គ្រូបង្គោលថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញគ្រូបង្គោលថ្នាក់ជាតិ ផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយខុទ្ទកាល័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមហាវិទ្យាល័យច្បាប់ ប៊ីសស្លី នៃសាកលវិទ្យាល័យតេមផល សហរដ្ឋអាមេរិក ដោយមានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងផ្តល់ទីកន្លែងដោយ​ទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទ។ សន្និសីទនេះមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់ ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអប់រំ សុខាភិបាល សិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ បានចូលរួម។

ខាងក្រោមគឺជាចំណាប់អារម្មណ៍របស់លោកគ្រូ និងអ្នកគ្រូដែលបានចូលរួម​សន្នីសីទ   រយៈពេល៣ថ្ងៃ៖

១) ស៊ីវ ធួន

ខ្ញុំបានចូលរួមនៅក្នុងសន្និសីទថ្នាក់អន្តរជាតិក្រោមប្រធានបទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិល្បីៗ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រុងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ សន្និសីទនេះបានផ្តល់នូវចំណេះដឹងជាច្រើនដល់ខ្ញុំ។ អ្វីដែលអស្ចារ្យគឺពេលបើកសន្និសីទ និងបិទសន្និសីទមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។

អស់រយៈពេលជិត៥០ឆ្នំាហើយ ដែលរបបខ្មែរក្រហមបានដួលរលំ ប៉ុន្តែស្នាមរបួសនៅតែឈឺចាប់នៅឡើយ ទោះបីជាតុលាកាត់ទោសមេដឹកនាំខ្មែរក្រហមទើបតែបិទបញ្ចប់ទៅថ្មីៗក៏ដោយ។ វត្តមានរបស់តា យាយ ទាំងអស់នៅក្នុងសន្និសីទនៅពេលនេះ គឺជាការលើកទឹកចិត្តដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើការកន្លងមក ដើម្បីផ្តល់នូវគោរព និងដឹងគុណ ដល់អ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានខិតខំតស៊ូរហូតមកដល់សព្វថ្ងៃ។ ការចងក្រងសៀវភៅប្រវត្តិ​សាស្រ្ត និងសៀវភៅណែនាំគ្រូដែលចម្រាញ់ចេញពីសាច់រឿងដ៏រន្ធត់របស់ជនរងគ្រោះ របស់មជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីចែកចាយចំណេះដឹងដល់ក្មេងជំនាន់ក្រោយ តាមរយៈគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់បទពិសោធន៍នាសម័យកាលដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម ទៅនឹងការរីកលូតលាស់នាពេលបច្ចុប្បន្នដែលក្មេងៗត្រូវតែចូលរួម ដើម្បីកសាងអនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍។

ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នំា១៩៩០មក មជ្ឈមណ្ឌលឯកសារកម្ពុជា បានខិតខំយ៉ាងខ្លាំងក្លាដើម្បីប្រមូល ចងក្រងឯកសារ ផ្សព្វផ្សាយ និងអប់រំចំណេះដឹងបន្ថែមពីរបបខ្មែរក្រហម តាមរយៈការបង្រៀន​ផ្លូវការ និងមិនផ្លូវការ ព្រមទាំងបោះពុម្ពទស្សនាវដ្តីស្វែងរកការពិតប្រចាំខែ និងព្រឹត្តិបត្រផ្សេងៗ ជាភាសាជាតិ និងអន្តរជាតិ​ ដើម្បីចែកជូនដល់អ្នកអាន។

ខ្ញុំចាប់អារម្មណ៍ខ្លាំងនៅក្នុងអង្គសន្និសីទនេះ គឺនៅថ្ងៃទីពីរអំឡុងពេលដែលវាគ្មិនពិភាក្សាលើប្រធានបទទាក់ទងនឹងការអប់រំពីអំពើប្រល័យពូជសាសន៍ ដែលមានការចូលរួមពិភាក្សាពីអ្នកជំនាញបរទេស អ្នករស់រានមានជីវិតពីរបបខ្មែរ ពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនា អ្នកកាន់សាសនាអ៊ិស្លាម និងក្មួយៗដែលជាយុវជនវ័យក្មេង។ ក្នុងឱកាសនោះ ខ្ញុំក៏បានរៀនសូត្របន្ថែមពីសន្និសីទដែរគឺ ៖

– ឥទ្ធិពលនៃព្រះពុទ្ធសាសនា ក្នុងការបង្រៀនពីរបបខ្មែរក្រហម ដើម្បីការទប់ស្កាត់អំពើនេះនាពេលអនាគត។

– ការត្រិះរិះពិចារណាលើការសម្លាប់រង្គាល និងការកើតមានអំពើប្រល័យពូជសាសន៍ ដែលផ្តើមគំនិតចេញពីមេដឹកនាំខ្មែរក្រហម ប៉ុល ពត និង នួន ជា ព្រមទាំងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមខ្លះទៀត ដែលសុទ្ធសឹងជាអ្នកមានចំណេះដឹងជ្រៅជ្រះ។

សន្និសីទលើកទី១នេះ មានការចូលរួមពីគ្រប់សមាសភាព គឺ យាយ តា អ្នកប្រណិបតន៍សាសនា កសិករ អ្នកជំនួញ មន្រ្តីចូលនិវត្តន៍ និងបរទេស។ អ្នកទាំងនេះត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញមកចូលរួមដោយមានការរៀបចំមធ្យោបាយធ្វើដំណើរ សណ្ឋាគារសម្រាប់ស្នាក់នៅ អាហារហូបចុក និងគ្រូពេទ្យចាំថែទាំ។

អ្នកចូលបានអង្គុយស្តាប់វាគ្មិនបកស្រាយដោយមិនធុញទ្រាន់ នៅក្នុងសាលម៉ាស៊ីនត្រជាក់ដ៏ទូលាយ និងគ្មានសំឡេងរំខាន។ នៅក្នុងវគ្គពិភាក្សាក៏មានការចោទជាសំណួរ និងឆ្លើយយ៉ាងផុសផុលដែរ។ វត្តមានវាគ្មិនបរទេសបាននាំរឿងរ៉ាវទុក្ខវេទនារបស់ប្រជាជនកម្ពុជាដើម្បីឲ្យមានការទទួលស្គាល់មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបានល្បីខ្ទរខ្ទារពេញពិភពលោកទាំងមូល។ ការបង្កើតឲ្យមានសន្និសីទលំដាប់អន្តរជាតិបែបនេះ ត្រូវប្រើរយៈពេលយូរមុននឹងលេចចេញជារូបរាងឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ប្របើសិនគ្មានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID និងការចាត់ចែងពីមជ្ឈមណ្ឌលឯកសារកម្ពុជាទេ សន្និសីទនេះនឹងពុំកើតឡើងឡើយ។ ពេលត្រឡប់ទៅផ្ទះ និងស្រុកកំណើតវិញ ខ្ញុំនិងអ្នកចូលរួមនឹងបន្តនិយាយអំពីរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហមប្រាប់ទៅសាច់ញាតិ និងសហគមន៍។

២) សេង លីរតនៈ

«រយៈពេល៣ថ្ងៃ នៅសាលយុត្តិតេជោ» អនុស្សាវរីយ៍ និងការចងចាំ!

ខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទកភាពក្រៃលែង ដែលត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសីទលើកទី១ ក្រោមប្រធានបទ៖ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាអតីតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម។

ជាកិត្តិយសដ៏ក្រៃលែងសម្រាប់រូបខ្ញុំ ដែលខ្ញុំបានចូលរួមនៅក្នុងសន្និសីទដែលមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ ខ្ញុំក៏សង្កេតឃើញនូវវត្តមានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដ៏ច្រើនកុះករ នៅក្នុងអង្គសន្និសីទ ដែលវត្តមាននេះញ៉ាំងឲ្យអង្គពិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងមានអត្ថន័យបំផុត។ ក្នុងនាមខ្ញុំគឺជាគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ខ្ញុំសូមថ្លែងអំណរគុណចំពោះការរៀបចំសន្និសីទដ៏មានអត្ថន័យនេះ។

បទបង្ហាញនៅក្នុងអង្គសន្និសីទជាបន្តបន្ទាប់ បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរយ៉ាងរឹងមាំរបស់កម្ពុជាថា កម្ពុជាគឺជាម្ចាស់ប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងកន្លងមកក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយកម្ពុជាបានព្យាយាមខិតខំប្រឹងប្រែងបណ្តុះការចងចាំអំពីប្រវត្តិសាស្ត្រនេះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការរារាំង និងទប់ស្កាត់ប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនឲ្យកើតមាននៅលើទឹកដីរបស់ខ្លួន និងរលាយបាត់ពីក្នុងសកលលោក។

ពិតណាស់ ការពិភាក្សាដេញដោលអំពីរឿងរ៉ាវប្រវត្តិសាស្ត្រជាតិ គឺជារឿងសំខាន់ដែលមិនអាចខ្វះបាន។ ការសន្ទនាអន្តរជំនាន់រវាងយុវជនជំនាន់ក្រោយ និងអ្នកឆ្លងកាត់ប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាគុណប្រយោជន៍មួយដ៏ធំធេង  ដែលកូនចៅជំនាន់ក្រោយត្រូវតែរួមគ្នា សហការគ្នា និងពួតដៃគ្នាធ្វើយ៉ាងណាលុបបំបាត់រាល់អំពើហិង្សាគ្រប់ទម្រង់ ដើម្បីរក្សាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ដោយគ្មានការរំខានពីអំពើឃោរឃៅនាពេលអនាគត។ យ៉ាងណាមិញ ទិដ្ឋភាពផ្នែកច្បាប់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏បានឆ្លុះបញ្ចាំងឲ្យយើងឃើញអំពីស្មារតីគោរពសិទ្ធិមនុស្ស អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ដែលទាមទារឲ្យមានការរក្សាបាននូវសន្តិសុខជាតិដោយមិនមានការជ្រៀតជ្រែក ឬគាបសង្កត់ពីសំណាក់ប្រទេសដទៃ ដើម្បីកុំឲ្យអំពើហិង្សាគ្រប់ទម្រង់កើតមានឡើងទៀត ព្រោះវាអាចជាប្រភពដែលនាំឲ្យកើតមានឡើងនូវឧក្រិដ្ឋកម្មនានា ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។

ជាស្មារតីសុទិដ្ឋិនិយមរបស់ខ្ញុំ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា អំពើប្រល័យពូជសាសន៍នឹងមិនអាចកើតមានសារជាថ្មីនៅលើទឹកដីកម្ពុជាបានឡើយ ព្រោះយើងបានរួបរួមគ្នា បំផុសស្មារតីស្រឡាញ់សន្តិភាព សាមគ្គីភាព ការគោរពសិទ្ធិមនុស្ស និងចូលរួមអភិវឌ្ឍន៍ជាតិប្រកបដោយមនសិការ និងទំនួលខុសត្រូវខ្ពស់បំផុត។

ខ្ញុំសូមឲ្យកិច្ចសហការនេះ កើតមានឡើង និងរក្សាបាននូវប្រសិទ្ធភាពជារៀងរហូត។ ខ្ញុំសូមឲ្យគ្រប់ដៃគូជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការងារនេះរក្សាបាននូវទំនាក់ទំនងល្អជារៀងដរាប។ ខ្ញុំសូមឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូត។

ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំបាទ បានចូលរួមក្នុងអង្គពិធីសំខាន់ៗនាពេលកន្លងមក និងពេលថ្មីៗនេះ ជាពិសេសប្រធានបទថ្មីៗ ចំណេះដឹងថ្មីៗ ពាក់ព័ន្ធទៅនឹងការរួមគ្នាទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។

ខ្ញុំបាទសូមសន្យាថា ខ្ញុំនឹងចូលរួមផ្សព្វផ្សាយនូវអនុសាសន៍គន្លឹះសំខាន់ៗ ដែលទទួលបានពីអង្គសន្និសីទ និងចែករំលែកទៅដល់មនុស្សជុំវិញខ្លួន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានសារជាថ្មីនៅកម្ពុជា។

ខ្ញុំសូមគោរពជូនពរមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាតួអង្គដ៏ស័ក្តិសម និងសំខាន់មិនអាចខ្វះ បានក្នុងការចងក្រង និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រជាតិកម្ពុជា សូមទទួលបាននូវភាពរីកចម្រើន សុខដុមរមនា ពោរពេញទៅដោយវឌ្ឍនភាពតរៀងទៅ។ សូមអរគុណ!

៣) សម វិចិត្រ

ខ្ញុំបាទពិតជាមានក្តីសោមនស្ស និងរីករាយក្រៃលេង ដោយត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ រាជធានីភ្នំពេញ។ សន្និសីទនេះ មានការចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់បើក ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបិទសន្និសីទដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាគ្រូបង្រៀនប្រវត្តិសាស្ត្រ និងគ្រូឧទ្ទេសថ្នាក់ជាតិជំនាញប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ម្នាក់ ខ្ញុំបាទពិតជាមានកិត្តិយសក្រៃលែងដែលបានធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី «យុវជន និងការអប់រំឧក្រិដ្ឋកម្មឃោឃៅ»។ នេះ គឺជាលើកទី១ក្នុងឆាកជីវិតរបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធីដ៏ធំបែបនេះ ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងអន្តរជាតិ និងបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីចូលរួមអប់រំ ផ្តល់វិធីសាស្ត្រជាច្រើនក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មដ៏ឃោឃៅដល់យុវជនជំនាន់ក្រោយ កុំឲ្យអំពើនេះកើតឡើងវិញក្នុងទឹកដីនៃប្រទេសកម្ពុជា ក្នុងតំបន់ និងក្នុងពិភពលោក។

លើសពីនេះទៅទៀត ខ្ញុំបាទក៏ទទួលបាននូវបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗជាច្រើនទៀត ពីប្រសាសន៍ដ៏មានអត្ថន័យបំផុតរបស់សម្តេច វាគ្មិនជាតិនិងអន្តរជាតិ ដែលបានចែករំលែកនូវបទពិសោធន៍ដឹកនាំល្អៗ ក្នុងការចូលរួមចែករំលែកនៅក្នុងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗទាំង៥គឺ ៖ ១) អំពើប្រល័យពូជសាសន៍ និងអនុសញ្ញាបង្ការ និងផ្តន្ទាទោសអំពើប្រល័យពូជសាសន៍ ២) ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៣) យុវជន និងការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ៤)  សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ៥) តួនាទីស្ថាបត្យកម្ម និងសំណង់ក្នុងការផ្សះផ្សាផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មិនតែប៉ុណ្ណោះ ខ្ញុំបាទបានទទួលនូវចំណេះដឹងក្នុងការរៀបចំដឹកនាំកម្មវិធីធំៗបែបនេះ ឲ្យទទួលបានជោគជ័យដោយរលូនផងដែរ។

ជាចុងក្រោយ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាពិសេសលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបន្តផ្តល់ឱកាសដល់រូបខ្ញុំបាទជាបន្តបន្ទាប់ជារៀងរហូតមក។ ខ្ញុំបាទសង្ឃឹមថា យើងនឹងនៅតែបន្តការសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការងារជួយដល់សង្គមជាតិរបស់យើងទាំងអស់គ្នា ពិសេសចូលរួមចំណែកជ្រោមជ្រែងឲ្យអនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍។

៤) អ៊ុំ ថារ៉ា

ខ្ញុំបាទឈ្មោះ អ៊ុំ ថារ៉ា គឺជាគ្រូឧទ្ទេសថ្នាក់ជាតិ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានកិតិយសក្រៃលែង ដែលលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ដល់ឱកាសឲ្យខ្ញុំចូលរួមក្នុងសន្និសីទលើកទី១ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងសាលយុត្តិតេជោ រាជធានីភ្នំពេញ។

ខ្ញុំសង្កេតឃើញថា ការប្រព្រឹត្តទៅនៃសន្និសីទនេះ រាប់ទាំងការធ្វើដំណើរ ការស្នាក់នៅ ការទទួលទានអាហារ ការគ្រប់គ្រងអ្នកចូលរួម ការចាត់ចែងពេលវេលា ការរើសយកទីកន្លែងសម្រាប់ស្នាក់នៅ និងទីកន្លែងសម្រាប់ប្រារព្វពីធី គឺធ្វើបានល្អទាំងអស់។

ចំណែកការប្រព្រឹត្តទៅនៃសន្និសីទវិញ ខ្ញុំទទួលបានធាតុចូលយ៉ាងច្រើន ដូចជា ៖ ប្រសាសន៍បើកអង្គសន្និសីទរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា  ការចូលរួមមតិនិងការធ្វើបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិ ការផ្ដល់ពេលវេលាសម្រាប់សួរសំណួរ ការបកស្រាយសំណួរ  ជាពិសេសការមានប្រសាសន៍បើក និងបិទអង្គសន្និសីទរបស់សម្ដេចទាំងពីរគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រកម្ពុជា។  ទាំងអស់នេះ សុទ្ធ​តែជាធាតុចូលសម្រាប់ជាគន្លឹះក្នុងការបង្រៀនប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងជាគន្លឹះនៃការអប់រំ ផ្សព្វផ្សាយ ដល់យុវជនជំនាន់ក្រោយ ក្នុងការទប់ស្កាត់ការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជាក្នុងពិភពលោក។ សូមលោកនាយក និងសហការី ទទួលនូវការគោរព រាប់អាន ដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

៥) រស់ ចាន់ថន

នាងខ្ញុំ រស់ ចាន់ថន បានធ្វើដំណើរពីតាកែវ ទៅភ្នំពេញដើម្បីចូលរួមសន្និសីទលើកទី១ ក្រោមប្រធានបទ «អនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ នៅឯសាលយុត្តិតេជោ ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ ដែលមានអ្នកចូលរួមចំនួន៨២០នាក់ មានភ្ញៀវជាតិ អន្តរជាតិ អ្នកស្ម័គ្រចិត្តកម្ពុជា អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អង្គទូត និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។ សន្និសីទនេះរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

នាងខ្ញុំបានទទួលចំណេះដឹងថ្មីៗល្អៗ ពីវាគ្មិនដែលបានធ្វើបទបង្ហាញស្ដីពី អនាគតប្រទេសកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍, អនុសញ្ញាបង្ការ និងផ្ដន្ទាទោសអំពើប្រល័យពូជសាសន៍, ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពីរបបខ្មែរក្រហម, ការអប់រំយុវជនឲ្យយល់ច្បាស់អំពីប្រវត្ដិសាស្ដ្រខ្មែរក្រហម, បញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងវិធីសាស្រ្តទប់ស្កាត់កុំឲ្យអំពើប្រល័យពូជសាសន៍កើតឡើងនៅក្នុងប្រទេសកម្ពុជាម្ដងទៀត។ របបខ្មែរក្រហមបានហាមប្រាមការប្រណិប័តន៍សាសនា បិទវត្តអារាម សាលារៀន មន្ទីរពេទ្យ ទីផ្សារ និងបិទសិទ្ធិសេរីភាពប្រជាជន។ ខ្មែរក្រហមអប់រំមនុស្សមិនឲ្យទុក្ខចិត្តគ្នា។ សន្និសីទនេះ ក៏យកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយនាងខ្ញុំក៏ទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនដែលបានធ្វើបទបង្ហាញ ដូចជា ជំងឺស្ទះសរសៃឈាម និងជំងឺផ្សេងៗទៀត ។

លើសពីនេះ ខ្ញុំបានទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» តាមរយៈភាពយន្តឯកសារនេះធ្វើឲ្យខ្ញុំនឹកឃើញពីការលំបាកវេទនា ការរត់គេចពីគ្រាប់បែកដែលអាមេរិកទម្លាក់មកលើប្រទេសកម្ពុជា ធ្វើឲ្យបេះដូងខ្ញុំញាប់ញ័រៗ។ នៅក្នុងឱកាសនោះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានលើកឡើងថា ទោះបីមានមនុស្សស្លាប់ក្នុងរបបខ្មែរក្រហមពិតមែន  ប៉ុន្តែវប្បធម៌មិនស្លាប់នោះទេ។

នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលព័ត៌មានថា កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងបានបណ្ដេញប្រជាជនចេញពីផ្ទះសម្បែង ដោយឃោសនាថាអាមេរិកាំងមកទម្លាក់គ្រាប់បែក។ ប្រជាជនប្រញាប់ប្រញាល់រៀបចំចាកចេញពីទីក្រុងភ្នំពេញភ្លាមៗ។ ប្រជាជនបានរស់នៅក្នុងរបបថ្មី គឺរបប ប៉ុល ពត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយនេះគឺជារឿងរ៉ាវប្រវត្ដិសាស្ដ្រដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។

ខ្ញុំតែងតែក្តុកក្តួលក្នុងចិត្ត ស្រក់ទឹកភ្នែក ពេលនឹកឃើញដល់ឪពុក និងប្អូនប្រុសស្លាប់ក្នុងរបបខ្មែរក្រហមយ៉ាងវេទនា។ ខ្មែរក្រហមបានបង្អត់អាហារប្រជាជន បង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំង មិនផ្តល់សម្លៀកបំពាក់ឲ្យប្រជាជន និងសម្លាប់ប្រជាជនដោយគ្មានការពិចារណា។ សន្និសីទនេះបានធ្វើឲ្យអន្តរជាតិទទួលស្គាល់ថា ប្រទេសកម្ពុជាមានរបបប្រល័យពូជសាសន៍ និងទុកជាឯកសារសម្រាប់អ្នកជំនាន់ក្រោយបានសិក្សា ហើយជឿជាក់ថារបបខ្មែរក្រហមមានពិតមែន។ សន្និសីទលើកទី១នេះ ក៏ធ្វើឲ្យនាងខ្ញុំចេះខន្តីផ្អែកលើធម៌ព្រះពុទ្ធសាសនា និងធ្វើឲ្យខ្ញុំចេះអធ្យាស្រ័យផ្សះផ្សាគ្នា។

នៅថ្ងៃទីបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តម សីហមុនី និងជាប្រធានព្រឹទ្ធសភាចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ដើម្បីថ្លែងសុន្ទរកថាបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសមហាអំណាច និងអ្នកជំនាញខាងច្បាប់ជាតិ និងអន្តរជាតិព្រមទាំងប្រវត្តិវិទូ ដាក់ទណ្ឌកម្មចំពោះអ្នកណាដែលថា ប្រទេសកម្ពុជាគ្មានរបបប្រល័យពូជសាសន៍។

ជាចុងក្រោយ នាងខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសូមថ្លែងអំណរគុណដល់មជ្ឈ​មណ្ឌលឯកសារកម្ពុជា និងប្រទេសផ្ដល់ជំនួយដែលផ្ដល់ឱកាសឲ្យនាងខ្ញុំបានចូលរួមក្នុងសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ នាងខ្ញុំបានទទួលយកចំណេះដឹងថ្មីៗ និងល្អៗពីសន្និសីទនេះ។

ផេង ពង្សរ៉ាស៊ី ៖ នាយកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖