សិស្សានុសិស្សចំនួន២៦នាក់ ក្នុងនោះមានសិស្សប្រុស១២នាក់ និងស្រី១៤នាក់ នៃវិទ្យាល័យអន្លង់វែង បានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។
លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញផ្ដោតទៅលើហេតុការណ៍ដែលបានកើតឡើងនាជំនាន់ខ្មែរក្រហមរួមមាន ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីប្រជុំជន ការធ្វើទារុណកម្ម និងការសម្លាប់រង្គាលទៅលើប្រជាជន និងមន្ត្រីរដ្ឋការ លន់ នល់ ព្រមទាំងទិដ្ឋភាពផ្លូវច្បាប់នៅក្នុងដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬតុលាការខ្មែរក្រហម ដែលបានកាត់ទោសទៅលើមេដឹកនាំកំពូលៗ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានជម្លៀសប្រជាជនទ្រង់ទ្រាយធំលើកដំបូង និងបានសម្លាប់រង្គាលទៅលើទាហាន នល់ នល់ និងអ្នកដែលពាក់ព័ន្ធនឹងរបបនេះ។ ទួលពោធិ៍ជ្រៃ គឺជាទីវាលដែលស្ថិតនៅកៀកនឹងទន្លេសាប ព្រៃរនាម និងត្រូវបានស្គាល់ថា ជាទីកន្លែងដែលខ្មែរក្រហមកាប់សម្លាប់ទៅលើទាហាន លន់ នល់ និងប្រជាជនស៊ីវិលរាប់ពាន់នាក់។ មានការប៉ាន់ប្រមាណថា ទាហាន នល់ នល់ ចន្លោះពី២ ០០០នាក់ ទៅ ៨០០០ នាក់ ត្រូវបានសម្លាប់នៅទីនោះ។ សិស្សម្នាក់ចោទសួរនៅក្នុងវេទិកាថា ហេតុអ្វីបានជាខ្មែរក្រហមបានដាក់គោលដៅនៃការសម្លាប់ទៅលើ ទាហាន និងមន្រ្ដីរដ្ឋការក្នុងរបប លន់ នល់?
នៅក្នុងដំណើរការស្វែងរកយុត្ដិធម៌ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបែងចែកសំណុំរឿងដាច់ដោយឡែកពីគ្នារួមមាន ៖ សំណុំរឿង ០០១, ០០២, ០០៣ និង ០០៤ ។ សំណុំរឿង ០០១ ពាក់ព័ន្ធនឹងការជម្រះក្ដី កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខស-២១។ អ្នកទោសប្រមាណជាង១ម៉ឺននាក់ត្រូវបានធ្វើទារុណកម្មនៅក្នុងមន្ទីរស-២១ និងយកទៅសម្លាប់នៅវាលពិឃាដបឹងជើងឯក។
នៅក្នុងឆ្នាំ១៩៩៩ ឌុច ត្រូវបានចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា និងបញ្ជូនទៅឃុំឃាំងក្នុងតុលាការយោធារហូតដល់ឆ្នាំ២០០៧ មុនពេលបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំងបណ្ដោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាមដីការបង្គាប់របស់ចៅក្រមស៊ើបអង្កេត នៅក្នុងសំណុំរឿង០០១។ នៅខែសីហា ឆ្នាំ២០០៨ ឌុច ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋព្រហ្មទណ្ឌ ហើយការជម្រះក្ដីផ្នែកសំខាន់ៗត្រូវបានធ្វើឡើងនៅឆ្នាំ២០០៩។ នៅខែកក្កដា ឆ្នាំ២០១០ ឌុច ត្រូវបានជម្រះក្ដីនៅសាលាដំបូង។ នៅទីបំផុត ឌុច ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ឌុច បានស្លាប់ដោយសារជំងឺរលាកទងសួត នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត កាលពីខែកញ្ញា ឆ្នាំ២០២០។
សំណុំរឿង០០២ ពាក់ព័ន្ធនឹងបទចោទប្រកាន់ទៅលើ អៀង សារី, នួន ជា, ខៀវ សំផន និង អៀង ធីរិទ្ធ។ សំណុំរឿង០០២ វគ្គ០២ ៖ នៅខែតុលា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញ បានបើកសវនការជាលើកដំបូង ដើម្បីជំនុំជម្រះលើសំណុំរឿង០០២ វគ្គ០២ ដោយផ្ដោតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្ដឡើងនៅសហករណ៍ ការដ្ឋានការងារ មន្ទីរសន្ដិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួន ដែលជាប់ទាក់ទងនឹងក្រុមគោលដៅជាក់លាក់ ដូចជា ជនជាតិចាម វៀតណាម អ្នកកាន់ព្រះពុទ្ធសាសនា និងអតីតមន្រ្ដីរដ្ឋការនៃរបបសាធារណៈរដ្ឋខ្មែរ។ នៅក្នុងសំណុំរឿង០០២ វគ្គ០២ នេះ មានតែ ខៀវ សំផន ប៉ុណ្ណោះដែលនៅរស់រានមានជីវិតនៅក្នុងពន្ធនាគារ បន្ទាប់ពី នួន ជា បានស្លាប់កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។
សំណុំរឿង ០០៣ និង០០៤ ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ នៅពេលដែលសហព្រះរាជអាជ្ញាអន្ដរជាតិ បានដាក់ដីកាបញ្ជូនឲ្យស៊ើបសួរទៅកាន់សហចៅក្រមស៊ើបអង្កេត ស្នើឲ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនសង្ស័យចំនួន៥រូប រួមមាន មាស មុត និង ស៊ូ មេត ត្រូវបានដាក់បញ្ចូលឈ្មោះថា ជាជនសង្ស័យក្នុងសំណុំរឿង០០៣។ ចំណែកឯ អោ អាន, អ៊ឹម ចែម និង យឹម ទិត្យ ត្រូវបានដាក់បញ្ចូលឈ្មោះថាជាជនសង្ស័យក្នុងសំណុំរឿង០០៤។ ដោយឈរលើមូលដ្ឋានថាខ្វះដែនសមត្ថកិច្ចក្នុងការអនុវត្ដ អង្គបុរេជំនុំជម្រះបានសម្រេចទម្លាក់ចោលការចោទប្រកាន់ទៅលើបុគ្គលខាងលើនេះ។
នៅផ្នែកចុងក្រោយនៃវេទិកា គឺវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍ត្រូវបានបង្ហាញដល់សិស្សានុសិស្ស។ សិស្សម្នាក់ក្នុងចំណោម២៦នាក់ យល់ឃើញថា ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺផ្ដើមចេញពីការមិនគាំទ្រនូវសកម្មភាពរើសអើង ស្វែងយល់ពីរឿងរ៉ាវប្រវត្ដិសាស្រ្ដ និងព្រឹត្ដិការណ៍ក្នុងសង្គម និងមិនគាំទ្រដល់ការបង្កើតឲ្យមានរបបកុម្មុយនីស្ដ។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា