នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតឆ្នាំទី៤ មកពីមហាវិទ្យាល័យ នីតិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅទីក្រុងភ្នំពេញចំនួន៣៥នាក់ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ ជា សៀវម៉ី បានចុះមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ នេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកដំបូងសម្រាប់និស្សិត ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) វិធីសាស្ត្រស្រាវជ្រាវ និងទស្សនកិច្ចសិក្សាទៅកាន់ទីតាំងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។
និស្សិតទាំងអស់បានមកដល់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងទទួលការស្វាគមន៍ពីបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំនិស្សិតទាំងអស់អំពីតួនាទី និងបេសកកម្មរបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង, បង្ហាញស្លាកសញ្ញាដែលជានិម្មិតសញ្ញារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅដែលបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងឯកសារជាច្រើនដែលដាក់តម្កល់សម្រាប់បម្រើដល់សិស្ស និស្សិត គ្រូបង្រៀន អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ, និងពីពិព័រណ៍រូបថតស្តីពីរបបខ្មែរក្រហម។ ចំណែកលោកស្រីសាស្ត្រាចារ្យ បានក្រើនរំឭកដល់ក្រមនិស្សិតឱ្យត្រៀមលក្ខណៈក្នុងការសរសេររបាយការណ៍ខ្លីមួយ ស្តីអំពីទស្សនកិច្ចសិក្សានេះ។
លោក ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវ ផ្តោតសំខាន់លើវិធីសាស្ត្រក្នុងការ សម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចាក់បញ្ចាំងខ្សែវីដេអូចំនួនពីរគឺ គុកទួលស្លែង និង កុំស្មានបងភ្លេច។ លោក ផេង ពង្សរ៉ាស៊ី បង្ហាញគេហទំព័រចំនួនពីរ និងពន្យល់ពីការប្រើប្រាស់គេហទំព័រទាំងពីរនេះដល់និស្សិតក្នុងការស្វែងរកឯកសារទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហមសម្រាប់អាន។ គេហទំព័រទាំងពីរនេះគឺ www.dccam.org និង www.khmerrougehistory.org គឺជាគេហទំព័ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ មុននឹងបញ្ចប់កម្មវិធីសម្រាប់ពេលព្រឹក លោកស្រីសាស្ត្រាចារ្យ ជា សៀវម៉ី បានថ្លែងអំណរគុណចំពោះលោក ផេង ពង្សរ៉ាស៊ី និងបានឱ្យតំណាងនិស្សិតប្រគល់លិខិតថ្លែងអំណរគុណសរសេរដោយដៃ ដើម្បីបញ្ជាក់ពីទឹកចិត្ត និងការសហការល្អជាមួយគ្នា។ លោកស្រីសាស្ត្រាចារ្យ មានមតិទៅកាន់និស្សិតថា ៖ «ថ្ងៃនេះ! យើងជោគជ័យហើយ ចំពោះការមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ខ្ញុំតំណាងឱ្យនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៣៥នាក់ ពិតជាមានកិត្តិយសណាស់ ដែលបានទទួលការណែនាំផ្ទាល់ពីលោក ផេង ពង្សរ៉ាស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបាននូវបទពិសោធន៍ល្អ ដូចជាការសម្ភាសន៍ និងស្គាល់ពីវេបសាយចំនួនពីររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំផ្តាំទៅនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងអានឯកសារបន្តទៀត»។
នៅវេលាម៉ោង១២ និង ៥០នាទី បន្ទាប់ពីសម្រាកនិងហូបបាយថ្ងៃត្រង់រួច និស្សិតទាំងអស់បានធ្វើដំណើរទៅកាន់ទីតាំងសម្លាប់ទួលជ្រៃ ស្ថិតនៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ លោក ហម ឃាង មានអាយុ៧០ឆ្នាំ រស់នៅភូមិសុរាម្រិត(អតីតភូមិទួលជ្រៃ) ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង បានចែករំលែករឿងរ៉ាវដែលបានកើតឡើងនៅទីនេះ។ កាលនោះ លោក ហម ឃាង មានអាយុ២៤ឆ្នាំ ហើយទីតាំងទួលជ្រៃនេះ មិនមានផ្ទះនិងប្រជាជនរស់នៅឡើយ។ ខ្មែរក្រហមបានយកទីតាំងនេះ ធ្វើជាកន្លែងសម្លាប់មនុស្ស។ លោក ហម ឃាងបានរៀបរាប់ពីប្រភេទប្រជាជនដែលត្រូវបានយកមកសម្លាប់ មានដូចជា ប្រជាជន ១៧ មេសា, មន្ត្រី ឬទាហាននៅក្នុងរដ្ឋការ លន់ នល់ និង កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិភាគបូព៌ា។ លោក ហម ឃាង បានបន្ថែមថា ក្រៅពីទីតាំងទួលជ្រៃ ក៏មានទីតាំងសម្លាប់ដ៏ធំមួយទៀតដែរ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែងនេះ គឺទីតាំងសម្លាប់ភ្នំឈើកាច់ ឬភ្នំកំប្លុក។ បន្ទាប់ពីបានស្តាប់ លោក ហម ឃាង មានប្រសាសន៍ចប់ លោក ផេង ពង្សរ៉ាស៊ី បានបកស្រាយឡើងវិញនូវចំណុចខ្លះៗ ដែលលោកលោក ហម ឃាង បានរៀបរាប់ខាងលើ និងបន្ថែមនូវចំណុចមួយចំនួន។ ខាងក្រោមគឺជាចំណាប់អារម្មណ៍របស់និស្សិត ដែលបានចុះមកទស្សនកិច្ច៖
ខ្ញុំឈ្មោះ សាត ស៊ីដែត ភេទស្រីអាយុ២២ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅក្នុងថ្ងៃនេះ ខ្ញុំទទួលបានបទពិសោធន៍ថ្មី ព្រោះកាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំក៏ធ្លាប់មានកម្មវិធីទស្សនកិច្ចសិក្សានៅគុកទួលស្លែងដែរ។ កាលនោះខ្ញុំរៀនថ្នាក់ទី១០ ប៉ុន្តែពេលនោះខ្ញុំគ្រាន់តែទៅ ស្តាប់ការនិយាយខ្លះៗ ហើយបានមើលរូបភាពខ្លះៗនៅក្នុងគុកប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលខ្ញុំបានមកដល់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ខ្ញុំបានទស្សនាខ្សែភាពយន្តឯកសារ (មន្ទីរស-២១) ហើយលោក ផេង ពង្សរ៉ាស៊ី បានពន្យល់បន្ថែម ដូច្នេះធ្វើឱ្យខ្ញុំបានដឹងកាន់តែស៊ីជម្រៅថែមទៀតទាក់ទងនឹងគុកទួលស្លែង ហើយខ្ញុំឃើញថាវាពិតជាកើតឡើងដូច្នេះមែន។ ការមកដល់ទីតាំងសម្លាប់ទួលជ្រៃនេះដំបូង ខ្ញុំគិតថាមានតែប្រជាជនដែលត្រូវបានជម្លៀសមកពីទីក្រុងភ្នំពេញប៉ុណ្ណោះ ដែលត្រូវបានយកមកសម្លាប់នៅទីនេះ។ ប៉ុន្តែតាមរយៈដែលខ្ញុំបានស្តាប់ការចែករំលែករបស់លោកតា ហម ឃាង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំទទួលបានចំណេះដឹងថ្មីមួយផ្សេងទៀតគឺ ប្រជាជនជម្លៀសផ្សេងទៀតមកពីតំបន់ភូមិភាគបូព៌ា ក៏ត្រូវបានយកមកសម្លាប់នៅទីនេះដែរ។ ខ្ញុំនឹងយកចំណេះដឹងអំពីដំណើរទស្សនកិច្ចទៅចែករំលែកដល់មិត្តភក្តិរបស់ខ្ញុំដើម្បីឱ្យគាត់បានដឹងដូចខ្ញុំដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលបានបង្កើតកម្មវិធីទស្សនកិច្ចសិក្សានេះឡើង។ នេះគឺជាឱកាសដ៏ល្អ សម្រាប់និស្សិត ក្នុងការសិក្សាអំពីភាពជាក់ស្តែងទាក់ទងទៅនឹងរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ ហុន សុណារី ភេទស្រី គឺជានិស្សិតផ្នែកច្បាប់ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ថ្ងៃនេះខ្ញុំសប្បាយរីករាយដែលបានមកទស្សនកិច្ចសិក្សានៅក្នុងខេត្តខ្លួនឯង។ មួយវិញទៀត ខ្ញុំទើបតែដឹងថា នៅក្នុងខេត្តព្រៃវែងក៏មានមជ្ឈមណ្ឌលឯកសារទាក់ទងនឹងសម័យខ្មែរក្រហមដែរ។ ដូច្នេះហើយបានជាអ្នកគ្រូ ជា សៀវម៉ី បាននាំខ្ញុំមកកាន់កន្លែងនេះ ដើម្បីឱ្យខ្ញុំបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម ។ ខ្ញុំទទួលបានចំណេះដឹងមួយចំនួននៅក្នុងថ្ងៃនេះទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីសាស្ត្រស្រាវជ្រាវខ្លះៗដើម្បីជាជំនួយដល់ការសរសេរសារណានៅឆ្នាំខាងមុខ ព្រមទាំងគេហទំព័រចំនួន២ដែលយើងអាចធ្វើការសិក្សាស្រាវជ្រាវបាន។ ពេលមកដល់ទីតាំងសម្លាប់ទួលជ្រៃដំបូង ខ្ញុំគិតថាគឺជាវត្តសម្រាប់ប្រជាជនមកគោរពប្រណិប័តន៍ ប៉ុន្តែបន្ទាប់ពីខ្ញុំបានស្តាប់លោក ផេង ពង្សរ៉ាស៊ី និងលោក ហម ឃាង រួច ទើបខ្ញុំដឹងថា ទីកន្លែងនេះ គឺជាទីតាំងសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មនេះឡើង។ ជាចុងក្រោយ ខ្ញុំចង់ឱ្យក្មេងជំនាន់ក្រោយបានស្វែងយល់ពីរបប ប៉ុល ពត ថាតើប្រជាជនរស់នៅក្នុងរបបនេះលំបាកយ៉ាងដូចម្តេចខ្លះ។ យើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងជួយទប់ស្កាត់កុំឱ្យរបបនេះវិលមកវិញម្តងទៀតទេ។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា