ឪពុករបស់ខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងយប់

ខ្ញុំឈ្មោះ ញឹក សាណៃ អាយុ៥៣ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិតោញ ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ធុច ញឹក ម្តាយឈ្មោះ ប្រុក ម៉ន។ ម្តាយខ្ញុំបានស្លាប់ជាង១០ឆ្នាំមកហើយ ចំណែកឪពុកខ្ញុំបានស្លាប់នៅក្នុងរបបខ្មែរក្រហម។

នៅក្នុងរបបខ្មែរក្រហមខ្ញុំមានអាយុ៨ឆ្នាំប៉ុណ្ណោះ ហើយនៅពេលនោះប្រជាជនក្នុងភូមិរបស់ខ្ញុំបានបង្កើតជាសហករណ៍រួចប្រមូលរបស់របរមកដាក់រួម។ ប្រសិនបើប្រជាជនណាមិនយករបស់របរមកដាក់រួម ខ្មែរក្រហមចាត់ទុកអ្នកទាំងនោះថាជាខ្មាំងរបស់អង្គការ។ នៅពេលនោះ គ្រួសាររបស់ខ្ញុំមិនបានរស់នៅជុំគ្នាទេ គឺបងប្រុសខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសចូលធ្វើការនៅក្នុងកងចល័ត។ ឪពុកខ្ញុំចូលធ្វើយោធាខាងផ្នែកដឹកជញ្ជូនអង្ករ ដោយខ្មែរក្រហមចាត់តាំងឪពុកខ្ញុំ និងយោធាចំនួន១២នាក់ទៀត ដឹកអង្ករយកទៅឲ្យវៀតណាមដើម្បីដូរយកកាំភ្លើង និងគ្រាប់រំសេវ ហើយដឹកចូលមកខ្មែរវិញ។ ដោយ​សារឪពុកខ្ញុំខ្លាចវៀតណាមសម្លាប់ ទើបគាត់រត់ពីព្រំប្រទល់ប្រទេសវៀតណាម ស្ថិតនៅក្នុងឃុំរូង ស្រុកមេមត់ មកនៅផ្ទះវិញ។

ញឹក សាណៃ អាយុ៥៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិតោងមករស់នៅភូមិងើវិញ ស្រាប់តែមានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីមកសួរនាំប្រធានកងតូចរកឈ្មោះឪពុកខ្ញុំដែលធ្លាប់ធ្វើយោធា។ អ្នកភូមិប្រាប់តាមត្រង់ថា សព្វថ្ងៃឪពុកខ្ញុំរស់នៅភូមិងើ។ នៅវេលាម៉ោង ៨:០០ យប់ យោធាខ្មែរក្រហមឡើងទៅលើផ្ទះចាប់ឪពុកខ្ញុំចងស្លាបសេកអូសចុះមកដីវិញ។ ម្ដាយខ្ញុំបាននៅស្ងៀម និងស្រែកហាមកូនៗកុំឲ្យយំព្រោះខ្លាចខ្មែរក្រហមសម្លាប់ចោលទាំងគ្រួសារ។ ខ្ញុំសួរមីងដែលរស់នៅជិតផ្ទះរបស់ខ្ញុំថា យប់មិញខ្មែរក្រហមចាប់ឪពុកខ្ញុំយកទៅណា? មីងម្នាក់នោះបានប្រាប់ខ្ញុំថា អង្គការយកឪពុកទៅវាយទម្លាក់ចូលក្នុងអណ្ដូងនៅដំរីផុង ដោយសារចោទឪពុកខ្ញុំថាក្បត់។

គ្រួសារខ្ញុំរស់នៅភូមិងើបានមួយខែ ខ្មែរក្រហមជម្លៀសយលឲ្យទៅរស់នៅភូមិម្លិច ស្រុកឆ្លូង វិញ។ នៅទីនោះយើងមិនមានអាហារហូបគ្រប់គ្រាន់ទេ បណ្តាលឲ្យយើងស្គមស្គាំង និងមានទឹកមុខស្លេកស្លាំង។ ដោយស្រេកឃ្លានខ្លាំងពេក ខ្ញុំបានទៅរើសយកចុងអង្គរនៅជាប់ជាមួយអង្កាមដែលខាងចុងភៅបោះចោល យកមកលីង និងបុកឲ្យហ្មត់ហូបជំនួសបាយ។ នៅទីនោះ ខ្មែរក្រហមបានចែករបបក្នុងមនុស្សម្នាក់ទទួលបានបបរមួយវែក ទោះហូបឆ្អែត ឬមិនឆ្អែតក៏អង្គការមិនខ្វាយខ្វល់ដែរ។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរពីខេត្តក្រចេះ ត្រឡប់មកកំពង់ចាម ក៏ឃើញកងទ័ពរំដោះ និងវៀតណាមចូលមកដល់។ ខ្ញុំបានសុំឡានកងទ័ពវៀតណាមជិះត្រឡប់មកផ្ទះវិញ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់បងពីរនាក់ គឺបងទី ១) ឈ្មោះ រ៉ុន ធ្វើកងទ័ពខ្មែរក្រហម និងបងទី ២) ឈ្មោះក្អៃ ធ្វើការនៅកងចល័ត។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖