-សូមគោរព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-សូមគោរព ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
-សូមគោរព លោកជំទាវ អាលីស វ៉ៃរីមូ ឌឺរីទូ អគ្គលេខាធិការរង និង ជាទីប្រឹក្សាពិសេស របស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍
-សូមគោរព លោកជំទាវ ប៊េត វ៉ាន់សាក់ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ការិយាល័យយុត្តិធម៌ព្រហ្មទណ្ឌសកល នៃក្រសួងការប្រទេសសហរដ្ឋអាមេរិក
-សូមគោរព ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
-សូមគោរព អ៊ំ ពូ មីង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្អូនៗដែលជាអ្នកស្រាវជ្រាវ
វ័យក្មេង ជាទីគោរព និងជាទីស្នេហា!
ខ្ញុំបាទ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ សូមគោរពស្វាគមន៍សន្និសីទលើកទី១ ក្រោមប្រធានបទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ ទូលព្រះបង្គំ ខ្ញុំបាទសូមថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ មានជាអាទិ៍ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទ និងនាយនគរបាល ពលនគរបាលជាតិ។
ខ្ញុំបាទសូមដឹងគុណដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលតែងតែផ្តល់ជំនួយគាំទ្រយ៉ាងខ្ជាប់ខ្ជួន មកមជ្ឈមណ្ឌលឯកសារកម្ពុជា។ សន្និសីទលើកទី១នេះ មិនអាចប្រព្រឹត្តទៅបានឡើយប្រសិនបើពុំមានការគាំទ្រទាំងអស់ខាងលើនេះទេ។
ខ្ញុំបាទ សូមគោរពអរគុណយ៉ាងក្រៃលែង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលអនុញ្ញតឲ្យខ្ញុំបាទ ប្រើប្រាស់ទីតាំង សាលយុត្តិតេជោ ដ៏មានសារសំខាន់ ដើម្បីរៀបចំសន្និសីទក្នុងថ្ងៃនេះ។ ការគាំទ្រ និងការជួយជ្រោមជ្រែងដ៏សស្រាក់សស្រាំពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គឺពិតជាមានសារសំខាន់យ៉ាងធំធេង ក្នុងការជំរុញឲ្យសន្និសីទនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
សមត្ថភាពរបស់កម្ពុជាក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ គឺពឹងផ្អែកយ៉ាងសំខាន់ទៅលើភាពអង់អាចមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបានដំណើរដ៏វែងឆ្ងាយមួយ។
ក្រុមការងាររៀបចំសន្និសីទ មានគោលបំណងបង្កើតជាសហគមន៍អន្តរកាលមួយ ដោយប្រមូលផ្តុំនូវអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងសង្គមក្រោយជម្លោះដែល អាចចែករំលែកការយល់ឃើញប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តប្រសើរបំផុតឲ្យរួមគ្នាកសាងនូវ សន្តិភាព ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជានិងសង្គមដទៃផ្សេងទៀត។ សន្និសីទក្នុងថ្ងៃនេះ គឺជាសន្និសីទដំបូងបង្អស់ ដែលនឹងដើរតួនាទីជាមូលគ្រឹះសម្រាប់បណ្ដាញទំនាក់ទំនងនេះ។
ជាថ្មីម្ដងទៀត ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា, ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ, ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ, ឯកឧត្តមលោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ដែលបានចំណាយពេលចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នាថ្ងៃនេះ។ ខ្ញុំបាទទន្ទឹងរង់ចាំត្រងត្រាប់ស្ដាប់ការចែករំលែកទស្សនៈយល់ឃើញ និងមតិយោបល់ដ៏ថ្លៃថ្លារបស់សម្តេច ឯកឧត្តមលោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា។
ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា