នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន១៥០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១១ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ស្ថិតនៅឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ការចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះ ធ្វើឡើងតបតាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប សម្រាប់តម្រូវការក្នុងការសិក្សា និងស្រាវជ្រាវរបស់សិស្សានុសិស្សទាក់ទងនឹងប្រវត្តិសាស្រ្តដ៏មានសារសំខាន់របស់ប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោក ឆេង ម៉ាប់ នាយករងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានចំណាយពេលវេលាចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់សិស្សានុសិស្សដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជា និងសម្រាប់តម្កល់នៅបណ្ណាល័យរបស់វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប។
តមក លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងសមាជិកក្រុម រួមមាន ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត។ ឆ្លៀតឱកាសនោះ លោក ស៊ាង ចិន្ដា បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្ស និងពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស ដែលជាក្មេងជំនាន់ក្រោយធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ យាងមកកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣។
បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សចំណាយរយៈពេល២០នាទីដើម្បីបើកមើល ហើយខណៈនោះ សិស្សឈ្មោះ ធន វីរៈ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ ផ្នែកវិទ្យាសាស្រ្តសង្គម ត្រូវបានស្នើឲ្យក្រោយឈរ និងអានត្រង់ទំព័រទី៦៧ ដែលបង្ហាញអំពី កាលបរិច្ឆេទ ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៣។ បន្ទាប់មក វីរៈ សង្ខេបថា ៖ «អ្វីដែលហ្លួងម៉ែលើកឡើងនៅទំព័រនេះ គឺបង្ហាញថា ថ្ងៃទី១៨ ខែមីនា កាលពី៣ឆ្នាំមុន លន់ នល់ បានធ្វើរដ្ឋប្រហារ ដែលបណ្ដាលឲ្យមានការបាត់បង់សន្តិភាព និងធ្វើឲ្យប្រជាជនទទួលរងទុក្ខវេទនាចេញពីការផ្ទុះឡើងនូវភ្លើងសង្រ្គាម»។
ការចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តតាមរយៈការអានសៀវភៅ របស់ វីរៈ ត្រង់ទំព័រទី៦៧នេះ គឺធ្វើឡើងដើម្បីបណ្ដុះការចង់ដឹង និងការចង់អានទៅកាន់សិស្សានុសិស្សផ្សេងទៀតដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា