មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពសៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» ដើម្បីជាការរំឭកពីអនុស្សាវរីយ៍ និងការផ្សះផ្សាផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» គឺជាការប្រមូលផ្តុំនូវសាច់រឿងពីសម័យខ្មែរក្រហម ចំនួន៥៩រឿងចេញពីស្នាដៃតែងនិពន្ធ និងសរសេររបស់អ្នកនិពន្ធខ្មែរ ដែលរៀបចំដោយលោក ផេង ពង្សរ៉ាស៊ី ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបោះពុម្ពសៀវភៅ  «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» លើកទី១ចំនួន៥០០ក្បាល ដើម្បីតម្កល់ទុកនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ, សាខាមជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមបណ្តាខេត្តនានា និងចែកជូនសាធារណជនទៅតាមការស្នើសុំ។ គោលបំណងនៃការបោះពុម្ព និងផ្សព្វផ្សាយសៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» គឺដើម្បីជាការំឭកពីអនុស្សាវរីយ៍នៃស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម, បង្ហាញពីភាពអត់ធ្មត់របស់សហគមន៍កម្ពុជាដើម្បីជីវិតរស់នៅ, ការកសាងសង្គមឡើងវិញ និងជួយជាផ្នែកស្មារតីផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យមានការធូរស្បើយអារម្មណ៍នៅពេលបច្ចុប្បន្ន និងអនាគត។

សៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម»  គឺសរសេរចេញពីរឿងរ៉ាវដែលបានកើតឡើង​នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលខ្មែរក្រហមបានប្រព្រឹត្ត​អំពើ​​ឃោរ​ឃៅ និងបង្កឱ្យប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់អាយុជីវិត។ ក្នុងសាច់រឿងទាំង​នេះ​ អ្នក​និពន្ធបានសរសេរ​ឡើងវិញ ដោយមិនផ្តោតតែទៅ​លើ​ការឈឺចាប់ ទុក្ខវេទនារបស់ប្រជា​ជន និងជីវិតផ្ទាល់ខ្លួនដែលបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត តែប៉ុណ្ណោះទេ ប៉ុន្តែអ្នកនិពន្ធ​បានសរសេររំលេចឡើងនូវវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា និងយកឈ្នះលើរឿងរ៉ាវទាំងឡាយដែលធ្លាប់ជួបប្រទះក្នុងរបបខ្មែរក្រហម។ រឿងរ៉ាវ​​ចេញពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាផ្នែកមួយដែលនឹងអាចជួយឱ្យប្រជាជនកម្ពុជា និង​ក្មេងជំនាន់ក្រោយគិតពិចារណា​ឡើង​វិញ ពីការប្រព្រឹត្តទង្វើឃោរឃៅរបស់ខ្មែរ​ក្រហមមកលើជនរងគ្រោះនៃរបបនេះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា សង្ឃឹមថាសៀវភៅ «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម»  នឹងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងការ​ផ្សះផ្សានៅក្នុង​សង្គមកម្ពុជា និងជួយឱ្យមានការធូរ​ស្បើយផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការរំឭកពីអនុស្សាវរីយ៍ដែលយើងតែងតែប្រើជំនួសដោយពាក្យការចងចាំ គឺជាវិធីសាស្រ្តអហិង្សាក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងជំរុញដល់ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយ អប់រំ យុវជនជំនាន់ក្រោយដើម្បីការពារកុំឱ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។

អត្ថបទ ៖ មីន សាណាស់ មជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖