សិស្សានុសិស្សចំនួន២៤០នាក់នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា  ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន២៤០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង។

វិទ្យាល័យ ហ៊ុន សែន កងតាណឹង  ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ វិទ្យាល័យនេះមានទីធ្លាធំទូលាយ បង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងមានសិស្សានុសិស្សសរុបចំនួនជាង១០០០នាក់កំពុងសិក្សា ដែលក្នុងនោះមានសិស្សរៀនថ្នាក់ទី១២សរុបចំនួន២៤០នាក់។

ជាកិច្ចចាប់ផ្ដើម លោក ធន់ ធរ នាយកវិទ្យាល័យ ហ៊ុន សែន កងតាណឹង និងគណៈគ្រប់គ្រងវិទ្យាល័យ ទទួលស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងថ្លែងអំណរគុណដល់ការចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នាពេលនេះ ដែលជាពេលវេលាដ៏សំខាន់​ដែលសិស្សានុសិស្សថ្នាក់ទី១២ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ បន្ទាប់មក លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានធ្វើការណែនាំខ្លួន និងក្រុមការងារ រួមមាន ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត។

មុនចាប់ផ្ដើមចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» លោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសាខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវនេះ។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ឬប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ បន្ទាប់ពីការផ្ដល់បទបង្ហាញខ្លីអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម លោក ស៊ាង ចិន្ដា និងក្រុមការងារចាប់ផ្ដើមចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» និងពន្យល់អំពីសារសំខាន់នៃសៀវភៅនេះដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស ដែលជាក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ មកកាន់តំបន់រំដោះនៃប្រទេសកម្ពុជា នៅឆ្នាំ១៩៧៣។

សិស្សានុសិស្សមានរយៈពេល២០នាទីដើម្បីបើកមើល និងអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»។ បន្ទាប់មកសិស្សឈ្មោះ រី ស្រីម៉ុម អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គម បានក្រោកឈរ និងអាននូវទំព័រទី១៧ ដែលបង្ហាញអំពីកាលបរិច្ឆេទ ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៣។ ស្រីម៉ុម លើកឡើងថា «សំណេរដែលលើកឡើងនៅទំព័រទី១៧នេះ គឺបង្ហាញអំពីកាលបរិច្ឆេទចេញដំណើររបស់ទ្រង់ទាំងទ្វេ និងមនុស្សដែលហ្លួងម៉ែបានជួបនាពេលនោះ។ ខ្លឹមសារដែលខ្ញុំទើបតែដឹងនាពេលនេះ គឺការដឹងអំពីព្រះនាមរបស់រាជបុត្រាទាំង២ព្រះអង្គរបស់ហ្លួងម៉ែ។ ខ្ញុំពិតជាសប្បាយចិត្តដែលទទួលបានសៀវ​ភៅប្រវត្តិសាស្រ្តដ៏សំខាន់នេះ។ ខ្ញុំនឹងអានសៀវភៅនេះឲ្យចប់។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនយល់ឃើញ ដូចខាងក្រោម៖

យ៉រ ស្រីមាស  អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង លើកឡើងថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ពិតជាមានតម្លៃណាស់សម្រាប់ខ្ញុំដែលជាក្មេងជំនាន់ និងកំពុងត្រៀមប្រឡង ពីព្រោះហ្លួងម៉ែព្រះរាជសំណេរយ៉ាងក្បោះក្បាយអំពីកាលបរិច្ឆេទ មនុស្សដែលព្រះអង្គជួប និងទីតាំងនីមួយៗដែលព្រះអង្គយាងទៅដល់។ រឿងរ៉ាវដែលហ្លួងម៉ែកត់ត្រានាគ្រានោះ គឺជារឿងរ៉ាវដ៏សំខាន់ និងកម្រដែលខ្ញុំជាក្មេងជំនាន់ក្រោយមិនអាចដឹង ឬមិនដែលបានដឹងពីមុនមក»។

អឿ ចិនសាង អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រសង្គមនៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង លើកឡើងថា «ខ្ញុំមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំងពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងម៉ែ ពីព្រោះខ្ញុំអាចដឹងពីរឿងរ៉ាវជាច្រើនដែលជាបទពិសោធន៍ពិតរបស់ហ្លួងម៉ែ និងសម្តេចតា ដែលទ្រង់ទាំងទ្វេបានយាងចូលប្រទេសនៅក្នុងឆ្នាំ១៩៧៣។

អត្ថបទ ៖ សាំង ចាន់ធូ និងទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក