រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅស្រុកកោះសូទិន

ញ៉ ហ៊ុច

ខ្ញុំឈ្មោះ ញ៉ ហ៊ុច អាយុ៦០ឆ្នាំ កើតនៅភូមិ៥ ឃុំកោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នេះតែម្តង។ ខ្ញុំរៀបការប្តីឈ្មោះ ហូ ស៊ុងហ៊ាត និងមានកូនចំនួន​៣នាក់។ កូនទី១) ឈ្មោះ ហ៊ាន សុខា កូនទី២) ឈ្មោះ ហ៊ាន សុធារ៉ា និងកូនទី៣) ឈ្មោះ ហ៊ាន សុធារី។

ខ្ញុំមានឪពុកឈ្មោះ លី ញ៉ និង ម្តាយឈ្មោះ អ៊ុក ញ៉េប។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់។ បើនិយាយពីការរៀនសូត្រវិញ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាកណ្តាលកោះត្បូង រហូតដល់ថ្នាក់ទី៣សង្គមចាស់។  នៅពេលដែលទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម វាយប្រយុទ្ធគ្នា ខ្ញុំក៏ឈប់រៀន។  ក្រោយពេលឈប់រៀន ខ្ញុំជួយធ្វើស្រែចម្ការឪពុកម្តាយ។

ខ្ញុំរស់នៅភូមិទី៥ រហូតដល់ចុងឆ្នាំ១៩៧០ ទើបសម្រេចចិត្តរត់ភៀសខ្លួនទៅរកន្លែងសុវត្ថិភាពនៅខាងកោះប៉ែន ពីព្រោះមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់ខ្ញុំ។ រាល់ពេលយន្តហោះទម្លាក់គ្រាប់បែកមកម្ដងៗ ខ្ញុំមានការភិតភ័យ​ខ្លាំង​ណាស់ ហើយក៏បានរត់ចូលរណ្តៅត្រង់សេ។ ការទម្លាក់គ្រាប់បែកមិនបានធ្វើឲ្យបាត់បង់ជីវិតមនុស្ស ឬទ្រព្យសម្បត្តិប្រជាជនក្នុងភូមិទេកាលពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣។ ពេលនោះ ខ្ញុំនៅជាកុមារនៅឡើយ។ ខ្ញុំមិនសូវចង់ចាំ​រឿងរ៉ាវច្រើនពីរបបខ្មែរក្រហមទេ។ ខ្ញុំត្រូវបានប្រធានកងចាត់តាំងឲ្យទៅឃ្វាលគោ និងប្រមូលអាចម៍​គោ ព្រោះពេលនោះខ្ញុំមានអាយុប្រមាណតែ១១ឆ្នាំតែប៉ណ្ណោះ។ ខ្ញុំធ្វើការនៅកងកុមារនៅស្រុកកោះសូទិន។ ខ្ញុំគឺជាកុមារមូល​ដ្ឋាន​ចាស់។ ខ្ញុំ និងកុមារផ្សេងទៀតត្រូវក្រោកពីព្រលឹមដើរប្រមូលអាចម៍គោ ហើយពេលថ្ងៃខ្ញុំត្រូវទៅឃ្វាលគោ និងកាត់ទន្រ្ទានខែត្រដើម្បីយកមកលាយជាមួយអាចម៍គោធ្វើជីដាក់ស្រូវ។ ខ្ញុំត្រូវទៅឃ្វាលគោ និងប្រមូលអាចម៍​គោគ្មានពេល​សម្រាកឡើយ។ អ្វីដែលខ្ញុំចងចាំមិនអាចបំភ្លេចបានអំឡុងរបបខ្មែរក្រហមគឺខ្ញុំឃើញខ្មែរក្រហមបណ្ដើរមនុស្សយកទៅសម្លាប់ចោល ប៉ុន្តែខ្ញុំមិនបានឃើញការសម្លាប់ដោយផ្ទាល់ភ្នែកទេ។ ពេលនោះខ្ញុំភ័យខ្លាចខ្លាំងណាស់។

នៅពេលដែលរបបខ្មែរក្រហមត្រូវបានបញ្ចប់ ខ្ញុំរួចផុតពីការធ្វើការងារធ្ងន់ធ្ងរ និងគ្មានពេលសម្រាកគ្រប់គ្រាន់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ជាចុងក្រោយ ខ្ញុំដាស់តឿនដល់កូនចៅជំនាន់ក្រោយខិតខំសិក្សាឈ្វេង​យល់ពី​របប​ខ្មែរក្រហម កុំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងរបបនេះម្ដងទៀត។

អត្ថបទ ៖ ហ៊ាន សុធារី អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៅខេត្តកំពង់ចាម

រូបថត ៖ សាំង ចាន់ធូ/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖