ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ តាលោ

នៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរមកដល់វិទ្យាល័យតាលោ ស្ថិតនៅ​ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមកហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ២៤០នាក់។

ជាកិច្ចចាប់ផ្ដើមលោក តេង ធា នាយកវិទ្យាល័យ តាលោ បានថ្លែងអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលទើបតែបោះពុម្ពថ្មីមកចែកជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតាលោនាឱកាសនេះ។ លោក តេង ធា បានផ្តាំផ្ញើទៅប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះឲ្យចប់ ព្រោះវានឹងជួយប្អូនៗបានយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពិសេសអំពីប្រវត្តិរបស់សម្តេចយាយទួត និងសម្តេចតាទួតរបស់យើងទាំងអស់គ្នា។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ឡើងថ្លែងអំណរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះ។ ឆ្លៀតឱកាសនោះ លោក ឡុង ដានី បានជម្រាបជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអំពីមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដូចតទៅ ៖ ១) ផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០ ដែលនៅអំឡុងពេលនោះប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ២) ពង្រឹងសន្តិភាពតាមរយៈការអប់រំ និងផ្ដល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍  ៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដល់កូនចៅជំនាន់ក្រោយ ៤) បន្តចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ស្រាវជ្រាវ និងចងក្រងទីតាំងឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ និង ៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ។

ចុងក្រោយ លោក ឡុង ដានី លើកឡើងអំពី សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលមជ្ឈ​មណ្ឌលឯកសារកម្ពុជាបានស្នើសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ តាំង​ពី១២ឆ្នាំមុនដើម្បីបោះពុម្ព ប៉ុន្តែទ្រង់ទើបតែសព្វព្រះរាជហឫទ័យអនុញ្ញាតឲ្យមជ្ឈ​មណ្ឌ​លឯកសារកម្ពុជាបោះពុម្ពផ្សាយជាផ្លូវការនៅពេលថ្មីៗនេះ។ សៀវភៅ «សាក្សីប្រវត្តិ​សាស្រ្ត» គឺជាព្រះរាជសំណេរដើម ដោយមិនមានការកែសម្រួល ហើយបានឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់ហ្លួងម៉ែផ្ទាល់។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» រៀបរាប់អំពី ព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣ ដោយចេញព្រះរាជដំណើរពីទីក្រុងប៉េកាំង មកទីក្រុងហាណូយ និងបន្តតាមផ្លូវលំហូជីមិញមកកាន់ប្រទេសកម្ពុជា។ ក្នុងរយៈពេល៣៩ថ្ងៃនៃព្រះរាជដំណើរ ហ្លួងម៉ែបានសរសេរកំណត់ហេតុជារៀងរាល់ថ្ងៃ ព្រមទាំងបង្ហាញឲ្យឃើញពីភាពទន់ភ្លន់ និងសេចក្ដីថ្លៃថ្នូររបស់ព្រះអង្គ ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងចលាចលក៏ដោយ។ សៀវភៅសាក្សីប្រវត្តិសាស្រ្ត គឺជាចំណែកប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់សម្រាប់ប្អូនៗជាពិសេសប្អូនៗដែលសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរក្រហមដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ។

អត្ថបទ ៖ ចាន់ ណារិទ្ធ និង ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»