មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានប្រារព្ធធ្វើវេទិកាសំណេះសំណាល សួរសុខទុក្ខ និងជជែកពីបញ្ហាសុខភាពក្នុងរបបខ្មែរក្រហម ជាមួយអ្នករស់រានមានជីវិត៣០នាក់ (ស្រី២៣នាក់) មកពីស្រុកកំពង់ត្របែក និងស្រុកពារាំង ខេត្តព្រៃវែង នៅក្នុងការិយាល័យរបស់ខ្លួនស្ថិតនៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នៅវេលាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមរំឭកដល់ការចងចាំពីការសម្លាប់រង្គាល និងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅលើសាកលលោកដែលចាប់ផ្តើមពីខែមេសាដូចគ្នា។ ប្រទេសកម្ពុជា ទទួលរងនូវការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ អ្នករស់រានមានជីវិតទាំង៣០នាក់នេះ ធ្លាប់បានជួប និងផ្តល់បទសម្ភាសន៍ម្តងរួចហើយ ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០២១ និង២០២២កន្លងទៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ អ្នកស្ម័គ្រចិត្តកម្ពុជាបានជួបសម្ភាសន៍ជាមួយអ្នករស់រានមានជិវិតពីរបបខ្មែរក្រហមនៅ ខេត្តព្រៃវែងចំនួន១២៣៥នាក់។
នៅក្នុងកម្មវិធីវេទិកាសំណេះសំណាល សួរសុខទុក្ខ និងជជែកពីបញ្ហាសុខភាពរយៈពេលមួយព្រឹកនេះ បានចាប់ផ្តើមពីការណែនាំអ្នករស់រានមានជីវិតពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង, ការចាក់បញ្ចាំងខ្សែវីដេអូខ្លីចំនួនពីរគឺ «សមរភូមិសឹកស្រុកកំពង់ត្របែក ផ្លូវជាតិលេខ១ ខេត្តព្រៃវែង ឆ្នាំ១៩៧២ និងសម័យខ្មែរក្រហម ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩», ការជជែកពីប្រភេទជំងឺរបស់អ្នករស់រានមានជីវិតដែលបានកើតមានកាលពីជីវិតរស់នៅក្រោមរបបខ្មែរក្រហម, និងការធ្វើបទបង្ហាញខ្លីពី «វិស័យសុខាភិបាលខ្មែរក្រហម»។
អ្នករស់រានមានជីវិតមកពីស្រុកកំពង់ត្របែក បានដឹងរឿងរ៉ាវច្រើនទាក់ទងនឹង «សមរភូមិសឹកស្រុកកំពង់ត្របែក ផ្លូវជាតិលេខ១ ខេត្តព្រៃវែង ឆ្នាំ១៩៧២» តាមរយៈការជជែកដេញដោលគ្នាពីហេតុការណ៍ដែលមាននៅក្នុងវីដេអូ និងការលើកឡើងពីទីតាំងដែលសង្គ្រាមកំពុងតែកើតឡើងក្នុងគ្រានោះ។ ដូចគ្នានេះដែរ អ្នករស់រានមានជីវិតមកពីស្រុកពារាំង បានបង្ហាញពីការខឹងសម្បារចំពោះកម្មាភិបាលក្មេងៗរបស់ខ្មែរក្រហម ដែលបានធ្វើទារុណកម្មទៅលើអ្នកទោស ដែលបានបង្ហាញនៅក្នុងឈុតឆាកសម្តែងនៅក្នុងខ្សែវីដេអូ។ បន្ទាប់បញ្ចប់ការទស្សនាវីដេអូ លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញខ្លីពីគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម ដែលបាននាំប្រទេសជាតិ និងប្រជាជនធ្លាក់ចូលទៅក្នុងការសម្លាប់រង្គាលរបស់ខ្លួន។ បន្ទាប់មក វេទិកាបានឈានដល់ការជជែកពិភាក្សាពី «ការកើតមានជំងឺនៅក្នុងរបបខ្មែរក្រហម»។ អ្នករស់រានមានជីវិត៤នាក់ បាននិយាយប្រាប់អង្គវេទិកាទាំំងមូលពីប្រភេទជំងឺរបស់គាត់ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម។ ខាងក្រោម ជាសម្តីទាំងស្រុងរបស់គាត់ ៖
ខ្ញុំឈ្មោះ មិ អេង ភេទប្រុស មានអាយុ៦៩ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងសម័យ ប៉ុល ពត ខ្ញុំធ្លាប់កើតមានជំងឺឬសដូងបាត ដែលជាជំងឺខុសគេ និងជាប្រភេទជំងឺដែលពិបាក។ ជំងឺនេះធ្វើឲ្យយើងឆាប់ហត់ និងអស់កម្លាំង។ កាលនោះខ្ញុំធ្វើទុក្ខក្នុងខ្លួន ហើយត្រូវបានខ្មែរក្រហមចោទថា «ខ្ញុំគ្រុនទន្សាយបាយ៣ឡូ»។ គេមិនដឹងថាខ្ញុំឈឺពិតប្រាកដទេ។ មានគេប្រាប់ខ្ញុំថា ឲ្យខ្ញុំទៅព្រែកព្នៅ ដើម្បីឲ្យគ្រូពេទ្យជួយព្យាបាល។ គេបានឲ្យថ្នាំខ្មែរចំនួន៣មុខមកខ្ញុំ មានសាជូរខៀវ កាប់ផុក និងស្ព័នធ។ ថ្នាំ៣មុខនេះ យកមកលាបលើបរិវេណឬសដូងបាត នឹងធ្វើឲ្យយើងឆាប់ជា។ លាបលើកទី១ ខ្ញុំនៅអាចដើរបាន ប៉ុន្តែលើកទី២ និងទី៣ ខ្ញុំដើរលែងរួច ដោយសារតែឥទ្ធិពលថ្នាំកាត់ខ្លាំង។ ក្រៅពីនេះ នៅមានប្រភេទថ្នាំជាច្រើនទៀតដូចជា នាងពួន បន្តោងឃ្លោក និងផ្កាឈូក ក៏ប្រើសម្រាប់ព្យាបាលឬសដូងបាតដូចគ្នា។
ខ្ញុំឈ្មោះ ប៉ុក សារ៉ន ភេទប្រុស មានអាយុ៧០ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សម័យ ប៉ុល ពត ខ្ញុំឧស្សាហ៍រាករូស ដោយសារហូបអាហារខ្វះអនាម័យ។ ខ្ញុំរាគខ្លាំងរហូតចេញឈាម។ អង្គការបានឲ្យខ្ញុំប្រើថ្នាំអាចម៍ទន្សាយ ចាក់ថ្នាំបេស៊ីស ដែលជាថ្នាំចម្រាញ់ចេញពីប៊ិបស៊ីកូឡា។ ថ្នាំទាំងអស់នោះ ជាថ្នាំដែលខ្មែរក្រហមផលិតដោយផ្ទាល់ ហើយក៏អាចឲ្យធូរស្បើយបានមួយកម្រិតដែរ ប៉ុន្តែដោយសារថ្នាំមានកំណត់ ហើយអ្នកជំងឺឈឺនៅការដ្ឋានច្រើន ទើបមិនសូវមានថ្នាំលេប។ ម្យ៉ាងទៀត ជើងរបស់ខ្ញុំក៏ឧស្សាហ៍ចុកដែរ ។ កាលនោះ ខ្ញុំដើរធ្វើកងចល័ត។ មូលហេតុដែលធ្វើឲ្យជើងខ្ញុំចុក គឺដោយសារតែរបបអាហារថយចុះខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ជើងរបស់ខ្ញុំហើម ក៏ដោយសារខ្វះអាហារហូបចុកដែរ។
ខ្ញុំឈ្មោះ សុយ ឆេង អាយុ៧២ឆ្នាំ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ កាលសម័យខ្មែរក្រហម ខ្ញុំរស់នៅឃុំព្រែកអន្ទះ ស្រុកពាមរក៏ ខេត្តព្រៃវែង។ សម័យនោះ ខ្ញុំធ្វើការងារហួសកម្លាំង និងហូបទឹកមិនបានត្រឹមត្រូវ និងមិនស្អាត ធ្វើឲ្យខ្ញុំកើតជំងឺនោមទាស់ និងហើម។ ខ្ញុំបានមកសម្រាកព្យាបាលជំងឺនៅពេទ្យព្រៃកណ្តៀង ទើបបានធូរស្រាល ។
ខ្ញុំឈ្មោះ សំ ឃាន ភេទប្រុស មានអាយុ៧២ឆ្នាំ បច្ចុប្បន្នខ្ញុំរស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅក្នុងជំនាន់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលហៅថា របប ប៉ុល ពត ប្រជាជនទាំងអស់ធ្វើការងារពលកម្មច្រើន។ ខ្ញុំតែងមានជំងឺឆាប់ហត់ និងជំងឺគ្រុនចាញ់ ដោយមូលហេតុដេកផ្ទាល់នឹងដីស្ទើររាល់ថ្ងៃ។ ខ្ញុំត្រូវបានបញ្ជួនទៅមន្ទីរពេទ្យកអណ្តើក។ គ្រូពេទ្យមិនបានចាក់ថ្នាំឲ្យខ្ញុំទេ។ សម័យនោះគ្រូពេទ្យមានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះ។ ពេលនោះ ខ្ញុំនៅតែឈឺគ្រុនញាក់ទើប អ៊ំរបស់ខ្ញុំដែលជាគ្រូខ្មែរ បានយកធូបមកអុជឆ្អឹងខ្នងរបស់ខ្ញុំទើបខ្ញុំបានជារហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា