មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សមកពីអនុវិទ្យាល័យថ្លាត

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីអនុវិទ្យាល័យថ្លាត ស្រុកអន្លង់វែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីចូលរួមលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់កុំឱ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មីនាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹង​គោលបំណងនៃវេទិកាថ្នាក់រៀន ដំបូងគ្រូឧទ្ទេសបានលើកពាក្យគន្លឹះចំនួនពីរមកធ្វើជាប្រធានបទពិភាក្សាគឺ៖ អំពើហិង្សា និងការអត់ឱនអធ្យាស្រ័យឱ្យគ្នា។

ក្រោមបទពិភាក្សាក្នុងវេទិកាថ្នាក់រៀន សិស្សានុសិស្សបានឱ្យនិយមន័យ «អំពើហិង្សា» ថា ជាការវាយដំ ការប្រតាយប្រតប់ ការឈ្លោះប្រកែកគ្នា និងរូបភាពនៃការគំរាមកំហែងទាំងផ្លូវចិត្ដ និងរូបរាងកាយ។ ចំណែកឯពាក្យ «ការអត់ឱន» គឺជាការអត់ទោសឱ្យគ្នាទៅវិញទៅមក និង​ការផ្សះផ្សាជម្លោះដោយ​សន្តិវិធី។ អំពើប្រល័យពូជសាសន៍ក្នុងប្រទេសកម្ពុជាបានបញ្ចប់ទៅ ការអប់រំ និងការផ្សះផ្សាសង្គមចាប់ផ្ដើមកើតមានឡើង រហូតដល់មានការបង្កើតតុលាការស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះ។ យុវជនជំនាន់ក្រោយមិនអាចដឹងបានទេថា អនាគតនឹងមានរឿងអ្វីកើតឡើង ប្រសិនបើមិនមានការអប់រំ និងមិនមានការសិក្សាឈ្វេងយល់។

វេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បានច្បិចយកចំណុចសំខាន់ៗពីរឿងហេតុ ដើមទងនៃអំពើហិង្សារហូតឈានដល់មានអំពើប្រល័យពូជសាសន៍ ជាចំណុចយល់ដឹង ដើម្បីជំរុញឱ្យមានការឆ្លុះបញ្ចាំងឱ្យមានការអត់ឱនឱ្យគ្នា។ ទាក់ទងនឹង​អំពើ​ប្រល័យ​ពូជសាសន៍ ដោយសារតែមិនមានការអត់ឱន និង​ការ​សណ្តោសប្រណីដល់គ្នាទៅវិញទៅមក ទើបអំពើប្រល័យពូជសាសន៍កើតឡើងជាបន្ដ​បន្ទាប់ក្រោយអនុសញ្ញាស្ដីពី «ការបង្ការ និងផ្ដន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨ មក រួមមាន ៖ ប្រទេសអាមេនី, ប្រទេសអាល្លឺម៉ង់, ប្រទេសកម្ពុជា, ប្រទេសបូស្ន៊ី-ហឺហ្សីហ្គោវីន និងប្រទេសរ្វ៉ាន់ដា។

បន្ទាប់មក លោក​បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បាន​ជ្រើសរើសបទបង្ហាញអំពី៖ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» ដែលបង្ហាញអំពី​ទិដ្ឋភាពការងារដោយបង្ខំក្នុងការដា្ឋន, ការធ្វើទារុណកម្ម និងការធ្វើបន្ធុទ្សកម្ម ជាដើម ដើម្បី​ជា​ដើមចមនៃ​ប្រវត្តិសាស្ត្រ​ដ៏សោកសង្រេង​របស់កម្ពុជា​។ របបខ្មែរក្រហមបានឡើងកាន់អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ របបខ្មែរក្រហមបានឆក់យកជីវិតមនុស្សប្រមាណជិត២លាននាក់ តាមរយៈអំពើឃោរឃៅ អំពើប្រល័យពូជសាសន៍ ការបង្អត់អាហារ និងជំងឺ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក  ឬសាលាក្ដីខ្មែរក្រហមបានរកឃើញថា របបខ្មែរក្រហមបានប្រព្រឹត្ដអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ តាមរយៈបទឧក្រិដ្ឋដែលរកឃើញទៅលើមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ នៅផ្នែកចុងបញ្ចប់សិស្សានុសិស្ស បានបង្ហាញ ចំណាប់​អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម៖

យុទ្ធ ភ័ត្រា ភេទស្រី អាយុ១៥ឆ្នាំ  យល់ថាឃើញថា ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងរបបខ្មែរក្រហម ឱ្យខ្ញុំដឹងពីស្ថានភាពលំបាកវេទនា ភាពអត់ឃ្លាន និងការធ្វើការហួសកម្លាំង។ នៅក្នុងវេទិកាថ្នាក់រៀន ខ្ញុំឃើញរូបថតអ្នកទោសឈ្មោះ ចាន់ គីមស្រុន បីកូនជាមួយទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម។ ខ្ញុំគិតថា អំពើហិង្សានៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ មិនមែនបន្តកើតមានតាំងពីរបបខ្មែរក្រហមទេ គឺអំពើហិង្សាកើតចេញមកពីខ្លួនឯងផ្ទាល់និងការខ្វះការគិតពិចារណា។ អំពើហិង្សាមិនអាចកើតមានទេ ប្រសិនបើមានការអត់ឱនឱ្យគ្នា និងចេះដោះស្រាយបញ្ហាដោយសន្តិវិធី»។

រឿន រចនា ភេទស្រី អាយុ១៤ឆ្នាំ បានរៀបរាប់ថា ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម បានបង្ហាញឱ្យឃើញពីភាពព្រៃផ្សៃ ភាពឃោរឃៅដែលខ្មែរក្រហមប្រព្រឹត្តលើប្រជាជនខ្មែរ ហើយសូម្បីតែពេលឈឺថ្កាត់ក៏គ្មានថ្នាំសម្រាប់ព្យាបាលដែរ ដែលផ្ទុយពីសម័យបច្ចុប្បន្ន។ ខ្ញុំយល់ថាអំពើហិង្សាមិនអាចកើតមានឡើងទេ ប្រសិនបើមានការអត់ឱនឱ្យគ្នា និងចេះអធ្យាស្រ័យគ្នា។ ជាក់ស្ដែង ពេលខ្ញុំមានជម្លោះជាមួយមិត្តភក្តិ ខ្ញុំតែងតែមានការលើកលែង និងការដោះស្រាយគ្នាដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះ»។

បៀក រតនា ភេទប្រុស អាយុ១៦ឆ្នាំ លើកឡើងថា  ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃគឺធ្វើឱ្យខ្ញុំបានយល់ដឹងអំពីភាពលំបាកវេទនា ការបែកបាក់គ្រួសារ ភាពខ្វះខាត និងការប្រើមនុស្សឱ្យធ្វើការហួសកម្លាំង។ ខ្ញុំបានដឹងពីការធ្វើទារុណកម្មដើម្បីសួរចម្លើយ និងការកាប់សម្លាប់ប្រជាជនខ្មែរដែរ។

ស៊ីន វ៉ាន់ដា ភេទប្រុស អាយុ១៦ឆ្នាំ បានឱ្យដឹងថា ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើឱ្យខ្ញុំដែលជាក្មេងជំនាន់ក្រោយបានយល់ដឹងពីការរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ដូចជា ភាពអត់ឃ្លាន និងលំបាកវេទា។ បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀនរួច ខ្ញុំនៅតែចងចាំអំពីអ្នកទោសដែលជាប់ឃុំឃាំងនៅសន្តិសុខមន្ទីរស-២១។ ខ្ញុំយល់ថា មនុស្សខ្វះការសណ្ដោសប្រណី និងខ្វះការគិតពិចារណាអាចនាំឱ្យកើតមានអំពើហិង្សា ពីព្រោះនៅពេលមនុស្សខ្វះការគិតពិចារណាធ្វើឱ្យរឿងតូចក្លាយទៅជារឿងធំ ហើយឈានទៅដល់ការកាប់សម្លាប់គ្នា។

អត្ថបទ ៖ លី​ សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖