នៅថ្ងៃទី៨និងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍សម្រាប់សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីមតាកែវចំនួន៥៥នាក់ ក្នុងនោះស្រី៣៦នាក់ ក្រោមការដឹកនាំពីគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាចំនួន២នាក់ ដើម្បីផ្តល់ការឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩) និងវិធីទប់ស្កាត់ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យនេះកើតឡើងម្ដងទៀត។ ប្រធានបទដែលត្រូវលើកយកមកបង្ហាញនៅក្នុងវេទិកានេះ គឺ «ទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ និងចំណងមិត្តភាពជាមួយប្រទេសចិន»។
ជាដំបូង លោកគ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានណែនាំប្រាប់ដល់ក្រុមយុវជនទាំងអស់អំពីផ្ទាំងពិព័រណ៍រូបថតចំនួន៨ផ្ទាំង ដែលបានដាក់តាំងនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ផ្ទាំងរូបថតទាំងនោះបានបង្ហាញអំពី ៖ ១) សំណង់ផ្ទះដែលត្រូវបានទុកចោលកាលពីក្នុង និងក្រោយរបបខ្មែរក្រហម ព្រមទាំងទិដ្ឋភាពផ្ទះក្នុងទីក្រុងភ្នំពេញដែលគ្មានមនុស្សរស់នៅ ២) ការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហមទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដូចជាការបំផ្លាញស្ពានជ្រោយចង្វារ ៣) ទិដ្ឋភាពនៃការចូលមកដល់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម និងការអបអរសាទររបស់ប្រជាជនកម្ពុជាចំពោះវត្តមាននៃកម្លាំងទាំងនោះ ៤) ទិដ្ឋភាពនៃការវិលត្រឡប់របស់ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្រោយខែមករា ឆ្នាំ១៩៧៩ ៥) រូបថតជាច្រើនសន្លឹកដែលបង្ហាញពីមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម និងបក្ខពួក។
បន្ទាប់មក សិស្សានុសិស្សទាំងអស់ត្រូវបានណែនាំអំពីផ្ទាំងរូបថតមួយចំនួននៅខាងក្នុងការិយាល័យ និងបានបង្ហាញពីកេសសម្រាប់ដាក់គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមកាលពីឆ្នាំ១៩៧២ ក្នុងទឹកដីស្រុកបុរីជលសារ ខេត្តតាកែវ។ មុននឹងចាប់វេទិកាថ្នាក់រៀន សិស្សានុសិស្សទាំងអស់តម្រូវឲ្យបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ។ តមកទៀត គ្រូឧទ្ទេសក៏បានណែនាំខ្លួន, ទីតាំងការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងបង្ហាញអំពីវត្ថុបំណងនៃវេទិកាថ្នាក់រៀនសម្រាប់ថ្ងៃនេះគឺ ៖ ទី១) ឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ផ្តោតលើទំនាក់ទំនងការបរទេសរបស់ខ្លួនជាមួយនឹងបណ្តាប្រទេសមួយចំនួន និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ ទី២) ប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវេទិកាថ្ងៃនេះ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួនទាក់ទងនឹងការចងចាំ និងការទប់ស្កាត់អំពើហិង្សា ទី៣) លើកស្ទួយគំនិត និងផ្លាស់ប្តូរការគិតពីការចង់ប្រើប្រាស់អំពើហិង្សា ទៅជាការពន្លត់អំពើហិង្សា ដើម្បីស្ថេរភាពសង្គម និងអភិវឌ្ឍន៍ប្រទេសដោយគ្មានអំពើហិង្សា។
ជាកិច្ចចាប់ផ្តើមការបង្រៀន លោកគ្រូឧទ្ទេសបានបំផុសសិស្សានុសិស្សឲ្យនិយាយពីអ្វីដែលខ្លួនបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទំនាក់ទំនងការបរទេសរបស់ខ្មែក្រហម។ ការបំផុសនេះ គឺដើម្បីទាញចំណាប់អារម្មណ៍សិស្សឲ្យផ្តោតលើមេរៀនក្នុងថ្ងៃនេះអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទំនាក់ទំនងការបរទេស។ បន្ទាប់មក គ្រូឧទ្ទេសបានផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់លើកឡើងពីអ្វីដែលខ្លួនចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទំនាក់ទំនងការបរទេសរបស់ខ្មែរក្រហម។ ចំណុចនេះ គឺដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សលើកឡើងពីចម្ងល់ផ្សេងៗ របស់ខ្លួនទាក់ទងនឹងប្រធានបទ។ សិស្សានុសិស្សក៏លើកជាសំណួរទៅកាន់គ្រូឧទ្ទេស។ បន្ទាប់ពីសិស្សសួរចប់ លោកគ្រូឧទ្ទេសក៏បានឆ្លើយតបទៅកាន់សិស្សានុសិស្ស ដោយយោងទៅតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, សៀវភៅសត្រូវបងប្អូនឯង និងការចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យដើម្បីឲ្យសិស្សទស្សនា។ វេទិកាថ្នាក់រៀននេះបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់។
នៅពេលរសៀល ក្រុមយុវសិស្សទាំងអស់បានបន្តធ្វើទស្សនកិច្ចសិក្សាទៅកាន់ ៖ ១) ទីតាំងទួលធាតុ គឺជាទីកន្លែងដែលសិស្សានុសិស្សបានរៀនសូត្របន្ថែមពីសំណងរួមដែលអ្នករស់រានមានជីវិតសមនឹងទទួលបាន ក្រោយពីតុលាការកាត់ទោសខ្មែរក្រហមបញ្ចប់ទៅ។ លោកគ្រូឧទ្ទេស បានពន្យល់ដល់សិស្សានុសិស្សអំពីមូលហេតុដែលនាំឲ្យមានការសាងសង់សំណង់ចេតិយ និងផ្ទាំងពាក្យស្លោកនៃការចងចាំ នៅលើទីទួលធាតុនោះ ២) មន្ទីរសន្តិសុខស្រុក១០៥ ឬមន្ទីរសន្តិសុខក្រាំងតាចាន់ ដែលជាទីតាំងសម្លាប់មនុស្ស ឃុំឃាំងមនុស្ស និងធ្វើទារុណកម្មមនុស្សយ៉ាងឃោរឃៅ។ នៅទីនោះ សិស្សានុសិស្សបានឈ្វេងយល់បន្ថែមពីភ័ស្តុតាងជាក់ស្តែងមួយចំនួនដូចជា ស្លាកស្នាមរណ្តៅសាកសព និងមន្ទីរបូជនីយដ្ឋានធ្វើអំពីថ្មមួយនៅចំកណ្តាលទីតាំងក្រាំងតាចាន់ដែលមានតម្កល់ឆ្អឹងលលាដ៏ក្បាល នឹងឆ្អឹងស្មងដៃជើងរបស់សាកសព។ ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សបន្ទាប់ពីបញ្ចប់វេទិកាថ្នាក់រៀន ៖
នាងខ្ញុំឈ្មោះ នាក់ គឹមលីនថាណា អាយុ១៧ឆ្នាំ គឺសិស្សនៃវិទ្យាល័យជាស៊ីមតាកែវ។ ខ្ញុំទទួលបានចំណេះដឹងអំពីទំនាក់ទំនងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយប្រទេសឡាវមានទំនាក់ទំនងល្អបង្គួរ។ ចំណែកឯប្រទេសវៀតណាមវិញគឺមានជម្លោះជាមួយគ្នាខ្មែរក្រហម។ ខ្ញុំយល់ថាប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន អាចជួយអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។ ខ្ញុំគិតថាការបង្កើតវេទិកាថ្នាក់រៀននេះឡើង គឺមានសារសំខាន់យ៉ាងខ្លាំង ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។
នាងខ្ញុំឈ្មោះ ខឹម ច័ន្ទសកដា អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមតាកែវ។ ខ្ញុំដឹងថា របបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងល្អជាមួយប្រទេសចិន។ ពេលនោះចិនបានជួយដល់កម្ពុជាប្រជាធិបតេយ្យ ដូចជា គ្រឿងសព្វាវុធដើម្បីធ្វើសង្គ្រាម។ ខ្ញុំយល់ថា របបកម្ពុជាប្រជាធិបតេយ្យគឺជារបបដែលឃោរឃៅ បង្ខិតបង្ខំឲ្យប្រជាជនធ្វើការងារហួសកម្លាំង ឲ្យហូបចុកមិនបានគ្រប់គ្រាន់ បំបែកបាក់សមាជិកគ្រួសារ មិនមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ។ ក្រោយពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនរយៈពេលមួយព្រឹកនេះ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីច្រើនជាងមុន។
អត្ថបទ ៖ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា