នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ហ្ល័ររីដា អាន កាមីឡេ ភីម៉ៃយ៉ូ (H.E. Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា អមដោយគណៈប្រតិភូនៃស្ថានទូត៤រូបទៀត រួមមាន៖ លោកស្រី ឡាអានី ស៊ូរ៉ៃដា ហ្គាន់ដារ៉ូស្សា (Ms. Laarni Zorayda Gandarosa) អគ្គកុងស៊ុល, លោកស្រី ជេនីណា ម៉ារីយ៉ុន ធីរ៉ាហ្វ័ល (Ms. Genina Marion T. Rafal) លេខាទី៣ ឯកអគ្គរដ្ឋទូត និងអនុប្រធានកុងស៊ុល, លោកស្រី ហ័រមែនីហ្គីលដា ប៊ីខារីណូ (Ms. Hermenigilda B. Cariño) មន្ត្រីអនុព័ន្ធវប្បធម៌, និងលោកស្រី ក្លារ៉ា ម៉ារីណែល ស៊ីគ្រុស (Ms. Clara Marinel C. Cruz) មន្រ្តីអនុព័ន្ធ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» និង មជ្ឈមណ្ឌលឯកសារកម្ពុជា។
សូមរំឭកផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ សម្រាប់អាណត្តិថ្មី លោកជំទាវ ហ្ល័ររីដា អាន កាមីឡេ ភីម៉ៃយ៉ូ (H.E. Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
សម្រាប់កិត្តិយសដ៏ខ្ពង់ខ្ពស់នៃការអញ្ជើញធ្វើទស្សនកិច្ចនៅ ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានគោលបំណងពីរ៖ គោលបំណងទីមួយ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិភូនៃស្ថានទូត បានជួបសំណេះសំណាលដោយភាពស្និតស្នាលនិងភាតរភាពជាមួយ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងស្ថាបនិកនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ (QML) ហើយគោលបំណងទីពីរ បន្តពង្រឹងទំនាក់ទំនងប្រកបដោយភាតរភាពរវាងមន្រ្តីនិងបុគ្គលិកស្ថានទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជាជាមួយបុគ្គលិកនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។ គួររំឭកផងដែរថា នៅក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលពានរង្វាន់ Ramon Magsaysay Awards (ពានរង្វាន់ដ៏មានកិត្យានុភាពនៃសាធារណរដ្ឋហ្វីលីពីន) ដែលត្រូវបានចាត់ទុកជា “ពានរង្វាន់ណូបែលអាស៊ី សម្រាប់ការថែរក្សាការចងចាំប្រវត្តិសាស្ត្រ ការអប់រំប្រវត្តិសាស្ត្រ ការផ្សះផ្សាផ្លូវចិត្ត និងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា”។
សម្រាប់ទស្សនកិច្ចនេះ ជាបឋម លោកនាយក ឆាំង យុ បានផ្តល់ជូននូវព័ត៌មានលម្អិត តាមរយ:ផ្ទាំងពិព័រណ៍ព្រះឆាយាល័ក្ខណ៍នៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងរាជវង្សានុវង្សដែលជាអំណោយរបស់ លោកបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកនិពន្ធព្រះរាជជីវប្រវត្តិនៃសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងអមបទភ្លេងជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ។ ជាងនេះទៀត ផ្ទាំងពិព័រណ៍ព្រះឆាយាល័ក្ខណ៍ដែលបានដាក់បង្ហាញនិងអមដោយបទភ្លេង គឺបានរំឭកដល់ព្រះរាជប្រវត្តិស្នេហារនៃសម្តេចឪនិងសម្តេចម៉ែ ដែលទ្រង់បានកត់ត្រាទុក ចំណងជើងថា៖ «ស្នេហាមួយមិនមែនជារឿងព្រេងនិទាន» ក្នុងសៀវភៅ «សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះបវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ព្រះរាជដំណើរនៃជីវិតពោរពេញដោយព្រឹត្តិការណ៍»។ ពិសេសជាងនេះទៀត មានព្រះរាជចម្រៀងពីរបទបន្ថែមទៀតគឺ «រាត្រីដែលបានជួបភ័ត្រ» និង «ម៉ូនីកា» ក្រោយបានរៀបអភិសេក សម្តេចឪបានប្រទានព្រះរាជចម្រៀងថ្វាយសម្តេចម៉ែ ដើម្បីសម្តែងនូវព្រះរាជហឫទ័យស្វាមីភក្តិសម្រាប់ទ្រង់ ដែលទ្រង់តែងតែនៅក្បែរព្រះកាយរបស់ព្រះស្វាមីគ្រប់ពេល នឹងបានពុះពារឆ្លងកាត់នូវអនុស្សាវរីយ៍ដ៏ផ្អែមល្វីងនិងជូរចត់រួមគ្នានៅគ្រប់កាល:ទេស:។
បន្ទាប់មក លោកនាយក ឆាំង យុ បានរៀបរាប់បង្ហាញ លោកជំទាវ ឯកអគ្គរដ្ឋទូតនិងគណប្រតិភូ នូវបណ្ណាល័យនិងបណ្ណសារ រួមទាំងបរិក្ខាឯកសារ ដូចជា៖ ទូម៉ាស៊ីនផ្ទុកឯកសារឌីជីថល(Dedicated/Cloud Sever) បន្ទប់ផ្ទុកឯកសារសម្លេងបទសម្ភាស(Audio Room) ម៉ាស៊ីនម៉ាក្រូហ្វីល ក្នុងនោះរួមមានទាំង ឯកសារក្រដាសដើម ឯកសារភស្តុតាង ឯកសាររូបថត ឯកសារសំឡេង និងឯកសារវីដេអូដ៏ច្រើនសន្ធឹកសន្ធាប់មួយចំនួនទៀត។
បន្ថែមលើសពីនេះទៀត លោកនាយក ឆាំង យុ បានរៀបរាប់យ៉ាងលម្អិតអំពីសកម្មភាពនៃគម្រោងការងារយូរអង្វែង និងជាអទិភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានការពង្រឹងនិងលើកកម្ពស់ «សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» ដែលក្នុងនោះផ្តោតសំខាន់សម្រាប់ យុត្តិធម៌ ការចងចាំ និងការផ្សះផ្សាជាតិ តាមរយៈការប្រមូលចងក្រងឯកសារភ័ស្តុតាងជាប្រវត្តិសាស្រ្តទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរ ដែលក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបាននឹងកំពុងបន្តអនុវត្តជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នានេះដែរ លោកនាយក ឆាំង យុ បានរៀបរាប់បង្ហាញបន្ថែមជូនដល់ លោកជំទាវ ឯកអគ្គរដ្ឋទូត និងគណប្រតិភូ ស្តីពីផែនទីនៃទីតាំងសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យនៅតាមបណ្តាខេត្តទាំង១៩ ក្នុងប្រទេសកម្ពុជា។
ជាចុងបញ្ចប់ លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក ដែលបានទទួលស្វាគមន៍ការអញ្ជើញទស្សនកិច្ចរបស់ លោកជំទាវនិងគណប្រតិភូនៃស្ថានទូតហ្វីពីន នៅព្រះរាជបណ្ណាល័យហ្លួងម៉ែដ៏ស្រស់ស្អាតក្នុងថ្ងៃនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរយ៉ាងក្រៃលែងចំពោះសកម្មភាពការងារ ស្តីពីការអភិរក្សឯកសារប្រវត្តិសាស្រ្តកម្ពុជាដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយជាពិសេសសម្រាប់ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាទីតាំងតម្កល់រតន:សម្បត្តិនៃប្រវត្តិសាស្រ្តកម្ពុជា ដែលបានចូលរួមចំណែកក្នុងការអប់រំនិងផ្តល់ចំណេះដឹងដ៏វិសេសវិសាល សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងទូទាំងពិភពលោក។
អត្ថបទ និង រូបថត ៖ រស់ សំពៅ ប្រធានបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា