នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌឯកសារកម្ពុជា រួមមាន ឡុង ដានី, ឡុង អូន, ធី គឹមហុង និង ចាន់ ណារិទ្ធ បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១០០ក្បាល ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១០០នាក់ ក្នុងនោះមានស្រី៦៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មុនពេលចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដល់សិស្សានុសិស្ស លោកគ្រូ ស៊ុំ ផារិទ្ធ នាយកវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន បានទទួលស្វាគមន៍ និងមានប្រសាសន៍ថា ថ្ងៃនេះវិទ្យាល័យហ៊ុន សែន បាក់ចិញ្ចៀន មានសេចក្តីរីករាយដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកចែកជូនលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស នៅវិទ្យាល័យយើងខ្ញុំ។ លោកគ្រូ ស៊ុំ ផារិទ្ធ ក៏បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ពីព្រោះសៀវភៅនេះមានសារសំខាន់ និងជាជំនួយបន្ថែមនៅពេលប្អូនៗសិក្សាមុខវិទ្យាប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។
បន្ទាប់មក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងក្រុមការងារដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោក ឡុង ដានី បានជម្រាបថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបើកដំណើការមជ្ឈមណ្ឌលផ្សះផ្សាវាលវែងមានគោលបំណងដូចខាងក្រោម៖
១)បង្ហាញអំពីប្រវត្តិសាស្ត្រ និងសង្គ្រាមនៅប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០។
២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំជាឱកាសចូលរួមសម្រាប់យុវជនរស់នៅតំបន់ជនបទ និង តំបន់ដាច់ស្រយាល។
៣)លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍ របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។
៤) ប្រមែរប្រមូលចងក្រងទីតាំងប្រវត្តិសាស្ត្រយោធា និងរឿងរ៉ាវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
៥) ជួយសម្របសម្រួលលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា»។
ជាចុងក្រោយ លោក ឡុង ដានី បានបន្ថែមថា សៀវភៅកំណត់ហេតុនេះ គឺជាព្រះរាជសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្លូ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្តគ័ងប៊ិញនៃ ប្រទេសវៀតណាម និងយាងបន្តដោយរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គត្រូវចំណាយពេលជាងមួយខែនេះ ព្រមទាំងបានបង្ហាញយ៉ាងច្រើនពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។ ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈកាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គគឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយព្រះអង្គ ក្នុងអំឡុងពេលនោះ។ ព្រះរាជសំណេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ទ្រង់ ផ្តល់នូវព្រះរាជតម្រិះសង្ខេបអំពីជំពូកដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្ស៖
ភួង លីណា៖ «នាងខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលខាងមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាចុះមកចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាកំណត់ហេតុរបស់ហ្លួងម៉ែដល់រូបនាងខ្ញុំ។ ខ្ញុំនឹងអានសៀវភៅនេះឲ្យចប់ ដើម្បីបានយល់ដឹងអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
ជុំ ប៊ុនថេង ៖ «ខ្ញុំពិតជាពេញចិត្តនិងសប្បាយរីករាយចំពោះក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាកំណត់ហេតុរបស់ហ្លួងម៉ែ។ ខ្ញុំនឹងបានយល់ដឹងអំពីទីតាំងភូមិសាស្រ្ត និងស្ថានភាពរបស់ប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍នៅអំឡុងពេលនោះ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា