នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សថ្នាក់ទី១១ ចំនួន៥០នាក់មកពីវិទ្យាល័យព្រែកដំបូក។ ដើម្បីជំរុញដល់ការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្សដែលជាយុវជនដើម្បីឈ្វេងយល់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ទើបមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានរៀបចំដំណើរទស្សនកិច្ចសិក្សានេះឡើង ដោយបានដាក់បញ្ចូលកម្មវិធីសិក្សាមួយចំនួន រួមមាន ៖ ការចុះទៅទីតាំងប្រវត្តិសាស្រ្ត, ស្ដូបរំឭកសម្រាប់សហគមន៍, ទីតាំងសម្លាប់ក្នុងរបបខ្មែរក្រហម, ការចុះទៅកាន់ទំនប់ខ្មែរក្រហម និងការចុះជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចំណែកវត្តរកាគយ អតីតសមរភូមិក្ដៅរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ក៏ជាទីតាំងដំបូងដែលសិស្សានុសិស្សចុះមកទស្សនកិច្ចសិក្សា។
នៅក្នុងឱកាសនោះ លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានដឹកនាំការពិភាក្សាទៅលើប្រធានបទ ៖ ការផ្ទុះឡើងសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ លោក លី ដេវីត បន្តថា មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង។ នៅចុងឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិសាស្រ្តនានានៅក្នុងខេត្តកំពង់ចាម។ ទាហាន លន់ នល់ បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តណាដែលមានវត្តមានកងទ័ពរំដោះខ្មែរក្រហមឈរជើង និងបញ្ជូនទាហានថ្មើរជើងមកឈរជើងនៅទីតាំងដែលកងទ័ពខ្មែរក្រហមដកចេញ។ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះឡើងទាំងផ្លូវគោក និងផ្លូវទឹក។ ចាប់ពីឆ្នាំ១៩៧៣ ទាហាន លន់ នល់ ត្រូវបានដកមកឈរជើងនៅព្រំប្រទល់ទីរួមខេត្តកំពង់ចាម ដើម្បីត្រៀមប្រយុទ្ធតទល់ជាមួយកងទ័ពរំដោះខ្មែរក្រហមដែលកំពុងតែឡោមព័ទ្ធជុំវិញ។ ទាហាន លន់ នល់ ប្រើប្រាស់ផ្លូវទឹកតាមដងទន្លេមេគង្គក្នុងការដឹកជញ្ជូនសម្ភារ និងស្បៀងចូលទៅទីរួមខេត្តកំពង់ចាម។ កងទ័ពរំដោះខ្មែរក្រហមតែងតែបើកការវាយប្រហារលើទាហាន លន់ នល់ ដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពរំដោះខ្មែរក្រហមធ្វើសង្រ្គាមផ្លូវទឹកជាមួយទាហានជើងទឹក (ម៉ារីន) លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ វត្តរកាគយគឺជាទីតាំងដែលនាវាចម្បាំងទាហាន លន់ នល់ និងក្បួននាវាដឹកសម្ភារផ្សេងៗបើកឆ្លងកាត់ និងតែងតែទទួលរងការបាញ់ និងវាយប្រហារពីត្រើយទាំងសងខាងនៃទន្លេមេគង្គ និងការបណ្ដែតគ្រាប់បែកតាមដើមចេកពីសំណាក់កងទ័ពរំដោះខ្មែរក្រហម។
ទីតាំងបន្ទាប់គឺស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ ដែលសិស្សានុសិស្សចុះទៅដល់។ ការចុះទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ គឺដឹកនាំដោយ លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយអាចសួរនាំទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីបទពិសោធន៍ និងបង្កើនការចង់ដឹងអំពីរឿងរ៉ាវកើតឡើងក្នុងមូលដ្ឋានក្នុងរបបខ្មែរក្រហម។
លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានជួបសន្ទនាផ្ទាល់ជាមួយសិស្សានុសិស្ស និងប្រាប់អំពីគោលបំណងនៃការសាងសង់ស្ដូបរំឭកសម្រាប់សហគមន៍នេះ គឺដើម្បីរំឭកដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម និងការអាចនិយាយប្រាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតទៅកាន់ក្មេងជំនាន់ក្រោយ។ បន្ទាប់មក សិស្សានុសិស្សទាំងអស់ធ្វើដំណើរទៅកាន់ទំនប់៥កម្ភៈ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ទំនប់៥កម្ភៈ ត្រូវបានចាប់សាងសង់ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដើម្បីស្ដុកទឹកទុកប្រើប្រាស់ និងបញ្ចូលស្រែនៅរដូវប្រាំង។ ប្រជាជនត្រូវបានចល័តមកលើកទំនប់ និងទទួលរងការធ្វើការងារហួសកម្លាំង គ្មានអាហារហូបគ្រប់គ្រាន់ និងធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល។
ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ម្នាក់មួយក្បាលពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដើម្បីទុកប្រើប្រាស់ជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន និងសិក្សាឈ្វេងយល់អំពីបរិបទប្រវត្តិសាស្រ្តកម្ពុជា។
អត្ថបទ ៖ ទូត វណ្ណេត និង សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា