ជុំ រ៉ាំ ៖ ម្តាយរបស់ខ្ញុំយំនឹកខ្ញុំរហូតដល់ស្លាប់

ទោះបីពិការជើងខាងស្តាំដោយសារគ្រាប់មីនរបស់កងទ័ពវៀតណាម នៅឆ្នាំ១៩៨៤ ជុំ រ៉ាំ នៅតែខិតខំតស៊ូចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារ។ គាត់ខិតខំការពារកុំឲ្យមានសង្រ្គាម និងការកាប់សម្លាប់វិលត្រឡប់មកវិញទៀត។ រ៉ាំ បានលើកឡើងថា «បច្ចុប្បន្ននេះយើងមានសន្តិភាពហើយ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឲ្យបានល្អ។ យើងត្រូវចេះស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមក និងធ្វើយ៉ាងណាឲ្យមានបន្លែ ផ្លែឈើ និងម្ហូបអាហារហូបឲ្យបានគ្រប់គ្រាន់ ហើយប្រកបដោយសុខភាព។ រឿងរ៉ាវកន្លងមកគឺជាមេរៀនជូរចត់សម្រាប់យើងទាំងអស់គ្នា ដូចជាការបែកបាក់ក្រុមគ្រួសារ ការឈឺចាប់ និងការបាត់បង់»។

នៅពេលរំឭកអំពីម្តាយ រ៉ាំ បានលើកឡើងដោយទឹកមុខស្រងូតស្រងាត់ថា «ខ្ញុំនិងបងប្អូនស្រីប្រុសចំនួន៧នាក់ទៀតបានបែកពីឪពុកម្តាយតាំងពីឆ្នាំ១៩៧៣ ដើម្បីចូលបម្រើកងទ័ពខ្មែរក្រហមតាមការអំពាវនាវរបស់ប្រធានឃុំ។ ពេលនោះ ខ្ញុំមានអាយុ១៣ឆ្នាំ។ មានតែប្អូនប្រុសពៅរបស់ខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរស់នៅជាមួយឪពុកម្តាយនាពេលនោះ។ ខ្ញុំគឺជាមនុស្សឧស្សាហ៍ មិនដែលធ្វើឲ្យម្តាយពិបាកចិត្តឡើយ។ ដូច្នេះម្តាយខ្ញុំមិនចង់ឲ្យខ្ញុំចាកចេញទៅទាល់តែសោះ ប៉ុន្តែយើងមិនអាចប្រកែកនឹងការស្នើសុំរបស់ប្រធានឃុំ។ ម្តាយរបស់ខ្ញុំមានសម្បុរស និងមានមាឌធំដំបង។ គាត់គឺជាមនុស្សចិត្តល្អ ហើយស្រឡាញ់កូនៗរបស់គាត់ណាស់។ មុននឹងបែកពីម្តាយខ្ញុំបានសុំក្រមាមួយពីគាត់ដើម្បីទុកដណ្តប់ខ្លួន។ ម្តាយរបស់ខ្ញុំបានយកក្រមាមកឲ្យខ្ញុំ ប៉ុន្តែមិននិយាយស្តីអ្វីទាំងអស់។ គាត់បានត្រឹមតែបង្ហូរទឹកភ្នែក រួចក៏ដើរចេញទៅ។ ខ្ញុំខានជួបមុខម្តាយតាំងពីពេលនោះមក។

) បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជាមួយ ជុំ រ៉ាំ (អង្គុយលើកៅអី) នៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលខ្ញុំវិលត្រឡប់ទៅលេងផ្ទះនៅឯខេត្តព្រះសីហនុ ខ្ញុំបានជួបជាមួយប្អូនប្រុសពៅ និងអ្នកភូមិមួយចំនួនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកភូមិបាននិយាយប្រាប់ខ្ញុំថា ម្តាយរបស់ខ្ញុំបានសុំឲ្យអ្នកជិតខាងដែលទើបតែសម្រាលបានកូនប្រុសម្នាក់ដាក់ឈ្មោះកូននោះថា រ៉ាំ ដោយសារគាត់នឹកកូនប្រុសខ្លាំងពេក។ ការដាក់ឈ្មោះបែបនេះអាចធ្វើឲ្យគាត់មានអារម្មណ៍ថា រ៉ាំ ដែលជាកូនបង្កើតរបស់គាត់នៅជិតគាត់។ ខ្ញុំមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងនៅពេលអ្នកភូមិប្រាប់ថា ម្តាយរបស់ខ្ញុំនឹកខ្ញុំខ្លាំងហើយបានស្រែកហៅឈ្មោះរបស់ខ្ញុំរហូតដល់ស្លាប់។ ខ្ញុំស្ងើចសរសើរនិងអរគុណដល់ក្រុមគ្រួសារ រ៉ាំ ដែលសុខចិត្តដាក់ឈ្មោះបែបនេះតាមសំណូមពររបស់ម្តាយខ្ញុំ។

ទោះបីជាយ៉ាងណា ខ្ញុំមានជំនឿថា ម្តាយរបស់ខ្ញុំនៅតាមថែរក្សា និងចាំជួយខ្ញុំជានិច្ច។ មានពេលមួយនោះ ប្រហែលក្នុងឆ្នាំ២០១៥ ខ្ញុំបាត់លុយ២៥០០០រៀល ខ្ញុំពិបាកចិត្តខ្លាំងណាស់ដោយសារគ្មានលុយឲ្យកូនទៅរៀន។ ខ្ញុំក៏នឹកដល់ម្តាយ ហើយបានសុំឲ្យគាត់ជួយរកលុយឲ្យឃើញវិញ។ ស្រាប់តែពេលយប់ឡើង ម្តាយរបស់ខ្ញុំបានមកពន្យល់សប្តិខ្ញុំ។ លុះព្រឹកឡើងខ្ញុំបានទៅសាកសួរឈ្មោះអ្នកដែលម្តាយខ្ញុំបានចង្អុលប្រាប់ ខ្ញុំក៏បានទទួលលុយមកវិញ»។

បច្ចុប្បន្ន ជុំ រ៉ាំ អាយុ៦៣ឆ្នាំ មានកូនចំនួន៣នាក់។ គាត់រស់នៅភូមិទួលប្រាសាទ ឃុំស្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រ៉ាំ មានស្រុកកំណើតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តកោះកុង ហើយបច្ចុប្បន្នខេត្តព្រះសីហនុ។ នៅពេលទទួលដំណឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅវត្តអន្លង់វែង រ៉ាំ ដែលធ្លាប់សម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាតាំងពីឆ្នាំ២០២១ ដែលស្ថិតក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០០នាក់ បានមកទទួលសេវាពិនិត្យសុខភាពបឋម។ រ៉ាំ បានធ្វើដំណើរមកជាមួយអ្នកភូមិរបស់គាត់ពីរនាក់ទៀត គឺជាជនពិការដូចគ្នា ដោយត្រូវធ្វើដំណើរឆ្លងកាត់ទឹកដែលហូរកាត់ផ្លូវនារដូវភ្លៀងធ្លាក់។ ស្ថិតក្នុងទឹកមុខជឿជាក់ រ៉ាំ បញ្ជាក់ថាដើម្បីសុខភាព យើងត្រូវជម្នះរាល់ឧបសគ្គ។ អ្វីដែលគ្រូពេទ្យផ្តល់ឲ្យគាត់ថ្ងៃនេះ គាត់នឹងទទួលគ្រប់យ៉ាងដោយក្តីរីករាយ។ សម្រាប់ជនពិការដោយសារគ្រាប់មីនឬគ្រាប់បែកនៅក្នុងស្រុកអន្លង់វែង គាត់បានលើកឡើងថា ជនពិការគឺមានការឈឺចាប់ត្រង់មុខរបួសខ្លាំងជាពិសេសនៅពេលអាកាសធាតុត្រជាក់ ដោយសារសរសៃឈាមកន្រ្តាក់ខ្លាំង។ ពេលខ្លះ ធ្វើឲ្យ រ៉ាំ សម្រាន្តមិនលក់។ ជនពិការត្រូវការការថែទាំដិតដល់ ជាពិសេសការចាក់វ៉ាក់សាំងតេតាណូស ជារៀងរាល់៦ខែម្តង។ ប្រសិនបើមិនបានចាក់ទៀងទាត់ទេ នោះនឹងធ្វើឲ្យជើងកន្រ្តាក់ និងបណ្តាលឲ្យសម្រាន្តមិនបាន។

រ៉ាំ លើកឡើងថាប្រសិនបើមានមណ្ឌលជនពិការនៅក្នុងស្រុកអន្លង់វែង មិនដឹងជាល្អយ៉ាងណាទេ។ រ៉ាំ បន្ថែមថាប្រសិនបើជនពិការអាចទទួលបានគ្រាប់ពូជ ដូចជាស្ពៃជើងទា សណ្តែក សម្រាប់ធ្វើការដាំដុះទៀតនោះរឹតតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ជនពិការបានច្រើន។ ជុំ រ៉ាំ បានចុះចូលជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៨៨ និងបានរៀបការនៅឆ្នាំដដែល។ នៅឆ្នាំ២០០៧ គាត់បានធ្វើការឲ្យអង្គការហ្សូអា (Zoa Organization) ខាងគម្រោងគ្រោះមហន្តរាយដែលមានរយៈពេល៣ឆ្នាំ។ កិច្ចការរបស់គាត់រួមមាន កាប់ឆ្ការព្រៃជុំវិញផ្ទះ ដើម្បីបង្ការអគ្គីភ័យ ដូចជាភ្លើងឆេះព្រៃ។ រ៉ាំ នៅតែបន្តធ្វើកិច្ចការនេះរហូតដល់បច្ចុប្បន្នហើយក្រៅពីកិច្ចការនេះ គាត់ធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតគ្រួសារ។

អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖