មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និង សិទ្ធិមនុស្ស» សម្រាប់សិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និង សិទ្ធិមនុស្ស» សម្រាប់សិស្សានុសិស្សចំនួន៤១នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកប្រវត្ដិសាស្រ្ដដល់យុវជន ការកសាងសន្ដិភាព និងការផ្សះផ្សា។

មុនពេលចូលរួមដំណើរទស្សនកិច្ចសិក្សានេះ​ សិស្សឈ្មោះ ថៃ ស៊ុកលី មានវ័យ១៨ឆ្នាំ បាននិយាយថា ខ្ញុំធ្លាប់បានឮអំពីស្រុកអន្លង់វែងដែលមានទីតាំងប្រវត្តិសាស្រ្តជាច្រើនបន្សល់ទុកពីរបបខ្មែរក្រហម។ ប៉ុន្តែខ្ញុំមិនដែលបានស្គាល់ ឬឃើញទីតាំងប្រវត្តិសាស្រ្តទាំងនោះទេ។ ចំណែក ឡេ ករុណា គឺជាសិស្សវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ បានដឹងខ្លះៗអំពីអន្លង់វែង ដែលជាតំបន់ប្រវត្តិសាស្រ្ត។ អន្លង់វែងគឺជាសហគមន៍មួយដែលបានបន្សល់ទុកកេរដំណែលនៃការតស៊ូរបស់ក្រុមខ្មែរក្រហម។ ខ្ញុំបានដឹងថា ប៉ុល ពត បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

បើយោងតាមសៀវភៅ «ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែងតំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម» ៖ សៀវភៅណែនាំសម្រាប់មគ្គុទេសក៍ទេសចរណ៍ បានសរសេរថា «អន្លង់​វែងធ្លាប់ជាស្រុកដ៏ស្ងាត់ជ្រងំ មានសារសំខាន់ផ្នែកប្រវត្តិសាស្រ្តតិចតួចបើគិតត្រឹមឆ្នាំ១៩៧៩។ ក្រោយឆ្នាំ១៩៧៩ ជាពិសេសក្រោយឆ្នាំ១៩៨៩ នៅពេលដែលកងទ័ពវៀតណាមបានដកចេញពីប្រទេសកម្ពុជា តំបន់នៅជុំវិញអន្លង់វែងក៏មានភាពលេចធ្លោឡើង និងក្លាយជាតំបន់តស៊ូដ៏សំខាន់មួយរបស់ខ្មែរក្រហម»។

នៅក្នុងឱកាសនោះ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសនិ្ដភាពអន្លង់វែង បានធ្វើការសម្របសម្រួល និងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្ស ដោយផ្ដោតសំខាន់ទៅលើកិច្ចការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានអនុវត្តកន្លងមក ជាពិសេសលើកយកនូវបរិបទប្រវត្ដិសាស្រ្ដជុំវិញការកកើតរបបខ្មែរក្រហម សោកនាដកម្មក្រោមអំពើឃោរឃៅ និងការបិទបញ្ចប់នូវទំព័រប្រវត្ដិសាស្រ្ដអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។

ភាពយន្ត​ឯកសារស្តីពីមន្ទីរស-២១ ឬ គុកទួលស្លែង ក៏ត្រូវ​បានចាក់​បញ្ចាំង​ជូនសិស្សានុសិស្សបានទស្សនា និងឈ្វេងយល់បន្ថែមពីការធ្វើទារុណកម្មអ្នកទោសដែលជាប់ឃុំឃាំងនៅទីនោះ។

បន្ទាប់ពីបានទស្សនាកុនឯកសារមន្ទីរស-២១ រួចមកសិស្សានុសិស្សក៏បានសម្ដែងនូវអារម្មណ៍រន្ធត់ និងសោកសៅ នៅពេលបានឃើញទិដ្ឋភាពអ្នកទោសដេកស្លាប់នៅក្នុងបន្ទប់ដោយជើងនិងដៃជាប់ខ្នោះ ហើយអ្នកខ្លះទៀតមានការសម្លាប់ដោយវះពោះ និងអារក។ បន្ថែមលើនេះ បណ្ឌិតក៏បានលើកយកនូវ «ទស្សនាវដ្ដីស្វែងរកការពិត» មកសិក្សាបន្ថែមដោយផ្ដោតសំខាន់ទៅលើផ្នែកទី១ «ពិភពលោកអន្លង់វែង» ដើម្បីឲ្យសិស្សានុសិស្សបានឈ្វេងយល់កាន់តែច្បាស់ពីភូមិសាស្រ្ត ក៏ដូចជាប្រវត្តិសាស្រ្តរបស់អន្លង់វែង។

បន្ទាប់ពីការធ្វើបទបង្ហាញ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានដឹកនាំសិស្សានុសិស្សទៅទស្សនាពិព័រណ៍ស្ដីអំពី «សង្គ្រាមនិងអំពើប្រល័យពូជសាសន៍» នៅមជ្ឈ​មណ្ឌលសន្ដិភាពអន្លង់វែង ស្ថិតនៅលើខ្នងភ្នំដងរែក ព្រមទាំងទស្សនាទីតាំងប្រវត្ដិសាស្រ្ដមួយចំនួនទៀត ដូចជា ទីតាំងបូជាសព ប៉ុល ពត, ទីតាំងបូជាសព សុន សេន និងក្រុមគ្រួសារ, ចេតិយ តាម៉ុក និងសារមន្ទីរតាម៉ុក ដើម្បីសិក្សាឈ្វេងយល់បន្ថែម។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖