អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តព្រៃវែង បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ (ស្រី៧នាក់) មកពីស្រុកពារាំង ស្វាយអន្ទរ ពាមរក៍ មេសាង និងកំពង់ត្របែក ខេត្តព្រៃវែង ឲ្យមកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនា​គតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមអ្នកចូលរួមទាំង៣០នាក់ មានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួនពីរនាក់ គឺជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសា​លា​ក្តីខ្មែរក្រហម។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយខុទ្ធកាល័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមហាវិទ្យាល័យច្បាប់ ប៊ីសស្លី នៃសាកលវិទ្យា​ល័យតេមផល សហរដ្ឋអាមេរិក ដោយមានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងផ្តល់ទីកន្លែងដោយទីបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។ វាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់ ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអប់រំ សុខាភិបាល សិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ បានចូលរួមនៅក្នុងសន្និសីទនេះ។

នៅវេលាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើដំណើរជាមួយអ្នករស់រានមានជីវិតចំនួន៣០នាក់ ចេញពីស្រុកស្វាយអន្ទរ ស្រុកពារាំង ស្រុកមេសាង ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅកាន់ក្រុងភ្នំពេញដើម្បីត្រៀមខ្លួនចូលរួមសន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ធ្វើដំណើរតាមរថយន្ត២៥កៅអី ចំនួនពីរគ្រឿង។ ការធ្វើដំណើរត្រូវបែងចែកជាពីរផ្លូវគឺ រថយន្តទី១ ធ្វើដំណើរទៅទទួលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីស្រុកពាមរក៍ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខណៈរថយន្តទី២ ធ្វើដំណើរទៅទទួល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីស្រុកមេសាង និងស្រុកកំពង់ត្របែក។ រថយន្តទាំងពីរគ្រឿងបានទៅមកដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក និងបានចូលទៅស្នាក់នៅក្នុងសណ្ឋាគារ Cambodian Country Club ដែលបានរៀបចំទុកជាស្រេច។

សន្និសីទថ្ងៃទី១ ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៣០នាក់ បានចេញដំណើរពីសណ្ឋាគារ Cambodian Country Club ទៅចូលរួមសន្និសីទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ស្ថិតនៅ «សាលយុត្តិតេជោ» ក្នុងទីបញ្ជាការដ្ឋានកងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ ដែលជាអតីតសាលសវនាការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នៅព្រឹកថ្ងៃទីមួយនៃកម្មវិធី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានស្ដាប់សុន្ទរកថាបើកសន្និសីទលើកទី១ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា, លោក ឆាំង យុ នាយកមជ្ឈ​មណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជ​បណ្ណាល័យហ្លួងម៉ែ។ បន្ទាប់មកលោកស្រី អាលីស វ៉ៃរីមូ ឌីរីទូ ទីប្រឹក្សាពិសេស និងជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងបណ្ឌិត អាលីហ្សាប៊ែត វ៉ាន់ស្កាក់ ជាឯក​អគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកយុត្តិធម៌ព្រហ្មទណ្ឌសកល បានថ្លែងសុន្ទរកថា គន្លឹះទាក់​ទងនឹងអំពើប្រល័យពូជសាសន៍។  កម្មវិធីបន្ត គឺជាការពិភាក្សាអំពីអនុសញ្ញាស្ដីពីការបង្កា និងរារាំងអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឃោរឃៅ។ បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ បានស្តាប់វាគ្មិនជាតិ និងអន្តរជាតិ លើកឡើងអំពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

នៅពេលរសៀលថ្ងៃដដែល វាគ្មិនបានពិភាក្សាគ្នាលើប្រធានបទ «យុត្តិធម៌» និងកេរដំណែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៖ ការទទួលស្គាល់ការចងចាំ និងយុត្តិធម៌សម្រាប់ជនរងគ្រោះ ព្រមទាំងសក្ដានុពលនៃការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ កម្មវិធីចុងក្រោយក្នុងថ្ងៃទី១ គឺលើកឡើងអំពីតួនាទីនៃការអប់រំ ដើម្បីការបង្ការ និងឆ្លើយតបចំពោះឧក្រិដ្ឋកម្មឃោរឃៅ ដោយមានវាគ្មិនចំនួន៦នាក់ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន សាស្រ្ដាចារ្យប្រវត្តិវិទ្យាមកពីប្រទេសវៀតណាម នាយកវិទ្យាស្ថានសិក្សាសង្គមកម្ពុជា សាស្រ្តាចារ្យប្រវត្តិសាស្រ្តមកពីព្រះរាជាណាចក្រថៃ អតីតឯកអគ្គររដ្ឋទូតសាធារណរដ្ឋហ្វីលីពិន, គ្រូប្រវត្តិវិទ្យានៃព្រះរាជាណាចក្រកម្ពុជា និងនិស្សិតស្ម័គ្រចិត្តកម្ពុជាមកពីខេត្តបាត់ដំបង។

សន្និសីទថ្ងៃទី២៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អ្នកចូលរួមទាំងអស់បានស្ដាប់ការពិភាក្សាអំពីសុខភាព សិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងសង្គមក្រោយជម្លោះ។ នៅក្នុងការពិភាក្សានេះ មានវាគ្មិនជាវេជ្ជបណ្ឌិតមកពីក្រសួងសុខាភិបាលកម្ពុជា វេជ្ជបណ្ឌិតមកពីសាធារណរដ្ឋហ្វីលីពីន និងវេជ្ជបណ្ឌិតមកពីអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) និងប្រធានផ្នែកគាំពារជនរងគ្រោះរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ មុនពេលបញ្ចប់កម្មវិធីថ្ងៃទី២ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង បានទស្សនា ខ្សែភាពយន្តឯកសារនៅសាលយុត្តិតេជោដែលមានចំណងជើងថា «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់»។ ខ្សែភាពយន្តឯកសារនេះ គឺនិយាយអំពីសិល្បៈ តន្រ្តី ចម្រៀង ក្នុងអំឡុងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងខ្សែភាពយន្តនេះក៏មានសម្ភាសន៍អ្នកចម្រៀងដែលរស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសង្គមជាក់ស្ដែងពីមួយជំនាន់ទៅមួយជំនាន់។ យើងសង្កេតឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសម្តែងអារម្មណ៍សប្បាយរីករាយ លាយឡំជាមួយភាពសោកសៅនៅពេលទស្សនាខ្សែភាពយន្តឯកសារដ៏កម្រនេះ។

សន្និសីទថ្ងៃទី៣ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់បានស្ដាប់សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពីដំណើរការចរចា និងការបិទបញ្ចប់ការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ នៅពេលកម្មវិធីបញ្ចប់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅក្នុងសាលយុត្តិតេជោ មុននឹងត្រឡប់ទៅកន្លែងស្នាក់នៅវិញ។

នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីហូបអាហារពេលព្រឹករួច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានធ្វើដំណើរត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន ព្រមទាំងសម្តែងការអគុណដល់មជ្ឈមណ្ឌលឯកសាកម្ពុជា និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម ៖

ឯល យូ ភេទប្រុស អាយុ៦១ឆ្នាំ គឺជាជនជាតិភាគតិចចាម រស់នៅភូមិអណ្តូង ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង

ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាស បានជួបសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាលើកទី១សម្រាប់ខ្ញុំ ហើយខ្ញុំក៏ចង់មកចូលរួមសន្និសីទដូចនេះម្តងទៀតដែរ។ ខ្ញុំគិតថាប្រទេសកម្ពុជានឹងមិនកើតមានសង្គ្រាមម្តងទៀតទេ។ បន្ទាប់ពីបានចូលរួមនៅក្នុងសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំទទួលបានចំណេះដឹងច្រើនទាក់ទងនឹងវិធីទប់ស្កាត់អំពើប្រល័យពូជសាសន៍ រួមទាំងការថែទាំសុខភាពសម្រាប់មនុស្ស។ វាគ្មិននីមួយៗបានបង្ហាញយ៉ាងត្រឹមត្រូវអំពីវិធីសាស្ត្រទប់ស្កាត់មិនឲ្យអំពើប្រល័យពូជសាសន៍វិលត្រឡប់មកវិញ តាមរយៈយើងទាំងអស់គ្នាចេះការពារសន្តិភាព និងអប់រំកូនចៅកុំឲ្យប្រព្រឹត្តអំពើហិង្សា។

ខ្ញុំយល់ថា ការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមានរយៈពេលយូរ គឺចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២២ ទើបតុលាការបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទម្រាំតែបានមកដល់សព្វថ្ងៃនេះ សម្តេចបានតវ៉ាទៅអង្គការសហប្រជាជាតិជាច្រើនដងលើបញ្ហាមិនចុះសម្រុងគ្នា។ តុលាការបានកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ពន្ធធានាគារអស់មួយជីវិត គឺត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រជាជន។ កាលពីខ្ញុំមិនទាន់បានមកចូលរួមនៅក្នុងសន្និសីទនេះ ខ្ញុំនៅមានអារម្មណ៍ខឹង ប៉ុន្តែនៅពេលដែលបានស្តាប់វាគ្មិន ពន្យល់ណែនាំរួច ចិត្តរបស់ខ្ញុំក៏បានរំសាយបាត់ទៅវិញប្រហែលជា៧០ភាគរយ។

ពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងផ្សព្វផ្សាយនៅក្នុងវិហារអ៊ិស្លាមប្រាប់កូនចៅមិនឲ្យ ខឹងនិងចងគំនុំជាមួយខ្មែរក្រហមបន្តទៀត ព្រោះទាក់ទងនឹងសិទ្ធិមនុស្ស។ កាលណាមនុស្សនៅតែមានកំហឹង សង្គមទាំងមូលនឹងមិនស្ងប់ ហើយប្រទេសជាតិក៏មិនមានសន្តិភាពដែរ។ ចំពោះការលើកឡើងរបស់វាគ្មិននីមួយៗខ្ញុំទទួលយកបានទាំងអស់ ដោយឡែកចំពោះវាគ្មិនម្នាក់ដែលជាជនជាតិបរទេស និងជាមេធាវីការពារក្តីឲ្យ អៀង សារី និង មាស មុត គឺខ្ញុំមិនយល់ស្របចំពោះការបកស្រាយរបស់គាត់ឡើយ។ គាត់និយាយថា ទង្វើដែលមេដឹកនាំបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហម គឺមិនមែនជាអំពើប្រល័យពូជសាសន៍ទេ។ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើជាអំពើប្រល័យពូជសាសន៍ទេ? បើមេដឹកនាំខ្មែរក្រហមសម្លាប់ប្រជាជនច្រើនយ៉ាងនេះ។ សាច់ញាតិនិងបងប្អូនជនជាតិភាគតិចចាមរបស់ខ្ញុំបានស្លាប់អស់ចំនួន១៨គ្រួសារ រួមទាំងខាងសាច់ថ្លៃរបស់ខ្ញុំ។ វិហារអ៊ិស្លាមត្រូវបានខ្មែរក្រហមវាយកម្ទេចចោល និងវិហារមួយចំនួនទៀតខ្មែរក្រហមយកធ្វើទ្រុងជ្រូក ហើយការគោរព ប្រណិប័តន៍សាសនាក៏ត្រូវបានហាមឃាត់ដែរ។ ខ្ញុំមិនគាំទ្រសម្តីរបស់វាគ្មិននៅត្រង់ចំណុចនេះ។ ទាក់ទងទៅនឹងបញ្ហាសុខភាពរបស់ខ្ញុំ គឺសព្វថ្ងៃ ខ្ញុំមានជំងឺលើសជាតិស្ករ និងលើសឈាម។ ខ្ញុំលេបថ្នាំលើសឈាមទាំង២មុខ ជាប់ជាប្រចាំ។ ខ្ញុំគិតថា ជំងឺទាំងអស់នេះអាចបន្សល់ពីរបបខ្មែរក្រហម ព្រោះខ្ញុំហូបចុក និងសម្រាកមិនបានគ្រប់គ្រាន់ ទើបបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់។ វាគ្មិនបានណែនាំខ្ញុំឲ្យកាត់បន្ថយហូបជាតិផ្អែម និងជាតិប្រៃខ្លាំង ហើយឧស្សាហ៍ហាត់ប្រាណ និងដេកឲ្យបានគ្រប់គ្រាន់។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម ខ្ញុំនៅតូចនៅឡើយ។ សម័យនោះ ខ្ញុំដេកតែនៅវាលស្រែ និងនៅក្នុងព្រៃ។ ខ្ញុំមិនដែលបានហូបផ្លែឈើទេ ហើយនៅពេលរើសបានផ្លែខ្វិត១ផ្លែ យើងនាំគ្នាហូបគ្នាចំនួន៥នាក់។ យើងហូបផ្លែខ្លិតទាំងសម្បកទៀតផង។ បងប្អូនខាងឪពុករបស់ខ្ញុំចំនួន១៥គ្រួសារ និងសាច់ថ្លៃចំនួន៣គ្រួសារទៀតត្រូវខ្មែរក្រហមយកទៅសម្លាប់។ បងប្អូនខ្ញុំមួយចំនួនត្រូវខ្មែរក្រហមយកទៅសម្លាប់នៅទួលសន្លឹម មួយចំនួនសម្លាប់នៅទួលស្រឡៅ មួយចំនួនទៀតសម្លាប់នៅស្នាយពល និងមួយចំនួនទៀតត្រូវបានបញ្ជួនទៅសម្លាប់នៅខេត្តបាត់ដំបង។ ប្រជាជនក្នុងភូមិរបស់ខ្ញុំស្លាប់អស់ជាង១០០គ្រួសារ ដែលសុទ្ធតែជាបងប្អូនជនជាតិភាគតិចចាម។ ចំណែកខ្ញុំ និងបងប្អូនរបស់ខ្ញុំចំនួន១០នាក់ និងឪពុកម្តាយ២នាក់ទៀត ត្រូវបានអង្គការបង្ខំឲ្យហូបសាច់ជ្រូក។ កំឡុងពេលនោះ កងសន្តិសុខ និងកងឈ្លប បានមកសួរខ្ញុំថា រវាងរំពាត់ និងសម្លសាច់ជ្រូក តើខ្ញុំជ្រើសយកមួយណា? ឮការគម្រាមដូច្នេះ ខ្ញុំបង្ខំចិត្តហូប ប៉ុន្តែខ្ញុំហូបតែទឹកៗសម្លប៉ុណ្ណោះ ម្យ៉ាងទៀត ប្រសិនបើខ្ញុំមិនហូប ក៏មិនមានកម្លាំងដើម្បីធ្វើការងារដែរ ជាពិសេសខ្ញុំខ្លាចកងឈ្លបយកទៅសម្លាប់ចោល។ បន្ទាប់ពីហូបសម្លសាច់ជ្រូករួច ខ្ញុំក្អួតចេញមកវិញទាំងអស់។ ថ្ងៃណាដែលខ្ញុំខំប្រឹងធ្វើការខ្លាំង ប្រធានកងឲ្យអំបិលខ្ញុំខ្លះមកហូប។ ការងារដែលអង្គការប្រើឲ្យខ្ញុំធ្វើដំបូង គឺដកស្ទូង ច្រូតស្រូវ ជាន់រហាត់ទឹក ឃ្វាលគោ ឃ្វាលក្របី លើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយពីភូមិត្នោត ទៅភូមិស្រម៉។ មានថ្ងៃខ្លះខ្ញុំហត់ហេវខ្លាំង រហូតគ្មានកម្លាំងដើរឡើយ។ នៅពេលខ្ញុំដើរកាត់ទឹកនៅតាមវាលស្រែម្តងៗ ខ្ញុំលើកជើងចេញពីភក់ស្ទើរមិនរួច។ ការងាររបស់ខ្ញុំគឺពិបាក និងគ្មានពេលសម្រាកឡើយ។ ខ្ញុំនៅក្មេងគឺមានកម្លាំងធ្វើខ្លះ ដោយឡែកចាស់ៗដែលគ្មានកម្លាំងហើយដួលនៅការដ្ឋានការងារ ហើយកងឈ្លបឃើញ គឺកងឈ្លបយកទៅសម្លាប់ចោលតែម្តង។

ខ្ញុំធ្លាប់ឃើញឈ្លបខ្មែរក្រហមយកមនុស្សទៅកសាង។ នៅភូមិត្នោត មានគុកមួយ គឺគុកទទឹងថ្ងៃ ដែលបច្ចុប្បន្នគុកនេះបានក្លាយទៅជាសាលារៀន។ នៅក្នុងគុកទទឹងថ្ងៃនេះ មានអ្នកទោសជាច្រើនត្រូវបានឆ្មាំគុកវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបានឮសំឡេងស្រែកឲ្យជួយ ប៉ុន្តែខ្ញុំមិនហ៊ានទៅមើលទេ។ នៅពេលប្រទេសកម្ពុជារំដោះបាន១ថ្ងៃ ខ្ញុំក៏ចូលទៅមើលក្នុងគុកនោះ ហើយបានឃើញឧបករណ៍ធ្វើទារុណកម្មអ្នកទោសមួយចំនួន ដូចជា  គល់ឬស្សី ភ្លៅរទេះ និងប្រដាប់ដកក្រចក។ រឿងរ៉ាវដែលខ្ញុំឈឺចាប់ខ្លាំងជាងគេ គឺខ្មែរក្រហមបានយកយាយតា ពូ មីង បងប្អូនជីដូនមួយរបស់ខ្ញុំយកទៅសម្លាប់។ គ្រួសាររបស់ខ្ញុំកាលនោះ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទាំងអស់ ភាគច្រើនជម្លៀសទៅកាន់ខេត្តបាត់ដំបង។ កាលនោះមាន កម្មាភិបាលខ្មែរក្រហមឈ្មោះ វ៉េត បានមកបង្ខំប្រជាជនឲ្យចេញពី ប្រសិនបើនរណាមិនព្រមចាក់ចេញ គាត់នឹងបាញ់សម្លាប់ចោលតែម្តង។ អំឡុងពេលនោះ ខ្ញុំរស់នៅភូមិត្នោតនៅឡើយ ហើយហៀបនឹងចាកចេញពីភូមិ ស្រាប់តែវៀតណាមបានចូលមកដល់ និងប្រាប់ខ្ញុំឲ្យត្រឡប់ភូមិកំណើតវិញ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រទេសជាតិមានសុខសន្តិភាព ហើយខ្ញុំបានប្រកបរបរនេសាទត្រីរហូតដល់ឆ្នាំ២០១០។ បច្ចុប្បន្ន ខ្ញុំជាអ៊ីមុំានៅក្នុងវិហារចាមក្នុងស្រុកពារាំង។

ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅក្មេងៗជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹង ធ្វើយ៉ាងកុំឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងម្តងទៀត។

ខ្ញុំឈ្មោះ មី មីន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង

នៅពេលដែលខ្ញុំបានចូលរួមសន្និសីទលើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថារំភើប ព្រោះបានជួបជាសម្តេច ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះគឺមានវាគ្មិនជាច្រើនរូបទៀត ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ព្រមទាំងមានជំនាញផ្នែកសុខភាព និងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ។ វាគ្មិនទាំងអស់បាននិយាយយ៉ាងច្បាស់លាស់អំពីវិធីសាស្ត្រមិនឲ្យកើតមានអំពើប្រល័យពូជសាសន៍វិលត្រឡប់មកវិញសារជាថ្មី តាមរយៈការទប់ស្កាត់មិនឲ្យកើតមានអំពើហិង្សា និងការចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ចំណេះដឹងដែលខ្ញុំទទួលបានពីកម្មវិធី ខ្ញុំនឹងយកទៅចែករំលែកជាមួយកូនចៅរបស់ខ្ញុំ។ ខ្ញុំនឹងប្រាប់ចៅៗរបស់ខ្ញុំដែលជាក្មេងជំនាន់ក្រោយឲ្យមានឆន្ទៈល្អ គុណធម៌ល្អ និងសុជីវធម៌ល្អ នៅក្នុងសង្គម។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម ខ្ញុំគិតថាមិនយូរប៉ុន្មានទេ ព្រោះដើម្បីធ្វើយ៉ាងណាឲ្យការកាត់ទោសមានប្រសិទ្ធភាព។ ខ្ញុំគិតថាការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺយុត្តិធម៌ និងត្រឹមត្រូវសម្រាប់ប្រជាជនទាំងអស់គ្នា។

រហូតមកដល់បច្ចុប្បន្ន ខ្ញុំមិនមានចិត្តខឹងមេដឹកនាំខ្មែរក្រហមទេ ព្រោះគាត់បានជាប់ទោសទៅតាមផ្លូវច្បាប់ហើយ។ ម្យ៉ាងវិញទៀត រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានសុខសប្បាយ និងមានអាហារហូបចុកគ្រប់គ្រាន់។ សព្វថ្ងៃប្រទេសជឿនលឿន មានសាលារៀន មានមន្ទីរពេទ្យ មានផ្សារសម្រាប់ទិញអីវ៉ាន់ មានវត្តអារាមសម្រាប់ធ្វើបុណ្យនាំឲ្យចិត្តខ្ញុំជ្រះថ្លា។ នៅពេលដែលខ្ញុំដឹងថា មេដឹកនាំខ្មែរក្រហមដែលជាប់ឃុំនៅក្នុងពន្ធនាគាររស់នៅដោយសុខស្រួល ខ្ញុំក៏មានអារម្មណ៍អន់ចិត្តបន្តិចបន្តួចដែរ។ សព្វថ្ងៃ ខ្ញុំឧស្សាហ៍ហេវហត់ និងអស់កម្លាំង។ ខ្ញុំគិតថា ជំងឺនេះគឺជាជំងឺដែលបានបន្សល់ទុកពីរបបខ្មែរក្រហម ព្រោះកាលនោះខ្ញុំធ្វើការងារធ្ងន់ និងបាក់កម្លាំង។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានប្រធានកងប្រើឲ្យសែងអាចម៍គោ ទូលជីដាក់ស្រែ ឃ្វាលគោ ច្រូតស្មៅ និងរែកដី។ កាលនោះខ្ញុំនៅកុមារនៅឡើយ ដូច្នេះមានគ្រូចាំដឹកនាំខ្ញុំធ្វើការងារប្រចាំថ្ងៃ។ កាលនោះ ខ្ញុំជួបការលំបាកខ្លះដែរ ព្រោះត្រូវងើបទៅសែងអាចម៍គោតាំងពីព្រលឹមស្រាងៗ ប្រសិនបើខ្ញុំទៅមិនទាន់ អ្នកគ្រូនឹងស្តីបន្ទោសខ្ញុំ។ កាលនោះខ្ញុំមានអាយុចន្លោះពី១៤-១៥ឆ្នាំ និងមិនបានរស់នៅជួបជុំគ្នាជាមួយឪពុកម្តាយទេ គឺទាល់តែដល់ម៉ោងសម្រាកហូបអាហារ ទើបយើងបានជួបមុខគ្នា។ នៅក្នុងវ័យកុមារ ខ្មែរក្រហមមិនសូវស្តីបន្ទោសឲ្យខ្ញុំទេ ប៉ុន្តែខ្ញុំបាក់កម្លាំងដោយសារការហូបចុកមិនគ្រប់គ្រាន់។

ខ្ញុំធ្លាប់ឮថា ឈ្លបយកមនុស្ស ជាច្រើននាក់ទៅសម្លាប់នៅវត្តហោត្រៃ។ លុះពេលយប់ ឈ្លបដឹកសាកសពទាំងអស់ទៅកប់នៅមាត់ស្ទឹង។ លោកតា រស់ អាំងឡេង គឺជាអ្នកដែលបានដឹកសាកសពនោះទៅកប់ដោយផ្ទាល់។ បន្ទាប់ពីគាត់បានឃើញមនុស្សត្រូវបានសម្លាប់ច្រើនពេក គាត់ក៏ចាប់ផ្តើមភិតភ័យ។ តា រស់ អាំងឡេង ពេលដែលគាត់នៅរស់បានប្រាប់ខ្ញុំថា ចាប់តាំងពីគាត់ឃើញសាកសពដែលត្រូវបានឈ្លបសម្លាប់កាន់តែច្រើន ធ្វើឲ្យគាត់ភ័យរន្ធត់ និងខ្លាចជារៀងរាល់ថ្ងៃ និងហូបអាហារលែងបាន។ ភាពភ័យខ្លាចរបស់គាត់ បានធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ ចំណែកខ្ញុំវិញក៏ភ័យដែរ ប៉ុន្តែខ្ញុំមិនដែលហ៊ាននិយាយទេ។ ពេលខ្ញុំត្រឡប់មកពីធ្វើការវិញ គឺខ្ញុំងូតទឹក និងចូលដេកយ៉ាងស្ងៀមស្ងាត់។ ក្មេងៗដទៃទៀតក៏មិនហ៊ានលេង ឬមាត់ឡូឡាដែរ ព្រោះខ្លាចអ្នកគ្រូស្តីបន្ទោស។ កាលនោះ ខ្ញុំនិងក្មេងៗចំនួន៣០នាក់ទៀត គឺរស់នៅក្នុងផ្ទះរបស់អ្នកគ្រូ ឃុន។ ការរស់នៅជាមួយក្មេងដទៃទៀត គឺមានការលំបាកដែរ ប៉ុន្តែនៅពេលដែលខ្ញុំរស់នៅជាមួយគ្នាយូរទៅ ក៏ស្រឡាញ់រាប់អានគ្នាដូចបងប្អូន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំជួបការលំបាកខ្លាំង គឺហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំធ្លាប់យំដោយសារតែខ្ញុំទទួលបានបបរតិចជាងគេ។  ក្រោយរំដោះឆ្នាំ១៩៧៩ ខ្ញុំប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ។

ជាចុងក្រោយខ្ញុំសូមផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយ កុំឲ្យមានចិត្តគុំគួនគ្នា សូមជួយការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។

ខ្ញុំឈ្មោះ ឆាន់ យ៉ាន ភេទប្រុស មានអាយុ៦៨ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង

នៅពេលដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ខ្ញុំសប្បាយរីករាយ ព្រោះបានរំឭកឡើងវិញអំពីរឿងរ៉ាវក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ចំណេះដឹងដែលខ្ញុំទទួលបានពីការចូលរួមនៅក្នុងកម្មវិធីសន្និសីទលើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» នេះ គឺដើម្បីការពារកុំឲ្យអំពើប្រល័យពូជសាសន៍កើតឡើងវិញសារជាថ្មីម្តងទៀត និងត្រូវចូលរួមទប់ស្កាត់អំពើហិង្សា និងចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ នៅពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងអប់រំណែនាំកូនចៅបន្ថែមទៀតឲ្យជៀសឆ្ងាយពីអំពើហិង្សា។

ខ្ញុំគិតថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺត្រឹមត្រូវទៅតាមច្បាប់អន្តរជាតិហើយ។ ខ្ញុំគ្រាន់តែរំឭកដល់កូនចៅជំនាន់ក្រោយ បើខឹងគ្នាកុំវាយតប់គ្នា។ ក្រោយពេលរបបខ្មែរក្រហមដួលរលំភ្លាម ខ្ញុំខឹងនឹងរបបខ្មែរក្រហមខ្លះដែរ ព្រោះកាលនោះខ្ញុំមិនមានបាយហូបគ្រប់គ្រាន់។ ក្រោយមក កំហឹងរបស់ខ្ញុំក៏ចាប់ផ្តើមសាបរលាបម្តងបន្តិចៗ ដោយសារតែសង្គមបច្ចុប្បន្ននេះគឺសម្បូរសប្បាយ ហើយប្រជាជនរស់នៅបានសុខស្រួល។ ម្យ៉ាងទៀត ប្រជាជនខ្មែរគឺជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលអប់រំមនុស្សមិនឲ្យមានចិត្តគុំគួន និងចងកម្មចងពៀរនឹងគ្នា។ ប្រសិនបើយើងនៅតែមានគំនិតខឹង គឺអាចតដល់កូនចៅ។ សព្វថ្ងៃខ្ញុំមានជំងឺហត់ ហើយជំងឺនេះបានបន្សល់ទុកពីសម័យខ្មែរក្រហម ព្រោះកាលនោះខ្ញុំធ្វើការលីសែងច្រើន។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

នៅចន្លោះឆ្នាំពី១៩៧៥ ដល់ ឆ្នាំ១៩៧៦ អង្គការប្រើខ្ញុំឲ្យជីកប្រឡាយនៅភូមិស្តៅ។ ក្រោយមកអង្គការសួរខ្ញុំថា តើមិត្តចេះភ្ជួរដែរឬទេ? ខ្ញុំឆ្លើយថាចេះ។ អង្គការសាកឲ្យខ្ញុំកាន់នង្គ័លចំនួន១ថ្ងៃ ហើយឃើញខ្ញុំចំណាប់នឹងការងារភ្ជួររាស់ ក៏ឲ្យខ្ញុំកាន់នង្គ័លភ្ជួររយៈពេល១ឆ្នាំបន្តទៀត។ ក្រោយមកទៀត អង្គការបានផ្លាស់ខ្ញុំទៅនៅក្រុមដឹកជញ្ជូន។ កាលនោះខ្ញុំដឹកអីវ៉ាន់ទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកឡើយ។

មានពេលមួយ ខ្ញុំដឹកឧសពីភូមិស្តៅ ទៅភូមិព្រៃកណ្តៀង ប៉ុន្តែចៃដន្យស្រាប់តែគោផ្អើល ក៏ក្រឡាប់បាក់ទូករទេះទាំងសងខាង។ ពេលខ្ញុំត្រឡប់មកដល់ភូមិវិញ ប្រធានភូមិបានហៅខ្ញុំទៅសួរនាំអំពីការបាក់ទូករទេះនោះ។ គាត់សួរខ្ញុំថា ហេតុអីបានជាមិត្តធ្វើឲ្យរទេះបាក់? ខ្ញុំបានប្រាប់ទៅតាមដំណើររឿងខាងលើ។ ប្រធានភូមិបានបន្ទោសខ្ញុំថា មិត្តឯងធ្វេសប្រហែសនឹងការងារ។ ប្រធានភូមិបានឃុំខ្ញុំនៅក្នុងឃ្លាំងដាក់អីវ៉ាន់ ហើយមិនឲ្យចេញទៅណាឡើយ។ ខ្ញុំភ័យយ៉ាងខ្លាំងណាស់ ព្រោះមិនដឹងថា ខ្ញុំត្រូវស្លាប់ឬយ៉ាងណានោះទេ។ ខ្ញុំជាប់ឃុំអស់រយៈពេល៣យប់ ទើប តា អ៊ួន ដែលជាប្រធានសហករណ៍ឃុំព្រៃកណ្តៀង បានមកសួរនាំខ្ញុំអំពីរឿងរ៉ាវដែលបានកើតឡើង។ បន្ទាប់មកគាត់ក៏បានដោះលែងខ្ញុំឲ្យត្រឡប់មកផ្ទះវិញ។ ពេលនោះខ្ញុំបានធូរស្រាលអារម្មណ៍ ប៉ុន្តែក៏មិនទាន់ជ្រះស្រឡះនៅក្នុងចិត្តទេ។ តាអ៊ូន បានហៅខ្ញុំទៅប្រជុំនៅផ្ទះរបស់គាត់ និងប្រាប់ថាមិត្ត យ៉ាត ឯង និងមនុស្សចំនួន៥នាក់ទៀតត្រូវទៅកាប់ព្រៃនៅស្ទឹងស្លូតក្បែរអ្នកលឿង រួចដាំពោតនៅទីនោះ។ ខ្ញុំនិយាយថាពូអើយ ខ្ញុំគ្មានកាំបិតទេ​ ហើយខ្ញុំក៏បានស្នើសុំកាំបិតមួយ។ ខ្ញុំស្នើនេះគឺសាកមើល ចិត្តរបស់ តាអ៊ូន ប្រសិនបើគាត់យកកាំបិតឲ្យខ្ញុំមានន័យថា គាត់មិនសម្លាប់ខ្ញុំទេ។ តាអ៊ូន ក៏បានប្រាប់ថា ចាំអញយកកាំបិតឲ្យមួយ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើដំណើរចេញទៅ។ ខ្ញុំ និងអ្នកភូមិផ្សេងទៀតបានសម្រាកនៅសាលាស្រុកពាមរក៍ចំនួន២យប់ រង់ចាំមនុស្សមកពីឃុំផ្សេងទៀតមកជុំគ្នា ទើបធ្វើដំណើរចេញទៅតាមផ្លូវវត្តចាក់ខ្លាញ់ជាមួយគ្នា។ ខ្ញុំធ្វើការនៅស្ទឹងស្លូតមិនបានប៉ុន្មានផង ស្រាប់តែឮដំណឹងថាមានព្រឹត្តិការណ៍តាមចាប់ សោ ភឹម។

ក្រោយមក ដោយសារនៅកន្លែងខ្ញុំខ្វះខាតស្បៀងអាហារ អង្គការក៏បញ្ជួនកងរបស់ខ្ញុំត្រឡប់មកភូមិវិញ។ នៅពេលត្រឡប់មកដល់ភូមិវិញ តាគើត ឡើងជាប្រធានសហករណ៍ថ្មី។ ចំណែកខ្ញុំមានរូបរាងស្គមស្គាំង ព្រោះនៅស្ទឹងស្លូតមិនមានអាហារហូបគ្រប់គ្រាន់។ ពេលនោះមានកងឈ្លបម្នាក់ឃើញខ្ញុំ ក៏អាណិត ហើយឲ្យខ្ញុំទៅគាស់ដំឡូងយកមកស្ងោរហូបទាំងអស់គ្នា។ ប៉ុន្តែពេលនោះ កងឈ្លបម្នាក់ទៀតបានតាមដានដឹងថាខ្ញុំលួចគាស់ដំឡូង ក៏យកដំឡូងដែលខ្ញុំគាស់បានទៅបោះចោលទាំងអស់។

ថ្ងៃមួយ ខ្ញុំនិងមិត្តភក្តិចំនួន៤នាក់ទៀត ទៅអង្គុយលេងក្រោមដើមពោធិ៍នៅមុខវត្តព្រៃកណ្តៀង ស្រាប់តែឃើញកងទ័ពវៀតណាមមួយក្រុមដើរចូលមក រួចយកកាំភ្លើងភ្ជង់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំលើកដៃនិងធ្វើកាយវិការ ទើបកងទ័ពវៀតណាមទាំងអស់នោះដោះលែង និងប្រាប់ខ្ញុំឲ្យត្រឡប់មកផ្ទះវិញ។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ  ខ្ញុំបានចូលធ្វើជាទាហានបានរយៈពេល១ខែក៏ឈប់ ហើយមកប្រកបរបរបិទស្រាលក់។ បច្ចុប្បន្ន ខ្ញុំមិនមានមុខរបរអ្វីទេ ខ្ញុំនៅផ្ទះមើលថែចៅ និងជួយមើលស្រែចម្ការឲ្យកូន។

នាងខ្ញុំឈ្មោះ សយ យ៉ុម មានអាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង

ក្រោយពីបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»  រួច ធ្វើឲ្យខ្ញុំបានយល់ដឹងពីការទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតឡើងម្ដងទៀត។ យើងត្រូវនាំគ្នាជួយផ្សព្វផ្សាយដល់កូនចៅកុំឲ្យប្រព្រឹត្តអំពើមិនល្អ មិនត្រូវប្រើអំពើហិង្សា ត្រូវចេះជួយការពារប្រទេសជាតិ ដូចសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ដល់ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល» និងពាក្យមួយទៀត «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល» ដែលលោកចង់មានន័យថា យើងជាអ្នករំដោះជាតិខិតខំកសាងរហូតមានសាលារៀន មានវត្តអារាម មានមន្ទីរពេទ្យ និងមានអ្វីៗអស់ហើយ ទើបគេមកយកមុខយកមាត់ទាំងដែលពេលមានបញ្ហាគេមិនបានជួយយើងទេ។ នៅពេលមានស្រាប់ គេចង់កាន់កាប់អំណាច ចង់គ្រប់គ្រងប្រទេសជាតិ។

បន្ទាប់ពីបានចូលរួមកម្មវិធីនេះរួច ខ្ញុំយល់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺពិតជាត្រឹមត្រូវហើយ។ ជាការពិតណាស់ ខ្ញុំនៅតែមានការខឹងសម្បារទៅលើមេដឹកនាំខ្មែរក្រហម ក៏ប៉ុន្តែយើងមិនអាចយកកំហឹងទៅដោះស្រាយបញ្ហាឡើយ។ តុលាបានកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ឃុំឃាំងដោយមិនបានប្រើអំពហិង្សាទៅលើគាត់ បើទោះបីជាគាត់ធ្លាប់ប្រើអំពើហិង្សាមកលើប្រជាជនខ្មែរក៏ដោយ។ ខ្ញុំយល់ថាយើងមិនត្រូវធ្វើតម្រាប់តាមមេដឹកនាំខ្មែរក្រហមនោះទេ យើងត្រូវធ្វើឲ្យគាត់ដឹងថា បើទោះបីជាគាត់ជាប់ទោសក៏ពិតមែន ប៉ុន្តែគាត់អាចរស់នៅស្រួល ហូបចុកគ្រប់គ្រាន់ មានពេទ្យមើលថែត្រឹមត្រូវ មិនដូចកាលដែលគាត់ធ្លាប់ធ្វើដាក់លើប្រជាជនខ្មែរទេ ដូចពាក្យនៅក្នុងធម៌ព្រះ លោកមានសង្ឃដីការថា «កុំចងកម្មចងពារ»។ បើទោះបីជាការកាត់ទោសមេដឹកនាំខ្មែរក្រហមមានរយៈពេលយូរក៏ខ្ញុំពេញចិត្តដែរ ព្រោះបានកាត់ទោសគាត់មិនបណ្ដោយឲ្យគាត់រួចខ្លួនពីអំពើដែលគាត់ធ្លាប់បានធ្វើមកលើប្រជាជនខ្មែរឡើយ។

ខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយពីរបបខ្មែរក្រហមឲ្យកាន់តែច្រើនទៅកាន់បងប្អូន កូនចៅ ដើម្បីទប់ស្កាត់កុំឲ្យកើតមានរបបប្រល័យពូជសាសន៍នេះម្ដងទៀត។ សន្និសីទនេះ ក៏ជាចំណែកមួយក្នុងការជួយរកយុត្តិធម៌ដល់ខ្ញុំ ព្រមទាំងនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកជួបជុំគ្នា និងលើកឡើងនូវទុក្ខលំបាក វេទនាដែលខ្ញុំធ្លាប់ឆ្លងកាត់ ព្រោះយុវជនមួយចំនួនមិនជឿថាមានរបបខ្មែរក្រហមកើតឡើងឡើយ។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំមានប្ដីឈ្មោះ ឈិន សុខន និងមានកូនចំនួន២នាក់ គឺស្រីម្នាក់ និងប្រុសម្នាក់។ កាលពីរបបខ្មែរក្រហម ខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមប្រើខ្ញុំឲ្យជីកប្រឡាយគ្មានពេលសម្រាកឡើយ និងមិនមានអាហារហូបគ្រប់គ្រាន់ទេ គឺមានតែសម្លររាវៗប៉ុណ្ណោះ។ ខ្ញុំត្រូវក្រោកម៉ោង៣ទៀបភ្លឺទៅជីកព្រែក។ ពេលនោះ ខ្ញុំមិនចង់ក្រោឡើយ ហើយខ្ញុំសន្លប់ជាញឹកញាប់ដោយសារតែហូបមិនឆ្អែត ប៉ុន្តែសំណាងល្អប្រធានកងមិនបានធ្វើបាបខ្ញុំ ទើបខ្ញុំបានរស់មកដល់សព្វថ្ងៃ។

ថ្ងៃមួយម្ដាយរបស់ខ្ញុំ ឃើញខ្ញុំស្គមខ្លាំងពេក គាត់ក៏ទៅលួចចេកនួនមួយស្និតមកស្ងោរឲ្យខ្ញុំហូប។ នៅពេលស្ងោរចេក ម្តាយរបស់ខ្ញុំបានយកភួយមកបាំង ប៉ុន្តែដៃដន្យកងឈ្លបមកឃើញ។ ឈ្លបនោះបានចោទម្ដាយរបស់ខ្ញុំថាខ្មាំង ប៉ុន្តែម្តាយរបស់ខ្ញុំបានអង្វរឈ្លបនោះទើបបានរួចខ្លួន។ ចំណែកឪពុករបស់ខ្ញុំ បានលួចស្រូវមួយកណ្តាប់យកមកលីង និងបុកហូប ត្រូវកងឈ្លបវាយគាត់ ហើយយកគាត់ទៅឃុំឃាំងរយៈពេល១ខែ។ ថ្ងៃមួយខ្ញុំហៀបនឹងស្លាប់នៅកោះជ័យ ព្រោះខ្មែរក្រហមបានជីករណ្ដៅទំហំ២៤ម៉ែត្របួនជ្រុងរួចជាស្រេច។ ខ្មែរក្រហមរៀបចំផែនការហៅកងចល័តប្រមាណ១០០០នាក់មកធ្វើមេទ្ទីញ និងបម្រុងវាយដាក់ក្នុង១រណ្ដៅ។ ពេលឮព័ត៌មាននេះ ក្រុមរបស់ខ្ញុំរៀបគម្រោងរត់គេចខ្លួន ក៏ស្រាប់តែមានកងទ័ពរណសិរ្ស និងកងទ័ពវៀតណាមចូលមករំដោះ ទើបខ្ញុំបានរួចខ្លួន។

ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកចូលរួមសន្និសីទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាន៍» ព្រោះខ្ញុំបានជួបសម្តេចបរវធិបតី​ ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន។  ប្រសិនបើគ្មានសម្ដេចតេជោ ហ៊ុន សែន ខ្ញុំក៏មិនបានរស់មកដល់សព្វថ្ងៃដែរ។ បើគ្មានកម្មវិធីនេះទេ ខ្ញុំក៏មិនបានស្គាល់សាលយុត្តិតេជោដែរ។

ខ្ញុំបាទឈ្មោះ ឡុង សំអុល អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិបឹងខ្យង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ពេលខ្ញុំចូលរួមសន្និសីទ លើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំបានជួបជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្គាល់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបានជួបវាគ្មិនជាតិ វាគ្មិនអន្តរជាតិ និងគ្រូពេទ្យជំនាញដែរ។ ខ្ញុំនៅចាំបានថា វាគ្មិនបាននិយាយអំពីច្បាប់កាត់ទោសមេដឹកនាំខ្មែរក្រហម និងនិយាយអំពីការទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍ឡើងម្ដងទៀត។

នៅពេលទៅដល់ផ្ទះវិញ ខ្ញុំនឹងចែលរំលែកចំណេះដឹងទាំងនេះទៅកាន់អ្នកជុំវិញខ្លួន ជាពិសេសចៅៗដែលកើតមិនទាន់ឲ្យគាត់បានដឹង និងជឿថារបបខ្មែរក្រហមពិតជាមានពិតមែន។ ខ្ញុំក៏នឹងចែករំលែកចំណេះដឹងទាំងអស់ដែលខ្ញុំទទួលបាន ដល់បងប្អូននៅក្នុងឃុំសង្កាត់របស់ខ្ញុំដើម្បីឲ្យគាត់យល់ដឹងកាន់តែច្បាស់អំពីរបបប្រល័យពូជសាសន៍។ ខ្ញុំនឹងយករូបថត និងឯកសារដែលខ្ញុំទទួលបានមកធ្វើជាភស្ដុតាងឲ្យអ្នកភូមិជឿថា ខ្ញុំបានមកចូលរួមសន្និសីទនេះពិតប្រាកដមែន។

ខ្ញុំគិតថា ការកាត់ទោសមេដឹកនាំខ្មែក្រហមគឺពិតជាត្រឹមត្រូវ និងស្របតាមច្បាប់ដែលបានតាក់តែង។ បើទោះបីជាការកាត់ទោសមេដឹកនាំខ្មែរក្រហមយូរក៏ដោយ ក៏ខ្ញុំមិនមានជាការខកចិត្តដែរ ព្រោះ តុលាការបានកាត់ទោសឲ្យមេដឹកនាំខ្មែក្រហមជាប់ពន្ធនាគារអស់មួយជីវិត។ ខ្ញុំមិនមានការខឹងសម្បារមេដឹកនាំខ្មែរក្រហម ដែលបានរស់នៅសុខស្រួលក្នុងមន្ទីឃុំឃាំងទេ ព្រោះយើងធ្វើឲ្យខុសពីរបបរបស់គាត់ដែលបង្អត់អាហារប្រជាជន និងឲ្យប្រជាជនធ្វើការងារធ្ងន់ៗ។ ដោយឡែកនៅពេលដែលយើងដាក់ទោសគាត់ គឺយើងឲ្យគាត់រស់នៅស្រួល មានអាហារឲ្យគាត់ហូបគ្រប់គ្រាន់ មិនមានការធ្វើបាបគាត់ និងមានពេទ្យព្យាបាលជំងឺឲ្យគាត់ទៀត។ ខ្ញុំយល់ថា ទាំងនេះគឺជាមេរៀនសម្រាប់គាត់ដែលធ្វើឲ្យគាត់មានការសោកស្ដាយនូវរាល់ទង្វើដែលគាត់ធ្លាប់ធ្វើមកលើប្រជាជនខ្មែរ និងជាមេរៀនសម្រាប់កូនចៅជំនាន់ក្រោយក្នុងការទប់ស្កាត់អំពើហិង្សា។

ខ្ញុំនៅតែមានចិត្តខឹងសម្បារមេដឹកនាំខ្មែក្រហម ប៉ុន្តែខ្ញុំមិនគុំកួនប៉ុនប៉ងសងសឹកគាត់ទេ គឺទុកឲ្យច្បាប់ជាអ្នកកាត់ទោសគាត់ដើម្បីរកយុត្តិធម៌ឲ្យភាគីទាំងសងខាង។ ខ្ញុំមានវិធីសាស្រ្តពីរក្នុងការទប់ស្កាត់កុំឲ្យកើតមានរបបប្រល័យពូជសាសន៍ម្ដងទៀត គឺ ទី១) ការរួបរួមចិត្ត និងអប់រំចិត្តតាមបែបព្រះពុទ្ធសាសនា និងទី២) ការរួមចំណែកជាមួយរាជរដ្ឋាភិបាកក្នុងការទប់ស្កាត់កុំឲ្យកើតមានរបបប្រល័យពូជសាសន៍ម្ដងទៀត។

ខ្ញុំយល់ថាសន្និសីទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាន៍» ក៏ជាចំណែកមួយក្នុងការជួយរកយុត្តិធម៌សម្រាប់ខ្ញុំ និងបងប្អូនដែលសេសសល់ពីរបបខ្មែរក្រហម។ ខ្ញុំសូមអរគុណសម្ដេចដែលបានជួយរកយុត្តិធម៌ឲ្យខ្ញុំដែលជាអ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងមិនបានបំភ្លេចពីទុក្ខលំបាកដែលខ្ញុំធ្លាប់បានឆ្លងកាត់។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំមានកូន៥នាក់គឺ ស្រី២នាក់ និងប្រុស៣នាក់។ កាលពីរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ២៥ឆ្នាំ ពេលនោះខ្ញុំមានគ្រួសារ និងមានកូនហើយ។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យជីកព្រែក ដូចជាទាសករ។ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ហើយមិនបានដេកគ្រប់គ្រាន់ទៀត។ ខ្ញុំបានបាត់បង់់បងស្រីឈ្មោះ ឡុង សំអង អាយុមាណ៣០ឆ្នាំនៅពេលនោះ។ ខ្មែរក្រហមបានជម្លៀសបងស្រីខ្ញុំចេញពីផ្ទះ ហើយខ្ញុំមិនដឹងថាគាត់ស្លាប់ឬរស់ឡើយ។ រហូតមកដល់សព្វថ្ងៃនេះ នៅពេលដែលខ្ញុំធ្វើការជីកដី និងលើកដីម្ដងៗធ្វើឲ្យខ្ញុំនឹកឃើញរាល់ការឈឺចាប់បន្សល់ពីរបបខ្មែរក្រហម។ ខ្ញុំអស់កម្លាំង និងទ្រុឌទ្រោម បណ្ដាយមកពីរបបខ្មែរក្រហម។ ខ្ញុំសប្បាយចិត្តដែលបានមកចូលរួមសន្និសីទនេះ ព្រោះក្រោយពីបានស្ដាប់សម្ដេចតេជោ ហ៊ុន សែន និងវាគ្មិនរួចមក ធ្វើឲ្យខ្ញុំមានការធូរស្រាលក្នុងចិត្ត។ ខ្ញុំសូមឲ្យមានការកាត់ទោសទៅជនណាដែលមិនជឿថាមានរបបប្រល័យពូជសាសន៍ និងសូមឲ្យមានការផ្សព្វផ្សាយពីរបបខ្មែរក្រហម តាមបែបព្រះពុទ្ធសាសនាឲ្យបានកាន់តែទូលំទូលាយ។

ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌល់ឯកសារកម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង និងនាំឲ្យខ្ញុំស្គាល់មនុស្សជាច្រើន ហើយកាន់តែពិសេសធ្វើឲ្យខ្ញុំបានជួបសម្ដេចទាំងពីរ ដូច្នេះខ្ញុំពិតជាអរគុណខ្លាំងណាស់។ ខ្ញុំសូមឲ្យមានកម្មវិធីបែបនេះយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ដើម្បីជាការចងចាំ និងដាស់សតិប្រជាជនគ្រប់រូបការពារកុំឲ្យរបបប្រល័យពូជសាសន៍កើតមានជាលើកទីពីរ។

ខ្ញុំបាទឈ្មោះ គឹម យ៉ង់ មានអាយុ៧៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង

បន្ទាប់ពីបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាន៍» ខ្ញុំបានយល់ដឹងពីការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍ បានដឹងពីដំណើរការការកាត់ទោសមេដឹកនាំខ្មែរក្រហម និងបានជួបវាគ្មិនជាច្រើននាក់ទៀត។ នៅពេលត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានទៅប្រាប់ដល់ក្មេងៗ ព្រោះក្មេងៗភាគច្រើនមិនជឿថាមានរបបខ្មែរក្រហម គឺមានតែអ្នកកើតជំនាន់ខ្ញុំទេដែលធ្លាប់ឆ្លងកាត់របបនោះ។

ខ្ញុំគិតថា ការកាត់ទោសមេដឹកនាំខ្មែក្រហមពិតជាត្រឹមត្រូវស្របតាមច្បាប់ដែលបានតាក់តែង។ បើទោះបីជាការកាត់ទោសយូរក៏ដោយ ក៏ខ្ញុំមិនខកចិត្តដែរ។ ខ្ញុំពិតជាមានការខឹងមេដឹកនាំខ្មែរក្រហមណាស់ ព្រោះធ្វើឲ្យខ្ញុំបែកបាក់បងប្អូនជាច្រើននាក់។ ទោះបីជា មេដឹកនាំខ្មែរក្រហមដែលជាប់នៅក្នុងមន្ទីឃុំឃាំងបានរស់នៅសុខស្រួលក៏ដោយ ក៏ខ្ញុំមិនចង់សងសឹកឬធ្វើដាក់គាត់ដូចដែលគាត់ធ្លាប់ធ្វើដាក់ប្រជាជនខ្មែរដែរ។ ក្នុងនាមខ្ញុំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ខ្ញុំនឹងណែនាំកូនចៅជំនាន់ក្រោយឲ្យបានយល់ដឹងកាន់តែច្រើនអំពីផលវិបាកនៃសង្រ្គាម ដើម្បីទប់ស្កាត់់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត។ ខ្ញុំយល់ថាសន្និសីទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាន៍» ក៏ជាចំណែកមួយក្នុងការជួយរកយុត្តិធម៌ដល់ខ្ញុំ និងធ្វើឲ្យខ្ញុំលែងមានចិត្តខឹងគុំកួនដូចពីមុនទៀត។

រឿងរ៉ាវសង្ខេបរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម

កាលពីរបបខ្មែរក្រហមខ្ញុំមានអាយុ៣០ឆ្នាំ។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើស្រែ។ កាលនោះខ្ញុំលំបាកខ្លាំងណាស់ ព្រោះហូបតែបបរ ហើយមិនមានផ្ទះសម្បែងរស់នៅសមរម្យឡើយ។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យទៅធ្វើស្រែនៅស្រុកកំពង់ត្របែក។  អំឡុងពេលមានព្រឹត្តិការណ៍តាមចាប់ សោ ភឹម ខ្មែរក្រហមបាននាំយកប្រពន្ធកម្មាភិបាល និងទាហានខ្មែរក្រហមនៅខាងបូព៌ាទៅសម្លាប់ ដោយមិនបានប្រាប់ពីមូលហេតុជាក់លាក់ឡើយ។ ក្រោយមក ទើបកងទ័ពរណសិរ្សនិងកងទ័ពវៀតណាមចូលមករំដោះ ទើបធ្វើឲ្យខ្ញុំបានរស់នៅជួបជុំបងបងប្អូនម្ដងទៀត។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»