ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ

នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរមកដល់វិទ្យាល័យជាស៊ីមកណ្ដោលជ្រុំ ស្ថិតនៅក្នុងភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីចែកសៀវភៅ  «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន២៤៣ក្បាល ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

ជាកិច្ចចាប់ផ្ដើមលោក ជិន ឡង់ឌី នាយកវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឡុង ដានី និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលទើបតែបោះពុម្ពថ្មី និងជាសៀវភៅដ៏មានតម្លៃពិសេសម្រាប់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដល់លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្ស។ វិទ្យាល័យ ជា ស៊ីមកណ្ដាលជ្រុំ មានលោកគ្រូអ្នកគ្រូចំនួន៦៣នាក់ ក្នុងនោះមានស្រី២៨នាក់ និងសិស្សានុសិស្សចំនួន១៣១៧នាក់ ក្នុងនោះមានស្រី៧២៨នាក់។ លោក ជិន ឡង់ឌី បន្តថា កន្លងមក ខ្ញុំធ្លាប់តែឃើញសៀវភៅផ្សេងៗទាក់ទងនឹងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលបោះពុម្ពដោយមជ្ឈ​មណ្ឌលឯកសារកម្ពុជា។ នៅថ្ងៃនេះខ្ញុំបានទទួលសៀវភៅថ្មីមួយទៀត គឺសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាកំណត់ហេតុរបស់ហ្លួងម៉ែក្នុងព្រះរាជដំណើរមកកាន់តំបន់រំដោះនៃរណសិរ្សរួប​រួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣។ ខ្ញុំមិនដែលបានដឹងពីព្រះរាជដំណើររបស់ព្រះអង្គមកកាន់ប្រទេសកម្ពុជា អំឡុងពេលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិល ព្រមទាំងមានការបែងចែករវាងប្លុកកុម្មុយនីស្ត និងសេរីនោះទេ។ លោក ជិន ឡុងឌី បានលើកឡើងថា ប្អូនៗសិស្សានុសិស្សត្រូវតែការពារសន្ដិភាពតាមរយៈការអប់រំ និងការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរ។ ប្រសិនបើចំណុចណាល្អប្អូនៗត្រូវទទួលយក ប៉ុន្តែបើចំណុចណាមិនល្អត្រូវបោះបង់ចោល។ ម្យ៉ាងទៀត ប្អូនៗអាចអភិវឌ្ឍន៍ប្រទេសជាតិទៅតាមចេះណេះដឹង និងសមត្ថភាពដែលប្អូនៗធ្លាប់បានរៀនសូត្រ។

បន្ទាប់មក លោក ឡុង ដានី ឡើងសម្តែងការអរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលបានអញ្ជើញមកចូលរួមពិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ក្នុងថ្ងៃនេះ។ តមក លោក ឡុង ដានី បានធ្វើការណែនាំពីមជ្ឈមណ្ឌលឯកសារកោះថ្មដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណង ដូចខាងក្រោម៖

១) ផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៩០ អំឡុងពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល  និងរបបប្រល័យពូជសាសន៍។

២) ពង្រឹងសន្តិភាពតាមរយៈការអប់រំ ផ្ដល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយ បានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូសាសន៍ នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។

៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដល់កូនចៅជំនាន់ក្រោយ។

៤) មជ្ឈមណ្ឌលឯកសារកោះថ្មនៅតែបន្តចងក្រងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរ  ក្រហម និងស្រាវជ្រាវចងក្រងអំពីទីតាំងឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។

៥) សម្របសម្រួលលើគម្រោងសុខភាពបន្ទាប់ពីអ្នកស្ម័គ្រចិត្តកម្ពុជា បានចុះសួរសុខទុក្ខ, បញ្ហាសុខភាព និងរឿងរ៉ាវជីវិតបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាចុងក្រោយលោក ឡុង ដានី បានលើកឡើងថា ចំពោះសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាកំណត់ហេតុរបស់ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងព្រះរាជដំណើរអមសម្តេចព្រះនរោត្តម សីហនុ យាងមកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣ គឺមជ្ឈមណ្ឌលឯកសារកម្ពុជាបានស្នើសុំព្រះរាជានុញ្ញាតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរតាំងពី១២ឆ្នាំមុន ប៉ុន្តែទ្រង់ទើបតែសព្វព្រះរាជហឫទ័យអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពផ្សាយជាផ្លូវការ។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបោះពុម្ពព្រះរាជសំណេរដើមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមិនបានកែសម្រួល និងបានឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់ហ្លួងម៉ែផ្ទាល់។

សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» គឺជាព្រះរាជកំណត់ហេតុរបស់ហ្លួងម៉ែដែលអមព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ មកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣ ដោយចេញព្រះរាជដំណើរពីទីក្រុងប៉េកាំង មកទីក្រុងហាណូយ និងបន្តតាមផ្លូវលំហូជីមិញមកកាន់ប្រទេសកម្ពុជា។ ក្នុងរយៈពេល៣៩ថ្ងៃនៃព្រះរាជដំណើរនេះ ហ្លួងម៉ែបានសរសេរកំណត់ហេតុរៀងរាល់ថ្ងៃ ហើយបានបង្ហាញអំពីភាពទន់ភ្លន់ និងសេចក្តីថ្លៃថ្នូររបស់ព្រះអង្គទោះជាស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ស្ថិតក្នុងភាពចលាចលក៏ដោយ។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» គឺជាចំណែកប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សិស្សានុសិស្ស ជាពិសេសអ្នកដែលសិក្សាស្រាវជ្រាវដើម្បីពង្រឹងនូវចំណេះដឹង និងសមត្ថភាព។

អត្ថបទ ៖  វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»