧបករណ៍សង្រ្គោះបឋម, ៩) សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជនក្នុងសហគមន៍ដោយឥតគិតថ្លៃ, និង ១០) សម្ភារជំនួយដល់ជនពិការ ទៅចែកជូនដល់យាយតាឪពុកម្តាយអ៊ំពូមីងដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្វាយរៀងដោយផ្ទាល់ដៃ។
អត្ថបទ៖ សោម ប៊ុនថន
រូបថត៖ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង