មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលពិការភាព ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ រស់នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់មានវ័យចាស់ជរា និងមានជីវភាពខ្វះខាត។ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានលើកឡើងពីគោលបំណងនៃការចែករទេះរុញគឺដើម្បីជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពអាចជិះនៅជុំវិញផ្ទះ ទៅលេងសាច់ញាតិក្នុងភូមិ ទៅចូលរួមប្រជុំ និងទៅបុណ្យ។ នៅក្នុងឱកាសនោះ លោក ឡុង ដានី លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងនោះ ឱ្យចែករំលែកនូវរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ពីរបបប្រល័យពូជសាសន៍ទៅកាន់កូនចៅ និងក្មេងៗជំនាន់ក្រោយឱ្យបានដឹងពីទុក្ខលំបាករបស់គាត់ដែរ។ ការនិយាយរឿងរ៉ាវពីរបបខ្មែរក្រហមនឹងធ្វើឱ្យកូនចៅ និងក្មេងៗជំនាន់ក្រោយមានការអាណិតស្រឡាញ់តាយាយ ឪពុកម្តាយរបស់ខ្លួនដែលខិតខំតស៊ូរស់នៅនិងចិញ្ចឹមកូនចៅរបស់ខ្លួនបានរស់នៅដូចសព្វថ្ងៃនេះ។

បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៤នាក់ បានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

១) តែម ព្រីង ៖ អ្នកបោចវល្លិ៍ធ្វើដៃបង្គីក្នុងសម័យខ្មែរក្រហម

ខ្ញុំសប្បាយចិត្តនិងរំភើបយ៉ាងខ្លាំង នៅពេលបានដឹងថាក្រុមការងារមជ្ឈ​មណ្ឌលផ្សះ​ផ្សាវាលវែង ចែក​រទេះរុញឱ្យខ្ញុំនិងប្រជាជននៅក្នុងភូមិ។ រទេះរុញនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ និងគ្រួសារ ព្រោះងាយស្រួលក្នុងការជិះផ្លាស់ទីទៅជិតឬឆ្ងាយ ងាយស្រួលចូលបន្ទប់ទឹកដោយមិនចាំបាច់ប្រើឈើច្រត់ដូចពីមុនទៀត។ កូនៗខ្ញុំមិនចាំបាច់គ្រាខ្ញុំពេលទៅលេងផ្ទះបងប្អូនកូនចៅម្ដងៗ និងងាយស្រួលដាក់តាមខ្លួនពេលខ្ញុំទៅព្យាបាលនៅមន្ទីពេទ្យ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានយកចិត្តទុកដាក់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិរបស់ខ្ញុំ។

ខ្ញុំឈ្មោះ តែម ព្រីង ភេទប្រុស អាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ តែម និងម្ដាយឈ្មោះ ចេង អ៊ុល។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ហ៊ុន នាង និងមានកូនចំនួន៥នាក់។

កាលពីតូចខ្ញុំរស់នៅជាមួយម្ដាយឪពុកប្រកបរបរធ្វើស្រែចម្ការ។ នៅអាយុ២១ឆ្នាំ ខ្ញុំសម្រេចចិត្តបួសរៀនដើម្បីទទួលបាននូវចំណេះដឹងជាប់ខ្លួន។ ខ្ញុំបួសរៀននៅវត្តកណ្ដាលជាមួយព្រះចៅអធិការវត្តឈ្មោះ សៀក។ ខ្ញុំបួសបានរយៈពេល២ព្រះវស្សា ក៏សឹកវិញដោយសារភ្នែកខ្ញុំងងឹត។ ខ្ញុំបានត្រឡប់មករស់នៅជាមួយឪពុកម្ដាយ និងសម្រាកព្យាបាលភ្នែកមួយរយៈទើបធូរស្បើយវិញ។

នៅឆ្នាំ១៩៧០ ពេលសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ខ្ញុំរស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិសំរោងដោយប្រកបរបរធ្វើស្រែចម្ការ។ ពេលនោះអាហារហូបចុកមិនខ្វះខាត់ទេគឺមានហូបគ្រប់គ្រាន់។ ក្រោយមក មានទាហានជាច្រើនបានចូលមកដល់ភូមិរបស់ខ្ញុំ ព្រមទាំងបាញ់កាំភ្លើងបង្អើលប្រជាជនរត់ឈូឆរពេញភូមិ។ នៅឆ្នាំ១៩៧២ ខ្ញុំនិងគ្រួសារបានផ្លាស់ទីលំនៅមករស់នៅភូមិផ្ទះរុង ដោយខ្លាចកងទ័ពខ្មែរក្រហមធ្វើបាប។ ខ្ញុំរស់នៅទីនោះរយៈពេល៣ខែទើបត្រឡប់មករស់នៅភូមិសំរោងវិញ។ នៅក្នុងឆ្នាំ១៩៧៣ ទាហាន លន់ នល់ បានទម្លាក់គ្រាប់បែកនៅភូមិចាន់សេរី ធ្វើឱ្យប្រជាជននៅក្នុងភូមិខ្ញុំច្របូកច្របល់យ៉ាងខ្លាំងពី ព្រោះខ្លាចយន្តហោះមកទម្លាក់គ្រាប់នៅភូមិសំរោងដែរ។ នៅចុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានវាយបែកស្រុកភ្នំក្រវាញទាំងស្រុង ប៉ុន្តែខ្មែរក្រហមមិនទាន់ចូលមកគ្រប់គ្រងភូមិសំរោងភ្លាមទេ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ពេលនោះប្រជាជនទាំងអស់នៅក្នុងភូមិសំរោង រស់នៅនិងប្រកបរបរធ្វើស្រែធម្មតា។ ខ្មែរក្រហមមិនទាន់បានបែងចែកការងារដល់ប្រជាជនទេ។ ខ្ញុំជាមួយគ្រួសារបានរស់នៅភូមិសំរោង ដោយប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ពេលនោះអាហារហូបចុកមិនទាន់ខ្វះខាតទេពីព្រោះខ្មែរក្រហមមិនទាន់បានដកហូតរបស់របរនិងទ្រព្យសម្បត្តិមកដាក់រួម។ នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមដើរប្រមូលទ្រព្យសម្បត្តិប្រជាជនទាំងអស់ដាក់នៅរួមគ្នា រួមមាន៖ ស្រូវ អង្ករ ចាន ឆ្នាំង និងរបស់របរមានតម្លៃផ្សេងៗទៀត។ ក្រោយមកខ្មែរក្រហមបែងចែកការងារដល់ប្រជាជនទាំងអស់នៅក្នុងភូមិសំរោង។ ប្រជាជនត្រូវធ្វើស្រែរួម ហូបរួម និងដេកនៅក្នុងសហករណ៍រួម។ ខ្មែរក្រហមប្រើឱ្យប្រជាជនទាំងអស់ធ្វើការងារចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ទើបបានសម្រាកហូបបាយ។ លុះដល់ម៉ោង១រសៀលប្រជាជនចាប់ផ្ដើមចូលធ្វើការងារបន្ត រហូតដល់ម៉ោង៥ល្ងាចទប់ឈប់សម្រាកនិងត្រឡប់ទៅតាមកន្លែងរៀងៗខ្លួន។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមផ្លាស់ខ្ញុំឱ្យទៅបោចវល្លិ៍នៅភូមិដំណាក់កន្សែង ដើម្បីយកធ្វើដៃបង្គីឱ្យប្រជាជនយកទៅរែកដី។ បន្ទាប់មក ខ្មែរក្រហមតែងតាំងខ្ញុំជាប្រធានក្រុមនៅកន្លែងបោចវល្លិ៍ ដោយក្នុងមួយក្រុមមានសមាជិកចំនួន៣នាក់។ ក្រៅពីបោចវល្លិ៍ និងធ្វើបង្គី ខ្ញុំជាមួយសមាជិកក្រុមបាននាំគ្នាធ្វើចន្លុះដើម្បីដុតបំភ្លឺនៅពេលយប់។ សម័យនោះ អាហារហូបចុកមិនគ្រប់គ្រាន់ទេគឺមានតែបបររាវៗតែប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវដើរជីកក្ដិលល្ហុង និងក្ដិលចេក យកមកហូបបន្ថែម។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ខ្ញុំឱ្យមកធ្វើការនៅក្នុងភូមិសំរោង២ ដោយធ្វើការងារជាមួយ កងចល័តយុវជនលើកប្រព័ន្ធភ្លឺស្រែ ដោយក្នុងមួយថ្ងៃខ្មែរក្រហមកំណត់កងចល័តម្នាក់លើកឱ្យបាន៤ម៉ែត្រគុប។ ប្រសិនបើលើកមិនហើយនឹងត្រូវពិន័យគុណជាពីរជាមិនខាន។ មួយកងចល័តមានយុវជនចំនួន១០០នាក់ ដូច្នេះយុវជនទាំងអស់ត្រូវតែរូតរះញាប់ដៃជើងប្រឹងប្រែងធ្វើការមិនហ៊ានឈប់សម្រាកឡើយ។ នៅឆ្នាំ១៩៧៨ ខ្ញុំផ្លាស់ទៅធ្វើជាអ្នកដឹកជញ្ជូនអង្ករ ត្រី ប្រហុក យកទៅចែកប្រជាជននៅភូមិស្វាយដូនកែវ។ ចាប់តាំងពីចូលកងដឹកជញ្ជូន ខ្ញុំទទួលបានអាហារហូបចុកគ្រប់គ្រាន់ដោយក្នុងមួយថ្ងៃខ្ញុំទទួលបានអង្ករមួយកំប៉ុងហូបគ្នា២នាក់។ បន្ទាប់មកខ្មែរក្រហមបានផ្សំផ្គុំឱ្យខ្ញុំមានគ្រួសារ។ ថ្ងៃខ្ញុំរៀបការគឺមានចំនួន១២គូ ដោយគ្រាន់តែយើងចាប់ដៃគ្នាហើយឡើងប្តេជ្ញាចិត្តតែប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ កងទ័ពរបស់វៀតណាម ចូលមករំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម។ ខ្ញុំត្រឡប់មកជួបជាមួយប្រពន្ធនៅភូមិមុខរា។ នៅក្នុងឆ្នាំ១៩៨០ ខ្ញុំរស់នៅជាមួយប្រពន្ធដោយប្រកបរបរធ្វើស្រែរួមគ្នាជាមួយប្រជាជននៅក្នុងភូមិ។ រហូតដល់រដូវប្រមូលផលស្រូវ ទើបយើងចែកផលស្មើៗគ្នា។ នៅក្នុងឆ្នាំ២០១៩ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិសំរោងវិញដើម្បីនៅជិតកូនស្រីច្បង។ ខ្ញុំបានប្រកបរបរធ្វើស្រែជាមួយប្រពន្ធ ប៉ុន្តែមកដល់បច្ចុប្បន្នខ្ញុំចាស់ជរាហើយ គឺនៅអង្គុយតែមួយកន្លែងប៉ុណ្ណោះព្រោះខ្ញុំធ្លាក់ខ្លួនពិការអស់រយៈពេលមួយឆ្នាំហើយ។ មូលហេតុដែលខ្ញុំធ្លាក់ខ្លួនពិការគឺដោយសារតែជំងឺទឹកនោមផ្អែម និងមានអាការ ហើមដៃជើង អស់កម្លាំង ញ័រដៃជើង។

២) គុំ ផាត ៖ នៅកងដឹកជញ្ជូនក្នុងរបបខ្មែរក្រហម

ខ្ញុំសប្បាយរីករាយ និងអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានផ្ដល់រទេះរុញនេះឱ្យខ្ញុំ។ ខ្ញុំនឹងឱ្យកូនចៅជួយរុញរទេះខ្ញុំជុំវិញផ្ទះបំបាត់ការអផ្សុក ទៅពេទ្យពិនិត្យសុខភាព ទៅជួបមិត្តភក្តិបងប្អូន ទៅធ្វើបុណ្យនៅវត្តព្រោះការធ្វើបុណ្យធ្វើឱ្យខ្ញុំជ្រះថ្លា។

ខ្ញុំឈ្មោះ គុំ ផាត ភេទស្រី អាយុ៧៥ឆ្នាំ។ ខ្ញុំមិនមានមុខរបរអ្វីនោះទេ គឺចាស់ជរារស់នៅជាមួយកូនស្រីពៅ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំបែកគ្នាជាមួយប្ដីយូរណាស់មកហើយ និងមានកូនចំនួន៩នាក់។ កូនៗរបស់ខ្ញុំសព្វថ្ងៃនៅរស់រានមានជីវិត៦នាក់ គឺស្រីទាំងអស់។

កាលនៅតូចខ្ញុំរៀនសូត្របន្តិចបន្តួច។ ឪពុកម្ដាយខ្ញុំមានជីវភាពធូរធារតាំងពីសម័យសង្គមរាស្រ្តនិយម។ នៅភូមិសំរោងខ្មែរក្រហមចាប់ផ្ដើមកើតតាំងពីឆ្នាំ១៩៧០ ហើយនៅពេលនោះដែរប្រជាជនរស់នៅក្នុងភាពច្របូកច្របល់ព្រោះមានសង្រ្គាម និងរត់គេចខ្លួនពីការទម្លាក់គ្រាប់បែក។ ប្រជាជនមិនសូវបានរស់នៅក្នុងភូមិជាប់លាប់ទេ។ រហូតឆ្នាំ១៩៧២ ខ្មែរក្រហមបានវាយចូលដល់លាច ហើយចូលមកគ្រប់គ្រងក្នុងភូមិសំរោងទាំងស្រុង។

នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ខ្ញុំធ្វើការនៅក្នុងកងចល័ត មិនដែលបានរស់នៅជុំជាមួយប្ដីនិងកូនឡើយ។ ក្រោយមក ខ្ញុំនៅកងដឹកជញ្ជូនតាមរទេះ ពេលនោះខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើការងារ គ្មានពេលសម្រាកឡើយ។ ខ្ញុំត្រូវលីបាវស្រូវ ដឹកកណ្ដាប់ និងរែកដីថែមទៀត។ បន្ទាប់មកខ្ញុំត្រូវបររទេះទៅដឹកថ្ម ហើយថ្ងៃខ្លះខ្ញុំត្រូវទៅដឹកឈើហ៊ុប។ ពេលនោះកូនៗរបស់ខ្ញុំដែលធំខ្លះនៅកងចល័ត កូនខ្លះនៅ នៅកងកុមារ ចំណែកកូនតូចៗ២នាក់ទៀតនៅជាមួយខ្ញុំ ដោយដើរតាមខ្ញុំទៅធ្វើការក្រោមកម្តៅថ្ងៃនិងភ្លៀង ផ្គរកម្សត់ណាស់។ ខ្ញុំទទួលបានរបបដែលមានតែបបររាវៗប៉ុណ្ណោះ ធ្វើឱ្យខ្ញុំគ្មានកម្លាំងកំហែងឡើយ ។ ខ្ញុំចេញទៅធ្វើការងារឆ្ងាយៗពីភូមិ។ ខ្ញុំចាំបានថា នៅថ្ងៃមួយ ខ្ញុំបានលួចៅលេងម្ដាយ ហើយខ្ញុំស្រក់ទឹកភ្នែកអាណិតគាត់ ព្រោះឃើញគាត់អត់ឃ្លាននិងគ្មានអាហារហូប។ មិនយូរប៉ុន្មានម្ដាយរបស់ខ្ញុំក៏បានស្លាប់ដោយសារអត់អាហារ។ ខ្ញុំឈឺចាប់ព្រោះត្រូវបាត់បង់ម្តាយនិងមនុស្សជាទីស្រឡាញ់អស់ជាច្រើននាក់នៅក្នុងរបប ប៉ុល ពត។ ចំណែកកូនៗខ្ញុំកើតជំងឺហើម និងមិនមានថ្នាំព្យាបាលឡើយ។

សព្វថ្ងៃខ្ញុំមានជំងឺទឹកដក់ក្នុងខួរក្បាលភ្លេចភ្លាំងវង្វេងវង្វាន់ និងជំងឺជាច្រើនទៀតដូចជាខ្លាញ់រុំបេះដូង បេះដូងរីក ខូចក្រលៀន រលាកក្រពះ រលាកតម្រងនោម រលាកសួត។

៣) ហេង ខុន ៖ អ្នកធ្វើជង្រុកដាក់ស្រូវក្នុងរបបខ្មែរក្រហម

ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចុះមកចែករទេះរុញឱ្យខ្ញុំ។ រទេះរុញនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះអាចជួយខ្ញុំផ្លាស់ទីដោយខ្លួនឯងបាន គឺមិនសូវពិបាកដល់កូនចៅពេលខ្ញុំចង់ទៅណាម្តងៗ។

ខ្ញុំឈ្មោះ ហេង ខុន ភេទប្រុស អាយុ៨៦ឆ្នាំ។ ខ្ញុំកើតនៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ ហេង ចំណែកម្ដាយឈ្មោះ ជាង។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានប្រពន្ធឈ្មោះ ជន គឿន អាយុ៨០ឆ្នាំ និងមានកូនចំនួន៦នាក់ប៉ុន្តែកូនខ្ញុំ២នាក់បានស្លាប់ហើយ។

កាលពីតូច ខ្ញុំមិនបានចូលរៀនទេព្រោះគ្មានអ្នកជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅពេលខ្ញុំអាយុ១៧ឆ្នាំ ឪពុកខ្ញុំបានយកខ្ញុំទៅផ្ញើជាមួយព្រះសង្ឃដែលគង់នៅវត្តស្បូវរីក ដើម្បីឱ្យខ្ញុំរៀនធម៌ និងរៀនអក្សរ។ ខ្ញុំរស់នៅក្នុងវត្តបានមួយឆ្នាំក៏សម្រេចចិត្តបួសជាព្រះសង្ឃ។ ខ្ញុំបួសបានមួយវស្សាក៏សឹកវិញដោយសារតែឪពុកខ្ញុំស្លាប់ ហើយម្ដាយខ្ញុំចាស់គ្មានអ្នកមើលថែ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដ សីហនុ ពេលនោះក្នុងភូមិរបស់ខ្ញុំមិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ គឺប្រជាជនអាចប្រកបរបរធ្វើស្រែធម្មតា។ ក្រោយមក ខ្មែរក្រហមបានដើរឃោសនាឱ្យប្រជាជនរួបរួមកម្លាំងគ្នាដើម្បីតតាំងជាមួយសេនាប្រមុខ លន់ នល់ ហើយពេលនោះមានប្រជាជនជាច្រើនបានសម្រេចចិត្តចូលរួមជាមួយខ្មែរក្រហម។ មិនយូរប៉ុន្មានក៏មានការទម្លាក់គ្រាប់បែកមកលើភូមិចាន់សេរីដែលជាភូមិមួយនៅជាប់ភូមិរបស់ខ្ញុំ។ ប្រជាជននៅក្នុងភូមិមានភាពតក់ស្លុត និងមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ការទម្លាក់គ្រាប់បែកនៅតែបន្តឥតឈប់ឈរនៅភូមិចាន់សេរី។ ដោយឃើញសភាពការណ៍មិនស្រួល ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិសំរោង១ ឱ្យទៅរស់នៅផ្សារបត់រំដួល។ ខ្ញុំរស់នៅបត់រំដួលបានរយៈពេល៣ខែ ក៏ត្រឡប់មកភូមិសំរោង១វិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរំដោះប្រទេសបានពីសេនាប្រមុខ លន់ នល់។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហមបានចូលមកដល់ភូមិឃុំដែលខ្ញុំរស់នៅ ហើយបានបង្កើតសហករណ៍ដើម្បីឱ្យប្រជាជនយកសម្ភារដាក់រួម ហូបបាយរួម និងធ្វើការងាររួម។ ខ្មែរក្រហមបានចាត់តាំងខ្ញុំនិងប្រជាជនដែលមានអាយុច្រើនចូលធ្វើការងារនៅក្នុងកងចល័ត។ នៅក្នុងកងចល័តរបស់ខ្ញុំមានគ្នាប្រហែល៣០នាក់ ត្រូវធ្វើការងារលើកភ្លឺស្រែ រែកដី លើកទំនប់ និងជីកប្រឡាយពីដំណាក់អំពិលរហូតទៅដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងមួយថ្ងៃៗ ខ្ញុំខំធ្វើការមិនសូវបានសម្រាកឡើយ ព្រោះខ្មែរក្រហមបានដាក់ផែនការក្នុងម្នាក់ត្រូវជីកដីឱ្យបាន៣ម៉ែត្រគុប។ ប្រជាជនដែលធ្វើមិនគ្រប់ផែនការ គឺអង្គការដាក់ការងារឱ្យធ្វើបន្ថែមទៀត ប៉ុន្តែបើនៅតែធ្វើមិនហើយគឺយកទៅសម្លាប់មិនខាន។ ខ្ញុំនៅជីកប្រឡាយបានរយៈពេល១ឆ្នាំ ក៏ខ្មែរក្រហមផ្លាស់ឱ្យមកធ្វើជង្រុកស្រូវវិញ។ ពេលនោះ ខ្មែរក្រហមបានកំណត់ក្នុងមួយភូមិត្រូវធ្វើជង្រុកស្រូវឱ្យបានមួយសម្រាប់ដាក់ស្រូវ។ ចំណែករបបអាហារ ខ្ញុំមិនដែលទទួលបានគ្រប់គ្រាន់ឡើយ។

ចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមផ្លាស់ក្រុមខ្ញុំចេញពីកងធ្វើជង្រុកស្រូវឱ្យទៅជីកប្រឡាយនៅស្រុកគាស់ក្រឡវិញ។ ពេលទៅដល់ទីនោះ ខ្មែរក្រហមបានឱ្យក្រុមខ្ញុំចូលធ្វើការងារនៅក្នុងកងចល័តជាប្រជាជនក្នុងភូមិ។ នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានបង្ខំខ្ញុំឱ្យរៀបការ។ ពេលនោះខ្ញុំមិនទាន់ចង់មានគ្រួសារទេ ប៉ុន្តែប្រសិនបើខ្ញុំបដិសេធ ខ្មែរក្រហមនឹងចាប់ខ្ញុំចងរួចបង្អត់អាហារ។ នៅថ្ងៃរៀបការខ្ញុំ គឺមានទាំងអស់១២គូ។ បន្ទាប់ពីរៀបការរួច ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅធ្វើការងារផ្សេង រីឯប្រពន្ធខ្ញុំទៅធ្វើការងារផ្សេង។ លុះដល់ពេលយប់ ទើបយើងអាចមករស់នៅជុំជាមួយគ្នាបាន។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមករំដោះប្រជាជនកម្ពុជា។ ពេលនោះខ្ញុំរត់ចេញពីភូមិគាស់ក្រឡ ខេត្តបាត់ដំបង មកស្នាក់នៅភូមិផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់វិញ។ ខ្ញុំស្នាក់នៅផ្ទះរុងបានរយៈពេល៣ថ្ងៃ ក៏មកនៅស្បូវរីក និងបានជួបកងទ័ពវៀតណាមនៅទីនោះ។ កងទ័ពវៀតណាមបានផ្ដល់អាហារឱ្យខ្ញុំហូប និងបានផ្ដល់ស្រូវចំនួន៣ប៉ាវឱ្យខ្ញុំយកមកភូមិសំរោង១វិញ។ ខ្ញុំស្នាក់នៅផ្ទះបានមួយថ្ងៃ បងប្អូននិងប្រពន្ធខ្ញុំបានមកជុំគ្នាវិញ ហើយយើងនាំគ្នាភ្ជួររាស់ដីធ្វើស្រែដើម្បីចិញ្ចឹមរហូតដល់សព្វថ្ងៃ។

៤) ពិល ភឿ៖ កងកុមារក្នុងរបបខ្មែរក្រហម

ខ្ញុំពិតជាមានអារម្មណ៍ថារីករាយខ្លាំងណាស់នៅពេលដែលនៅពេលដែលក្រុមការងារបានផ្តល់រទេះរុញដល់រូបខ្ញុំសម្រាប់ជិះផ្លាស់ទីជិតឆ្ងាយ និងមិនពិបាកមានអ្នកចាំជួយគ្រាដូចពេលមុនឡើយ។

ខ្ញុំឈ្មោះ ពិល ភឿ អាយុ៦៣ឆ្នាំ គឺជាជនពិការដើរមិនរួចជាច្រើនឆ្នាំមកហើយ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ គិត និងម្ដាយឈ្មោះ យ៉ា។ ឪពុកខ្ញុំបានស្លាប់ក្នុងរបប ប៉ុល ពត ដោយសារមិនមានបាយហូបគ្រប់គ្រាន់ និងឈឺ។ ខ្ញុំមានបងប្អូនចំនួន៩នាក់ ហើយបច្ចុប្បន្ននៅរស់រានមានជីវិតចំនួន៥នាក់។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានបំបែកខ្ញុំពីឪពុកម្តាយឱ្យទៅនៅកងកុមារ ធ្វើស្រែនិងជីកប្រឡាយ នៅភូមិតាសាសន៍ និងដំណាក់កន្សែង។ ពេលនោះឪពុកម្តាយខ្ញុំ ក៏មិនបានដឹងថាខ្មែរក្រហមបញ្ជូនខ្ញុំទៅទីកន្លែងណាដែរ។ ពេលនោះ ខ្មែរក្រហមបានបំផ្លាញវត្តអារាមនិងបញ្ជូនព្រះសង្ឃជាច្រើនអង្គមកលើកប្រឡាយនៅដំណាក់ឈើក្រម។ លុះក្រោយមកទើបខ្មែរក្រហមផ្សឹកព្រះ និងបញ្ជូនព្រះសង្ឃឱ្យទៅភ្ជួរស្រែ អាឈើ និងលើកទំនប់។

នៅឆ្នាំ១៩៧៧ ការរស់នៅកាន់តែពិបាកគឺប្រជាជនមិនមានអាហារហូបគ្រប់គ្រាន់ឡើយ គឺហូបតែបបរមួយកំប៉ុងគ្នា៣០ទៅ៤០នាក់។ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើស្រែ និងជីកប្រឡាយច្រើនជាងមុនទៀត។ ខ្ញុំនិងកុមារនៅក្នុងកងបានលើកទំនប់នៅផ្ទះរ៉ុង បន្ទាប់មកខ្មែរក្រហមបានបញ្ជូនយើងឱ្យទៅជីកប្រឡាយនៅខាង១០បាត និងត្រពាំងជង។ បន្ទាប់ពីខ្ញុំធ្វើការនៅទំពាំងជងបានរយៈពេល១ខែ ក៏ផ្លាស់ទៅធ្វើការនៅដំណាក់កន្សែង ត្រពាំងអណ្តែង និងផ្ទះបឹងវិញ។ ខ្ញុំចាំថា នៅថ្ងៃមួយដោយសារខ្ញុំមិនមានអាហារហូបចុកគ្រប់គ្រាន់ ខ្ញុំបានទៅលួចដកដំឡូងមកដុតហូប ហើយត្រូវខ្មែរក្រហមចាប់បានធ្វើទារុណកម្ម។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបញ្ជូនខ្ញុំទៅបរទេះនៅខាងដំណាក់អំពិល ដោយពេលនោះខ្ញុំគឺជាអ្នកដឹកជញ្ជូនកណ្តាប់ស្រូវ។ រហូតដល់ដើមចូលឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមក ទើបខ្ញុំ និងប្រជាជនដទៃទៀតរត់គេចខ្លួនទៅរស់នៅតាមព្រៃបានមួយរយៈ ក៏ជួបកងទ័ពវៀតណាម។ បន្ទាប់មក ខ្ញុំបានចេញមកនៅរស់នៅក្នុងភូមិ ហើយរដ្ឋអំណាចក៏បានបែងចែកដីធ្លីឱ្យខ្ញុំនិងប្រជាជនជាកម្មសិទ្ធិ និងស្រែចម្ការដើម្បីចិញ្ចឹមគ្រួសារ។

អត្ថបទ ៖ ឡាំ ស្រីនីត, មឿន ស្រីណុច, ចាន់ ណារិទ្ធ និង ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អត្ថបទផ្សេងទៀត៖