យោងតាមវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការនៅឆ្នាំ២០១៩ ប្រទេសកម្ពុជាមានប្រជាជនចំនួន ១៥,៦ លាននាក់ ដែលក្នុងចំណោមនោះ មានជនពិការចំនួន ៤,៨៩% ដែលអត្រា ៣,៧១% មានពិការភាពខ្លះ និង ០,៨៧% មានពិការភាពខ្លាំង និង ០,៣១% មានកម្រិតធ្ងន់ធ្ងរ មិនអាចធ្វើការងារបាន។ ប្រជាជនដែលមានពិការភាពស្ថិតក្នុងចំណោមក្រុមងាយរងគ្រោះដែលត្រូវបានរើសអើង និងប្រឈមមុខនឹងបញ្ហាមួយចំនួននៅក្នុងសង្គម ហើយជាពិសេសវានឹងកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសដែលមានបទពិសោធន៍សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចករណីនៅប្រទេសកម្ពុជា។ អង្គការពលកម្មអន្តរជាតិនៅកម្ពុជាបានរកឃើញថា ជនពិការខ្វះលទ្ធភាពទទួលបានការអប់រំ ការបណ្តុះបណ្តាល និងសមតុល្យក្នុងការងារ ដែលនឹងរារាំងគាត់មិនអាចចូលរួមក្នុងសហគមន៍របស់ខ្លួនឲ្យបានពេញលេញ។ ដូចគ្នាដែរសម្រាប់អ្នកដែលមានពិការភាពហើយកំពុងបំពេញការងារ ដែលអាចមានជំនាញជាសក្តានុពល តែមិនអាចមានឱកាសអភិវឌ្ឍន៍ទេពកោសល្យរបស់ខ្លួនបន្ថែមទៀតបាន។
តាមរយៈគម្រោងរបស់ខ្លួនហៅថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលមានវ័យចាស់ជរា និងដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរកឃើញថា ពិការភាពក៏ជាលទ្ធភាពមួយដែលរារាំងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការទទួលបានសេវាថែទាំសុខភាពនៅក្នុងសហគមន៍របស់គាត់ដែរ។ តាមរយៈវេទិកាពិនិត្យសុខភាពបឋមនៅតាមសហគមន៍ មជ្ឈមណ្ឌលឯកសារកម្ពុជា បានកំណត់អត្តសញ្ញាណជនពិការ និងរៀបចំរទេះរុញ កាសជំនួយត្រចៀក ដើម្បីគាំទ្រគាត់ក្នុងការប្រាស្រ័យទាក់ទងក្នុងសហគមន៍ និងមានមធ្យោបាយកាន់តែប្រសើរក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពក្បែរនោះ។ រទេះរុញចំនួនជាង២០០ និង កាសជំនួយត្រចៀកចំនួនជាង៣០០ ត្រូវបានបម្រុងទុកនៅក្នុងដំណាក់កាលដំបូងដើម្បីជួយដល់ជនពិការ ដែលមិនអាចមានលទ្ធភាពទទួលបានសម្ភារជំនួយទាំងនេះ។ ដើម្បីគាំទ្រដល់សកម្មភាពនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតមជ្ឈមណ្ឌលចំនួន៩បន្ថែមទៀតនៅតាមខេត្ត រួមមាន ៖ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្ត ពោធិ៍សាត់ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពត ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ដែលបម្រើជាទីតាំងជាក់ស្តែងសម្រាប់សកម្មភាពជាច្រើនក្នុងវិស័យអប់រំ និង គាំទ្រផលប្រយោជន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
អត្ថបទ ៖ ព្រំ ផល្លា នាយកមជ្ឈមណ្ឌលឯកសារខេត្តមណ្ឌលគិរី
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា