រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិទី១០

នៅចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សាំង ចាន់ធូ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្រកម្ពុជាប្រចាំខេត្តកំពង់ចាម បានចុះធ្វើការសម្ភាសន៍អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិទី៨ និងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខាងក្រោម គឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖

ឡាយ ស៊ីឡេក អាយុ៧០ឆ្នាំ រស់នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ខ្ញុំឈ្មោះ ឡាយ ស៊ីឡេក មានប្តីឈ្មោះ ជឹម ម៉េង ហើយខ្ញុំមានកូនស្រីម្នាក់។ សព្វថ្ងៃ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ សេង ឡាង និងម្ដាយឈ្មោះ ស៊ុន អាយ និងខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ គឺប្រុស២នាក់និងស្រីម្នាក់ (ខ្ញុំ)។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារប្រទេសជាតិមានសង្រ្គាម។ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឪពុករបស់ខ្ញុំនាំប្រពន្ធកូនចាកចេញពីផ្ទះ ទៅរស់នៅភូមិផ្សេង។ នៅឆ្នាំ១៩៧១ មានកងទ័ពរំដោះខ្មែរក្រហមបានចូលមកនៅតាមភូមិលាយឡំជាមួយប្រជាជនជាបណ្ដើរៗ។ នៅឆ្នាំ១៩៧២ កងទ័ព លន់ នល់ ចាប់ផ្តើមទម្លាក់គ្រាប់បែក ពេលនោះខ្ញុំរត់ទៅនៅជីហែបានរយៈពេល៣ទៅ៤ខែ ក៏ផ្លាស់នៅភូមិមហាលាភវិញ។ នៅឆ្នាំ១៩៧៣ ដោយសារតែសង្រ្គាមនៅតែបន្ត ឪពុកខ្ញុំបាននាំកូនៗទៅនៅខាងភូមិបឹងព្រួល ពាមជីលាំង បានរយៈពេល៤ខែ រួចក៏ឆ្លងទូកមកនៅកោះកំពង់ត្រុំទាំងយប់។ នៅឆ្នាំ១៩៧៤ ឪពុកពុកខ្ញុំបាននាំកូនៗមកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំតាមទូកទៅពាមជីកង។ ខ្ញុំដេកនៅព្រៃចេករយៈពេល២០ថ្ងៃនៅពាមជីកង អ្នកបើកឡានមកដឹកគ្រួសារខ្ញុំទៅស្រុកតាំងគោក។ ពេលទៅដល់តាំងគោក ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យច្រូតស្រូវក្នុងការដ្ឋានស្នែងទងស្ថិតនៅ សង្កាត់ស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅរែកដី និងលើកទំនប់ ចាប់ពីម៉ោង៦ ដល់ម៉ោង១១ព្រឹក ទើបអាចសម្រាកហូបបាយលាយពោតបាន។ នៅឆ្នាំ១៩៧៦ ប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទថា គាត់ធ្វើពេទ្យពីសង្គមចាស់។ ប្អូនរបស់ខ្ញុំក៏ត្រូវខ្មែរក្រហមយកទៅសម្លាប់ទាំងប្ដី និងប្រពន្ធមានផ្ទៃពោះ៧ខែដែរ ដោយពេលដែលខ្មែរក្រហមយកទៅសម្លាប់នោះ ខ្មែរក្រហមកុហកថាផ្លាស់ទីលំនៅថ្មី។ នៅឆ្នាំ១៩៧៧ អង្គការឲ្យខ្ញុំរែកដីនៅកំពង់ត្របែកដែលមានគ្នាចំនួន១០០នាក់។ ខ្ញុំក្រោកពីម៉ោង៥ទៀបភ្លឺដើរទៅប្រជុំជួរ រួចបំបែកគ្នាទៅធ្វើការតាមផែនការថ្នាក់លើដាក់ឲ្យ។ ពេលនោះ ខ្ញុំត្រូវចូលកងចល័តពិសេស ដូច្នេះខ្មែរក្រហមបានចែកស្លៀកពាក់ខោអាវពណ៌ខ្មៅ ក្រមាពណ៌ខៀវ និងស្បែកជើងកង់ឡានឲ្យខ្ញុំ។ ខ្ញុំធ្វើការនៅពេលយប់ហើយចន្លោះពីម៉ោង៨ ទៅម៉ោង៩ ខ្ញុំដើរវាយកណ្ដុរ។ នៅឆ្នាំ១៩៧៩ ទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញ។

វ៉ាន គីមលាវ អាយុ៧៧ឆ្នាំ រស់នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ខ្ញុំឈ្មោះ វ៉ាន គីមលាវ ។ នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនចំនួន៨នាក់។  កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំបានរៀបការព្រមទាំងមានកូនចំនួន៣នាក់ គឺប្រុស២នាក់ និងស្រី១នាក់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលគ្រប់គ្រង ខ្ញុំមិនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទេ។ រហូតដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើការងារជាក្រុម រួមមាន ពេលព្រឹករែកដី បន្ទាប់មក កិនពោត ជាន់អង្កររហូតដល់ម៉ោង១១យប់ទើបបានសម្រាក។ នៅវេលាម៉ោង៤ទៀបភ្លឺ ប្រធានក្រុមដាស់ខ្ញុំឲ្យក្រោកឡើងទៅតម្រង់ជួរ ហើយម៉ោង៥ ខ្ញុំត្រូវកាន់បង្គី ដើរតម្រង់ជួរទៅរែកដី ចំណែករបបអាហារគឺមានតែបបររាវៗ។ នៅសម័យនោះ ទោះបីខ្ញុំឃ្លានយ៉ាងណាក៏មិនហានលួចដែរ។ សូម្បីតែដំណាំដែលខ្ញុំដាំខ្លួនឯងក៏ដោយ ក៏ខ្ញុំមិនហ៊ានហូបដែរ ខ្លាចអង្គការយកទៅសម្លាប់ ឬធ្វើបាប។ នៅក្នុងរបបខ្មែរក្រហម ឪពុករបស់ខ្ញុំមានតួនាទីជាអ្នកធ្វើម្ហូបនៅរោងបាយ ចំណែកខ្ញុំជាអ្នកមើលថែក្មេងតូចៗ។ នៅសម័យនោះ ខ្មែរក្រហមចាប់ប្អូនៗរបស់ខ្ញុំបួននាក់យកទៅសម្លាប់ចោល។

អត្ថបទ ៖  សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក