នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀនមួយ ដោយមានសិស្សានុសិស្សចំនួន២៦នាក់ មកពីវិទ្យាល័យស្រែតានោងកើត។ ថ្នាក់រៀននេះផ្តោតទៅលើ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ»។
ថ្នាក់រៀននាព្រឹកនេះ ពិភាក្សាអំពីប្រធានបទ៖ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ»។ គោលបំណងសំខាន់នៃថ្នាក់រៀននេះ គឺផ្តល់ជាចំណេះដឹងស៊ីជម្រៅអំពីរយៈកាលប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងទំនាក់ទំនងការបរទេសដែលរបបនេះបានបង្កើតឡើង។ ថ្នាក់រៀននេះ រួមបញ្ចូលនូវសកម្មភាពជាច្រើន និងជំរុញឲ្យសិស្សានុសិស្សចូលរួមយ៉ាងសកម្ម។
នៅមុនពេលចាប់ផ្តើមពិភាក្សាលើប្រធានបទខាងលើ សិស្សានុសិស្ស ត្រូវបំពេញកម្រងសំណួរស្ទាបស្ទង់ចំណេះដឹងមុនចាប់ផ្តើមថ្នាក់រៀន ដើម្បីវាស់វែងអំពីចំណេះដឹងដែលមានស្រាប់របស់សិស្សទាក់ទងនឹងប្រធានបទ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ»។ កម្រងសំណួរនេះ មានគោលដៅកំណត់ជាមុននូវចន្លោះខ្វះខាតនៅមុន និងក្រោយពេលបង្រៀន ដើម្បីរៀបចំមេរៀនឲ្យប្រសើរឡើងនៅថ្នាក់រៀនក្រោយៗទៀត។
ជាកិច្ចចាប់ផ្តើមថ្នាក់រៀន សិស្សពីរបីនាក់បានឡើងចែករំលែកអ្វីដែលខ្លួនបានដឹងទាក់ទងនឹងប្រធានបទ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ» ទៅកាន់មិត្តរួមថ្នាក់។ វេទិកាថ្នាក់រៀននេះ គឺជំរុញឲ្យមានការចូលរួមយ៉ាងសកម្ម និងអនុញ្ញាតឲ្យសិស្សបញ្ចេញគំនិត និងមតិយោបល់របស់ខ្លួន។ សកម្មភាពនេះ ក៏ជាមូលដ្ឋានគ្រឹះក្នុងការពិភាក្សា និងស្រាវជ្រាវបន្ថែមលើប្រធានបទខាងលើ។ បន្ទាប់មក បទបង្ហាញត្រូវបានធ្វើឡើង ដោយមានគ្រូធ្វើអន្តរកម្មយ៉ាងស្វិតស្វាញជាមួយសិស្ស។
បន្ទាប់ពីម៉ោងដំបូងនៃបទបង្ហាញបញ្ចប់ទៅ សិស្សត្រូវបានបែងចែកជាក្រុមតូចៗដើម្បីពិភាក្សា។ ក្រុមនីមួយៗ ត្រូវបានចាត់តាំងឲ្យពិភាក្សា និងវិភាគលើចំណុចផ្សេងៗគ្នា ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ។ សកម្មភាពនេះ មានគោលបំណងលើកកម្ពស់ស្មារតីក្រុម, ការត្រិះរិះពិចារណា និងការប្តូរយោបល់គ្នាជាមួយមិត្តរួមក្រុម។
ដើម្បីវាស់ស្ទង់អំពីប្រសិទ្ធភាពនៃថ្នាក់រៀននេះ សិស្សត្រូវបានស្នើឲ្យបំពេញកម្រងសំណួរស្ទាបស្ទង់ចំណេះដឹងក្រោយថ្នាក់រៀន។ កម្រងសំណួរនេះ មានគោលដៅវាយតម្លៃលើការយល់ដឹងរបស់សិស្សក្រោយពីចូលរួមក្នុងថ្នាក់រៀននេះ។ កម្រងសំណួរនេះ ក៏ផ្តល់ជាឱកាសដល់សិស្សផ្តល់មតិយោបល់ និងរិះគន់សម្រាប់ថ្នាក់រៀនពេលក្រោយថែមទៀតផង។
អត្ថបទ ៖ សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា