នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ យុវជនចំនួន១២នាក់ ដែលកំពុងសិក្សានៅអនុវិទ្យាល័យ ជា ស៊ីម តាកែវ បានចូលរួមក្នុងវេទិកាអប់រំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងពិភាក្សាអំពីតួនាទីរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់ការពារ និងលុបបំបាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ វេទិកានេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងបានពិភាក្សាលើប្រធានបទមួយចំនួនទាក់ទងទៅនឹងមេរៀនក្នុងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ អំពី «តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? និងកត្តាអ្វីខ្លះដែលនាំឱ្យកើតមានអំពើប្រល័យពូជសាសន៍។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង អប់រំយុវជនឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ក្នុងការត្រិះរិះពិចារណាអំពីវិធីមួយចំនួនទាក់ទងនឹងតួនាទីយុវជន ដើរតួនាទីយ៉ាងសំខាន់ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ផ្ដល់នូវចំណេះបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពីដើមហេតុដែលខ្មែរក្រហមដណ្ដើមកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥ និងដើម្បីជាការរួមគ្នាទប់ស្កាត់អំពើប្រល័យសាសន៍នាពេលអនាគត តាមរយៈការអប់រំ ដល់សិស្សានុសិស្សដែលកំពុងបន្ដការសិក្សានៅតាមគ្រឹះស្ថានសិក្សានានា។
មុនឈានទៅដល់ការពិភាក្សា យុវជនទាំងអស់ត្រូវចំណាយពេល១៥នាទី ដើម្បីបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងរបស់ខ្លួនមុនកម្មវិធី។ បន្ទាប់មកអ្នកសម្របសម្រួលកម្មវិធីកញ្ញា ជីម សុខគា បានឡើងជាសំណួរទៅកាន់យុវជនទាំងអស់ថា តើប្អូនចង់ដឹង និងបានដឹងអ្វីខ្លះទាក់ទងនឹងរបបខ្មែរក្រហម? ភ្លាមៗនោះ យុវជនចំនួនពីរនាក់បានលើកឡើងថា តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? សំណួរនេះអ្នកសម្របសម្រួល ពុំទាន់បានឆ្លើយតបភ្លាមៗទៅកាន់យុវជនទេ។
បន្ទាប់មកអ្នកសម្របសម្រួល ចាប់ផ្តើមណែនាំឱ្យសិស្សានុសិស្សទាំងអស់ឱ្យឡើងអាននូវមេរៀន ក្នុងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូកទី២ មានចំណងជើងថា តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? និងជំពូកផ្សេងៗទៀត។
រយៈពេល៣៥នាទីក្រោយមក សិស្សានុសិស្សម្នាក់ៗបានឡើងអានមេរៀននៅក្នុងជំពូកនីមួយៗចប់ និងធ្វើបទបង្ហាញទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យចប់ ទើបអ្នកសម្របសម្រួលឆ្លើយតបទៅនឹងសំណួររបស់សិស្សខាងលើ តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? ដោយខ្មែរក្រហម គឺជាឈ្មោះដែលសម្តេចព្រះបាទនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅលើក្រុមកុម្មុយនីស្ត (ពោលជាសមាជិកនៃបក្សកុម្មុយនីស្តកម្ពុជា) ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០ ហើយក្រុមនេះបានឡើងកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ចំណែកការឡើងកាន់អំណាចរបស់ខ្មែរក្រហម ចាប់ផ្តើមពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សង្គ្រាមស៊ីវិល, ការទម្លាក់គ្រាប់បែក, ប្រជាជនរត់ចូលព្រៃម៉ាគី ដើម្បីតស៊ូជាមួយរបប លន់ នល់ រហូតដល់ទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់មកអ្នកសម្របសម្រួលបានពន្យល់ពី ពាក្យព្រៃម៉ាគី ដែលជាព្រៃមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ហើយព្រៃម៉ាគី មានកម្លាំងតស៊ូរបស់ខ្មែរក្រហម។
ក្រោយពីកិច្ចពិភាក្សា យុវជនទាំងអស់បានយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមតាមរយៈការសិក្សារៀនសូត្រ និងការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ដើម្បីឱ្យប្រជាជននៅទូទាំងប្រទេសបានដឹងកាន់តែច្រើន អំពីទុក្ខលំបាក ក៏ដូចជាការរស់នៅរបស់ប្រជាជននាសម័យនោះ។ ប្រជាជនត្រូវទទួលរងនូវភាពភ័យខ្លាច ជួបប្រទះសង្រ្គាម បាត់សមាជិកគ្រួសារ ការសម្លាប់មនុស្សដោយគ្មានត្រាប្រណី និងរស់នៅក្រោមការគាបសង្កត់។ របបខ្មែរក្រហមបានធ្វើឱ្យប្រទេសកម្ពុជាជួបប្រទះសង្រ្គាមរុំារ៉ៃ និងបានបំផ្លិចបំផ្លាយទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសម្លាប់ជីវិតមនុស្សរាប់សែននាក់។
បន្ថែមពីលើនេះ កញ្ញា ឈឹម សុខគា បានពន្យល់ពីនិយមន័យ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងកត្តាមួយចំនួនដែលឈានដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ព្រមទាំងតួនាទីរបស់យុវជនដែលដើរតួយ៉ាងសំខាន់ ក្នុងទប់ស្កាត់អំពើប្រល័យពូជសាសន៍ មិនឱ្យកើតមានឡើងសារជាថ្មីនៅក្នុងសង្គមបច្ចុប្បន្ន និងអនាគត។
អត្ថបទ ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា