ចំណាប់អារម្មណ៍របស់អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ ពេលចុះកម្មសិក្សានៅមជ្ឈមណ្ឌលឯកសារ កោះថ្ម ខេត្តត្បូងឃ្មុំ

ខ្ញុំឈ្មោះ ង៉ាន់ វីន គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ បានចុះកម្មសិក្សាទៅកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ នៅពេលខ្ញុំធ្វើដំណើរទៅដល់ការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម ខ្ញុំសង្កេតឃើញពីខាងក្រៅការិយាល័យមានទីធ្លាធំទូលាយ បរិយាកាសល្អ ព័ទ្ធជុំវិញដោយដំណាំហូបផ្លែ និងរុក្ខជាតិជាច្រើនប្រភេទទៀត។ ចំណែកខាងក្នុងការិយាល័យមានដាក់តាំងរូបថតចំនួន៥ផ្ទាំង និងទូដាក់ឯកសាររាប់ម៉ឺនទំព័រ។

នៅអំឡុងពេលចុះកម្មសិក្សា វ៉ី ស៊ីថា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជូនខ្ញុំទៅមើលសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ដែលស្ថិតនៅចម្ងាយ​ប្រមាណ៥០០ម៉ែត្រ ពីការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។ នៅទីនោះមានដាក់តាំងពិព័រណ៍រូបថត ផ្ទាំងគំនូរ ផែនទី និងទូដាក់ឯកសារជាច្រើន ដើម្បីរំឭកខួបលើកទី៤៣ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានបង្ហាញខ្ញុំអំពីផែនទីត្រង់ចំណុចទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជាការដ្ឋានវរសេនាធំ តំបន់២១។ នៅវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន រួមជាមួយសមមិត្តបួនរូបទៀតគឺ នុច ថន, ញឹកហួន, ស៊ូ គឹម ស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមករំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ ដោយសារប្រទេសវៀតណាម និងខ្មែរក្រហមកំពុងមានជម្លោះប្រដាប់អាវុធជាមួយគ្នា ធ្វើឲ្យវៀតណាមពិបាកក្នុងការបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហម។

នៅក្នុងឱកាសនោះ ខ្ញុំក៏បានសិក្សាឈ្វេងយល់អំពីទំនៀមទម្លាប់របស់ប្រជាជននៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលភាគច្រើនគឺជាជនជាតិភាគតិចស្ទៀង។ អ្នកភូមិបាននិយាយរៀបរាប់អំពីប្រវត្តិរោងអ្នកតាស្រុក ស្ថិតនៅក្រោមដើមស្រឡៅ ក្នុងភូមិក្ដុលលើ ដែលបច្ចុប្បន្នដើមជ្រៃបានដុះព័ទ្ធជុំជិតដើមស្រឡៅ។ សព្វថ្ងៃអ្នកភូមិនៅតែមានជំនឿ និងគោរពទៅលើអ្នកតាស្រុកដដែល។ អ្នកភូមិបានរៀបរាប់បន្តថា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាជនតែងតែរៀបចំពិធីមួយដើម្បីបណ្ដេញ ឧបទ្រព អពមង្គល និងគ្រោះចង្រៃចេញពីភូមិ។ នៅក្នុងពិធីនេះ ប្រជាជនប្រមូលគ្នីគ្នាកាន់ដំបងគ្រប់ដៃវាយសម្លាប់សត្វណាដែលបានដើរឆ្លងកាត់ផ្លូវ ឬកាត់ផ្ទះ ដូចជា មាន់ ទា ជ្រូក គោ ក្របី (សព្វថ្ងៃប្រជាជនវាយសម្លាប់តែ មាន់ និង ទា ប៉ុណ្ណោះ) ព្រោះមានជំនឿថា សត្វទាំងនោះជា ព្រាយបិសាច ឬសត្វចង្រៃ ព្រមទាំងដើរគោះតាមដើមឈើ និងគោះជញ្ជាំងផ្ទះជាដើម។

ក្រៅពីនេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បាននាំខ្ញុំទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត X-16 កន្លែងដើមទ្រយឹង។ តមក ខ្ញុំទៅមើលវត្តក្ដុល ឬហៅថា វត្តហត្ថិវនារាម ស្ថិតនៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងនឹងរៀបចំកម្មវិធីសុខភាពតាមរយៈការធ្វើសមាធិរបស់ចាស់ទុំនៅថ្ងៃសីល ហើយលើកទឹកចិត្តគាត់ឲ្យចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រ​ហមទៅកាន់ក្មេងជំនាន់ក្រោយ។ ជាចុងក្រោយ ខ្ញុំបានយល់ដឹងអំពីប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ជាពិសេស ការរស់នៅរបស់ប្រជាជននៅតំបន់កោះថ្ម។

អត្ថបទ និង រូបថត ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ

អត្ថបទផ្សេងទៀត៖