សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ពានរោង ចូលរួមវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

នៅវេលាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រុមយុវជនថ្នាក់ទី១១ និង ១២ ចំនួន៣១នាក់ ក្នុងនោះមានសិស្សស្រីចំនួន២៧នាក់ និងសិស្សប្រុសចំនួន៤នាក់ មកពីវិទ្យាល័យ ហ៊ុនសែន ពានរោង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានមកចូលរួមវេទិកាស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍​នៅកម្ពុជា» រៀបចំដោយមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីផ្តល់ដល់យុវជនជំនាន់ក្រោយ ទី១) ការឈ្វេងយល់បន្ថែមអំពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ទី២) ការស្វែងយល់អំពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើនេះនាពេលអនាគត, ទី៣) ការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នាពេលអនាគត និងទី៤) ការផ្លាស់ប្តូរគំនិតពីការប្រព្រឹត្តអំពើហិង្សា ទៅជាកសាងសន្តិភាពក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ចាប់ផ្តើមកម្មវិធីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាបានណែនាំខ្លួនទៅកាន់សិស្សានុសិស្ស។ នៅក្នុងឱកាសនោះ លោក ផេង​ ពង្សរ៉ាស៊ី បានបង្ហាញចំណងជើងមេរៀនដែលដកស្រង់ចេញពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ស្ថិតនៅជំពូកទី៤ គឺ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងបានសាក​សួរសំណួរមួយចំនួនទៅកាន់ក្រុមយុវជនដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្ស ទាក់ទងនឹងរបបខ្មែរក្រហមមុននឹងបង្រៀន។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី ក៏បានចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឲ្យដល់សិស្ស និងបានបែងចែកសិស្សចេញជា៥ក្រុម ដើម្បីអានសាច់រឿងផ្សេងៗគ្នារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ រយៈពេល២០នាទី និងសង្ខេបសាច់រឿងចេញពីការអាននោះ។ វិធីសាស្រ្តនេះគឺចង់ឲ្យសិស្សមានទម្លាប់គិត វិភាគទៅលើសាច់រឿង ស្វែងរកព្រឹត្តិការណ៍សំខាន់នៅក្នុងសាច់រឿង ព្រមទាំងយកសាច់រឿងទាំងអស់នោះទៅចែករំលែកជាមួយក្រុមផ្សេងទៀតនៅក្នុងថ្នាក់រៀន។ នៅក្នុងវេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី ក៏បានចាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា «កុមារកម្ពុជា» និងបង្ហាញពីរូបថតឯកសារខ្មែរក្រហម ដើម្បីបង្កឲ្យមានការពិភាក្សានៅក្នុងថ្នាក់ដែលជួយឲ្យមានការយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម។

មុនពេលបញ្ចប់វេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី តម្រូវឲ្យសិស្សានុសិស្សទាំងអស់បំពេញតារាងស្ទាបស្ទង់មតិមួយទៀត។ ការបំពេញតារាងស្ទាបស្ទង់មតិក្រោយវេទិកាថ្នាក់រៀន គឺដើម្បីឲ្យដឹងថាសិស្សានុសិស្សមានការកើនឡើងចំណេះដឹងទាក់ទងទៅនឹងប្រវត្តិសាស្រ្ដខ្មែរក្រហម និយមន័យឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ សកម្មភាពសំខាន់ៗដែលកើតមាននូវអំពើនេះ ពិសេសការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ដែរឬទេ។

សយ សាន់ អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន ពានរោង សព្វថ្ងៃរស់នៅក្នុងភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបរាប់ថា នៅឆ្នាំ២០២៣ខាងមុខនេះខ្ញុំឡើងថ្នាក់ទី១២។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្រ្ដខ្មែរក្រហម ខ្ញុំទទួលបានចំណេះដឹងដូចខាងក្រោម៖

-ដឹងអំពីការរស់នៅរបស់ប្រជាជនកម្ពុជាក្នុងសម័យខ្មែរក្រហម។

-ដឹងពីគោលការណ៍របស់ខ្មែរក្រហមដែលជម្លៀសប្រជាជនចេញពីទីក្រុង។

-ដឹងអំពីស្ថានភាពប្រទេសក្នុងសម័យនោះ។

បន្ថែមពីលើនេះ ខ្ញុំបានស្វែងយល់ពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ថា ដែលសំដៅលើការរៀបចំផែនការ ឬគម្រោងការ ឬបំណងដែលបានត្រៀមទុកជាមុន ក្នុងការបំផ្លិចបំផ្លាញជាតិសាសន៍មួយ។ ចំពោះអំពើដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ គឺកើតចេញការរើសអើងគ្នា ការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ការប្រើនូវអំណាច និងការគាបសង្កត់អ្នកទន់ខ្សោយ។ ដូច្នេះដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺយើងមិនត្រូវរើសអើងជាតិសាសន៍ និងសាសនាដទៃឡើយ។ យើងត្រូវចេះយោគយល់គ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក ហើយត្រូវចេះបដិសេធរាល់អំពើហិង្សាទាំងអស់ដែលកើតមាន ព្រមទាំងរួបរួមសាមគ្គីគ្នាដើម្បីប្រឆាំងនឹងអំពើហិង្សាទាំងនោះ។

ហឿង ស្រីឡេង អាយុ១៧ឆ្នាំ បាននិយាយថា ខ្ញុំរៀននៅថ្នាក់ទី១១Bនៃវិទ្យាល័យពានរោង ខ្ញុំធ្លាប់មានចំណេះដឹងពីរបបខ្មែរក្រហមពីមុនមកខ្លះ តាមរយៈយាយរបស់ខ្ញុំនិយាយប្រាប់ និងដឹងពីគ្រូ កាលខ្ញុំរៀននៅថ្នាក់ទី៩។ ខ្ញុំដឹងពីការជម្លៀសប្រជាជន ហើយសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។ នៅក្នុងរបបខ្មែរក្រហម មិនមានទំនៀមទម្លាប់ ប្រពៃណី និងសាសនាឡើយ។

ការចូលរួមនៅក្នុងវេទិកាថ្នាក់រៀននៅថ្ងៃនេះ ធ្វើឲ្យខ្ញុំស្គាល់មេដឹកនាំនៅក្នុងក្នុងរបបខ្មែរក្រហមតាមរយៈការមើលរូបភាពដែលលោកគ្រូ រ៉ាស៊ី បានបង្ហាញ។ ក្រៅពីនេះ ខ្ញុំដឹងអំពីការជម្លៀសប្រជាជន និងផលវិបាកនៃការជម្លៀសនោះ។

អូន សុខជា អាយុ១៤ឆ្នាំ គឺជាសិស្សថ្នាកទី១០ រស់នៅភូមិអណ្ដូងថ្មរ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរៀបរាប់ថា នៅពេលខ្ញុំចូលរៀននៅឆ្នាំ២០២៣ ខាងមុខខ្ញុំនឹងឡើងថ្នាក់ទី១១។ ក្រោយពីបានចូលរៀនទាក់ទងជាមួយប្រវត្តិសាស្រ្ដខ្មែរក្រហម ខ្ញុំបាន​ដឹង​អំពីសកម្មភាពដែលធ្វើឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍។ សកម្មភាពដែលធ្វើឲ្យមានអំពើប្រល័យពូជសាសន៍ គឺការរើសអើងពូជសាសន៍ ការដាក់ទោសប្រជាជនដោយមិនសមហេតុផល ប្រើអំពើរឃោរឃៅ និងការចាប់មនុស្សយកទៅសម្លាប់ចោល។ ដូច្នេះដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមាន គឺយើងត្រូវអប់រំមិនឲ្យរើសអើងជាតិសាសន៍ សាសនា និងមិនត្រូវប្រព្រឹត្តអំពើហិង្សា។ វេទិកាថ្នាក់រៀននេះ បានផ្ដល់ឱកាសឲ្យខ្ញុំពិភាក្សាជាក្រុម និងឡើងនិយាយទៅកាន់មិត្តរួមថ្នាក់ ដែលធ្វើឲ្យខ្ញុំក្លាហានជាងមុន។

អត្ថបទ ៖ ថុន ស្រីពេជ្រ និង ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត​ ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក