អ៊ូច ខេង៖ អាការជំងឺរបស់ខ្ញុំបានធូរស្រាលច្រើន បន្ទាប់ពីបានទទួលសេវាពិនិត្យសុខភាពរួច

ខ្ញុំឈ្មោះ អ៊ូច ខេង ភេទស្រី អាយុ៦៣ឆ្នាំ ជាជនជាតិខ្មែរ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្ននៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំនៅផ្ទះមើលថែចៅៗ។ ស្ថានភាពគ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ ហើយមានសុខភាពមិនសូវល្អប៉ុន្មានទេ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ខ្ញុំមានអាការធូរច្រើនហើយ បន្ទាប់ពីបានទៅពិនិត្យសុខភាព និងទទួលបានការអប់រំពីបញ្ហាសុខភាពជាមួយក្រុមគ្រូពេទ្យ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជារួចមក។ ប៉ុន្តែ ជំងឺទាំងនេះនៅមិនទាន់ជាសះស្បើយដាច់ស្រឡះទេ។ ខ្ញុំនៅមានអាការឈឺភ្នែក ឈឺតម្រងនោម និងក្ដៅសាច់បន្តិចបន្តួច។ ជាយូរមកហើយ ខ្ញុំតែងតែស្រវាំងភ្នែក។ អ្នកភូមិបានប្រាប់ថា ខ្ញុំកើតជំងឺកន្ទុយថ្លែន ហើយពួកគាត់បានប្រាប់ខ្ញុំឲ្យបេះស្លឹកម្លូរមកញីលើភ្នែកកើតកន្ទុយថ្លែននោះ ដើម្បីព្យាបាល។ រយៈពេលក្រោយមកភ្នែកខ្ញុំចេះតែឈឺផ្សា និងចេញទឹកភ្នែករហូត បន្ទាប់ពីភ្នែកខ្ញុំប៉ះនឹងខ្យល់ម្តងៗ។ ឥឡូវ មិនដូចមុនទេ! ខ្ញុំបានធូរស្រាលច្រើនហើយ។

ខ្ញុំធ្លាប់បានជួបជាមួយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួនពីរដងកន្លងមកហើយ។ ជួបលើកទីមួយ គឺជួបជាមួយក្មួយស្រីម្នាក់រស់នៅក្នុងភូមិនេះដែរ។ ក្មួយស្រីបានប្រាប់ខ្ញុំថា គាត់គឺជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ នេះគឺជាលើកទីមួយក្នុងជីវិតខ្ញុំ ដែលខ្ញុំត្រូវក្មួយស្រីម្នាក់នោះសួរនាំពីប្រវត្តិរបស់ខ្ញុំឆ្លងកាត់របបខ្មែរក្រហម និងសួរសុខទុក្ខអំពីបញ្ហាសុខភាពខ្ញុំ។ ខ្ញុំនៅចងចាំថា ខ្ញុំបាននិយាយប្រាប់ក្មួយស្រីនោះអំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមថា៖ កាលនោះ ខ្ញុំត្រូវខ្មែរក្រហមយកទៅដាក់ក្នុងកងស្រួចគឺកងកុមារឃុំ ដោយក្នុងមួយកងៗមានក្មេងៗចំនួនពី៥០ទៅ៦០ ឬ ជិត១០០នាក់។ កងស្រួចនេះគ្រប់គ្រងដោយប្រធានក្រុមឈ្មោះ ហ៊ាន។ ខ្មែរក្រហមបានបង្ខំឲ្យខ្ញុំធ្វើការងារ ដូចជា ដកស្ទូង រែកដីដំបូកដាក់ស្រែ ជម្រះស្មៅ និងកាត់ស្មៅក្នុងទឹក។ ខ្ញុំប្រាប់ក្មួយស្រីពីរឿងរ៉ាវរបស់ខ្ញុំជាច្រើនទៀត។ ខ្ញុំពេញចិត្តចំពោះការជួបសម្ភាសន៍នេះណាស់ ព្រោះខ្ញុំចង់និយាយរឿងរ៉ាវរបស់ខ្ញុំប្រាប់ ដល់ក្មេងជំនាន់ក្រោយ ដើម្បីបន្ធូរអារម្មណ៍ក្នុងចិត្តដែលខ្ញុំបានលាក់កប់ជាយូរមកហើយ។

រំលងបានប្រហែលមួយខែ លោកមេឃុំក្តាញ់ បានមកអញ្ជើញខ្ញុំឲ្យទៅចូលរួមក្នុងកម្មវិធីវេទិកាអប់រំអំពីការថែទាំសុខភាព ការពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព។ គាត់ប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលបានសេវាពិនិត្យសុខភាព រកប្រភេទជំងឺដែលមាន និងស្តាប់អំពីការអប់រំសុខភាព ដោយមិនមានបង់ប្រាក់កាសឡើយ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំអាចដឹងអំពីប្រភេទជំងឺរបស់ខ្ញុំ។ នៅក្នុងក្រុមគ្រួសារខ្ញុំវិញ គឺមិនមានសមាជិកក្នុងគ្រួសារណាម្នាក់រារាំង ឬហាមឃាត់ខ្ញុំមិនឲ្យចូលរួមកម្មវិធីនេះឡើយ។ ខ្ញុំចង់ពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីប្រភេទជំងឺដែលកំពុងកើតមានមកលើខ្ញុំសព្វថ្ងៃនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយពីជំងឺ។ ខ្ញុំពេញចិត្តចូលរួមក្នុងកម្មវិធីនេះណាស់។ មុននឹងចូលរួមក្នុងកម្មវិធីនេះ ខ្ញុំគិតថា ក្រៅពីពិនិត្យ ពិគ្រោះ និងអប់រំពីបញ្ហាសុខភាព គឺខ្ញុំអាចនឹងទទួលបានថ្នាំពេទ្យខ្លះមកព្យាបាលជំងឺ។ ប៉ុន្តែខ្ញុំមិនទទួលបានថ្នាំពេទ្យឡើយ ក្រោយពេលដែលខ្ញុំបានចូលរួមក្នុងកម្មវិធីនេះរួចមក។ នេះជាការជួបលើកទីពីររបស់ខ្ញុំជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំនៅចាំបានពីក្មួយស្រីដែលធ្លាប់មកជួបសួរនាំខ្ញុំ។ ខ្ញុំអរគុណក្មួយស្រីណាស់ ដែលបានជួយដល់ខ្ញុំ។ ខ្ញុំមិនគិតស្មានដល់ថា ការជួបជាមួយកូនក្មួយស្រីអាចធ្វើឲ្យខ្ញុំមានឱកាសបានមកទទួលសេវាពិនិត្យសុខភាព និងរៀនសូត្រពីការថែទាំសុខភាពដូច្នេះសោះ។

ក្នុងពេលធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីវេទិកាអប់រំពីការថែទាំសុខភាព និងការពិនិត្យសុខភាព និងពិគ្រោះយោបល់ពីបញ្ហាសុខភាពនេះ ខ្ញុំមិនបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការធ្វើដំណើរទៅកាន់ទីតាំងជួបជុំឡើយ។ ខ្ញុំដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានរ៉ាប់រងទាំងអស់ក្នុងការធ្វើដំណើររបស់ខ្ញុំទាំងទៅចូលរួម និងត្រឡប់មកផ្ទះវិញ។ ខ្ញុំមានការសប្បាយចិត្តក្នុងការចូលរួមក្នុងកម្មវិធីនេះជាខ្លាំង។ កាលនោះ ខ្ញុំនៅចាំបានថា ក្នុងកម្មវិធីនោះគឺបានផ្ដល់សេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងផ្ដល់ការអប់រំពីបញ្ហាសុខភាព ដល់ខ្ញុំនិងអ្នកភូមិជាច្រើននាក់ទៀត។ ខ្ញុំរៀនសូត្របានច្រើនពីកម្មវិធីនេះ។ ខ្ញុំយល់ដឹងអំពីការថែទាំសុខភាព ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃដោយខ្លួនឯង។ ខ្ញុំយល់ដឹងពីការជ្រើសរើសម្ហូបអាហារដែលអាចទ្រទ្រង់ដល់សុខភាព និងម្ហូបអាហារដែលគួរជៀសវាង។ ខ្ញុំយល់ដឹងពីការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមប្រភេទជំងឺ និងយល់ដឹងពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ក្នុងកម្មវិធីនេះដែរ ខ្ញុំទទួលបានសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ ការអប់រំពីបញ្ហាសុខភាព និងអាហារ។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះរួច ខ្ញុំបានចែករំលែកព័ត៌មានអំពីការថែទាំសុខភាពដល់អ្នកជិតខាងរបស់ខ្ញុំ រួមទាំងបងប្អូនរបស់ខ្ញុំដែរ។ ខ្ញុំបានប្រាប់ទៅអ្នកទាំងនោះថា យើងត្រូវថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃ។ យើងត្រូវដឹងពីការជ្រើសរើសម្ហូបអាហារដែលអាចទ្រទ្រង់ដល់សុខភាពយើង និងម្ហូបអាហារដែលគួរជៀសវាង។ យើងត្រូវយល់ដឹងពីការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមប្រភេទជំងឺ និងត្រូវធ្វើការហាត់ប្រាណជាប្រចាំ។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះ និងបានទទួលវេជ្ជបញ្ជាពីគ្រូពេទ្យរួច ខ្ញុំបានទៅទិញថ្នាំពីហ្វាម៉ាស៊ីមកលេបតាមវេជ្ជបញ្ជា។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពជំងឺរបស់ខ្ញុំមានសភាពធូរស្រាលជាងមុនច្រើន។ ខ្ញុំអាចសម្រាកបានគ្រប់គ្រាន់។ ខ្ញុំលែងសូវក្ដៅសាច់ដូចមុន ហើយភ្នែករបស់ខ្ញុំ ក៏បានធូរស្រាលខ្លះៗដែរ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែបន្តប្រើប្រាស់ចំណេះដឹងដែលខ្ញុំទទួលបានពីការចូលរួមក្នុងកម្មវិធីអប់រំសុខភាព។ ខ្ញុំនៅតែបន្តការថែទាំសុខភាពខ្លួនឯងជាប្រចាំ។ ខ្ញុំហូបអាហារដែលមានវីតាមីន ហើយមិនហូបអាហារណាដែលធ្វើឲ្យសុខភាពខ្ញុំធ្លាក់ចុះឡើយ។ ខ្ញុំក៏នៅតែបន្តប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យ។ ខ្ញុំហាត់ប្រាណរាល់ថ្ងៃ។ ទោះជាមិនបានហាត់ប្រាណ ក៏ខ្ញុំធ្វើនេះធ្វើនោះក្នុងផ្ទះ ដូចជាការហាត់ប្រាណដែរ។ ខ្ញុំនៅតែបន្តអនុវត្តចំណេះដឹងទាំងនេះជារៀងរហូត។

ក្រោយពេលខ្ញុំបានចូលរួមក្នុងកម្មវិធីវេទិកាអប់រំពីការថែទាំសុខភាព និងការពិនិត្យសុខភាព និងពិគ្រោះយោបល់ពីបញ្ហាសុខភាពមក ភ្នែក និងជំងឺក្ដៅសាច់ខ្ញុំបានធូរស្រាលមួយចំនួនហើយ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានពិគ្រោះជំងឺជាមួយគ្រូពេទ្យ និងបានចែករំលែករឿងរ៉ាវក្នុងរបបខ្មែរក្រហមជាមួយអ្នកចូលរួមកម្មវិធី។ ខ្ញុំសំណូមពរឲ្យបង្កើតកម្មវិធីនេះលើកក្រោយ សូមផ្ដល់ថ្នាំសង្កូវខ្លះៗក្នុងការប្រើប្រាស់ប្រចាំថ្ងៃផង។

ខ្ញុំកើតក្នុងគ្រួសារក្រីក្រមួយ មានបងប្អូនបួននាក់ (ស្រីពីរនាក់)។ ខ្ញុំមានស្រុកកំណើតនៅភូមិក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម្ដាយរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតតាំងពីខ្ញុំនៅតូចម្ល៉េះ។ ឪពុករបស់ខ្ញុំប្រកបរបរលក់សាច់គោ សាច់ជ្រូក និងសម្លរខ្មែរ នៅក្នុងភូមិ។ រាល់ថ្ងៃឪពុកខ្ញុំដឹកសាច់គោ សាច់ជ្រូក និងសម្លរ ទៅលក់តាមផ្ទះអ្នកភូមិ។ នៅថ្ងៃមួយ ឪពុករបស់ខ្ញុំបានសម្រេចចិត្តជ្រើសរើសគ្រួសារថ្មីមួយទៀត ជាមួយស្រ្ដីមេម៉ាយម្នាក់នៅក្នុងភូមិជាមួយគ្នា។ ស្រ្តីម៉េម៉ាយនោះមានកូនបីនាក់រួចហើយ។ ឪពុករបស់ខ្ញុំបានបោះបង់របរលក់សាច់គោ សាច់ជ្រូក និងសម្លខ្មែរ ហើយប្តូរមកធ្វើអ្នកលក់ស្ករពាងវិញ។ ពេលយប់ ឪពុកខ្ញុំរែកស្ករពីសំរោងយ៉ោង ទៅលក់នៅភូមិតាមដងទន្លេ ក្នុងឃុំសំប៉ាន ភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ពេលឪពុកខ្ញុំចេញទៅជួញស្ករបាត់ ម្ដាយចុងតែងតែធ្វើបាបខ្ញុំ និងមិនដែលទំនុកបម្រុងដូចជាការស្លៀកពាក់ និងការហូបចុកបានគ្រប់គ្រាន់ឡើយ។ ម្ដាយចុងរបស់ខ្ញុំ គិតគួរតែពីកូនបង្កើតរបស់គាត់ប៉ុណ្ណោះ។

ក្រោយមក ខ្ញុំបានចេញទៅលក់ស្ករជាមូយឪពុកខ្ញុំ ព្រោះខ្លាចម្ដាយចុងធ្វើបាប។ ឪពុករបស់ខ្ញុំក៏មិនបានហាមឃាត់ខ្ញុំដែរ ព្រោះគាត់ដឹងថាប្រពន្ធក្រោយរបស់គាត់ធ្វើបាបខ្ញុំ។ ខ្ញុំរត់ពីក្រោយឪពុកខ្ញុំ ពេលគាត់រែកស្ករលក់។ ឪពុករបស់ខ្ញុំតែងតែទិញនំចំណីឲ្យខ្ញុំហូបឆ្អែតៗ ទើប យើងត្រឡប់មកផ្ទះវិញ។ ក្រោយមក ឪពុករបស់ខ្ញុំមានកូនស្រីចំនួនបួននាក់ទៀតជាមួយនឹងម្ដាយចុង។

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនត្រូវបានខ្មែរក្រហមជម្លៀសទៅទីណាឡើយ។ លើកលែងតែ ឪពុកនិងម្ដាយចុងរបស់ខ្ញុំត្រូវខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី។ កូនស្រីរបស់ម្ដាយក្រោយខ្ញុំឈ្មោះ ផល ហៅ ផ បានស្លាប់បាត់បង់ជីវិតនៅស្រុកអង្គរបូរីដោយសារអត់អាហារ។ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមមិនឲ្យខ្ញុំរស់នៅក្នុងផ្ទះសម្បែងរបស់ខ្ញុំ ហើយមិនអនុញ្ញាតឲ្យខ្ញុំហូបដំណាំនិងផ្លែឈើដែលខ្ញុំឡើយ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖