ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម និង ក្រុមការងារ សហការជាមួយអាជ្ញាធរភូមិ បានរៀបចំកម្មវិធីចែករទេះរុញ និងកាសជំនួយត្រចៀកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្នាក់ រស់នៅក្នុងភូមិសាទុំ ភូមិម្កោរថ្មី និង ភូមិក្តុលលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានរទេះរុញ និងកាសជំនួយការស្តាប់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម ៖
ខ្ញុំឈ្មោះ យិន សាន ភេទប្រុស អាយុ៨៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ យិន និងម្តាយឈ្មោះ ញ៉ែន។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួនពីរនាក់ ហើយខ្ញុំគឺជាកូនទីមួយ ចំណែកប្អូនស្រីជាកូនទីពីរមានឈ្មោះ យិន សារិន។ ខ្ញុំរៀបការប្រពន្ធ និងមានកូនពីរនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់។ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនស្រីពៅ។ រទេះរុញនេះពិតជាមានសារសំខាន់បំផុតសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំពិការជើងតាំងពីសម័យសង្រ្គាម ហើយធ្វើឲ្យប៉ះដល់ជីវភាពគ្រួសារ ព្រោះខ្ញុំមិនអាចចេញទៅធ្វើការងារដូចជាមនុស្សទូទៅបាន ណាមួយគ្មានអ្នកណាជួលធ្វើការងារឡើយ។ តាំងពីរូបខ្ញុំនៅមានកម្លាំង ក៏ពុំសូវមានអ្នកជួល ណាមួយមនុស្សពិការដូចខ្ញុំមិនអាចធ្វើការងារធ្ងន់ៗ ហើយគ្មានចំណេះដឹងទៀត។ នេះជាបន្ទុកជាខ្លាំងដល់គ្រួសារខ្ញុំ ម្យ៉ាងទៀតគ្រួសារបានចំណាយពេលជាមួយរូបខ្ញុំ ធ្វើឲ្យខាតពេលវេលា។ ខ្ញុំពិការជើងខាងឆ្វេង និងងងឹតភ្នែកទាំងសងខាងរយៈពេល៥ឆ្នាំមកហើយ។ ពេលខ្ញុំទទួលបានរទេះរុញ ខ្ញុំអាចធ្វើដំណើរទៅលេងញាតិមិត្តបងប្អូននៅក្នុងភូមិ ពីព្រោះមួយរយៈពេលកន្លងមក ខ្ញុំមិនដែលបានទៅណាមកណាទេ។ ចំពោះសុខភាពខ្ញុំរាល់ថ្ងៃមិនប្រសើរទេ ខ្ញុំមានជំងឺជាប្រចាំ ព្រោះរាងកាយទ្រុឌទ្រោម និងអាយុច្រើន។ ដោយសារតែសង្គ្រាម និងសម័យខ្មែរក្រហមធ្វើឲ្យខ្ញុំពិបាក ហើយរាល់ថ្ងៃខ្ញុំគិតច្រើនណាស់។ ខ្ញុំពិតជាត្រេកអរ និងសប្បាយចិត្តដែល មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញដល់ខ្ញុំជាជនពិការ និងងងឹតភ្នែកទាំងសងខាង។ ខ្ញុំគ្មានអ្វីក្រៅពីអរគុណទៅដល់ក្រុមការងារ និងមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាដែលយករទេះរុញមកជូនខ្ញុំដោយផ្ទាល់ទេ។ ខ្ញុំសូមជូនពរក្រុមការងារមានសេចក្តីសុខចម្រើន ទទួលបានពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំឃ្លៀងឃ្លៀតឡើយ។
ខ្ញុំឈ្មោះ ឯម ប៉ាន់ ភេទប្រុស អាយុ៨៤ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុក ឈ្មោះ ឯម ឡិប និងម្តាយឈ្មោះ ឡុក ឈុន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺស្រីចំនួន២នាក់ និងប្រុសចំនួន៤នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ខ្វាន់ សៀង។ កូនរបស់ខ្ញុំទាំងអស់ចំនួន៩នាក់ គឺស្រីចំនួន៣នាក់ និងប្រុសចំនួន៦នាក់។ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង និងពេញចិត្តចំពោះកាសជំនួយត្រចៀក ព្រោះខ្ញុំចាប់ផ្តើមស្តាប់មិនឮអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែរយៈពេល២ឆ្នាំដំបូងអាចស្តាប់បានទាល់និយាយខ្លាំងៗ។ កាលពីដើមខ្ញុំគឺជាអាចារ្យនៅវត្តភូមិសាទុំ ឃុំជាំក្រវៀន។ រយៈពេល៤ឆ្នាំចុងក្រោយនេះខ្ញុំមិនដែលបានទៅវត្តស្តាប់ព្រះធម៌ទេ ពីព្រោះស្តាប់មិនឮ ប្រៀនដូចជាមនុស្សមិនដឹងអីទាំងអស់។ បន្ទាប់ពីបានកាសជំនួយត្រចៀក ខ្ញុំនឹងទៅវត្តបន្តទៀតដើម្បីសូត្រធម៌ និងស្តាប់ព្រះសង្ឃទេសនា។ សម្រាប់កាសជំនួយត្រចៀកនេះវាពិតជាមានសារសំខាន់សម្រាប់ខ្ញុំខ្លាំងណាស់ មិនពិបាកចិត្តក្នុងការសន្ទនាជាមួយកូនចៅញាតិមិត្ត។ ពីមុនទាល់និយាយខ្លាំងៗទើបខ្ញុំស្តាប់ឮ ម្យ៉ាងទៀតខ្ញុំខ្លាចរំខានដល់អ្នកជុំវិញខ្លួន ហើយពេលខ្លះកូនចៅក៏ធុញចំពោះខ្ញុំខ្លះដែរ។ កូន ចៅ ទៅធ្វើការងារមកពីហត់ ហើយត្រូវមកពិបាកក្នុងការសន្ទនាជាមួយមនុស្សថ្លង់ដូចជាខ្ញុំទៀត។ ខ្ញុំសូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារទាំងអស់បានផ្តល់កាសជំនួយចៀកដល់រូបខ្ញុំ។ អរគុណសម្រាប់ការយកចិត្តទុកដាក់ដល់ជនពិការ និងមនុស្សចាស់ជរា។ ខ្ញុំសូមជូនពរក្រុមការងារទាំងអស់ជួបសំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ច និងមានសុខភាពល្អគ្រប់ៗគ្នា។
ខ្ញុំឈ្មោះ ប៉ូញ ទុំ ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិចង្គុំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំនៅភូមិម្កោរថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្តាយឈ្មោះ ភិន (ស្លាប់នៅក្នុងរបប ប៉ុល ពត) ចំណែកឪពុកឈ្មោះ ប៉ូញ (ស្លាប់នៅក្នុងរបប ប៉ុល ពត)។ ខ្ញុំមានប្តីឈ្មោះ សែម កែម និងមានកូនចំនួន៧នាក់ គឺប្រុសចំនួន៤នាក់ និងស្រីចំនួន៣នាក់។ កូនរបស់ខ្ញុំម្នាក់បានស្លាប់ដោយសារក្អួតៗរហូតដល់ស្លាប់។ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់គ្នាដែលផ្ដល់កាសជំនួយត្រចៀកដល់ខ្ញុំជាមនុស្សថ្លង់ និងងងឹតភ្នែក។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំអាចស្តាប់ឮដូចកាលពីមុន។ អារម្មណ៍មនុស្សថ្លង់តែងតែប្រែប្រួលជានិច្ច ដោយសារការស្តាប់មិនឮ ហើយចេះតែតូចចិត្តដែលគ្រួសារមិនសូវយកចិត្តទុកដាក់ចំពោះខ្លួន។ ខ្ញុំថ្លង់ត្រចៀករយៈពេលយូរឆ្នាំហើយ ប៉ុន្តែឥឡូវមានកាសជំនួយត្រចៀកធ្វើឲ្យខ្ញុំអាចស្តាប់ឮឡើងវិញ ប្រៀបដូចជារស់ម្តងទៀត។ ខ្ញុំស្តាប់មិនឮ ខ្ញុំមិនមានអារម្មណ៍ល្អទេ ហើយពេលខ្លះកូនចៅនិយាយល្អតែខ្ញុំយល់ខុស។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំឈឺរហូតដាំបាយមិនកើត ទើបហៅប្អូននៅខាងកើតផ្ទះមកជួយដាំបាយឲ្យ។ ចុងក្រោយខ្ញុំចង់បានរបស់ហូបចុក ពីព្រោះខ្ញុំមិនអាចដើរទៅណាមកណាបាន ព្រោះងងឹតភ្នែក និងថ្លង់។
ខ្ញុំឈ្មោះ ម៉ៅ ជិន ភេទប្រុស អាយុ៩០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមានឪពុកឈ្មោះ ជិន និងម្ដាយឈ្មោះ ផាន់ (ស្លាប់ដោយសារជំងឺ)។ ខ្ញុំមានបងប្អូនប្រុស២នាក់ ប៉ុន្តែប្អូនខ្ញុំស្លាប់តាំងពីឆ្នាំ១៩៩៤។ ខ្ញុំចាប់ផ្ដើមថ្លង់ និងញ័រសរសៃនៅឆ្នាំ២០២០ បើគិតទៅមានរយៈពេល៥ឆ្នាំហើយ។ ខ្ញុំពិតជាពិបាករស់នៅណាស់ ព្រោះពេលកូនចៅនិយាយ ខ្ញុំស្ដាប់មិនឮពិបាកក្នុងចិត្តដេកចាំតែថ្ងៃស្លាប់។ ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់កាសជំនួយត្រចៀកដល់រូបខ្ញុំ។ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ដែលអាចស្ដាប់ឮដូចកាលពីមុនវិញ ព្រោះខ្ញុំស្ដាប់មិនឮរយៈពេល៤ឆ្នាំមកហើយ។ ប៉ុន្តែពេលនេះខ្ញុំអាចឮ និងអាចនិយាយជាមួយកូនចៅក្នុងគ្រួសារ និងបងប្អូនញាតិមិត្តរស់នៅក្នុងភូមិបាន។ កាសជំនួយត្រចៀកនេះអាចឲ្យខ្ញុំមានទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួនបានល្អប្រសើរ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀកមកដល់រូបខ្ញុំ។
អត្ថបទ និង រូបថត ៖ ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម