សិស្សវិទ្យាល័យចម្រើនវិជ្ជាសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យចម្រើនវិជ្ជាថ្នាក់ទី១១ ដែលត្រៀមឡើងថ្នាក់ទី១២ ចំនួន១៣នាក់ ដែលមកទស្សនាពិព័រណ៍រូបថតទាក់ទងនឹងរបបខ្មែរក្រហម ឈ្វេងយល់ពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាប្រធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ។

លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានណែនាំខ្លួន និងប្រាប់សិស្សអំពីការិយាល័យស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដែលនៅទទួលស្វាគមន៍សិស្ស ដែលមានបំណងចង់សិក្សាឈ្វេង​យល់ និងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

នៅក្នុងឱកាសនោះសិស្សបានលើកជាសំណួរដូចខាងក្រោម ៖

១) តើនៅខេត្តព្រៃវែង មានវាលពិឃាតដែរឬទេ?

២) តើ ឌុច គឺជានរណា?

៣) នៅពេលប្រជាជនធ្វើស្រូវបានច្រើន តើស្រូវទាំងអស់នោះខ្មែរក្រហមយកទៅណា?

៤) ហេតុអ្វីបានជាខ្មែរក្រហមមិនឱ្យប្រជាជនហូបឆ្អែត?

៥) ហេតុអ្វីបានជាតុលាការកាត់ទោស ឌុច ឱ្យជាប់គុកអស់មួយជីវិត។ ហេតុអ្វីបានជាមិនប្រហារជីវិត ឌុច?

៦) តើខ្មែរក្រហម មានទំនាក់ទំនងជាមួយប្រទេសបារាំងដែរឬទេ?

៧) តើ សោ ភឹម ត្រូវបានកាត់ទោសដែរឬទេ?

បន្ទាប់ពីលោក ផេង ពង្សរ៉ាស៊ី ឆ្លើយនូវសំណួររបស់សិស្សានុសិស្សដែលបានលើកឡើងខាងលើរួចហើយ ក៏មានការចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សទាំងអស់បានទស្សនា និងឈ្វេងយល់អំពីការបាត់បង់សិល្បៈតន្រ្តី និងសិល្បករនៅក្នុងសម័យសង្រ្គាម ជាពិសេសនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សិស្សានុសិស្សបានទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» យ៉ាងស្ងៀមស្ងាត់ និងយកចិត្តទុកដាក់។ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តឯកសាររួច សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

១) ខ្ញុំឈ្មោះ គង់ ស្រីនិច្ច ភេទស្រី មានអាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យចម្រើនវិជ្ជា។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិបឹងវែង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅពេលដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ខ្ញុំគិតថាខ្ញុំមានឱកាសបានដឹងច្រើនព្រោះនៅទីនេះមានឯកសារច្រើនដើម្បីអាន។ ពីមុនមកខ្ញុំក៏ធ្លាប់បានដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមខ្លះដែរ ប៉ុន្តែនៅមានភាពស្រពេច​ស្រពិលនៅឡើយ គឺមិនដឹងថាតើដំណើរដើមទងរបបខ្មែរក្រហមកើតឡើងយ៉ាងដូចម្តេចទេ។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីលោកគ្រូទៅចែករំលែកទៅកាន់មិត្តភក្តិរបស់ខ្ញុំ។ កាលពីមុន ខ្ញុំមានបំណងចង់ទៅទស្សនានៅគុកទួលស្លែង ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម ប៉ុន្តែឥឡូវនេះខ្ញុំសប្បាយចិត្តនៅពេលដែលដឹងថា នៅក្នុងខេត្តព្រៃវែងក៏មានឯកសារប្រវត្តិសាស្ត្រខ្មែរក្រហមដែរ។ ម្តាយខ្ញុំក៏បានប្រាប់ដែរថា ប្រជាជនត្រូវបានសម្លាប់អស់ជាច្រើននាក់នៅក្នុងខេត្តព្រៃវែងនេះ និងអ្នកខ្លះត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ ហើយត្រូវបានសម្លាប់នៅទីនោះ។ ជីតារបស់ខ្ញុំក៏បានស្លាប់នៅក្នុងរបប ប៉ុល ពត ដែរ។

២) ខ្ញុំឈ្មោះ ទ្រី អ៊ាងស្រ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ គឺសិស្សថ្នាក់ទី១១ នៅវិទ្យាល័យចម្រើនវិជ្ជា។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ខ្ញុំសប្បាយរីករាយនៅពេលស្គាល់មជ្ឈ​មណ្ឌលឯកសារខេត្តព្រៃវែង។ ពីមុនមកខ្ញុំពុំបានដឹងថានៅខេត្តព្រៃវែងនេះ មានមជ្ឈមណ្ឌលឯកសារខ្មែរក្រហមទេ។ ការមកសិក្សារៀនសូត្រនៅទីនេះ គឺធ្វើឱ្យខ្ញុំកើននូវចំណេះដឹងច្រើនជាងមុន។ ខ្ញុំមានឱកាសសួរសំណួរដែលខ្ញុំធ្លាប់ឆ្ងល់ពីមុន។ ចំពោះការទស្សនាខ្សែភាពយន្តខ្ញុំចាប់អារម្មណ៍ទៅលើបទចម្រៀង ព្រោះខ្ញុំគិតថាបទចម្រៀងនៅសម័យសម្តេចព្រះ នរោត្ដម សីហនុ គឺពីរោះ ហើយអ្នកស្តាប់បានលើកតម្កើងចម្រៀងទាំងនោះខ្លាំង។ ចុងក្រោយ ខ្ញុំសូមអរគុណលោកគ្រូដែលបានពន្យល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមឱ្យខ្ញុំបានដឹង ហើយខ្ញុំក៏សូមអរគុណដល់បងៗក្រុមការងារដែលបានទទួលក្រុមខ្ញុំយ៉ាងរាក់ទាក់។

៣) ខ្ញុំឈ្មោះ ជុន ជុតិមា ភេទស្រី មានអាយុ១៦ឆ្នាំ គឺជាសិស្សមកពីវិទ្យាល័យចម្រើនវិជ្ជា។ ខ្ញុំរស់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពេលខ្ញុំបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គឺខ្ញុំមានបំណងឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហមកាន់តែស៊ីជម្រៅជាងមុន ដូចជា៖ តើនៅសម័យនោះប្រជាជនបានជួបនូវផលលំបាកយ៉ាងណាខ្លះ? មេរៀនទាំងមូលដែលលោកគ្រូបានពន្យល់ ខ្ញុំមានការចាប់អារម្មណ៍ជាងគេទៅលើការបង្កើតបក្សលើកដំបូង និងការបោះឆ្នោតលើកដំបូង។ ខ្ញុំចង់ឱ្យលោកគ្រូពន្យល់បន្ថែមទៀតទាក់ទងទៅនឹងច្បាប់គ្រប់គ្រងរបស់ខ្មែរក្រហម។ បន្ទាប់ពីខ្ញុំទស្សនាខ្សែភាព​យន្តឯកសាររឿង «កុំស្មានបងភ្លេច» រួច គឺខ្ញុំគិតថាខ្សែភាពយន្តឯកសារនេះ បានលើកតម្កើងសិល្បៈតន្ត្រីដែលជាដួងព្រលឹងរបស់ជាតិ។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានទៅចែករំលែកជាមួយមិត្តភក្តិទាំងអស់គ្នាដែលមិនបានមកចូលរួម។

៤) ខ្ញុំឈ្មោះ អ៊ុងអន រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យចម្រើនវិជ្ជា។ ការធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើឱ្យខ្ញុំដឹងបន្ថែមអំពីសិល្បៈឆ្លងពីជំនាន់មួយទៅជំនាន់មួយទៀត បានយល់ដឹងអំពីចម្រៀង ខ្សែភាពយន្ត និងអំពើឃោរឃៅរបបខ្មែរក្រហម។ របបខ្មែរក្រហមបានធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពដុនដាបយ៉ាងខ្លាំង។ នៅអំឡុងពេលទស្សនកិច្ចសិក្សា ខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺការធ្វើរដ្ឋប្រហាររបស់ លន់ នល់។ ចំណុចមួយទៀតដែលខ្ញុំចង់ដឹងបន្ថែមទាក់ទងជាមួយរបបខ្មែរក្រហម គឺការរស់នៅរបស់ប្រជាជន និងការរៀបអាពាហ៍ពិពាហ៍។ យើងដឹងហើយថាខ្មែរក្រហមមិនឱ្យយើងមានស្នេហានោះទេ ដូច្នេះហើយតើយើងអាចបង្កើតគ្រួសារបានយ៉ាងដូចម្ដេច។

៥) ខ្ញុំឈ្មោះ អៀប រស្មី ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យចម្រើនវិជ្ជា។ បន្ទាប់ពីសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមនៅក្នុងថ្ងៃនេះ គឺខ្ញុំបានដឹងបន្ថែមទៀតទាក់ទងទៅនឹងការធ្វើទារុណ​កម្មរបស់ខ្មែរក្រហមទៅលើប្រជាជន។ ខ្ញុំបានដឹងទីតាំងសម្លាប់នៅស្រុកបាភ្នំ នៅវិទ្យាល័យព្រះអង្គឌួង និងនៅសង្កាត់បារាយណ៍។ ជាចុងក្រោយប្រសិនបើមានឱកាស ខ្ញុំសូមសំណូមពរឱ្យលោកគ្រូ ផេងពង្ស រ៉ាស៊ី ពន្យល់ខ្ញុំបន្ថែមទៀត ទាក់ទងទៅនឹងគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម ព្រោះខ្ញុំមិនទាន់បានសិក្សាលម្អិតនៅឡើយ។

អត្ថបទ ៖ ភា រស្មី និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក