នេត សំអូន ៖ អ្នកចាក់មេក្រូឃោសនាអំពីបដិវត្តន៍ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នេត សំអូន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ កាលពីក្មេងខ្ញុំចូលរៀនដំបូងនៅសាលាបឋមសិក្សាវត្តសំរោង រហូតទទួលបានសញ្ញាបត្រថ្នាក់ទី៧ និងគិតថាចូលរៀនបន្តទៀត។ ប៉ុន្តែនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំផ្អាកការសិក្សាពីព្រោះ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារភ្លាមៗឈ្មោះ សួន កាន់ការងារខាងវប្បធម៌បានតែងតាំងខ្ញុំឲ្យធ្វើជាគ្រូបង្រៀន​។ ខ្ញុំបានយល់ព្រម និងចាប់ផ្តើមធ្វើជាគ្រូបង្រៀនរហូតដល់ចុងឆ្នាំ១៩៧៣។ នៅពេលនោះ ប្រធានតំបន់ហៅខ្ញុំនិងគ្រូៗទាំងអស់ទៅប្រជុំហើយដកតំណែងលែងឲ្យបង្រៀនតទៅទៀត រួចហើយបានចាត់តាំងកូនសិស្សទាំងអស់ឲ្យឡើងធ្វើគ្រូជំនួសវិញ។

នេត សំអូន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៥ ព្រះសង្ឃជាច្រើនអង្គនៅក្នុងភូមិត្រូវបានផ្សឹក ហើយការប្រតិបត្តិសាសនាផ្សេងៗក៏លែងមានដែរ។  ពេលនោះ ខ្ញុំបានចូលរៀនម្តងទៀតអំពីសង្រ្គាមប្រជាជន និងជំរុញឲ្យប្រជាជនចេះតស៊ូប្រយុទ្ធប្រឆាំងនឹង លន់ នល់។ រហូតដល់របបខ្មែរក្រហមកាន់កាប់អំណាចទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការដាក់ផែនការឲ្យខ្ញុំជីក​ប្រឡាយ និងដើរចាក់មេក្រូ (ឧគ្ឃោសនសព្ធ) ឃោសនាអំពីបដិវត្តន៍បន្ទាប់ពីទំនេរពីការងារជីកប្រឡាយ។ ក្រុមការងារដើរចាក់មេក្រូពេលនោះមានពីរនាក់គឺខ្ញុំ និងសមាជិកម្នាក់ទៀត។ នៅពេលថ្ងៃខ្លះ ខ្ញុំចាក់មេក្រូបណ្តើរជីកប្រឡាយបណ្តើរ រីឯពេលយប់ខ្ញុំចាក់នៅក្នុងភូមិ។ ជារៀងរាល់ថ្ងៃ ខ្ញុំក្រោកនៅម៉ោង៣ទៀបភ្លឺដើម្បីបញ្ចូលភ្លើងអាគុយឲ្យពេញទុកសម្រាប់ចាក់ចម្រៀងបដិវត្តន៍ និងបទវិចារណកថាអំពីនយោបាយមហាលោតផ្លោះ និងមហាអស្ចារ្យ។

នេត សំអូន កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ មឿង សៀប។ នៅអំឡុងពេលកំពុងរៀបការប្រធានសហរណ៍សួរបញ្ជាក់ខ្ញុំម្តងទៀតថាព្រមរៀបការឬមិនព្រម ហើយខ្ញុំនិយាយលេងទៅកាន់អង្គការវិញថា ការឬមិនការស្រេចតែលើអង្គការ។ ក្រោយពីខ្ញុំនិយាយដូច្នេះប្រធានសហករណ៍បានខឹងខ្ញុំខ្លាំងណាស់បម្រុងយកខ្ញុំទៅសម្លាប់ចោល​ ប៉ុន្តែសំណាងល្អម្តាយរបស់​ខ្ញុំទៅសុំអង្វរអង្គការឲ្យលើកលែងទោសឲ្យខ្ញុំ។

នៅឆ្នាំ១៩៧៧ អង្គការដកខ្ញុំឲ្យមកកាន់ខាងវប្បធម៌ ប៉ុន្តែមិនបានប៉ុន្មានផងកម្មាភិបាលខ្មែរក្រហមផ្លាស់ខ្ញុំមកកាន់កងផលិតវិញដើម្បីដើរប្រមូលមាសពីប្រជាជននៅក្នុងភូមិ។ ក្រោយពីប្រមូលមាសដាក់ចូលក្នុងសហករណ៍រួច អង្គការដាក់ផែនការថ្មីទៀតគឺ ឲ្យខ្ញុំរាប់ចំនួនក្របី ញី ឈ្មោល ហើយកត់ត្រានៅក្នុងបញ្ជី។ បន្ទាប់មក ប្រធានសហករណ៍ចាត់តាំងខ្ញុំឲ្យដឹកបាយសម្លទៅឲ្យកងស្ទូង និងកងគាស់គល់ឈើ។ តមកទៀត ខ្ញុំទៅរែកលាមកមនុស្សនៅក្នុងភូមិមកធ្វើជី ដែលការងារនេះមានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ព្រោះមិនចង់ឲ្យមានកំហុសឆ្គងជាមួយអង្គការម្តងទៀត។

បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០១៣ នេត សំអូន ប្រកបរបរកសិករ និងចិញ្ចឹមនៅផ្ទះ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងឆ្នាំ១៩៧៨ ឈ្មោះ អិត គឺជាប្រធានសហករណ៍ សាន អនុប្រធានសហករណ៍ និងលោកគ្រូ សរ សៀន ត្រូវបានអង្គការផ្លាស់ឲ្យទៅនៅខេត្តភាគខាងលិចដោយលើកហេតុផលថា នៅទីនោះមានសម្ភារប្រើប្រាស់ ​និងអាហារហូបចុកគ្រប់គ្រាន់។ ក្រៅពីប្រធាន-អនុប្រធានសហករណ៍ និងគ្រូសៀន ក៏មានប្រជាជនផ្សេងទៀតនៅក្នុងភូមិ រួមទាំងខ្ញុំ ត្រូវបានអង្គការបញ្ជូនទៅខេត្តភាគខាងលិចដែរ ប៉ុន្តែខ្ញុំបានលួចរត់គេចខ្លួនទៅនៅខាងឃុំព្រៃឃ្នេសវិញ។ ខ្ញុំធ្វើការនៅឃុំព្រៃឃ្នេសរហូតដល់ចុងឆ្នាំ១៩៧៨ ទើបកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះប្រទេស ហើយខ្ញុំក៏ត្រឡប់មកស្រុកកំណើតវិញ។

មេក្រូ ឬឧគ្ឃោសនសព្ធ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនបានជ្រើសរើសខ្ញុំឲ្យធ្វើជាប្រធានភូមិសំរោងវត្ត ប៉ុន្តែខ្ញុំបានបដិសេធព្រោះគិតថាគ្មានអ្នកជួយធ្វើការស្រែចម្ការឪពុកម្ដាយ។ ក្រោយមកទៀតដោយការគោរពស្រឡាញ់ពីប្រជាជននៅក្នុងភូមិ ខ្ញុំបានស្នើសុំចូលធ្វើជាគ្រូបង្រៀនជំនួសវិញ ព្រោះខ្ញុំធ្លាប់បានបង្រៀនសិស្សពីមុនមក។ ខ្ញុំបង្រៀនសិស្សរហូតដល់ឆ្នាំ២០១០ ទើបក្រសួងអប់រំដំឡើងតួនាទីឲ្យខ្ញុំធ្វើជានាយកសាលាបឋមសិក្សាវត្តសំរោង។ នៅឆ្នាំ២០១៣ ខ្ញុំបានចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ ហើយចាប់តាំងពីពេលនោះមកខ្ញុំចាប់ផ្តើមប្រកបរបរ កសិករបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ។

អត្ថបទ ៖ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖