ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់បន្ថែមទៀត នៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្ត ម មុនីនាថ សីហនុ អូរស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរសា្វយ សែនជ័យ ខេត្តស្ទឹងត្រែង។
វេទិកាពិនិត្យសុខភាពបឋមនេះធ្វើឡើងក្នុងគោលបំណង មិនត្រឹមតែផ្ដល់ការពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព ប៉ុន្តែថែមទាំងផ្ដល់ពេលវេលាដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីជួបជុំ និងនិយាយចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។
ខាងក្រោមនេះ គឺជាការនិយាយចែករំលែកអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានការពិនិត្យសុខភាពបឋម ៖
ខ្ញុំឈ្មោះ ខែក គឹមឈុន អាយុ៧១ឆ្នាំ កើតនៅភូមិក្រាំងម៉ាយ ឃុំស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ កៅ ប៊ុននី និងមានកូនប្រុសស្រីចំនួន៧នាក់ គឺប្រុស៤ និង ស្រី៣។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ ឡុង និងម្ដាយឈ្មោះ សុន។ ខ្ញុំមានបងប្អូនចំនួន៨នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្រាំងម៉ាយរហូតដល់ថ្នាក់ទី១០ចាស់ ទើបខ្ញុំឈប់រៀន ព្រោពេលនោះ រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ បានកើតឡើង។ ខ្ញុំមកជួយធ្វើការងារឪពុកម្ដាយនៅផ្ទះ និងចម្ការ។ នៅចុងនៅឆ្នាំ១៩៧០ ខ្ញុំធ្វើជាកងស្វាយត្រាណ ឬកងឈ្លបជាមួយខាងកងទ័ពរំដោះខ្មែរក្រហមនៅមូលដ្ឋាន។ បន្ទាប់មក ខ្ញុំឃើញមានយន្តហោះមកទម្លាក់គ្រាប់បែកនៅតាមបណ្ដាភូមិបណ្តាលឲ្យខូចខាត និងឆេះផ្ទះអ្នកស្រុក។ ការទម្លាក់គ្រាប់បែកកើតឡើងទាំងព្រឹកទាំងថ្ងៃទាំងយប់។ នៅពេលដែលខ្ញុំបើកទូក ខ្ញុំរត់គេចស្ទើរតែមិនចង់ទាន់។
បន្ទាប់ពីពេលនោះមក ខ្ញុំត្រូវបានចាប់ខ្លួន និងចោទថាជា «ខ្មែរស»។ ខ្ញុំត្រូវបានចាប់មកដាក់ឃុំឃាំងនៅឃ្លាំងប្រាក់ នៅខាងលិចមន្ទីរពេទ្យ អស់រយៈពេល១ខែកន្លះ។ ខ្ញុំមិនត្រូវបានធ្វើទារុណកម្មនោះទេ គឺគ្រាន់តែសួរចម្លើយចំនួន២ដង។ ក្រោយពេលខ្ញុំត្រូវបានដោះលែងពីកន្លែងសួរចម្លើយ ខ្ញុំកាន់តែពិបាកខ្លាំង។ ខ្ញុំធ្វើការធម្មតានៅក្នុងសហករណ៍ គឺត្រូវច្រូតស្រូវ។ តមកទៀត ខ្ញុំចូលមកធ្វើការងារនៅកងគមនាគមន៍ ជួសជុលស្ពានចាប់ពីស្រែពកទៅខេត្តរតនគិរី រយៈពេល១ឆ្នាំងជាង ដែលមានគ្នាចំនួន៤០នាក់ គឺប្រធានកងឈ្មោះ តា វង្ស។ នៅពេលដែលប្រទេសត្រូវបានរំដោះនៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានចាប់សួរនាំអំពីការងារ។ ខ្ញុំប្រាប់គេថាជាកងចល័តច្រូតស្រូវតែប៉ុណ្ណោះ។ អ្វីដែលដែលខ្ញុំចងចាំមិនភ្លេចពីមុននោះគឺសង្រ្គាម និងការស្ទើរតែត្រូវបានសម្លាប់ដោយខ្មែរក្រហម ដែលខ្ញុំត្រូវធ្វើកិច្ចសន្យាកុំឲ្យមានកំហុសម្ដងទៀត។ ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយដឹងពីផលវិបាកនៃសង្រ្គាម, ការអត់ឃ្លាន និងការកាប់សម្លាប់ដោយរបបខ្មែរក្រហម។ ខ្ញុំធ្លាប់បានប្រាប់រឿងរ៉ាវលំបាកវេទនានៅក្នុងររខ្មែរក្រហមទៅកាន់កូនៗចៅៗរបស់ខ្ញុំ តែអ្នកទាំងនោះមិនជឿទេ។ សព្វថ្ងៃសុខភាពរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហម គឺមានសារសំខាន់ណាស់ ព្រោះមានវ័យកាន់តែចាស់។ ខ្ញុំសប្បាយចិត្តនៅពេលដែលទទួលបានការពិនិត្យសុខភាពបឋមនេះ។ ខ្ញុំសូមផ្ដាំផ្ញើឲ្យកូនចៅជំនាន់ក្រោយខិតខំរៀនសូត្រ និងចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។
ខ្ញុំឈ្មោះ ភួយ ខាំផែន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រែកភ្នៅ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ បូរ ទន់ និងមានកូនប្រុសស្រី២នាក់។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្លាប់៣នាក់)។ នៅពីក្មេង ខ្ញុំចូលរៀននៅវត្តអង្គរ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ចាស់។ ខ្ញុំរៀនពីរវេនពេលយប់មករៀននៅវត្ត និងពេលថ្ងៃរៀននៅសាលា។ នៅអាយុ១៦ឆ្នាំ ខ្ញុំចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំបានឆ្លងកាត់សមរភូមិជាច្រើន រួមមាន ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ក្រោយមកទៀត ខ្ញុំរត់ភៀសខ្លួនទៅរស់នៅឡាវ។ ខ្មែរមិនអាចរស់នៅឡាវបានស្រួលទេ គឺត្រូវធ្វើទាហានឲ្យឡាវសិន។ ខ្ញុំប្រាប់ឡាវថាខ្ញុំភៀសខ្លួន ដើម្បីស្នាក់អាស្រ័យ ប៉ុន្តែឡាវមិនយល់ព្រម។ ប្រហែលនៅឆ្នាំ១៩៧១ ខ្ញុំធ្វើទាហាននៅឡាវ ដើម្បីបានបាយហូយ ចំណែកឯខ្លះទៀតបានធ្វើជាគ្រូបង្រៀន។ នៅចុងនៅឆ្នាំ១៩៧៨ ខ្ញុំវិលត្រឡប់មកខ្មែរវិញ គឺបន្ទាប់ពីកងទ័ពខ្មែរក្រហមត្រូវបានវាយបណ្ដេញដោយកងទ័ពរណសិរ្ស ដឹកនាំដោយសម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន។ ខ្ញុំក៏បានចូលរួមជាមួយកងទ័ពរណសិរ្ស ដែលខ្ញុំបានវាយចូលមកតាមព្រះរំកិល និងមុំបី រួចត្រឡប់ទៅនៅអង្គភាពនៅស្ទឹងត្រែង។ នៅសម័យនោះ គឺមិនទាន់មានការចាយលុយនៅឡើយទេ។ ខ្ញុំមានប្រពន្ធកូននៅឡាវ។ ខ្ញុំឡើងចុះទៅលេងប្រពន្ធកូន ប៉ុន្តែក្រោយមកក៏រស់នៅបែកគ្នា។ នៅពេលដែលខ្ញុំទទួលបានការពិនិត្យសុខភាពរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលនេះគឺជាលើកទី១របស់ខ្ញុំ។ សូមជូនពរឲ្យក្រុមការងារ មន្រ្តីរាជការ និងប្រជាជនទាំងអស់ មានសុខភាពល្អ និងរស់នៅសុខសាន្ដ។
ខ្ញុំឈ្មោះ កើត វ៉ាន់ថុន អាយុ៧០ឆ្នាំ កើតនៅភូមិថ្លាត ឃុំថ្លាត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ សាន នាង និងមានកូន៤នាក់។ ឪពុកខ្ញុំឈ្មោះ កើត និងម្ដាយឈ្មោះ ជា វណ្ណា។ នៅពីក្មេង ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី៧សង្គមចាស់។ នៅពេលដែលសង្រ្គាមផ្ទុះឡើងនៅទសវត្សរ៍ឆ្នាំ១៩៧០ ខ្ញុំរស់នៅភូមិកំណើតរបស់ខ្ញុំ ដែលការទម្លាក់គ្រាប់បែកបានចាប់ផ្ដើម និងបន្តរហូតដល់ឆ្នាំ១៩៧៣។ នៅពេលដែលមានយន្តហោះមកទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលក្នុងរណ្ដៅ។ នៅសម័យខ្មែរក្រហមខ្ញុំធ្វើការនៅក្នុងកងដឹកជញ្ជួនរហូតដល់ចុងឆ្នាំ១៩៧៨។ ខ្ញុំបន្តមករស់នៅភូមិកំណើតរបស់ខ្ញុំវិញនៅឆ្នាំ១៩៨២ រហូតមកដល់សព្វថ្ងៃ។ សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរៀបចំអ្នកគ្រូពេទ្យចុះពិនិត្យសុខភាពដល់ខ្ញុំនៅផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដង។
រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការរៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទាំង៣លើក គឺចាប់ពីខែមីនា ដល់ខែមិថុនា ដែលមានចំនួនសរុបទាំងអស់គឺ៦០០នាក់។
អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា