ប្រទេសរវ៉ាន់ដា ប្រារព្ធខួបទី៣០ឆ្នាំ ក្រោយពីមានអំពើប្រល័យពូជសាសន៍ពីក្រុមហ៊ួទូ ប្រឆាំងនឹងជនជាតិទុតស៊ី។ ស្ថាប័ន Aegis Trust កំពុងរៀបចំសន្និសីទសកល ក្រោមប្រធានបទថា «ការស្តាប់ និងការដឹកនាំ ៖ សិល្បៈ និងវិទ្យសាស្ត្រនៃសន្តិភាព ភាពធន់ និងការផ្លាស់ប្តូរយុត្តិធម៌ ស្តីពីការផ្សះផ្សា ការអត់ឱន និងសន្តិភាព» ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងគីខាលី ប្រទេសរវ៉ាន់ដា ដែលមានការចូលរួមពីសំណាក់ សាស្រ្តចារ្យ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និងអ្នកកសាងសហគមន៍។ នៅក្នុងនោះក៏មានការចូលរួមពីមជ្ឈមណ្ឌលឯកសារកម្ពុជា តំណាងដោយអ្នកស្រី សូ ហ្វារីណា នាយករង និងសហការីចំនួនពីររូបទៀតចូលរួម និងពិភាក្សាលើព្រឹត្តិការណ៍ដ៏សំខាន់នេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានបោះពុម្ពសៀវភៅមួយក្បាលមានចំណងជើងថា «អំពើប្រល័យពូជសាសន៍ និង ការសម្លាប់រង្គាល នៅក្នុងប្រវត្តិសាស្រ្តពិភពលោក» កាលពីឆ្នាំ២០១៩ និងបានរកឃើញថា ៖ ការសម្លាប់រង្គាលលើក្រុមទុតស៊ី គឺកើតឡើងរាប់ខែរាប់ឆ្នាំនៅតាមផ្នែកផ្សេងៗនៅក្នុងប្រទេសរវ៉ាន់ដា ដែលបណ្ដាលឲ្យកើតមានអំពើប្រល័យពូជសាសន៍។ កងកម្លាំងយោធា និង រដ្ឋាភិបាលបានចូលរួមនៅក្នុងការសម្លាប់យ៉ាងរង្គាលនេះ។ តាមរបាយការណ៍របស់អ្នកសង្កេតការណ៍បរទេសបានបង្ហញថា រដ្ឋាភិបាលប្រទេសរវ៉ាន់ដា បានរៀបចំគម្រោងផែនការ ដើម្បីអនុវត្តអំពើប្រល័យពូជសាសន៍ជាប្រព័ន្ធលើជនជាតិទុតស៊ី។ ចាប់ពីល្ងាចថ្ងៃទី៦ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ ប្រជាជនចន្លោះពី៨សែនទៅ១លាននាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងរយៈពេល១០០ថ្ងៃ។ អំពើហិង្សានេះបានបង្ហាញថា ក្រុមហ៊ួទូ បានសម្លាប់ក្រុមទុតស៊ី។ អំពើប្រល័យពូជសាសន៍នេះបានបញ្ចប់នៅពេលដែលរណសិរ្សអ្នកស្នេហាជាតិរវ៉ាន់ដា ដែលគាំទ្រដោយក្រុមទុតស៊ី បានឡើងគ្រប់គ្រង់ប្រទេស។ ជាច្រើនឆ្នាំកន្លងមក ទើបបានតុលាការអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា បានរកឃើញថាបុគ្គលមួយចំនួនមានពិរុទ្ធភាពក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ការទប់ស្កាត់អំពើប្រល័យពូជសាសន៍គឺកាតព្វកិច្ចរបស់មនុស្សគ្រប់រូបនៅលើពិភពលោក ហើយវាជាប្រធានបទមួយដែលមជ្ឈមណ្ឌលឯកសារកម្ពុជារំពឹងថា នឹងមានការចូលរួមពីគ្រប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា