សិស្សវិទ្យាល័យពាមជាំងសិក្សាអំពីទំនាក់ទំនងការបរទេសរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធា អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់សិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ ក្នុងនោះមានស្រី៣៧នាក់ មកពីវិទ្យាល័យពាមជាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំសិស្សដើរទស្សនាពិព័រណ៍រូបថត រូបគំនូរ និងផែនទីចំនួន១៣៣ផ្ទាំង ដែលបង្ហាញអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយចាប់ផ្តើមពីសង្គ្រាមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០, របបខ្មែរក្រហម (១៩៧៥-១៩៧៩), ភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), គំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតទៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧  ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។ ចុងក្រោយគឺបណ្តុំរូបថតបង្ហាញអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ នៅឆ្នាំ១៩៧៩។

បន្ទាប់មកលោក ឡុង ដានី បានធ្វើបទបង្ហាញប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើប្រធានបទ «ទំនាក់ទនងការបរទេស»។ របបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងការបរទេសជាមួយប្រទេសចំនួន៩ រូមមាន ៖ ប្រទេសចិន កូរ៉េខាងជើង វៀតណាម ឡាវ គុយបា រ៉ូម៉ានី យូហ្គោស្លាវី អាល់បានី និង អេហ្ស៊ីប។ ប្រទេសទាំង៩នេះមានស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ចំណែករបបកម្ពុជាប្រជាធិបតេយ្យបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសចិន កូរ៉េខាងជើង វៀតណាម (រហូតដល់ខែឆ្នូ ឆ្នាំ១៩៧៧) និងឡាវ។ ក្នុងចំណោម​ប្រទេសទាំងនោះ របបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងការបរទេសល្អប្រសើរជាមួយប្រទេសចិន និងកូរ៉េខាងជើង។ មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានទៅបំពេញទស្សនកិច្ចជាចំហ និងសម្ងាត់នៅប្រទេសចិន និងកូរ៉េខាងជើងជាញឹកញាប់។ ប្រទេសចិនបានបញ្ជូនជំនាញការរាប់ពាន់នាក់មកធ្វើជាអ្នកបច្ចេកទេស និងជាទីប្រឹក្សារបស់កម្ពុជាប្រជាធិបតេយ្យ។ អ្នកជំនាញទាំងនោះបានជួយជួសជុលផ្លូវរថភ្លើង ធ្វើកំពង់ផែស្ទឹងហាវ ព្រលានយន្តហោះកំពង់ឆ្នាំង និងជួយបង្ហាត់បង្រៀនក្បួនយោធា បច្ចេកទេសពេទ្យ និងបច្ចេកទេសក្នុងរោងចក្រដល់កម្មាភិបាលខ្មែរក្រហម ។ ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជាប្រជាធិបតេយ្យនូវរថក្រោះ និងរថយន្តរាប់រយគ្រឿង យន្តហោះចម្បាំង អាវុធធុនធ្ងន់ គ្រាប់កាំភ្លើងរាប់ពាន់តោន។ កម្ពុជាប្រជាធិបតេយ្យបានបញ្ជូនយុទ្ធជន កម្មាភិបាលរាប់រយនាក់ទៅបណ្តុះបណ្តាលនៅប្រទេសចិន។

ទំនាក់ទំនងជាមួយប្រទេសឡាវមានលក្ខណៈល្អបង្គួរ។ នៅចុងឆ្នាំ១៩៧៧ ប្រធានា​ធិបតីឡាវ ព្រះអង្គម្ចាស់ សុផានុវង្ស បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងផ្សះផ្សាជម្លោះរវាងកម្ពុជា និងវៀតណាម ប៉ុន្តែមិនបានជោគជ័យឡើយ។ ចំណែកទំនាក់ទំនងជាមួយប្រទេសវៀតណាមមានលក្ខណៈកាន់តែអាក្រក់ទៅៗ ដោយសាការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនគោក និងទឹក និងការខ្វែងគំនិតគ្នាខាងមនោគមវិជ្ជា។

គុយបា យូហ្គោស្លាវី  អេហ្ស៊ីប អាល់បានី និង រ៉ូមានី មានទំនាក់ទំនងការបរទេសតាំងពីជំនាន់រណសិរ្សរួបរួមជាតិកម្ពុជា ដោយសារប្រទេសទាំងនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចព្រះនរោត្តម សីហនុ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសទាំងនោះមិនមានសកម្មភាពអ្វីធំដុំទេ ទោះជាមានស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញក៏ដោយ។ ឯកអគ្គរដ្ឋទូតទាំងអស់ លើកលែងតែឯកអគ្គរដ្ឋទូតរបស់ប្រទេសចិន ត្រូវបានបង្ខាំងឲ្យនៅក្នុងតែស្ថានទូតរៀងៗខ្លួន។

ចាប់តាំងពីឆ្នាំ១៩៧៥ ប្រទេសថៃ និងកម្ពុជាប្រជាធិបតេយ្យ បានជួបប្រជុំ និងចរចាច្រើនលើកក្នុងគោលបំណងបង្កើតទំនាក់ទំនងការបរទេស និងបើកស្ថានទូតនៅក្នុងប្រទេសទាំងពីរ ប៉ុន្តែរហូតដល់របបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ក៏ប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំនៅថៃ និងកម្ពុជាដែរ។ ចំណែកប្រទេសភូមា គឺនៅឆ្នាំ១៩៧៧ រដ្ឋមន្រ្តីការបរទេសភូមាបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការបរទេស និងដាក់ស្ថានទូតប្រចាំនៅក្នុងប្រទេសទាំងពីរ។ នៅចុងឆ្នាំ១៩៧៧ ប្រធានាធិបតីភូមា គឺឧត្តមសេនីយ៍ នេ វិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ ប៉ុន្តែដោយមានសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមនៅឆ្នាំ១៩៧៨ ប្រទេសភូមា និងកម្ពុជាប្រជាធិបតេយ្យមិនទាន់មានស្ថានទូតប្រចាំនៅប្រទសរៀងៗខ្លូនទេ។

ពាណិជ្ជកម្មក្រៅប្រទេស គឺនៅក្នុងឆ្នាំ១៩៧៨ កម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េខាងជើង ថៃ ជប៉ុន ហុងកុង ម៉ាដាហ្គាស្កា បង់ក្លាដេស និង សិង្ហបុរី។ ទំនិញនាំចេញរួមមាន ស្រូវ ជ័រកៅស៊ូ ឈើ និងសរីរាង្គសត្វកម្រ (ស្បែក ភ្លុក និង ស្នូក)។ ចំណែកទំនិញនាំចូលរួមមាន គ្រឿងសព្វាវុធ រថក្រោះ កាំភ្លើងធំ គ្រឿងយន្តកសិកម្ម ផលិតផលគីមី និងក្រណាត់ជាដើម។ ការនាំចេញរបស់កម្ពុជាមានចំនួនតិចតួចខ្លាំងណាស់បើប្រៀបធៀបនឹងការនាំចេញនៅមុនឆ្នាំ១៩៧០។

វេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមបានបញ្ចប់នៅវេលាម៉ោង១១:៣០នាទីព្រឹក។ បន្ទាប់មកលោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្ម អ៊ិច- ១៦ គឺជាទីតាំងដែល សម្តេច ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូបបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ ឈុំ រ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖