ខែមេសា គឺជាខែដែលកើតមានអំពើប្រល័យពូជសាសន៍នៅលើពិភពលោក ហើយក៏ជាខែដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដែរ។ ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពខ្មែរក្រហមទទួលបានជោគជ័យទាំងស្រុង ហើយក៏ថ្ងៃនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដើម្បីទៅធ្វើស្រែចម្ការនៅតាមតំបន់ដែលបានកំណត់ដោយមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អាកាសធាតុក៏ចាប់ផ្តើមក្តៅខ្លាំងនៅក្នុងខែមេសានេះ ដែលងាយនឹងបណ្តាលឲ្យកើតជំងឺផ្សេងៗជាពិសេស សុខភាពទារក កុមារតូច និងមនុស្សចាស់ជរា។
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះដែរ ក្រុមការងារមានការសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងមរណភាព អតីតអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី២ ឈ្មោះ ផាត ច័ន្ទសម្ផស្ស អាយុ២៣ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ ការបាត់បង់ធនធានដ៏ល្អមួយនេះ បានពញ្ញាក់ស្មារតីដល់ក្រុមការងារឲ្យកាន់តែខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីទប់ស្កាត់មិនឲ្យមានជំងឺផ្សេងៗ និងយល់ដឹងពីការថែទាំជំងឺទាំង១០ប្រភេទ រួមមាន ៖ ១) ជំងឺលើសឈាម, ២) ជំងឺក្រពះពោះវៀន, ៣) ជំងឺគ្រុនចាញ់, ៤) ជំងឺផ្លូវចិត្ត, ៥) ជំងឺបេះដូង, ៦) ជំងឺឈឺសន្លាក់, ៧) ជំងឺហឺតរ៉ាំរ៉ៃ, ៨) ជំងឺទឹកនោមផ្អែម, ៩) ជំងឺរបេង និង ១០) ជំងឺឆ្កួតជ្រូក ដែលតែងតែកើតមានលើមនុស្សចាស់ និងការស្វែងរកការព្យាបាលដ៏ត្រឹមត្រូវដើម្បីចៀសវាងការខាតបង់ថវិកា និងខកខានពេលវេលាព្យាបាល ឬទទួលបានការជួយសង្គ្រោះទាន់ពេលវេលា។
បន្ថែមលើនេះទៅទៀត ការពិនិត្យសុខភាពជាប្រចាំឆ្នាំ ពិតជាមានសារសំខាន់បំផុតដល់មនុស្សចាស់ ក៏ដូចជាមនុស្សវ័យកណ្តាល ព្រោះយើងអាចដឹងពីរោគវិនិច្ឆ័យច្បាស់លាស់ ក៏ដូចជាការស្វែងរកឃើញជំងឺក្នុងដំណាក់កាលដំបូង ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ គ្រប់ពេលដែលក្រុមការងារចុះធ្វើការតាមមូលដ្ឋាន ប្រជាជនដែលមានវ័យចំណាស់តែងតែត្អូញត្អែរអំពីបញ្ហាសុខភាពដែលចុះខ្សោយជារៀងរាល់ថ្ងៃ គឺបញ្ហាប្រឈមចម្បងបំផុត ដែលប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនតាមទីជនបទដាច់ស្រយាល។
នៅថ្ងៃទី០៥ និងទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយមន្ទីរសម្រាក និងពិនិត្យព្យាបាល សុខ វណ្ណៈ បានរៀបចំពិនិត្យសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២៥នាក់ ដែលរស់នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន ខេត្តកំពង់ចាម។ មុនការចាប់ផ្តើមពិនិត្យសុខភាពជូនអ៊ំពូមីង អ្នកស្រី អ៊ូ បញ្ញា គឺជាគិលានុបដ្ឋាកយិកា បានផ្តល់អនុសាសន៍ដល់ការថែទាំសុខភាពអ៊ំពូមីង ដោយការតាមដានសុខភាពជាប្រចាំ ជាពិសេស គឺការពិនិត្យតាមដានសម្ពាធឈាមរបស់អ៊ំពូមីង ដែលមានវ័យចំណាស់ ព្រោះជំងឺលើសឈាមត្រូវបានវេជ្ជបណ្ឌិតប៉ែកខាងអឺរ៉ុបចាត់ទុកជាឃាតករសម្ងាត់។
ក្រោយពីបានពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាមរួចមក លោកវេជ្ជបណ្ឌិត ណាត លាងងីម ឯកទេសជំងឺទូទៅ បានរកឃើញថា ៨០ភាគរយនៃអ្នកទទួលបានការពិនិត្យសុខភាព មានបញ្ហាសតិអារម្មណ៍ដោយនៅមានការរងសម្ពាធផ្លូវអារម្មណ៍ខ្លាំងនៅឡើយ ព្រោះអ៊ំពូមីងមានវ័យចាស់ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងរបបខ្មែរក្រហមសម្រាន្តមិនលក់ យល់សប្តិអាក្រក់ ជាកត្តាបង្កឲ្យមានជំងឺប្រចាំកាយផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។ ក្នុងនោះដែរ ការយល់ខុសចំពោះការប្រើប្រាស់ថ្នាំ ឬប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជាក៏ជាកត្តាជំរុញឲ្យការព្យាបាលមិនមានប្រសិទ្ធភាព និងអាចឈានដល់ការវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរឡើង។ ជាអនុសាសន៍របស់អ្នកស្រី អ៊ូ បញ្ញា សំណូមពរ ឲ្យមានការអប់រំពីសុខភាពផ្លូវចិត្ត និងការអប់រំឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយល់ពីការទទួលទានអាហារ ត្រឹមត្រូវ តាមស្ថានភាពសុខភាព និងស្ថានភាពជំងឺរបស់អ៊ំពូមីងទាំងអស់គ្នា។
អត្ថបទ៖ គឹម សុវណ្ណដានី និង សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា