មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំដំណើរទស្សនកិច្ចសិក្សាអំពីសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការជម្លៀសប្រជាជនដោយបង្ខំលើកទី៣ ដល់សិស្សវិទ្យាល័យភ្នំក្រវាញ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ និង វិទ្យាល័យតាលោសែនជ័យ

វេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង យុវជន និង អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ចំនួន៣៨នាក់ ក្នុងចំណោមនោះមានស្រី២០នាក់ បានធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅកាន់ទីក្រុងភ្នំពេញ។ យុវជនទាំង៣៨នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ វិទ្យាល័យភ្នំក្រវាញ និងវិទ្យាល័យតាលោសែនជ័យ។ នៅវេលាម៉ោង១២ថ្ងៃត្រង់ ក្រុមកាងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និង អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់បានមកដល់ទីក្រុងភ្នំពេញ។ នៅវេលាម៉ោង២រសៀលក្រុមអ្នកស្ម័គ្រចិត្តបានមកជុំគ្នានៅអាគារ CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និង ការជម្លៀសដោយបង្ខំដំណាក់កាលទី២និងទី៣ និយមន័យអំពើប្រល័យពូជសាសន៍ និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

វត្ថុបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺ ដើម្បីផ្ដល់ឲ្យសិស្សានុសិស្សមានការយល់ដឹងនិងសិក្សារៀនសូត្របន្ថែម អំពីអត្ថប្រយោជន៍ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ​១៩​៧៥​-១៩៧៩) និយមន័យនៃអំពើប្រល័យពូជសាសន៍ ការទប់ស្កាត់ និងកត្តាដែលនាំឲ្យកើតមានផលប៉ះពាល់នាពេលអនាគត។ យុវជនត្រូវមានគំនិតផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា ទៅជាការជំរុញពីការពិភាក្សាអំពីកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងសង្គម គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងក្រុមការងារបានប្រាប់យុវជនអ្នកស្ម័គ្រចិត្តកម្ពុជា អំពីប្រវត្តិនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងគោលបំណងចំនួន៤ដូចខាងក្រោម៖ ១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ ២) ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងការទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះ និងផ្តល់ឪកាសឲ្យសិស្សានុសិស្សជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមទីជនបទបាន មកចូលរួមរៀនសូត្រ។ ៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការចែករំលែកអំពីរឿងរ៉ាវ និងបទពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្សជំនាន់ក្រោយ។ និង ៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម។

បន្ទាប់មកលោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) លើប្រធានបទការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និង ការជម្លៀសដោយបង្ខំដំណាក់កាលទី២និងទី៣ និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ វិធីសាស្ត្រ K-W-L និងអំណានជំពូកគឺចំណុចពិសេសក្នុងការបង្រៀនយុវជនឲ្យឆាប់ចាប់បានក្នុងមេរៀនប្រវត្តិសាស្រ្តខ្មែរក្រហម។ លោក ឡុង ដានី ក៏បានរៀបរាប់ពីព្រឹត្តិការណ៍យ៉ាងសង្ខេបដូចជា៖ នៅថ្ងៃទី១៧ខែមសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញបានរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនទាំងអស់មិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះទេ។ ប៉ុន្តែកាពិតខ្មែរក្រហមមិនបានអនុញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)។ ចាប់តាំងពីចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានការផ្លាស់ទីប្រជាជនជាពិសេសប្រជាជនថ្មីបង្ខំឲ្យផ្លាស់ទីពីតំបន់មួយទៅតំបន់មួយទៀត ម្តងហើយម្តងទៀត នៅក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចឹម ភូមិភាគបូព៌ា (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងពីភូមិភាគនិរតី និងភូមិភាគបស្ចិម ទៅកាន់ភូមិភាគពា័ព្យ)។ ការផ្លាស់ទីប្រជាជននេះពុំមានជូនដំណឹងជាមុន ដែលបង្កជាទុក្ខវេទនា និងភាពលំបាកលំបិនដល់ប្រជាជន និងសហគមន៍ជាខ្លាំង។ ចាប់តាំងពីកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមលែងទុកចិត្តលើកម្មាភិបាល យុទ្ធជន និងប្រជាជននៅភូមិភាគបូព៌ា។ ប្រជាជនភូមិភាគបូព៌ាត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាមនុស្សក្បត់អង្គការ «ក្បាលយួនខ្លួនខ្មែរ»។ ប្រជាជនភូមិភាគបូព៌ាទាំងអស់ជាគោលដៅនៃការជម្លៀសដោយបង្ខំចេញពីភូមិភាគបូព៌ាទៅភូមិភាគពាយ័ព្យភូមិភាគកណ្តាល និងភូមិភាគឧត្តរ។ ការជម្លៀសដោយបង្ខំ នេះបានបណ្តាលឲ្យប្រជាជនភូមិភាគបូព៌ាជាច្រើនបានស្លាប់ដោយសារខ្មែរក្រហមសម្លាប់ អត់អាហារ និងជំងឺគ្មានថ្នាំព្យាបាល។ ចុងបញ្ចប់នៃវេទិកាថ្នាក់រៀនលោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជនៅសាសន៍ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

ចំណាប់អារម្មណ៍របស់អ្នកស្ម័គ្រចិត្តកម្ពុជា និង យុវជន៖

ស៊ុក វិសាល

ខ្ញុំបាទឈ្មោះ ស៊ុក វិសាល រៀនថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះហើយ ខ្ញុំទទួលបានចំណេះដឹងពីលោកគ្រូ ឡុង ដានី ទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យកាន់តែច្បាស់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិង បានដឹងពីមេដឹកនាំជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅមកលើប្រជាជន។ ថែមទាំងបានដឹងពីការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងទៅតាមទីជនបទ ដោយយកមធ្យោបាយជាច្រើនប្រភេទផ្សេងៗគ្នា ដូចជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ មួយវិញទៀតខ្ញុំគិតថា ការបង្កើតវេទិកាថ្នាក់រៀនមួយនេះ ពិតជាបានផ្ដល់ផលល្អខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលនៅក្នុងរបបខ្មែរក្រហមបានប្រើប្រាស់របបផ្ដាច់ការទៅលើប្រជាជន បង្កឲ្យបាត់បង់ជីវិតប្រជាជនអស់ជាង២លាននាក់។ ក្រោយពីខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះហើយ ខ្ញុំពិតជាមានការសោកស្ដាយទៅកាន់ប្រជាជនដែលបានឆ្លងកាត់របបខ្មែរក្រហម បច្ចុប្បន្នមានអ្នកខ្លះពិការ និងបែកបាក់ បាត់បង់សាច់ញាត្តិបងប្អូន។

លី និរតី

នាងខ្ញុំឈ្មោះ លី និរតី ជាសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យតាលោសែនជ័យ បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀនហើយ ខ្ញុំទទួលបានចំណេះជាច្រើនដូចជា៖  ដឹងយ៉ាងស៊ីជម្រៅពីរបបកម្ពុជាប្រជាធិបតេយ្យ, ដឹងពីគោលនយោបាយរបស់ខ្មែរក្រហម, យល់ដឹងពីដំណើរការដឹកនាំប្រទេសដោយបក្សកុម្មុយនីស, ការបង្ខិតបង្ខំឲ្យប្រជាជនធ្វើការងារហួសកម្លាំង គ្មានអាហារគ្រប់គ្រាន់, ការបង្ខំឲ្យប្រជាជនផ្លាស់ទីពីទីក្រុងទៅទីជនបទ ដើម្បីធ្វើស្រែចម្ការ, ការបង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស និង បានដឹងពីដើមហេតុ ដែលនាំឲ្យកើតមានសង្រ្គាម។

នៅ ផានិត

ខ្ញុំបាទឈ្មោះ នៅ ផានិត ជាសិស្សថ្នាក់១២A នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ ខ្ញុំបាទទទួលបានចំណេះដឹងជាច្រើនពីរបបខ្មែរក្រហម។ ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើននាក់និងបន្សល់ទុកនៅក្មេងកំព្រា ស្រីមេម៉ាយ រួមទាំងជនពិការជាច្រើន។ ខ្ញុំបានដឹងពីការជម្លៀសដោយបង្ខំមាន៣ដំណាក់កាលគឺ ដំណាក់កាលទី១នៅថ្ងៃទី១៧ ខែមេសា ដល់ខែកញ្ញា ឆ្នាំ១៩៧៥។ ដំណាក់កាលទី២ ពីខែកញ្ញា ឆ្នាំ១៩៧៦រហូតដល់ចុងឆ្នាំ។ ដំណាក់កាលទី៣ ពីចុងឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨ ហើយខ្ញុំក៏បានស្គាល់ឈ្មោះមេដឹកនាំក្នុងរបបខ្មែរក្រហម និងការកាត់ទោស ដែលមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់។

អត្ថបទ និង រួបថត ៖ មឿន ស្រីណុច អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

អត្ថបទផ្សេងទៀត៖