បងស្រី ប្រាក់ អឿន និងប្តី រួមទាំងកូនៗ៨នាក់ត្រូវខ្មែរក្រហមសម្លាប់នៅខេត្តពោធិ៍សាត់

ខ្ញុំឈ្មោះ ប្រាក់ ឈួន មានអាយុ៧១ឆ្នាំ រស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ មុនពេលដែលកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះ ខ្មែរក្រហមមិនទាន់រៀបចំហូបរួម និងធ្វើការងាររួមនៅក្នុងភូមិខ្ញុំទេ។ លុះបានមួយរយៈក្រោយមក ពេលខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ទើបខ្មែរក្រហមចាប់ផ្តើមបង្កើតជាសហករណ៍ ហើយប្រជាជនត្រូវហួបរួម និងធ្វើការងាររួមគ្នា។

បន្ទាប់មកទៀត នៅចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានប្រធានកងចល័តប្រើឲ្យជីកប្រឡាយ និងលើកទំនប់ស្ថិតនៅភូមិមេសាង ភូមិទានភ្លឺ ភូមិសាឡូងសាឡី ភូមិក្រាំចំបក់ ដើម្បីយកទឹកសម្រាប់ធ្វើស្រែមួយឆ្នាំពីរដង ដូចជានៅភូមិសំរោងវត្ត។ ខ្មែរក្រហមឲ្យខ្ញុំក្រោកទៅជីកប្រឡាយតាំងតែពីម៉ោង២ទៀបភ្លឺ។ ដោយសារប្រឡាយមានជម្រៅជ្រៅ ដូច្នេះម៉ោង៩ព្រឹកខ្ញុំរែកដីឡើងលើខ្នងទំនប់លែងរួច ព្រោះហត់នឿយខ្លាំងពេក។ ចំពោះការងារជីកប្រឡាយ គឺខ្មែរក្រហមបានកំណត់មួយក្រុមមានគ្នា៣០នាក់ ត្រូវជីកប្រឡាយបណ្តោយ១០ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ ក្នុងមួយថ្ងៃឲ្យហើយ។ នៅពេលកំពុងជីកប្រឡាយ ខ្ញុំមានជំងឺរាគធ្ងន់ធ្ងរ ដូច្នេះប្រធានកងបញ្ជូនខ្ញុំឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅភូមិប្រមូលដុំ។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានប្រធានក្រុមឲ្យទៅច្រូតស្រូវនៅស្រុករំដួល ខេត្តស្វាយរៀង ដោយខ្ញុំត្រូវធ្វើដំណើរដោយថ្មើរជើង។ នៅពេលខ្ញុំដើរទៅដល់ស្ពានអូតាហោ ក្នុងក្រុងស្វាយរៀង គឺគ្មានស្ពានដើរឆ្លងកាត់ឡើយ ដូច្នេះប្រធានក្រុមបានឲ្យក្រុមខ្ញុំដើរឆ្លងទឹក។ ទឹកព្រែកពេលនោះមិនសូវជ្រៅប៉ុន្មានទេគឺត្រឹមទ្រូងខ្ញុំ ហើយខណៈពេលនោះដែរ ក៏ចាប់ផ្ដើមមានសង្រា្គមជាមួយកងទ័ពវៀតណាមដែរ។ នៅពេលទៅដល់ស្រុករំដូល ពេលនោះខ្មែរក្រហមកំណត់ឲ្យខ្ញុំច្រូតស្រូវក្នុងមួយថ្ងៃឲ្យបាន៣ហិកតា ដោយត្រូវក្រោកទៅច្រូតតាំងតែពីម៉ោង២ទៀបភ្លឺ ចំណែកបាយមួយពេលខ្មែរក្រហមកំណត់ចែកអង្ករឲ្យ១២០កំប៉ុង សម្រាប់មនុស្ស១៣០នាក់។ នៅទីនោះសម្លគឺពិបាកហូបដោយសារតែចុងភៅដាក់បន្លែចម្រុះគ្រប់សព្វ។

ពេលខ្លះ ប្រធានកងប្រើខ្ញុំឲ្យទៅទូលកណ្តាប់ស្រូវពីស្រែដែលនៅឆ្ងាយយកមកទុកដោយទូលស្រូវម្តងដងចំនួនបីកណ្តាប់បើគិតជាស្រូវប្រហែលមួយតៅ។ ពេលខ្លះខ្ញុំនឿយហត់ទូលមិនដល់គោលដៅ ទើបស្រែកឲ្យគេជួយក៏មាន។

បន្ទាប់មក ខ្មែរក្រហមឲ្យខ្ញុំត្រឡប់មកស្រុកមេសាងវិញ ដើម្បីស្ទូងស្រូវមួយថ្ងៃឲ្យអស់សំណាប១ផ្លូន ក្នុងទំហំក្បាលដី៧ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។ ខ្ញុំត្រូវក្រោកទៅស្ទូងតាំងតែពីម៉ោង៥ទៀបភ្លឺ។ ក្រោយមកទៀត ខ្ញុំចូលធ្វើការក្នុងកងពិសេស ហើយត្រូវបានខ្មែរក្រហមចល័តឲ្យទៅស្ទូងស្រូវនៅភូមិថ្មី ឃុំជីផុច ប៉ុន្តែទៅទីនោះប្រធានកងមិនបានកំណត់ទំហំដី ឬចំនួនកណ្តាប់នោះទេ។

នៅក្នុងរបបខ្មែរក្រហម បងប្អូនខ្ញុំបង្កើតមានចំនួនពីរនាក់ត្រូវបានខ្មែរក្រហមសម្លាប់​នៅខេត្តពោធិ៍សាត់ ក្នុងនោះបងស្រីខ្ញុំទីមួយមានឈ្មោះ ប្រាក់ អឿន មានកូន៨នាក់ រួមទាំងប្តីរបស់គាត់។  ការដែលអង្គការបញ្ជូនបងទីមួយខ្ញុំទៅនោះ ដោយសារគាត់ទៅចុះឈ្មោះ ទៅនៅខេត្តពោធិ៍សាត់ ព្រោះគាត់បានស្តាប់ឮពេលអង្គការហៅទៅប្រជុំថា នៅទីនោះមានត្រាវដាំចុះមើមធំៗ ហើយត្រីក៏សម្បូរទៀត។ ចំណែកប្អូនប្រុសពៅខ្ញុំម្នាក់ទៀតត្រូវអង្គការបញ្ជូនទៅធ្វើទាហាន ហើយក៏បាត់ដំណឹងតាំងពីពេលនោះមក។ ឆ្នាំដែលខ្មែរក្រហមបញ្ជូនបងប្អូនខ្ញុំទាំងពីរទៅគឺប្រហែលជានៅឆ្នាំ១៩៧៨។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំ និងប្រជាជនក្នុងភូមិត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅអ្នកលឿងរួចបន្តទៅទិសខាងលិច។ ពេលជម្លៀសនោះគឺមានចៅហ្វាយស្រុកឈ្មោះ ជន ជិះសេះដេញខ្ញុំនិងប្រជាជនពីក្រោយ។ ក្រោយពេលពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមកដល់ ខ្ញុំក៏វិលត្រឡប់មករស់នៅផ្ទះនៅឯស្រុកកំណើតវិញ។

អត្ថបទ ៖ សេន ពន្លឺ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖