ខ្ញុំឈ្មោះ សៃ កឿន អាយុ៦៣ឆ្នាំ កើតនៅភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្នឃុំព្រះរំកិល ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក សៃ និងម្ដាយឈ្មោះ ប៊ុន ភិន។
កាលពីកុមារខ្ញុំដើររៀននៅក្រោមម្លប់ឈើ និងក្រោមផ្ទះរបស់អ្នកភូមិ ព្រោះសាលារៀនដែលសាងសង់ពីសម័យសង្គមរាស្រ្ដនិយមភាគច្រើនត្រូវបានបំផ្លាញស្ទើរគ្មានសល់។ ខ្ញុំរៀនបានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះក៏ឈប់រៀន ព្រោះសាលារៀននៅឆ្ងាយពីផ្ទះ។ ក្រោយមកខ្ញុំចូលហាត់សិល្បៈជាមួយបដិវត្តន៍ខ្មែរក្រហមនៅក្នុងភូមិ ដែលក្រុមរបស់ខ្ញុំមានសមាជិកប្រមាណជា២០នាក់ ក្នុងនោះមានប្រុសចំនួន១០នាក់ និងស្រី១០នាក់។ ខ្ញុំហាត់ រាំ ច្រៀង និងសម្ដែងតួ។ អ្នកដែលហាត់ជាប់ចំណាត់ថ្នាក់ល្អជាង ប្រធានអង្គភាពសិល្បៈបញ្ជូនឲ្យទៅសម្ដែងនៅតំបន់។ ប្រធានសិល្បៈតំបន់កាលនោះឈ្មោះ ម៉ាន សុំ ដែលត្រូវជាកូនរបស់ឈ្មោះ ម៉ាន មានតួនាទីជាលេខាតំបន់។
នៅរវាងពីឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧៥ ខ្ញុំមិនសូវធ្វើការងារធ្ងន់ធ្ងរឡើយ ប៉ុន្តែការហូបចុកមានការខ្វះខាតខ្លះ។ ទោះយ៉ាងណាដើម្បីខិតខំកែប្រែខ្លួនខ្ញុំឲ្យក្លាយទៅជាកសិករគំរូ និងមានវណ្ណៈស្អាតស្អំ អង្គការតម្រូវឲ្យខ្ញុំនិងប្រជាជនហូបបបររាវៗលាយជាមួយបន្លែ គល់ចេក និងគល់ល្ហុង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជននៅក្នុងឃុំព្រះរំកិលរៀបចំកម្មវិធីអបអរសារទរជ័យជម្នះរបស់កងទ័ពបដិវត្តន៍ខ្មែរក្រហមនៅក្នុងវត្តដំរីស។ ក្រុមសិល្បៈរបស់ខ្ញុំបានទៅសម្ដែង រាំ និងច្រៀងចម្រៀងបដិវត្តន៍ឲ្យកម្មាភិបាលខ្មែរក្រហម រាំកម្សាន្តយ៉ាងសប្បាយរីករាយ។ ក្រោយមកអង្គការបានបញ្ជូនខ្ញុំឲ្យទៅសម្ដែងសិល្បៈនៅតំបន់ ប៉ុន្តែត្រូវបានម្ដាយរបស់ខ្ញុំឃាត់ខ្ញុំឲ្យនៅសម្តែងក្នុងភូមិដដែល។ ក្រៅពីការងារសិល្បៈ ខ្ញុំត្រូវចេញទៅជីប្រឡាយ លើកទំនប់ និងធ្វើស្រែ នៅក្នុងកងចល័តឃុំព្រះរំកិល។ នៅអំឡុងឆ្នាំ១៩៧៥ ដដែល ក្រុមគ្រួសាររបស់អ៊ំខ្ញុំដែលមានសមាជិកចំនួន១២នាក់ ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅភូមិអូររំដួល (ឃុំតស៊ូ) ស្រុកជ័យសែន ខេត្តព្រះវិហារ ហើយក្រោយមកពួកគាត់បានស្លាប់នៅទីនោះទាំងអស់។ នៅក្នុងរបបខ្មែរក្រហម ភូមិកណ្ដាល ឃុំព្រះរំកិល ដែលខ្ញុំរស់នៅ គឺស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ មិនមែនស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដូចសព្វថ្ងៃនេះទេ។
នៅដើមឆ្នាំ១៩៧៧ អង្គការបានចោទប្រកាន់គ្រួសាររបស់ខ្ញុំថា ខ្មាំងយកការណ៍ឲ្យយួន និងអាមេរិកាំង។ បន្ទាប់មក អង្គការបានជម្លៀសគ្រួសារបស់ខ្ញុំ រួមទាំងប្រជាជននៅក្នុងភូមិកណ្តាលប្រមាណ៣៦គ្រួសារទៀតឲ្យទៅភូមិអូររំដួល (ឃុំតស៊ូ) ស្រុកជ័យសែន ខេត្តព្រះវិហារ ដែរ។ រយៈពេល៣ខែដំបូង អង្គការបានប្រើខ្ញុំឲ្យច្រៀងចម្រៀងសម្រាប់ក្រុមល្ខោនសម្តែងឲ្យប្រជាជនទស្សនា ដើម្បីលើកទឹកចិត្តប្រជាជនឲ្យខិតខំធ្វើការងារ។ បទដែលខ្ញុំច្រៀង មានដូចជា ពលីកម្មម៉ែៗ, យោធាប្រយុទ្ធនៅសមរភូមិ និង ចក្រពត្តិធ្វើបាបប្រជាជន ជាដើម។ នៅទីនោះ ខ្ញុំក៏មានភារកិច្ចច្រៀងចម្រៀងរួចថតដាក់កាសែតដែរ ហើយពេលខ្ញុំថតចប់មួយបទ គឺតម្រូវឲ្យកម្មាភិបាលខ្មែរក្រហមយកទៅចាក់ផ្សាយតាមមេក្រូចំនួន៤ទៅ៥ថ្ងៃ ទើបខ្ញុំច្រៀងមួយបទផ្សេងទៀតដើម្បីចាក់ផ្សាយបន្ត។ ក្រៅពីច្រៀង ខ្ញុំខិតខំធ្វើការយ៉ាងខ្លាំងរហូតដល់ឈឺគ្រុនចាញ់។ ប្រធានអង្គភាពបានបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេលកន្លះខែទើបខ្ញុំបានធូរស្បើយ ហើយត្រឡប់មកធ្វើការងារបន្តទៀត។
នៅចុងឆ្នាំ១៩៧៧ មិត្តនារី ធា គឺជាប្រធានអង្គភាពរបស់ខ្ញុំបានប្រើខ្ញុំឲ្យឡើងបេះផ្លែពង្រទុំ ប៉ុន្តែដោយសារខ្ញុំមិនហ៊ានឡើងដើមឈើ ទើបមិត្តនារី ធា ចង់យកខ្ញុំទៅរៀនសូត្រ។ សំណាងល្អមិត្ត ចន គឺជាប្រជាជនមកពីភូមិជាមួយខ្ញុំជួយនិយាយសម្រួលមិត្តនារី ធា។ ចន បាននិយាយប្រាប់មិត្តនារី ធា កុំប្រកាន់ខឹងជាមួយខ្ញុំ ព្រោះខ្ញុំគឺជាមនុស្សប្រុស ប៉ុន្តែចរិតមារយាទដូចមនុស្សស្រី ទើបខ្ញុំមិនចេះឡើងដើមឈើ។ ក្រោយមក ខ្ញុំធ្លាក់ខ្លួនឈឺម្ដងទៀត ស្រាប់តែពេលនោះអង្គការចោទខ្ញុំថាកុហក និងបម្រុងយកខ្ញុំទៅរៀនសូត្រ។ សំណាងល្អឪពុករបស់ខ្ញុំចេះផ្សំថ្នាំខ្មែរឲ្យខ្ញុំផឹករហូតបានជាសះស្បើយ។
នៅឆ្នាំ១៩៧៨ ប្រធានសហករណ៍ឈ្មោះ ប៊ុន ធឿន ដែលទើបឡើងកាន់ដំណែងថ្មី បានបញ្ជូនខ្ញុំឲ្យទៅរៀនផ្នែកកសិកម្ម ព្រោះគាត់ចូលចិត្តខ្ញុំនិងចង់ឲ្យខ្ញុំមានតួនាទីជាកម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិអូររំដូលដែរ។ នៅពេលនោះមានកម្មាភិបាលខ្មែរក្រហមម្នាក់ជិះម៉ូតូម៉ូប៊ីឡែតមកដឹកខ្ញុំទៅរៀនកសិកម្ម ស្ថិតនៅទីរួមស្រុករវៀង ខេត្តព្រះវិហារ។ គ្រូកសិកម្មខ្មែរក្រហមបានប្រាប់ខ្ញុំថា ប្រសិនបើប្រជាជនស្ទូងសំណាបធ្វើឲ្យអណ្ដែតឡើង ឬធ្វើឲ្យខូចខាតសម្ភារធ្វើស្រែ ប្រជាជនទាំងនោះគឺជាខ្មាំងទាំងអស់។ បន្ទាប់មក អង្គការបញ្ជូនខ្ញុំឲ្យទៅរៀនជិះសេះប្រមាណ១០ថ្ងៃបន្ថែមទៀត ដើម្បីឲ្យខ្ញុំជិះសេះដើរបង្រៀនកសិកម្មដល់ប្រជាជននៅតាមភូមិ។ នៅពេលបញ្ចប់ការសិក្សា ខ្ញុំមកបង្រៀនកសិកម្មដល់ប្រជាជននៅតាមក្រុមស្ថិតនៅក្នុងភូមិអូររំដួល ឃុំតស៊ូ។
នៅចុងឆ្នាំ១៩៧៨ អង្គការបម្រុងបញ្ជូនខ្ញុំឲ្យចូលធ្វើជាទាហាន និងឡើងទៅវាយជាមួយកងទ័ពវៀតណាម ប៉ុន្តែខ្ញុំបានបដិសេធ និងបានស្នើសុំប្រធានសហករណ៍ឈ្មោះ ប៊ុន ធឿន ធ្វើការនៅក្នុងភូមិ។ ពេលនោះ ប្រធានសហករណ៍បានអនុញ្ញាតឲ្យខ្ញុំនៅបង្រៀនកសិកម្មដល់ប្រជាជននៅក្នុងភូមិអូររំដួលដដែល។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំនិងប្រជាជនមួយចំនួនដែលអង្គការជម្លៀសឲ្យមកនៅក្នុងភូមិអូររំដួល សម្រេចចិត្តវិលត្រឡប់មករស់នៅស្រុកកំណើតនៅភូមិកណ្តាល ឃុំព្រះរំកិលវិញ។ សព្វថ្ងៃខ្ញុំរស់នៅជាមួយប្រពន្ធឈ្មោះ ឡុង ហ៊ួយ មានស្រុកកំណើតនៅខេត្តកំពង់ធំ និងមានកូនចំនួន៦នាក់។ យើងប្រកបរបរធ្វើស្រែ ចិញ្ចឹម មាន់ ទា ជូ្រក គោ ដើម្បីលក់ផ្គត់ផ្គងជីវភាពគ្រួសារ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង