វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)» នៅស្រុកអន្លង់វែង

សិស្សានុសិស្សចំនួន៤១នាក់ នៃវិទ្យាល័យស្រែណូយ បានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនស្ដីពី«ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» នៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ដល់យុវជននិងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមមាន ការបង្កើតសហករណ៍, ការរៀបការដោយបង្ខំ, ការរំលោភសិទ្ធិមនុស្ស និងពលកម្មរបស់កុមារ,ការធ្វើបន្សុទ្ធកម្ម និង ការសម្លាប់រង្គាល ដែលបង្កើតបានជាការពិភាក្សានិងការសួរសំណួរពីសិស្សានុសិស្សដូចតទៅ៖ តើមេដឹកនាំខ្មែរក្រហមមានចរិតផ្ដាច់ការទាំងអស់ដែរឬទេ? ហេតុអ្វីបានជារបបខ្មែរក្រហមលុបបំបាត់អ្នកចេះដឹង? ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមប្រកាន់យកលទ្ធិកុម្មុយនីស្ដ? ហេតុអ្វីបានជាខ្មែរក្រហមមិនឲ្យប្រជាជនហូបចុកគ្រប់គ្រាន់? តើរបបខ្មែរក្រហមមានចំណុចវិជ្ជមានយ៉ាងដូចម្ដេចខ្លះ? តើខ្មែរក្រហមជានរណា និងឡើងកាន់អំណាចដោយរបៀបណា? ហេតុអ្វីបានត្រូវយកមេដឹកនាំខ្មែរក្រហមទៅកាត់ទោស?

បន្ទាប់មកទៀត បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងធ្វើបទបង្ហាញរយៈពេលជាង១ម៉ោង ដោយផ្ដោតសំខាន់ទៅលើព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមប្រជាជនប្រមាណជិត២លាននាក់បានស្លាប់បាត់បង់ជីវិតតាមរយៈការធ្វើការងារដោយបង្ខំក្នុងសហករណ៍ ការធ្វើទារុណកម្ម និងការសម្លាប់រង្គាល ហើយចំនួន៥លាននាក់គឺជាអ្នករស់រានមានជីវិត ដែលជាសាច់ញាតិ និងក្រុមគ្រួសារអ្នកដែលស្លាប់បាត់បង់ជីវិត។ នៅក្នុងវេទិកាថ្នាក់រៀននេះ សិស្សបានសួរសំណួរដូចតទៅ «តើអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមត្រូវបន្ដរស់នៅយ៉ាងដូចម្ដេច? តើយើងទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញដោយរបៀបណា? ឆ្លើយតបទៅនឹងសំណួររបស់សិស្សម្នាក់ក្នុងចំណោម៤១នាក់ ដែលលើកឡើងថា «ហេតុអ្វីបានយើងត្រូវដឹងពីប្រវត្ដិសាស្រ្ដខ្មែរក្រហម?» បណ្ឌិត លី សុខឃាង បានលើកឡើងថា ការអប់រំអំពីប្រវត្ដិសាស្រ្ដ គឺមានបំណងឲ្យយុវជនចេះគិតពិចារណា និងទទួលបានចំណេះដឹងជាមូលដ្ឋានអំពីមូលហេតុ ដើមចមអំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍ដែលប្រៀបបានទៅនឹងការទប់ស្កាត់នៃអំពើនោះដែរ។

នៅចុងបញ្ចប់វេទិកាថ្នាក់រៀន សិស្សានុសិស្សបានបង្ហាញអំពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

រីម រស្មី ភេទស្រី អាយុ១៨ឆ្នាំ មកពីស្រែណូយលើកឡើងថា «ការចូលរួមក្នុងវេទិកាថ្នាក់រៀននេះ គឺចង់ឲ្យសិស្សានុសិស្សស្វែងយល់អំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម ជាពិសេសជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននាជំនាន់នោះ ថាតើទទួលរងការលំបាកដូចម្ដេចខ្លះ? ម្យ៉ាងទៀត កេរដំណែលប្រវត្ដិសាស្រ្ដនៅអន្លង់វែង គឺពិតជាជួយដល់ការចងចាំ និងការអប់រំដល់យុវជន»។

វីន ឆៃ ភេទស្រី អាយុ១៩ឆ្នាំ មកពីស្រែណូយរៀបរាប់ថា «វេទិកាថ្នាក់រៀននេះ​ពិតជាល្អ ព្រោះខ្ញុំអាចរៀនពីប្រវត្ដិសាស្រ្ដរបស់សង្គមខ្មែរដែលរងការឈឺចាប់ ការធ្វើបាប​ និងការជិះជាន់នាពេលកន្លងមក។ ជាងនេះទៅទៀត​ ខ្ញុំបានឃើញទីតាំងប្រវត្ដិសាស្រ្ដផ្ទាល់ គឺសារមន្ទីរអតីតតាម៉ុកនៅក្នុងស្រុកអន្លង់វែង ដែលបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយបានឈ្វេងយល់។ ខ្ញុំសូមផ្ដាំទៅកាន់មិត្ដភក្ដិផ្សេងទៀតដែលមិនទាន់បានចូលរួមក្នុងវេទិកានេះ ត្រូវមកចូលរួម ព្រោះធ្វើឲ្យយើងដឹងរឿងរ៉ាវដែលសង្គមយើងបានជួបប្រទះ»។

អត្ថបទ និង រូបថត ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

អត្ថបទផ្សេងទៀត៖