ទាវ ឆុន រំឭកអំពីសាវតារបស់ខ្លួនជានិគមន៍ជនរបបសង្គមរាស្រ្តនិយម និងព្រឹត្តិការណ៍ខ្មែរក្រហមស្វែងរកចាប់ខ្លួនអ្នកដែលមានប្រវត្តិជានិគមន៍ជន

ខ្ញុំឈ្មោះ ទាវ ឆុន អាយុ៧៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយ ចាប់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រីចំនួន១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក ឈ្មោះ ទាវ សុខ និងម្ដាយឈ្មោះ ម៉ែន ធួង (ស្លាប់អស់ហើយ)។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅពីក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាពោធិ៍រាជ។ ក្រោយមក ខ្ញុំប្រឡងចូលរៀននៅវិទ្យាល័យព្រះសូរិយាវង់ រហូតដល់ថ្នាក់ទី៥សង្គមចាស់។ ខ្ញុំអាចអាន ស្ដាប់ និងនិយាយភាសាបារាំងបានខ្លះៗ។ នៅឆ្នាំ១៩៦២ ខ្ញុំឈប់រៀនដោយសារតែជីវភាពក្រលំបាកមិនអាចបន្តការសិក្សាបាន។

បន្ទាប់ពីឈប់រៀន ខ្ញុំចូលធ្វើការជាកម្មករនៅមន្ទីរសាធារណៈការ។ ការងាររបស់ខ្ញុំគឺត្រូវដើរចាក់ជ័រកៅស៊ូនៅតាមផ្លូវថ្នល់។ ពីព្រោះតែធ្វើជាកម្មករហត់នឿយពេក ខ្ញុំក៏មានគំនិតលក់ការ៉េមវិញ។ នៅពេលនោះ ខ្ញុំទទួលបានកម្រៃច្រើនគួរសម។ នៅពេលដែលខ្ញុំកំពុងតែលក់ការ៉េម ខ្ញុំបានឮសេចក្ដីប្រកាសនិងអំពាវនាវរកអ្នកស្ម័គ្រចិត្តមករស់នៅក្រុងបុរីអូរស្វាយ ដើម្បីការពារទឹកដី ក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅពេលនោះ ខ្ញុំដឹងថាមានការរៀបចំទីតាំងរស់នៅសម្រាប់ទទួលនិគមន៍ជនដែលមកពីតាមបណ្ដាខេត្តនានា ហើយការជ្រើសរើសគឺសម្រាប់តែប្រជាជនដែលចេះនិយាយ សរសេរ អានភាសាខ្មែរច្បាស់។ ខ្ញុំដឹងថាការជ្រើសរើសប្រជាជនដែលចេះភាសាខ្មែរច្បាស់ គឺដើម្បីការពារបូរណភាពទឹកដី ខណៈដែលលាវក្រហមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលលាវនៅពេលនោះ បានប្រកាសគ្រប់ទីកន្លែងណាដែលប្រជាជននិយាយភាសាលាវ គឺជាទឹកដីលាវ និងមានបំណងយកទឹកដីខ្មែរក្នុងនោះគឺមានទឹកដីនៅខាងខេត្តស្ទឹងត្រែងនេះផងដែរ។

នៅឆ្នាំ១៩៦៧ ក្នុងស្មារតីនិងបំណងមករស់នៅដើម្បីការពារទឹកដី ខ្ញុំចុះឈ្មោះក្នុងបញ្ជីប្រជាជនដែលត្រូវបញ្ជូនមករស់នៅបុរីអូរស្វាយនេះតែម្ដង។ ខ្ញុំធ្វើដំណើរមកជាមួយឪពុកមា ដែលមានតួនាទីជានាយទាហានម្នាក់។ មានប្រជាជនចំនួនតែ២គ្រួសារតែប៉ុណ្ណោះមកពីខេត្តស្វាយរៀង។ ពេលនោះគឺជាដំណាក់កាលទី៣នៃការបញ្ជូននិគមន៍ជនមករស់នៅក្រុងបុរីអូរស្វាយនេះ។ នៅចន្លោះឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៦៧ ប្រជាជន មន្ត្រីយោធាចូលនិវត្តន៍ ទាហាន និងគ្រួសារដែលមានចំណូលទាបមកពីខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងខេត្តកណ្តាល ត្រូវបានបញ្ជូនមករស់នៅក្រុងបុរីអូរស្វាយនេះជា៣ដំណាក់កាល ដោយទទួលបានផ្ទះមួយខ្នង ដីស្រែចម្ការ គ្រាប់ពូជ គោក្របី និងប្រាក់ឧបត្ថម្ភសម្រាប់ចាប់ផ្តើមជីវភាពរស់នៅក្នុងទឹកដីថ្មី។ ក្រោយមក ខ្ញុំបានរៀបការប្រពន្ធដែលជាប្រជាជនមកពីខេត្តព្រៃវែង និងមានកូនម្នាក់។ ខ្ញុំទទួលបានរបបរួមមាន ផ្ទះនិងដីរស់នៅទំហំ៤០ម៉ែត្រx៥០ម៉ែត្រ, ដីស្រែចម្ការ៥ហិចតា, គោមួយនឹម, និងប្រាក់ឧបត្ថម្ភ៧៥០រៀលក្នុងមួយខែរយៈពេល៣០ខែ (២ឆ្នាំកន្លះ)។

នៅថ្ងៃមួយនៅពេលដែលខ្ញុំទៅបើកប្រាប់ឧបត្ថម្ភប្រចាំខែ ខ្ញុំឃើញមានតួលេខសរុបប្រជាជនដែលត្រូវបានបញ្ជូនមករស់នៅបុរីអូរស្វាយនេះ គឺមានសរុបទាំងអស់ចំនួន៣០០គ្រួសារជាង ដែលផែនការគ្រោងទទួលប្រជាជនចំនួន៥០០គ្រួសារ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ ខ្ញុំឃើញមានមន្ទីរចាត់ការ, សាលាស្រុក, មន្ទីរពេទ្យ, ផ្សារសហគមន៍, ទីកន្លែងចុះចតឧទ្ធម្ភាគចក្រ, ផ្ទះ, សួនច្បារ និងស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយ។ ខ្ញុំស្គាល់ស្ថាបត្យករចំនួន២រូបដែលជាអ្នកសាងសង់រាល់សំណង់នៅបុរីអូរស្វាយនាពេលនោះ។ ស្ថាបត្យករឈ្មោះ ឯក ម៉េង គឺជានាយទាហានរបបសង្គមរាស្រ្តនិយម និងជាអ្នកសាងសង់ «ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយ» និងសួនច្បារ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំ ស្ថាបត្យករ ឯក ម៉េង បានផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញ និងបានស្លាប់ជាច្រើនឆ្នាំមុន។ ចំណែកឯស្ថាបត្យករម្នាក់ទៀតឈ្មោះ ទួក ឆេង ដែលជាអ្នកសាងសង់ផ្ទះសម្រាប់និគមន៍ជន និងបានស្លាប់ដោយជរាភាពកាលពីប៉ុន្មានឆ្នាំមុន។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ យាងចុះមកសម្ពោធសម្ធទិផលនៅបុរីអូរស្វាយ។ ខ្ញុំ និងប្រពន្ធ រួមទាំងប្រជាជនរាប់ពាន់នាក់បានចូលរួមព្រះរាជដំណើរយាងមកសម្ពោធសមិទ្ធផលរបស់ព្រះអង្គ។ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកដល់នៅវេលាម៉ោងប្រហែល៩ព្រឹក តាមឧទ្ធម្ភាគចក្រចំនួន៣គ្រឿង និងចុះចតនៅទីកន្លែងចុះចតឧទ្ធម្ភាគចក្រ។ បន្ទាប់មក សម្ដេចព្រះបរមរតនកោដ្ឋ យាងតាមក្បួនព្រះទីនាំងរថយន្តចំនួន៣គ្រឿងមកកាន់ទីតាំងអង្គពិធី។ មុនព្រះអង្គមានព្រះរាជសុន្ទរកថា សម្ដេចព្រះបរមរតនកោដ្ឋ បានចែកក្រណាត់ស១ដុំ ប្រវែង២ម៉ែត្រ ដែលមានប៉ាក់ថា «សង្គមរាស្រ្តនិយម» សម្រាប់កាត់ជាអាវ ជូនដល់ប្រជារាស្រ្តដែលជាកូនចៅរបស់ព្រះអង្គ។ ខ្ញុំ និងប្រពន្ធទទួលបានក្រណាត់សម្នាក់១ដុំ និងបានចាប់ព្រះហត្ថរបស់សម្ដេចព្រះបរមរតនកោដ្ឋ។ យើងខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់។ បន្ទាប់មក សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គមានព្រះរាជសុន្ទរកថាជិត១ម៉ោង និងបន្តយាងចុះទតតាមផ្ទះរបស់និគមន៍ជននៅបុរីអូរស្វាយ។ ខ្ញុំនិងគ្រួសារបន្តប្រកបរបរធ្វើស្រែចម្ការ និងរស់នៅជាធម្មតា រហូតដល់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទើបខ្ញុំនិងគ្រួសារ រួមទាំងប្រជាពលរដ្ឋផ្សេងទៀតនៅបុរីអូរស្វាយទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែក និងក្រោយមកទៀតការចាប់យកទៅសម្លាប់នៅក្នុងរបបខ្មែរក្រហម។

ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់, កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងបុរីអូរស្វាយ។ ដោយសារតែវត្តមានកងទ័ពរំដោះខ្មែរក្រហម ទើបមានការចាប់ផ្តើមទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក និងទាហានលន់ នល់។ ការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅបុរីអូរស្វាយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារ ជាច្រើន។ ខ្ញុំឮដំណឹងថា ទាហាន លន់ នល់ មានគម្រោងទម្លាក់គ្រាប់បែក៣០០យប់ ៣០០ថ្ងៃ។ បុរីអូរស្វាយក្រោយមកត្រូវបានប្រែក្លាយទៅជាតំបន់ប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក បន្តរហូតដល់ឆ្នាំ១៩៧៤។ ខ្ញុំ និងគ្រួសារមិនបានរត់គេចខ្លួនទៅណានោះទេ។ នៅឆ្នាំ១៩៧៤ ខ្ញុំនិងគ្រួសារត្រូវបានខ្មែរក្រហមដាក់ឲ្យធ្វើការងារនៅកងប្រវាស់ដៃ រហូតដល់ឆ្នាំ១៩៧៥។

នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំឃើញមានការមកដល់នៃប្រជាជន១៧ មេសា ប្រហែល៥-៦គ្រួសារ នៅបុរីអូរស្វាយ នៅខែមិថុនា។ ប្រជាជន១៧ មេសា ភាគច្រើនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនចាញ់ កង្វះអាហារូបត្ថម្ភ ឬជំងឺគ្មានថ្នាំព្យាបាល។ ចំណែកឯខ្លះទៀតត្រូវបានសម្លាប់ដោយការចោទប្រកាន់ថា ជាភ្នាក់ងារសេអ៊ីអា។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើត ហើយប្រជាជននៅអូរស្វាយត្រូវបានចល័តទៅធ្វើការងារឆ្ងាយពីភូមិ និងបង្ខំឱ្យធ្វើការហួសកម្លាំងនៅតាមការដ្ឋាន។ បុរីអូរស្វាយត្រូវបានបំបែកជា២សហករណ៍។ សហករណ៍ទី១ មានប្រជាជនប្រហែល១៨គ្រួសារ និងមានប្រធានក្ដាប់រួមឈ្មោះ មិត្ត តិ ចំណែកឯសហករណ៍ទី២ មានប្រជាជនប្រហែល២០គ្រួសារ និងមានមិត្ត សឿន ជាប្រធាន។

នៅឆ្នាំ១៩៧៧ ប្រពន្ធខ្ញុំបានបង្កើតកូនប្រុសម្នាក់។ ខ្មែរក្រហមមិនយោគយល់ទេ គឺប្រើឲ្យប្រពន្ធធ្វើការស្រាលៗ ដូចជាបុកអង្ករ ដែលនៅពេលនោះគាត់ទើបតែសម្រាកកូនបានរយៈពេល៧ថ្ងៃ។ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់នៅអូរពូក ស្ថិតនៅក្នុងស្រុកសេសាន ដែលជាទំនប់តំបន់។ ខ្ញុំទទួលបានរបបអាហារមិនគ្រប់គ្រាន់ និងធ្វើការលើកទំនប់គ្មានពេលសម្រាក។ នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់មកនៅភូមិវិញ។ មិនយូរប៉ុន្មាន គឺនៅពាក់កណ្ដាលឆ្នាំ១៩៧៨ ប្រជាជនទាំងអស់នៅបុរីអូរស្វាយ ត្រូវបានខ្មែរក្រហមជម្លៀសចេញទៅនៅខាងកើតទន្លេសេកុង។ បន្ទាប់មក ខ្មែរក្រហមចាប់ផ្ដើមសើរើប្រវត្តិរូបនិគមន៍ជនរបស់សម្ដេចព្រះបរមរតនកោដ្ឋ។ ខ្ញុំ និងគ្រួសារ រួមទាំងប្រជាជនផ្សេងទៀត ដែលត្រូវបានរកឃើញថាជានិគមន៍ជនរបបសង្គមរាស្រ្តនិយម ត្រូវបានខ្មែរក្រហមប្រាប់ឲ្យជីករណ្ដៅ និងប្រាប់ថាដើម្បីសម្រាប់ជាលានដ្ឋានការពារខ្លួនពីការបាញ់គ្រាប់ផ្លោងនៅក្នុងរណ្ដៅនោះ។ ប៉ុន្តែតាមពិតទៅ រណ្ដៅដែលយើងកំពុងតែជីកនេះ គឺសម្រាប់ខ្មែរក្រហមសម្លាប់និងកប់និគមន៍ជនរបបសង្គមរាស្រ្តនិយមទៅវិញនោះទេ។ ជាសំណាងល្អ នៅពេលដែលខ្ញុំនិងគ្រួសារនិគមន៍ជនផ្សេងទៀតកំពុងតែជីករណ្ដៅ កងទ័ពខ្មែរក្រហមដែលវាយចាញ់កងទ័ពរណសិរ្ស បានរត់និងប្រាប់ឲ្យយើងរត់គេចចេញពីកន្លែងនោះ។ ខ្ញុំ និងគ្រួសារមិនបានរត់តាមកងទ័ពខ្មែរក្រហមដែលរត់គេចនោះទេ គឺយើងបានវិលត្រឡប់មករស់នៅភូមិវិញ។

នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិ និងបន្តជាមេឃុំ អស់រយៈពេល៧ឆ្នាំ ទើបខ្ញុំចូលនិវត្តន៍។ បន្ទាប់ពីចូលនិវត្តន៍ ខ្ញុំមិនអាចធ្វើអ្វីបានច្រើននោះទេ ពីព្រោះតែជរាភាព។ នៅថ្ងៃនេះ ខ្ញុំ សប្បាយរីករាយដែលទទួលបានការពិនិត្យសុខភាពបឋម និងចូលរួមវេទិកាណែនាំអំពីការថែទាំងសុខភាព និងអាចនិយាយចែករំលែកបទពិសោធន៍ និងជីវិតរបស់ខ្លួនជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទ និង រូបថត ៖ដោយ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖