នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាអប់រំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន២៣០នាក់ នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះ មានការចូលរួមពីជំទប់ទី១ និងទី២ ឃុំជីផុច គឺលោក ព្រុំ សារឿន និងលោក មឿង ហេន។ គោលបំណងនៃការបង្កើតឲ្យមានវេទិកាអប់រំសុខភាព គឺដើម្បីផ្តល់ចំណេះដឹងខ្លះៗពីការថែទាំសុខភាព និងវិធីបង្ការការរីករាលដាលនៃប្រភេទជំងឺរ៉ាំរ៉ៃទាំង១០ប្រភេទគឺ ៖ ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត៖ ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក ដូចមានរៀបរាប់នៅក្នុងកូនសៀវភៅថែទាំសុខភាព បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២៣។
វេទិកាអប់រំសុខភាពផ្តោត សំខាន់លើការពិភាក្សាពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយវាគ្មិនសំខាន់បំផុតនៅក្នុងកិច្ចពិភាក្សានេះ គឺជាវេជ្ជបណ្ឌិតទាំងពីរគឺ ឡាវ ហាវ៉ាន់ និង ឡុង ម៉ារ៉ាដែន។
ជាកិច្ចចាប់ផ្តើមកម្មវិធីពិភាក្សា លោក ព្រុំ សារឿន បានស្វាគមន៍ដល់អ្នកចូលរួម និងបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្នុងការពាំនាំនូវចំណេះដឹងល្អស្តីពីការថែទាំសុខភាពដល់ចាស់ៗដែលជាអ្នកនៅសេសសល់ជីវិតពីរបបខ្មែរក្រហម ព្រមទាំងបាននាំវេជ្ជបណ្ឌិតជំនាញមកជួយបង្រៀនដល់អ្នកចូលរួមទាំងអស់។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានប្រាប់ដល់អ្នកចូលរួមទាំងអស់អំពីកិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឡើងដើម្បីបម្រើដល់វត្ថុបំណងចម្បងៗចំនួនពីរគឺ យុត្តិធម៌ និងការចងចាំ។
លោក ផេង ពង្សរ៉ាស៊ី ក៏បានបង្ហាញពីការបង្កើតសាខាមជ្ឈមណ្ឌលឯកសារនៅក្នុងខេត្តព្រៃវែងថា ដើម្បីបម្រើដល់គោលបំណងអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម ការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ និងការប្រមែប្រមូលចងក្រងពីរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតនៅក្នុងខេត្តព្រៃវែង ដើម្បីបម្រើដល់ការចងចាំជារួមពីប្រវត្តិសាស្ត្រនេះ។ លើសពីនេះទៀត លោក ផេងពង្ស រ៉ាស៊ី បានបកស្រាយខ្លះៗពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជាព័ត៌មានបន្ថែមដល់អ្នកចូលរួមទាំងអស់ ឲ្យឈ្វេងយល់ពីទំនាក់ទំនងនៃការប្រព្រឹត្តអំពើឃោរឃៅ និងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឃោរឃៅ។ កម្មវិធីបន្ទាប់នៃវេទិកា គឺការពិគ្រោះយោបល់ពីបញ្ហាសុខភាពរបស់អ្នកចូលរួមទាំងអស់។
ជាកិច្ចចាប់ផ្តើម វេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន បានបកស្រាយប្រាប់អ្នកចូលរួមទាំងអស់ពីប្រភេទជំងឺចំនួនពីរគឺ ជំងឺសន្លាក់ និងជំងឺក្រពះពោះវៀន។ បន្ទាប់មក វេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន បានពន្យល់អ្នកចូលរួមអំពីកាថែទាំ និងការទប់ស្កាត់ជំងឺទាំងពីរប្រភេទនេះ។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ បានបន្តពីវេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន ដោយបានលើកយកជំងឺពីរប្រភេទទៀតមកប្រាប់ដល់អ្នកចូលរួម គឺជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ ដូចគ្នានឹងវេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ បានបង្ហាញពីរោគសញ្ញានៃជំងឺ វិធីព្យាបាលជំងឺ វិធីរារាំងការរីករាលដាលនៃជំងឺតាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ ក៏បានលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងអស់ព្យាយាមធ្វើលំហាត់ប្រាណ ជាជាងការប្រើប្រាស់ថ្នាំពេទ្យច្រើនហួសប្រមាណ។ បន្ទាប់ពីការធ្វើបទបង្ហាញរួច អ្នកចូលរួមនឹងត្រូវផ្តល់ពេលវេលាយ៉ាងច្រើនសម្រាប់សួរសំណួរផ្សេងៗពីបញ្ហាសុខភាពរបស់ខ្លួន។ មានអ្នករស់រានមានជីវិតច្រើននាក់ បានលើកដៃសួរសំណួរ ដែលសំណួរទាំងនោះរួមមាន ការសួរអំពីវិធីព្យាបាល និងការប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាលជំងឺទល់លាមក ជំងឺតម្រងនោម ជំងឺក្រពះពោះវៀន និងជំងឺរលាកផ្លូវដង្ហើម។ សំណួរទាំងអស់ត្រូវបានដោះស្រាយដោយវេជ្ជបណ្ឌិតទាំងពីរនាក់។ វេទិកានេះ បានបញ្ចប់នៅម៉ោង១១ជាង។ អ្នកចូលរួមទាំងអស់ ត្រូវបានអញ្ជើញឲ្យហូបអាហារថ្លៃត្រង់រួមគ្នានៅនឹងទីតាំងប្រារព្ធធ្វើវេទិកា មុននឹងអ្នកទាំងនោះបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា