មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស» សម្រាប់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង ទំនាក់ទំនងការបរទេស ដោយមានសិស្សានុសិស្ស ចំនួន៤៥នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ មកចូលរួម។

គោលបំណងនៃវេទិកាថ្នាក់រៀនថ្ងៃនេះ គឺផ្តល់ឲ្យសិស្សានុសិស្សនូវការយល់ដឹងទូលំទូលាយ លើបរិបទប្រវត្តិសាស្ត្រ និងទំនាក់ទំនងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្លឹមសារដែលលើកយកមកបង្ហាញក្នុងថ្ងៃនេះ គឺផ្តោតទៅលើទំនាក់ទំនងការបរទេសទូទៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

អ្នកស្រី សុភក្រ្ត ភាណា គឺជាគ្រូឧទ្ទេសបានផ្តល់នូវព័ត៌មានដោយសង្ខេប លើការប្រាស្រ័យទាក់ទងផ្លូវទូតរបស់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង, ស្ថាប័នអន្តរជាតិ និងប្រទេសមានឥទ្ធិពលដទៃទៀត នៅក្រោមការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្លឹមសារមេរៀន ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈព័ត៌មានប្រវត្តិសាស្ត្រ, ឧទាហរណ៍ និងរូបភាពជំនួយនានា។

បន្ទាប់មកអ្នកស្រី សុភក្រ្ត ភាណា បានបង្កើតសកម្មភាពសិក្សា ពិភាក្សា ដល់សិស្សា​នុសិស្ស តាមរយៈការចែករំលែកចំណេះដឹង និងការយល់ឃើញរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឲ្យសិស្សចោទសួរជាសំណួរ, ចែករំលែកមតិយោបល់ និងចូលរួមជជែកវែកញែក។ វិធីសាស្ត្រជំរុញនូវការសិក្សាយ៉ាងសកម្មនេះ ញ៉ាំងឲ្យសិស្ស កែប្រែទម្លាប់ពីអ្នកត្រង់ត្រាប់ស្តាប់ពីគ្រូ ទៅជាអ្នកចូលរួមចំណែកយ៉ាងសកម្មនៅក្នុងដំណើរការរៀនសូត្រវិញ។

នៅចុងបញ្ចប់នៃថ្នាក់រៀន សិស្សានុសិស្ស ទទួលបានចំណេះដឹងច្រើនជាងមុន ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងទំនាក់ទំនងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ សិស្សានុសិស្ស អាចវិភាគ និងវាយតម្លៃអំពីឥទ្ធិពលនៃការចូលរួមពីអន្តរជាតិ ទៅលើស្ថានភាពនយោបាយ និងសង្គមនៃប្រទេសកម្ពុជា ហើយវេទិកាថ្នាក់រៀននេះក៏បានផ្តល់ឲ្យសិស្សានុសិស្សនូវការយល់ឃើញទូលំទូលាយជាងមុន លើបរិបទប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ថែមទៀតផង។

អត្ថបទ ៖ សុភក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖