នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ តេជោ សែន សំរោង ចំនួន២៣នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៣នាក់ និងសិស្សប្រុសចំនួន១០នាក់។ ទស្សនកិច្ចសិក្សានេះគឺដើម្បីឈ្វេងយល់អំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង «ប្រវត្ដិសាស្រ្ដសហគមន៍អន្លង់វែង»។
សិស្សានុសិស្សមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ ភន់ សុវណ្ណលីណាត លើកឡើងថា «តាមពិតទៅខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនៅពេលទទួលដំណឹងថាខ្ញុំបានមកទស្សនកិច្ចសិក្សានៅតំបន់អន្លង់វែង ជាស្រុកមួយនៅក្នុងខេត្តឧត្តរមានជ័យ ដែលមានភាពទាក់ទាញជាងគេ»។
រឿងរ៉ាវដែល សុវណ្ណលីណាត បានដឹងនោះគឺ អន្លង់វែងមានតំបន់ប្រវត្តិសាស្រ្តជាច្រើនដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺសិក្សាពីទីតាំងសារមន្ទីរផ្ទះ តាម៉ុក ទីកន្លែងបូជាសពគ្រួសាររបស់ សុន សេន។ សុន សេន គឺជាមេដឹកនាំមួយរូបនៅជំនាន់ខ្មែរក្រហមដែល មានតួនាទីគឺជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សុន សេន មានប្រពន្ធឈ្មោះ យុន យ៉ាត ដែលមានឈ្មោះបដិវត្តន៍ហៅថា សមមិត្ត អាត។
យុន យ៉ាត បានរៀបការជាមួយ សុន សេន ហៅខៀវ គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបក្នុងចំណោមមេដឹកនាំដទៃទៀតរបស់របបកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ក្នុងអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បក្សកុម្មុយនីស្តកម្ពុជា យុន យ៉ាត ហៅ អាត ត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវលើកិច្ចការឃោសនាអប់រំទាំងផ្ទៃក្នុងបក្ស និងខាងក្រៅបក្ស។
ជាបន្តបន្ទាប់មកទៀតនៅឆ្នាំ១៩៧៧ យុន យ៉ាត ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីមានការចាប់ខ្លួនអតីតរដ្ឋមន្ត្រី ហ៊ូ នឹម។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ព្រមទាំងប្រពន្ធ កូនស្រី នីរសារ និងអ្នកបើកឡានរបស់គាត់ត្រូវបានបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅ។ មិនត្រឹមតែប៉ុណ្ណោះ កូនស្រី២នាក់របស់ សុន សេន ត្រូវបានអូសទៅរំលោភ និងសម្លាប់នៅក្បែរអូរ។
នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សានេះដែរ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក៏បានដឹកនាំសិស្សានុសិស្សបន្តដំណើរដោយថ្មើរជើងទៅកាន់ចេតិយរបស់ តាម៉ុក ដែលស្ថិតនៅក្នុងវត្តស្រះឈូក ដើម្បីឲ្យសិស្សានុសិស្សបានស្គាល់ និងឃើញទីតាំងផ្ទាល់។ តមក សិស្សានុសិស្សទៅទស្សនកិច្ចសិក្សាទីតាំងដុតសពរបស់ ប៉ុល ពត នៅលើខ្នងភ្នំដងរែកនៃស្រុកអន្លង់វែង។ នៅឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបាន តាម៉ុក ចាប់ខ្លួន និងកាត់ទោសនៅចំពោះមុខតុលាការប្រជាជនដោយចោទថា ប៉ុល ពត បានបញ្ជាឲ្យសម្លាប់ សុន សេន និងក្រុមគ្រួសារ។ ប៉ុល ពត បានស្លាប់ដោយសារជំងឺចាស់ជរា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។
ចេញពីទីតាំងដុតសពរបស់ ប៉ុល ពត សិស្សានុសិស្សបានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (អតីតផ្ទះប្រជុំតាម៉ុក) នៅលើខ្នងភ្នំដងរែក ដែលបច្ចុប្បន្នត្រូវប្រែក្លាយទៅជាទីកន្លែងអប់រំអំពី សន្ដិភាព និងសិទ្ធិមនុស្ស ដល់យុវជនជំនាន់ក្រោយ។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានរៀបរាប់នូវខ្លឹមសារសំខាន់ៗ ទាក់ទងនឹងទីតាំងនេះទៅកាន់សិស្សានុសិស្សដែលបានចូលរួមថា ផ្ទះនេះគឺជាទីកន្លែងស្នាក់នៅ និងជាទីកន្លែងជួបប្រជុំរបស់ តាម៉ុក ជាមួយមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដូចជា ប៉ុល ពត, ខៀវ សំផន, នួន ជា, សុន សេន និងមេបញ្ជាការកងពលមួយចំនួនទៀត។
ម៉ា រិទ្ធី អាយុ១៨ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានសេចក្ដីត្រេកអរ និងរំភើបជាខ្លាំងនៅពេលដែលបានធ្វើដំណើរមកកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ ខ្ញុំចង់ដឹងពីប្រវត្តិរឿងរ៉ាវនៅទីនេះជាយូរមកហើយ។ ខ្ញុំទទួលបានចំណេះដឹងកាន់តែច្រើនអំពីតំបន់អន្លង់វែង និងមានការសោកស្ដាយដែលប្រទេសជាតិធ្លាក់ចុះដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យ»។ ខ្ញុំក៏ចាប់អារម្មណ៍ទៅលើមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើខ្នងភ្នំដងរែក និងវត្តអូរក្រញូង ដោយសារតែនៅទីនោះមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាពិសេសមានរូបបដិមា គួបផ្សំជាមួយខ្យល់ត្រជាក់ដែលធ្វើឲ្យខ្ញុំចង់មកម្ដងទៀត។
អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌល