វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» នៅអន្លង់វែង

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ វេទិកាថ្នាក់រៀនដំបូងដើមឆ្នាំ២០២៣នេះ រៀបចំឡើងសម្រាប់សិស្សានុសិស្សចំនួន២៥នាក់មកពីវិទ្យាល័យអន្លង់វែង ក្នុងគោលបំណង «ឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) និងការទប់ស្កាត់ការកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍»។

ចាប់ផ្ដើមដំបូងនៃថ្នាក់រៀន សិស្សទាំងអស់ត្រូវធ្វើការបែងចែកចេញជា៦ក្រុម ដោយក្នុងមួយក្រុមមានសមាជិកចំនួន៤នាក់ និងមានរូបភាពមួយផ្ទាំង។ ក្រុមនីមួយៗត្រូវធ្វើការពិភាក្សាគ្នាទៅលើរូបភាពដែលខ្លួនទទួលបានរួចឆ្លើយនឹងសំណួរ។

ខ្លឹមសាររូបភាពទី១) ធ្វើការងារដោយបង្ខំរបស់ប្រជាជនខ្មែរនៅក្នុងសម័យខ្មែរក្រហម រួមមាន ការលើកទំនប់ និង ជីកប្រឡាយ ដោយមានសិស្សានុសិស្សក្រុមទី៤ និងទី៥ធ្វើការពិភាក្សា។ សិស្សម្នាក់តំណាងឲ្យក្រុមទី៥លើកឡើងថា «នៅ​ក្នុង​រូប​ភាព​នេះ​ខ្ញុំ​ឃើញ​មនុស្ស​ទាំង​ចាស់​​ក្មេង​​នាំ​គ្នា​សាង​សង់​ទំនប់​ ជីក​ដី​ រែក​ដី​ ​គ្មាន​ពេល​សម្រាក។ មនុស្ស​គ្រប់​គ្នា​ស្លៀក​ពាក់​ពណ៌​ខ្មៅ​​ទៅ​ធ្វើ​ការ។​ ចំណែកតំណាងក្រុម​ទី​៤ ​បានបកស្រាយថា​ «រូប​ភាព​មួយ​នេះ​បាន​បង្ហាញ​ពី​ប្រជាជន​នៅ​សម័យ​ខ្មែរក្រហម​ធ្វើ​ការ​ងារ​កាប់​ដី​ កសាង​ទំនប់​ទឹក​ កសាង​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ ហើយ​ប្រជាជន​មួយ​ក្រុម​ទៀត​កំពុង​នាំគ្នា​លើក​ភ្លឺ​ស្រែ ​និងដកស្ទូង​។ ​នៅ​ពេល​ឃើញ​រូប​ភាព​នេះ​ខ្ញុំ​ពិត​ជា​មាន​ការ​អាណិត​អាសូរ​ដល់​ប្រជាជន​នៅសម័យ​នោះ​ដែល​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ និង​ទទួល​អាហារ​មិន​គ្រប់​គ្រាន់។​ ប្រជាជនធ្វើ​ការ​ទាំង​ឈឺ គ្មានពេលសម្រាក​ ហើយ​ត្រូវ​ព្រាត់​ប្រាស់​ប្រពន្ធ​ប្ដី​ បង​ប្អូន កូន​ចៅ និង​ក្រុម​គ្រួសារ​ឪពុក​ម្ដាយថែមទៀត​​»។

ខ្លឹមសាររូបភាពទី២) ការប្រមូលភ័ស្ដុតាងពីរណ្ដៅសាកសពដែលនៅសេសសល់ក្រោយសម័យសង្គ្រាម ដែលមានក្រុម​ទី​៦ និងទី១ ធ្វើ​ការ​ពិភាក្សា។ បន្ទាប់មកសិស្សម្នាក់តំណាងឲ្យក្រុម៦ឡើងបកស្រាយថា « រូប​ភាព​ដែល​ខ្ញុំ​​ឃើញគឺសាក​សពដែលនៅ​សល់ពីសម័យ​ខ្មែរ​ក្រហមនៅ​ឆ្នាំ​១៩៧៩។ ​សាក​សព​ទាំង​នោះ​មាន​ដូច​ជា ​លលាដ៏​ក្បាល និង​ឆ្អឹង​ជន​រង​គ្រោះ​ ដែល​​ស្លាប់​យ៉ាង​វេទ​នា​​។ ក្រោយពីមើលរូបភាព​នេះហើយ​ ​ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់​ និង​អាណិតអ្នក​ដែល​​ស្លាប់​។ ខ្ញុំមិនចង់ឲ្យរឿង​បែប​នេះ​កើត​ឡើងម្ដង​ទៀត​ឡើយ​។ ចំណែកក្រុម​ទី​១ ​បកស្រាយថា «ទាក់​ទង​អំពី​រូប​ភាពនេះ​ខ្ញុំ​យល់​ឃើញ​ថា​​ចំនួន​អ្នក​ស្លាប់ប្រមាណ​១០០៤៥នាក់ ​​ ​និង​រក​ឃើញ​ឆ្អឹង។ តាមរយៈរូបភាព​នេះ​ គឺបង្ហាញទីកន្លែង​មួយ​ដែល​មាន​ផ្ទុក​ពោរពេញ​ទៅ​ដោយ​គ្រោង​ឆ្អឹង និង​លលាដ៏ក្បាល​សាក​សព​ប្រជាជន​ខ្មែរ​ដែល​​ស្លាប់​ដោយ​អយុត្តិ​ធម៌។ ខ្ញុំ​​ឃើញ​បុរស​ម្នាក់​មក​អុជ​ធូប ​និង​រំឭក​ដល់​ប្រជាជន​ខ្មែរ​បាន​ស្លាប់​។ ខ្ញុំ​​​អាណិត​​ជាតិ​សាសន៍​ខ្លួន​ឯង​ដែល​ត្រូវ​បាន​​សម្លាប់អស់រាប់​ម៉ឺន​នាក់​ ហើយ​​បន្សល់​ទុក​តែ​លលាដ៏ក្បាល។ ​ឆ្អឹង​លលាដ៏​ក្បាល​នេះ​ ខ្ញុំ​មិន​ដឹង​ថា​ស្លាប់​ដោយ​វិធី​ណា​ខ្លះ​ទេ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ​​វា​ពិត​ជា​គួរ​ឲ្យសង្វេគណាស់។​​ ​ខ្ញុំ​ចូលរួម​សោក​ស្ដាយ​ចំពោះ​គ្រួសារ​សព​ដែល​បាត់​បង់សមាជិកគ្រួសារ ​សោក​ស្ដាយ​ទៅ​លើ​ធន​ធាន​មនុស្ស​​ដែល​ស្លាប់​ទៅ​ដោយ​អយុត្តិធម៌។ លើស​ពី​នេះ​ទៅ​ទៀត​ ការស្លាប់នេះ​បាន​បន្សល់​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ និង​ប្រវត្តិ​សាស្រ្ត​ដ៏​ជូរ​ចត់​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​​។

ខ្លឹមសាររូបភាពទី៣) ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមក្រោយឆ្នាំ១៩៧៩ ដោយមានក្រុម​ទី​៣និងក្រុមទី២ ធ្វើការពិភាក្សា។ សិស្សម្នាក់តំណាងក្រុមទី៣ឡើងបកស្រាយថា «ខ្ញុំ​​ឃើញ​រូប​ភាព​ប្រជាជន​ឈរ​នៅ​មុខ​តុលាការ​ច្រើន​កុះ​ករ ដើម្បី​ចូល​រួមស្តាប់សវនាការ​កាត់​ទោសមេដឹកនាំខ្មែរក្រហម។​ ខ្ញុំឃើញ​ប៉ូលិសនៅ​ក្នុង​តុលាការ​ប្រជាជន​បដិវត្តន៍​ និង​ឃើញ​ប្រជាជន​ប្រុស​ស្រី​នៅ​ពី​មុខ​តុលាការ​ធ្វើ​ដំណើរ​មក​មើល​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។ តាមរយៈរូបភាពនេះ ​​ខ្ញុំ​យល់​ឃើញថា​ប្រជាជន​​ជាច្រើន​​​មកកាន់​តុលា​ការ​ដើម្បី​ចូល​រួមស្តាប់ការ​កាត់​ទោស​។ ប្រជាជន​គាំ​ទ្រ​ទៅ​លើ​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម និងលែងអស់​បារម្ភពី​ការ​សម្លាប់​តទៅ​ទៀត​»។ ចំណែកក្រុម​ទី​២ ​បកស្រាយថា «បន្ទាប់​ពី​ខ្ញុំ​បាន​មើល​រូប​ភាពនេះហើយ​ ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ហើយនៅខាងមុខមាន​ស្លាកមួយ​សរសេរ​ថា ​ប្រធាន​តុលាការ​ ដែលអាចឲ្យខ្ញុំ​​សន្និដ្ឋានថា​គឺ​ជា​ការ​កាត់​ទោស​ ​ ប៉ុល ពត​ និង​ អៀង សារី ពី​បទ​អំពើ​ប្រល័យ​ពូជ​សាសន៍​ ដែល​មាន​លោក កែវ ចិន្តា គឺជា​ប្រធាន​តុលាការ​។ ​

ក្រោយពីរបបខ្មែរក្រហមបញ្ចប់ទៅ​បានបន្សល់​ទុក​ស្រ្តី​មេម៉ាយ​ កុមារ​កំព្រា ​និង​បញ្ហា​ផ្លូវ​ចិត្តដល់​ប្រជាជនកម្ពុជាដែល​បាត់​បង់​សមាជិក​គ្រួសារ​។ ដូច្នេះការ​កាត់​ទោស​នេះ ក៏ជាផ្នែក​មួយ​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បានធូរស្បើយ​​។ ​ខ្ញុំ​​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​មាន​ការ​បង្កើត​តុលាការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​»។​

បន្ទាប់មក បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសសន្តិភាពអន្លង់វែង ធ្វើការពន្យល់អំពីខ្លឹមសារសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដែលបង្ហាញនូវប្រវត្តិព្រឹត្តិការណ៍ជាច្រើនដោយរាប់ចាប់តាំងពីការកកើតរបបខ្មែរក្រហម រហូតដល់របបត្រូវបានផ្ដួលរំលំ។ របបខ្មែរក្រហមគឺដឹកនាំដោយ បក្សកុម្មុយនិស្តកម្ពុជា។ ដោយសារតែការដឹកនាំបែបជ្រុលនិយម ធ្វើឲ្យប្រជាជនខ្មែរប្រមាណជា២លាននាក់ត្រូវស្លាប់បាត់បង់ជីវិតព្រោះតែការធ្វើការងារដោយបង្ខំ ការបង្អត់អាហារនិងការធ្វើទារុណកម្មដែលឈានដល់ការប្រព្រឹត្តនូវអំពើប្រល័យពូជសាសន៍។ ពាក្យថាប្រល័យពូជសាសន៍នេះក៏ត្រូវបានពន្យល់យ៉ាងស៊ីជម្រៅនៅក្នុងថ្នាក់រៀនដែរ។

នៅត្រង់ជំពូក១២ ទំព័រទី៦៩ សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បានធ្វើការពន្យល់យ៉ាងច្បាស់នូវមូលហេតុបីយ៉ាងនាំឲ្យរបបខ្មែរក្រហមដួលរលំ។ ទី១) សុខភាពទ្រុឌទ្រោមរបស់ប្រជាជន ទី២)ការធ្វើបន្សុទ្ធកម្ម និងទី៣)ការប៉ះទង្គិចជាមួយវៀតណាម។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ និងចូលគ្រប់គ្រងប្រទេសកម្ពុជា។ ក្រោយពីរបបនេះដួលរលំ កងទ័ពកម្មាភិបាល និងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនាំគ្នារត់ភៀសខ្លួនទៅកាន់ព្រំដែនខ្មែរ-ថៃ ដើម្បីធ្វើការប្រមូលកម្លាំងក្រោកតស៊ូឡើងវិញ។

នៅពេលចប់កម្មវិធី សិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ហ៊ូ ចាន់ម៉ីម៉ី ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យអន្លង់វែង លើកឡើងថា «ខ្ញុំ ស្ញើចសរសើរអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម ព្រោះគាត់ខិតខំប្រឹងតស៊ូដើម្បីរួចជីវិតពីសង្គ្រាមរហូតមកដល់សព្វថ្ងៃ។ ប្រវត្តិសាស្រ្តនេះបានបង្រៀនដល់យុវជនយ៉ាងច្រើន អំពីផលវិបាកនៃសង្គ្រាម និងការដឹកនាំបែបផ្ដាច់ការរបស់ខ្មែរក្រហម។ ប្រជាជនភាគច្រើនបាត់បង់ជីវិត ដោយសារការធ្វើការងារដោយបង្ខំ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងសម្លាប់ ដែលសុទ្ធតែជាអំពើរំលោភបំពានទៅលើសិទ្ធិមនុស្ស»។

នន់ ថារិទ្ធី ភេទស្រី អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យអន្លង់វែង បានរៀបរាប់ថា « យើងអាចទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតឡើងវិញ អាស្រ័យលើប្រជាជន គឺប្រជាជនត្រូវចេះស្រឡាញ់គ្នា យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក បញ្ឈប់រាល់ការរើសអើងគ្នាតាមរយៈ វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនា។ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ និងចូលរួមផ្សព្វផ្សាយឲ្យបានច្រើនអំពីផលប៉ះពាល់អំពើប្រល័យពូជសាសន៍នេះ»។

អត្ថបទ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖